មន្ត្រី​​គ្រោង​​បញ្ជូន​​អ្នក​ជាប់​ឃុំ​​ទៅ​កាន់​​ពន្ធនា​គារ​​ខេត្ត​​បន្ទាយ​មាន​ជ័យ​​វិញ​​នៅ​​សប្តាហ៍​​ក្រោយ​

កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត ចុះ​ប្រតិបត្តិ​ការ​ជួយ​សង្រ្គោះ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដែល​កំពុង​ជន់​លិចទឹក ក្នុង​ការ​ការពារ​និង​ដឹកជញ្ជូន​ជម្លៀស​ចេញ​នូវ​អ្នកជាប់ឃុំ ទៅ​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ពន្ធនាគារ​ខេត្ត​ឧត្តរមានជ័យ ពន្ធ​នាគា​ខេត្តកំពង់ធំ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​)

មន្ត្រី​ជាន់ខ្ពស់​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃសុក្រ​នេះ អាជ្ញាធរ​ទើបតែ​បាន​បញ្ជូន​អ្នកជាប់ឃុំទៅកាន់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញបាន​ចំនួន៥០នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជាប់ឃុំ​ជាង១ ០០០នាក់​ទៀត គ្រោង​នឹង​បញ្ជូន​ទៅវិញនៅ​សប្ដាហ៍​ក្រោយ។

កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បញ្ជូន​អ្នកជាប់ឃុំ​ចំនួន១ ៦១០នាក់ ចេញពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ទៅកាន់​ពន្ធនាគារ​នៅ​ខេត្ត​ចំនួន៤ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច។ ពន្ធនាគារ​ដែល​ត្រូវ​បាន​បញ្ជូន​អ្នកជាប់ឃុំ​ទៅ​នោះ រួមមាន ខេត្តសៀមរាប ចំនួន៨១១នាក់​, កំពង់ធំ ២០០នាក់​, ឧត្ដរមានជ័យ ២០០នាក់ និង​ត្បូងឃ្មុំ​ជាង៤០០នាក់។ 

អ្នកនាំពាក្យ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្នុងចំណោមអ្នកជាប់ឃុំ​ចំនួន១ ៦១០នាក់ ដែល​អាជ្ញាធរ​ជម្លៀស​ចេញពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​នោះ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅវិញបានតែ​ចំនួន៥០នាក់​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ពួក​គេ​សម្អាត​ទីតាំង​ពន្ធនាគារ ស្រប​ពេល​ដែល​ទឹក​ក៏​នៅ​មិនទាន់​ស្រក​អស់។

លោក​បន្ត​ថា ចំពោះ​អ្នកជាប់ឃុំ​ជាង១ ០០០នាក់​ទៀត នឹង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញជា​បន្ត​ទៀត ​នៅ​សប្តាហ៍​ក្រោយ។ ប៉ុន្តែ​លោក​ថា អ្នកជាប់ឃុំ​ជាង២០០នាក់ ក្នុងចំណោម​ជាង១ ០០០នាក់​នោះ នឹង​ត្រូវ​ទុក​ឱ្យ​នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បញ្ចៀស​ភាព​ចង្អៀត​ណែនក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

លោ​ក នុ​ត សវនា បញ្ជាក់​ថា៖ «មួយ​សប្ដាហ៍​ទៀត យើង​នឹង​បញ្ជូន​ពី​គោលដៅ​ដទៃ​យក​ទៅ​បន្ទាយមានជ័យ​វិញ ប៉ុន្តែ​យើង​មិន​បញ្ជូន​ទាំងអស់​ទេ យើង​ដក​ទុក​ប្រហែល​ជាង២០០នាក់ ដើម្បី​ឱ្យ​ធូរ​កន្លែង។ អ្នក​ដែលកាត់​ទោស​ហើយ គឺ​ទុក​កន្លែង​ដែល​យើង​ផ្ទេរ ការ​ជម្លៀស​នេះ ដើម្បី​ឱ្យ​កន្លែង ​[ពន្ធនាគារ​] នៅ​បន្ទាយមានជ័យ ធូរ ​កុំឱ្យ​ចង្អៀត​ពេក»។

លោក​បន្ថែម​ថា៖ «ចង្អៀត ជាង១ ៦០០នាក់ អគារ​យើង​ដាក់​បាន​យ៉ាងច្រើន៨០០នាក់ ដល់​អត្រា​បទល្មើស​ច្រើន ជាពិសេស​គ្រឿងញៀន អ៊ីចឹង​ចំនួន​ហ្នឹង វា​កើន​ជាង១ ៦០០នាក់។ យើង​ទុក​នៅ​ត្រពាំងផ្លុង ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣ ខ្លះ»។

ដោយឡែក ​ចំពោះ​អ្នកជាប់ឃុំ​ជា​ស្ត្រីនិង​អនីតិជន​ជាង១ ៤០០នាក់ ដែល​បាន​ជម្លៀស​ចេញពី​មណ្ឌល​អប់រំ​កែប្រែ​«ម២» នៃ​ពន្ធនាគារ​ព្រៃស ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អំឡុង​ពេល​ជំនន់​ទឹកភ្លៀង កាលពី​ថ្ងៃទី២១ ខែតុលា កន្លងមក​នោះ លោក នុត សវនា បញ្ជាក់​ថា សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​«ម២»វិញ​អស់ហើយ។

បើ​តាម​មន្ត្រី​រូប​នេះ ជំនន់​ទឹកភ្លៀងកាលពី​ខែតុលា​កន្លងមក មាន​ពន្ធនាគារ​ចំនួន២ដែល​ត្រូវ​ទឹកជន់​លិច និង​តម្រូវ​ឱ្យ​អាជ្ញាធរ​ជម្លៀស​អ្នកជាប់ឃុំ​ពី​ពន្ធនាគារ​ទាំងនោះ គឺ​មាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង​មណ្ឌល​អប់រំ​កែប្រែ​«ម២» នៃ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