សហ​គមន៍​​​ព្រៃ​​ឡង់​​​បារម្ភ​​​ពី​​​ការ​​បាត់​​បង់​​​ព្រៃ​​​ថែម​​ទៀត​​​ បើ​​​ក្រសួង​​​នៅ​​តែ​​​ហាម​​​ពួក​​​គេ​​​មិន​​​ឱ្យ​​​ចូល​​​ល្បាត​​

សកម្មភាព​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចុះ​ចាប់​បង្ក្រាប​បទល្មើស​នៅ​តំបន់​ព្រៃ​ឡង់ មុន​ពេល​ដែល​ត្រូវ​បាន​ក្រសួង​ធ្វើការ​ហាមឃាត់​មិន​ឱ្យ​ចូលព្រៃ​ឡង់​ទៀត​កាលពី​ឆ្នាំ២០១៩។ (ផ្ដល់​ឱ្យ​)

​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​បាន​បន្ដ​កើតមាន​ឥត​ឈប់ឈរ ដោយ​មួយ​ផ្នែក​មក​ពី​វិធានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អាជ្ញាធរ​ទៅលើ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់។

លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ខេត្តកំពង់ធំ មានប្រសាសន៍​ថា បណ្តាញ​ព្រៃ​ឡង់​នៅ​ខេត្តកំពង់ធំ​មាន​សមាជិក​ប្រមាណ១០០នាក់ បាន​ធ្វើសកម្មភាព​ចុះ​ល្បាត​ព្រៃ​ឡង់​តាំងពី​ឆ្នាំ១៩៩៨មក​ម្ល៉េះ។ ប៉ុន្តែ​សកម្មភាព​ចុះ​ល្បាត​នេះ​ ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់​ពេល​បច្ចុប្បន្ន ដោយសារ​អាជ្ញាធរ​បាន​ចោទប្រកាន់​ពួក​គេ​ថា​ជា «ក្រុម​ឧទ្ទាម​ក្រៅច្បាប់» និង​ចាត់ទុក​សកម្មភាព​យាមល្បាត​ថា មាន​ចេតនា​មិន​ស្មោះត្រង់​ជាមួយនឹង​អាជ្ញាធរ។

សកម្មជន​ព្រៃ​ឡង់​រូប​នេះ​អះអាង​ថា មុន​ពេល​ហាមឃាត់ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ធ្វើសកម្មភាព​ចុះ​ល្បាតនិង​ទប់ស្កាត់​បទល្មើស​ស្ទើរ​រាល់ថ្ងៃ។ លោក​ថា ពេល​ចុះ​ល្បា​តម្តង​ៗ ពួក​គាត់​បាន​ជួប​បទល្មើស​ជាច្រើន​រាប់មិនអស់និង​មិន​ឱ្យជនល្មើស​រួចខ្លួន​ឡើយ ព្រមទាំង​បាន​ថត​សកម្មភាព​ល្មើសនិង​ផ្សព្វ​ផ្សាយ​ភ្លាម​ៗតាម​បណ្តាញ​សង្គម​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក ហឿន សុភាព និយាយ​ថា៖ «យើង​ចូល​ទៅ​ល្បាត ​យើង​មាន​កាមេរ៉ា​ថត ពេល​ចេញ​មកវិញ​យើង​ផុស​សកម្មភាព​ល្មើស​តាម​ហ្វេសប៊ុក​នូវ​ស្នាម​កាប់​ឈើ សកម្មភាព​គេ​កាប់​ឈើ​តាម​គោយន្ត។ គេ​ខ្លាច​ពួក​យើង​ថត​ផុស​ចេញ។ និយាយឱ្យ​ចំ​ គេ​មិន​ចង់​ឱ្យយើង​ថតសកម្មភាព​ព្រៃ​ឡង់​ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ​ បាន​ជា​គេ​ហាមមិនឱ្យពួក​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រៃ»។

