សហរដ្ឋអាមេរិកអំពាវនាវឱ្យបើកឡើងវិញនូវលំហនយោបាយ ដើម្បីឱ្យការបោះឆ្នោតខាងមុខ ដំណើរការទៅមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដមួយ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការនៅឡើយ។
លោក កឹម សុខា ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំមកហើយ ក្រោយពីលោកត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនអំឡុងឆ្នាំ២០១៧ ដូចគ្នាទៅនឹងគណបក្សរបស់លោកដែលមានសំឡេងឆ្នោតគាំទ្រជាង៤០ភាគរយ ត្រូវបានរំលាយចោល មន្ត្រីថ្នាក់ដឹកនាំ១១៨រូបត្រូវបានហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោមអំណាចតុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់រដ្ឋាភិបាល ចោទថា ឃុបឃិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា កាលពីថ្ងៃម្សិលមិញ បាននិយាយថា ខ្លួនកំពុងធ្វើការតាមដានដោយយកចិត្តទុកដាក់លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើងទៅលើសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។
មហាអំណាចលោកសេរីមួយនេះ គូសបញ្ជាក់ថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ និងការអត់ឱនចំពោះមតិប្រឆាំង មានសារៈសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ។
ស្ថានទូតអាមេរិកសរសេរថា៖ «យើងសូមអំពាវនាវឱ្យអាជ្ញាធរការពារសេរីភាពទាំងនេះ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយប្រកាន់ជំហានប្រកបដោយអត្ថន័យ ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋនៅក្នុងអំឡុងពេលឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣»។
ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនដែលបិទសិទ្ធិធ្វើនយោបាយដល់គណបក្សណាមួយនោះទេ ហើយថា វិធានការកន្លងទៅ ជាចំណាត់ការផ្លូវច្បាប់ទប់ស្កាត់ក្រុមអនាធិបតេយ្យ ដើម្បីស្ថិរភាពសង្គម។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «កន្លងមកមានការចាប់ឃុំខ្លួនមនុស្សហ្នឹង ដោយសារមនុស្សហ្នឹងរំលោភលើច្បាប់តើ! ហើយលំហប្រជាធិបតេយ្យយើង ហើយថ្មីៗនេះមានការរួបរួមគ្នា៣គណបក្សបង្កើតគណបក្សមួយ ហើយលក្ខណៈដែលយើងមិនអនុញ្ញាតឱ្យធ្វើអនាធិបតេយ្យ វាប៉ះពាល់ដល់សុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ គឺយើងគ្រប់គ្រងមិនឱ្យមានអំពើអនាធិបតេយ្យទេ»។
មួយវិញទៀត អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលស្វាគមន៍ចំពោះការតាមដានបណ្តឹងនៅតុលាការពីសំណាក់សហរដ្ឋអាមេរិក ដោយថា នីតិវិធីសំណុំរឿងបានធ្វើឡើងជាលក្ខណៈបើកចំហ ហើយថា ការជជែកនិងសន្ទនារវាងកម្ពុជានិងអាមេរិកបានធ្វើឡើងជាបន្តបន្ទាប់ក្នុងនាមជាមិត្តល្អ។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន មានប្រសាសន៍ថា កូនក្តីលោកគួរត្រូវបានទម្លាក់ចោលបទចោទប្រកាន់ ដោយថា កូនក្តីលោកមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ និងថា បច្ចុប្បន្ន កូនក្តីនៅតែបន្តកិច្ចការមនុស្សធម៌ ដូចជាការចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាដើម ។
លោក ចាន់ ចេន ប្រាប់ថា៖ «មួយវិញទៀត កូនក្តី បើតាមផ្លូវច្បាប់ កូនក្តីគាត់ត្រូវបានទទួលសិទ្ធិធ្វើការជំនុំជម្រះប្រកបដោយយុត្តិធម៌និងឆាប់រហ័ស ក៏ប៉ុន្តែ ពេលនេះ តាំងពីប្តឹងកូនក្តីខ្ញុំរហូត៣ឆ្នាំហើយ អត់ទាន់ធ្វើការជំនុំជម្រះ ធ្វើការផ្តល់យុត្តិធម៌កូនក្តីខ្ញុំទេ»។
សហមេធាវីរូបនេះនិយាយទៀតថា ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ លោកចង់ឃើញការបោះឆ្នោតខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគណបក្សនយោបាយគ្រប់និន្នាការអាចចូលរួមប្រកួតដោយសេរី គ្មានការគំរាមកំហែង។
មេធាវីការពារក្តីឱ្យអតីតគណបក្សប្រឆាំងមួយរូបទៀត គឺលោក សំ សុគង់ មានប្រសាសន៍ដែរថា គិតចាប់ពីគណបក្សនេះត្រូវរំលាយ សកម្មជនជាង៣០០នាក់ត្រូវបានតុលាការចេញដីកាកោះហៅយកទៅសាកសួរ ក្នុងនោះជិត១៣០នាក់ រួមទាំងថ្នាក់ដឹកនាំ លោក សម រង្ស៊ី ផងដែរ ត្រូវតុលាការបង្គាប់ឱ្យចូលសវនាការនៅចុងខែនេះ។
លោកនិយាយទៀតថា សំណុំរឿងចោទប្រកាន់ រួមមាន «បទញុះញង់» «បទរួមគំនិតក្បត់» «ញុះញង់ឱ្យយោធាមិនស្តាប់បង្គាប់» រួមទាំង «បទឧបឃាត» ដែលថា «ស្មើនឹងទោសក្បត់ជាតិ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិកនៅតែមានឥទ្ធិពលលើរដ្ឋាភិបាលកម្ពុជា ទាំងសក្តានុពលសេដ្ឋកិច្ចនិងការទូត។
លោក ឯម សុវណ្ណរ៉ា ប្រាប់ថា៖ «ការនាំទំនិញ បើយើងមើលឆ្នាំ២០២០នេះ ការនាំទៅសហរដ្ឋអាមេរិកកើនឡើងរហូតដល់៦ពាន់លានដុល្លារ។ បើតាមការសម្ភាសជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកមានឥទ្ធិពលខ្លាំងក្នុងការដាក់សម្ពាធបង្កកទ្រព្យសម្បត្តិឥស្សរជននយោបាយលើសកលលោកខ្លាំងជាងសហភាពអឺរ៉ុប»។
អ្នកជំនាញនយោបាយរូបនេះនិយាយទៀតថា រដ្ឋាភិបាលកម្ពុជាអាចនឹងប្រឈមខ្លាំងជាមួយសហរដ្ឋអាមេរិកនៃរដ្ឋបាលលោក ចូ បៃឌិន ដែលទើបនឹងឈ្នះឆ្នោត បើស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ មិនត្រូវបានស្តារឡើងវិញ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេក្នុងការជំរុញកម្ពុជាឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៨ អាណត្តិទី៦នេះ ដែលបានផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយ។
ឥទ្ធិពលនេះជំរុញឱ្យមន្ត្រីរដ្ឋាភិបាល និងឧកញ៉ាចំនួន ត្រូវបានអាមេរិកបង្កកទ្រព្យសម្បត្តិ ចោទថា បានពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ចំណែកសហភាពអឺរ៉ុបវិញ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ចំនួន២០ភាគរយពីកម្ពុជា ធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ជិត១ពាន់លានដុល្លារក្នុង១ឆ្នាំ៕