លោក ហឿន សុភាព បន្ត​ថា រយៈពេល​ជាង១ឆ្នាំដែល​អាជ្ញាធរ​ហាមឃាត់​នេះ ពួក​គាត់​មិន​អាច​ចូលក្នុង​ព្រៃ​ឡង់​ឡើយ ដែល​លោក​ថា​ ជា​ឱកាស​សម្រាប់​ជនល្មើស​ងាយស្រួល​ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ។ លោក​ថា តាម​របាយការណ៍​ដែល​បណ្តាញ​ព្រៃ​ឡង់​ចុះ​ល្បាត​តាមផ្លូវ​ក្រៅ​ព្រៃ​ឡង់ គឺ​ជួប​គោយន្ត​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ​មួយថ្ងៃមិន​តិច​ជាង១៥គោយន្ត​ឡើយ ដែល​គោលដៅ​ចុងក្រោយ គឺ​តម្រង់​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម។ 

លោក​បន្ថែម​ថា៖ «និយាយ​ឱ្យចំ​ តាំងពី​គេ​ហាមមិនឱ្យ​ពួក​ខ្ញុំ​ចូល​ល្បាត​ព្រៃ​ឡង់ គឺ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​មិនដែល​មានការ​ថយ​ចុះ​ទេ។ តាម​របាយការណ៍​ដែល​យើង​ទទួល​បាន​ពី​ក្រុម​បទល្មើស គឺ​ក្រុម​បទល្មើស​ទាំងអស់​គេ​មិន​ខ្លាច​សមត្ថកិច្ច​អាជ្ញាធរ​ទេ។ ពីព្រោះ​អ្វី​ដែលគេ​មិន​ខ្លាច​នោះ គឺ​វា​ជា​ប្រពៃណី​របស់​ពួក​គេ​ហើយ គឺ​គេ​គ្រាន់តែ​បង់លុយ​ឱ្យអាជ្ញាធរ​ឬសមត្ថកិច្ច​តាម​ស្នាក់​ការ​នី​មួយ​ៗ គឺ​គេ​អាច​ចេញ​បាន​ដោយ​រលូន​តែម្តង ប៉ុន្តែ​បើ​ជួប​ពួក​ខ្ញុំ គឺ​មិន​ងាយ​រួចខ្លួន​ទេ»។

ចំណែក​បណ្តាញ​ព្រៃ​ឡង់​ខេត្តព្រះវិហារ លោក ស្រី ថេង និយាយ​ថា រូបលោកនិង​សមាជិក​បណ្តាញ​ព្រៃ​ឡង់​ផ្សេងទៀត​ដែល​សកម្ម​ក្នុង​ការ​ចុះ​ល្បាត​នោះ ក៏​ត្រូវ​បាន​អាជ្ញាធរនិង​មន្ត្រី​ឧទ្យានុ​រក្ស​ខេត្តព្រះវិហារ​ហាមឃាត់​ផង​ដែរ។ លោក​ថា តាម​រយៈ​ការ​ចុះ​ល្បាត​នៅ​តាម​ច្រក​ក្រៅ​តំបន់​ព្រៃ​ឡង់ លោក​សង្កេតឃើញ​បទល្មើស​ដឹកឈើ​ចេញពី​ក្នុង​ព្រៃ​ឡង់​កើតមាន​ជាប្រចាំ​ ដោយ​ពុំ​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរនិង​មន្ត្រី​ឧទ្យានុ​រក្ស​ឡើយ។

លោក ស្រី ថេង បន្ដ​ថា៖ «នៅ​លើ​ផ្លូវ មួយ​យប់​មិន​តិច​ជាង១៥គោយន្ត​ទេ​ សម្រាប់​ផ្លូវ​ក្នុង​ភូមិ​ខ្ញុំ។ ចំណែក​នៅ​ភូមិ​គេ​ផ្សេង​វិញ ក៏​មិន​ខុសគ្នា​ដែរ។ អញ្ចឹង​មួយ​យប់​ដឹក​ចេញ​ប្រហែល៣០គោយន្ត។ អ្នក​ដឹក ​មាន​អ្នកភូមិ​ខ្លះ អ្នក​ពី​ចម្ងាយ​ខ្លះ។ គេ​ដឹក​កាត់មុខ​ស្នា​កកា​រម​ន្ត្រី​ឧទ្យានុ​រក្ស​ហ្នឹង»។

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​រូប​នេះ ​ឱ្យដឹង​ថា អំឡុង​ពេល​ហាមឃាត់​នេះ រូបលោកនិង​បណ្តាញ​ព្រៃ​ឡង់​មួយចំនួន​បាន​ព្យាយាម​ចូល​យាមល្បាត​ព្រៃ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើនលើក​ច្រើន​សារ ក្រោម​ហេតុផល​ថា មាន​ជាប់ពាក់ព័ន្ធ​ក្រុម​នយោបាយ​ប្រឆាំង ជាពិសេស​ចោទ​ថា មិន​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ ដោយសារ​ការ​បង្ហោះនិង​ចែកចាយ​ព័ត៌មាន​អំពី​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅ​លើ​បណ្ដាញ​សង្គម។

លោក ស្រី ថេង ចាត់ទុកថា ការចោទប្រកាន់​បែបនេះ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ លោក​ថា​អាជ្ញាធរ​ខ្លួនឯង​បារម្ភ​ខ្លាច​ប៉ះពាល់​មុខមាត់​របស់​ខ្លួននិង​អ្នក​ដែល​ទទួល​បានផល​ប្រយោជន៍​ពី​តំបន់​ព្រៃ​ឡង់​នេះ​ទៅវិញ​ទេ។ 

លោក ស្រី ថេង បន្ថែម​ថា៖ «គេ​បាន​ដៅ​ពួក​ខ្ញុំ​ទុក​ចំនួន៥នាក់​ហើយ។ គេ[ថា]​បើ​បង​ឯង​ហ៊ាន​តែ​ដើរចូល​ព្រៃ​ទៀត បង​ឯង​នឹង​ជាប់គុក។ នេះ​ក្រុមប្រឹក្សា​ឃុំ​ គេ​និយាយ​ផ្ទាល់»។

អ្នកស្រី ឈាង លី ជា​គណៈ​កម្មការសម្រប​សម្រួល​បណ្តាញ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង និយាយ​ថា ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ស្ទឹងត្រែង ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យចូល​ល្បាត​ព្រៃ​ឡង់​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ព្យាយាម​ចូលព្រៃ​នេះ​ម្តងម្កាល​ដែរ ដើម្បី​តាមដាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ។ 

អ្នកស្រី​អះអាង​ថា រយៈពេល១ឆ្នាំ​មកនេះ ដើម​ឈើ​ធំៗ​ជាច្រើន​នៅ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល​ពួក​គាត់​ធ្លាប់​ជួប​ពីមុន​នោះ ​បាន​បាត់បង់ឬនៅ​សល់​តែ​ស្លាកស្នាម​កាប់​ផ្ដួលរំលំ​ប៉ុណ្ណោះ។ 

អ្នកស្រី ឈាង លី បន្ដ​ថា៖ «រាល់ថ្ងៃ​ យើង​ឃើញថា វា​មាន​ភាព​ខុសគ្នា​ខ្លាំង។ កាលពី​ពួក​ខ្ញុំ​សកម្ម​ចុះ​ការពារ គឺ​ដើម​ឈើ​ធំៗ​វា​នៅ​ច្រើន។ ប៉ុន្តែ​រយៈពេល​ជិត១ឆ្នាំនេះ ​ឃើញថា ព្រៃឈើ​និង​ដើមឈើ​ធំ​បាត់បង់​អស់​ច្រើន។ ហើយ​សកម្មភាព​ដឹកឈើ ឃើញថា មាន​សកម្មភាព​ច្រើន​ជាងមុន​ ជាពិសេស​នៅ​តំបន់​គឺ​តាមផ្លូវទឹក​ច្រើនជាង​គេ»។

សកម្មជន​ព្រៃ​ឡង់​រូប​នេះ​ខកចិត្ត​ចំពោះ​ក្រសួងបរិស្ថាន ដែល​ហាមឃាត់​មិន​ឱ្យពួក​គេ​ចូល​យាមល្បាត​នៅ​តំបន់​ព្រៃ​ឡង់​នេះ ដោយ​ចាត់ទុកថា ការ​ហាម​នេះ​គឺជា​ការរំលោភ​សិទ្ធិ និង​មាន​ចេតនា​ចង់​បិទបាំង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា ក្រសួង​ស្វាគមន៍​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​ចង់​ចូលរួម​ចុះ​ល្បាតនិង​ការពារ​ព្រៃ​ឡង់ ខណៈ​ដែល​ក្រសួង​កំពុង​ខ្វះ​កម្លាំង​ស្រាប់។ ប៉ុន្តែ​លោក​ថា ការ​ហាមមិនឱ្យ​បណ្តាញ​ព្រៃ​ឡង់​ចូល​ល្បាត​ព្រៃ ដោយសារ​ពួក​គេមានស​កម្ម​ភាព​ចុះ​ល្បាត​ដោយមិន​គោរព​តាម​គោល​ការ​ណ៍ច្បាប់។

ម្យ៉ាងទៀត លោក​ថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំងនោះ​មិនបាន​ចុះបញ្ជី ធ្វើសកម្មភាព​ចុះ​ល្បាត​មាន​ចរិ​តញុះញង់ មិន​ស្មោះត្រង់ និង​បម្រើ​ឱ្យផល​ប្រយោជន៍​នយោបាយ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍​ថា៖ «បណ្តាញ​សហគមន៍​នេះ​មិនបាន​ស្ថិតនៅ​ក្រោម​ច្បាប់​ទេ ដោយសារ​មិនបាន​ចុះបញ្ជី។ សូម្បីតែ​ទៅជា​សហគមន៍​ព្រៃឈើ ឬសហគមន៍​ការពារ​តំបន់​ធម្មជាតិ សហគមន៍​ជនជាតិ​ដើម​ភាគតិច ក៏​ពួក​គាត់​មិនព្រម​ចុះ​ដែរ។ គាត់​សុខចិត្ត​នៅជា​តំណាង​សហគមន៍​ហ្នឹង​នៅ​ក្រៅច្បាប់ ប៉ុន្តែ​គាត់​ធ្វើស​កម្ម​ភាព​ផ្សេង​ៗដែល​មិន​ស្ថិត​ក្រោម​ច្បាប់​របស់​យើង»។

របាយការណ៍​របស់ក្រ​សួង​បរិស្ថានឱ្យដឹង​ថា រយៈពេល៩ខែ​ ឆ្នាំ២០២០នេះ មន្ត្រី​ឧទ្យានុ​រក្សនិង​សហគមន៍​បាន​ចុះ​ល្បាត​ចំនួន១ ៨២៣លើក ដោយ​បាន​បង្ក្រាប​បទល្មើស​ចំនួន៩៥៤ករណី ក្នុង​នោះ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន៤០ករណី និង​រឹបអូស​បាន​វត្ថុ​តាង​មួយចំនួន​ទៀត ខណៈ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​មួយចំនួន​បាន​ថយ​ចុះ ដោយ​ថា បទល្មើស​ទ្រង់ទ្រាយ​ធំ​លែង​មាន និង​មានតែ​បទ​ល្មើ​សតូចៗ​ប៉ុណ្ណោះ។

អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​នៅ​ខេត្តកំពង់ធំ លោក ហឿន សុភាព មិន​ជឿ​ទៅលើ​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួងបរិស្ថាន​នេះ​ទេ ដោយ​ថា វា​មិន​បង្ហាញ​ការពិត​ទាំងស្រុងនិង​បទល្មើស​ព្រៃឈើ​ដទៃទៀត​ដែលគេ​ព្យាយាម​លាក់បាំង​ឡើយ។ លោក​ថា បទល្មើស​អាច​កើតមាន​ច្រើន​ករណី​ជាង​នេះ​ពី២ទៅ៣ដង​ឯណោះ។

លោក ហឿន សុភាព បន្ដ​ថា៖ «ខ្ញុំ​គិតថា ទិ​ន្នន័យជាក់ស្តែង​គឺ​ច្រើនជាង​នេះ៣ដង។ ពីព្រោះ​អ្វី​ដែលគេ​[បង្ហាញ]នេះ ​ជា​ការងារដែលគេ​ចង់​ដាក់។ ប៉ុន្តែ​ការងារ​ដែល​លាក់លាម ហើយ​មន្ត្រី​ទាំងអស់​នោះ​កំពុង​យក​លុយនិង​ត្រូង​ដៃជើង​ជាមួយ​ជនល្មើស​ដែល​ចាប់បាន​ទ្វេ​ជា​ពីរ​ដង​ទ្វេ​ជា​បីដង​នោះ គេ​មិនបាន​ដាក់​ទេ»។

ប៉ុន្តែអ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក លោក នេត្រ ភក្ត្រា បង្ហាញ​ការ​ជឿជាក់​ទៅលើ​របាយការណ៍និង​ការងារ​របស់​មន្ត្រី​ឧទ្យានុ​រក្ស ថាធ្វើការងារ​ដោយ​ត្រឹមត្រូវនិង​ស្មោះត្រង់។

លោក នេត្រ ភក្ត្រា មានប្រសាសន៍​បន្ដ​ថា៖ «យើងខ្ញុំ​ជឿជាក់​ទៅលើ​មន្ត្រី​ឧទ្យានុ​រក្ស​របស់​យើងនិង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង១៩ ដែល​សហគមន៍​នេះក៏​ជា​ប្រជាពលរដ្ឋ​ដូច​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែរ ប៉ុន្តែ​គាត់​បាន​អនុវត្ត​ទៅតាមច្បាប់ ​គាត់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​ ធ្វើការងារ​ជាមួយ​ក្រសួង។ ហើយ​អង្គការ​ដៃ​គូ​មួយចំនួន​ទៀត ​ក៏បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន​ដែរ។ ដែល​ភាគច្រើន​ទាំងអស់គ្នា​បាន​តម្កល់​នូវ​ផលប្រយោជន៍​ការងារនិង​អភិរក្ស​ធនធាន​ធម្មជាតិ​នេះ​ជាធំ»។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ អះអាង​ថា ជា​រៀងរាល់​ឆ្នាំ ពួក​គេ​តែង​ចេញ​របាយការណ៍​តាមដាននិង​ស៊ើបអង្កេត​ទៅលើ​ការបំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់។ ប៉ុន្ដែ​ដោយសារ​បំរាម​របស់ក្រ​សួង​បរិស្ថាន នៅ​ឆ្នាំនេះ ពួក​គេ​ពិបាកធ្វើ​របាយការណ៍​លម្អិត​លាតត្រដាង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ។ អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​ហាមឃាត់​នេះ គឺ​ឃ្លាំមើល​សកម្មភាព​ដឹកឈើ​ប្រណិត និង​ប្រមែប្រមូល​ភស្ដុ​តាង​សំ​ខាន់​ៗដែល​ពួក​គេ​រកបាន​នៅ​ខាងក្រៅ​តំបន់​ព្រៃ​ឡង់។ 

អ្នកគ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ​និង​តស៊ូ​មតិ​នៃ​បណ្តាញ​យុវជន​កម្ពុជា លោក ស ម៉ូ​រី មានប្រសាសន៍​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នឹង​ប្រមែប្រមូល​ភស្ដុ​តាង​នៃ​បទល្មើស​ព្រៃឈើ​ដែល​ពួក​គេ​រកបាន​នៅ​ក្រៅ​តំបន់​ព្រៃ​ឡង់​នេះ ដើម្បី​ចេញ​ជារ​បាយ​ការណ៍​ដាក់​ជូន​ទៅ​ក្រសួងបរិស្ថាន​ពិនិត្យនិង​ផ្ដល់​ជា​អនុសាសន៍​មួយចំនួន។ 

លោក​មានប្រសាសន៍​ថា វិធានការ​របស់ក្រ​សួង​បរិស្ថាន​ដែល​ហាមមិនឱ្យបណ្តាញ​ព្រៃ​ឡង់​ចូល​ល្បាត​នេះ ​មិនបាន​រួមចំណែក​ការពារ​ធនធាន​ធម្មជាតិ​ឡើយ ខណៈ​នៅ​អំឡុង​ពេល​ហាមឃាត់​នេះ បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​បន្ត​កើនឡើង។

លោក ស ម៉ូ​រី បន្ដ​ថា៖ «ខណៈ​ពេល​ក្រសួងបរិស្ថាននិង​មន្ត្រី​ឧទ្យានុ​រក្ស​ហាមឃាត់​បណ្តាញ​សហគមន៍ ពួក​ក្រុម​ល្មើស​នៅតែ​បន្ត​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់ កាប់​ឈើ ដឹកឈើ​ក្នុង​ព្រៃ​ឡង់​បាន។ យើង​មើលឃើញ​ថា វិធានការ​របស់ក្រ​សួង​បរិស្ថាន​មិនបាន​រួមចំណែក​ទៅដល់​ការ​ការពារ​ព្រៃឈើ​ឱ្យ​មានប្រសិទ្ធភាព​ទេ។ ផ្ទុយទៅវិញ វា​ផ្តល់​ឱកាស​ឱ្យ​ជនល្មើស​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កាន់តែ​ច្រើនជាង​មុន»។

លោក ស ម៉ូ​រី ក៏​បង្ហាញ​ការ​ខកចិត្តនិង​ច្រានចោល​ការចោទប្រកាន់​របស់ក្រ​សួង​បរិស្ថាន​មក​លើ​បណ្តាញ​ព្រៃ​ឡង់​ ដែល​ថា សហគមន៍ព្រៃឡង់ចូល​ល្បាត​ព្រៃ​ដោយមិន​ស្មោះត្រង់និង​មាន​ចរិ​តន​យោ​បាយ។ លោក​ថា ការណែនាំ​ឱ្យបណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​ចុះបញ្ជី​ជាមួយ​ក្រសួង ដើម្បី​បន្ដ​សកម្មភាព​យាម​ល្បាត គឺជា​វិធានការ​ដែល​រំលោភ​លើ​សិទ្ធិ​របស់​បណ្តាញ​សហ​គមន៍ព្រៃ​ឡង់ និង​មិន​អាច​ឱ្យ​ពួក​គេ​បំពេញការងារ​ដោយ​ឯករាជ្យ​ឡើយ។ 

លោក ស ម៉ូ​រី បន្ដ​ថា៖ «ព្រៃ​ឡង់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ។ ក្នុងនាម​ជា​ប្រជាពលរដ្ឋ ក្នុងនាម​ជា​សហគមន៍ ពួក​គាត់​មាន​សិទ្ធិ​ចូលរួម​ការងារ​ដែរ ដែល​សិទ្ធិ​ទាំងអស់​នោះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ»។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ នៅ​ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃ​ដី​ជាង៤៣ម៉ឺន​ហិ​កតា ​(៤៣១ ៦៨៣ហិ​កតា​) ក្នុង​នោះ​មាន​ជីវ​ចម្រុះ​ជិត៤០០ប្រភេទ​កំពុង​រស់នៅ។ ដែន​ជម្រក​សត្វ​មួយ​នេះ​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

ក្រសួងបរិស្ថាន​ឱ្យដឹង​ថា បច្ចុប្បន្ន​ មាន​មន្ត្រី​ឧទ្យានុ​រក្ស៨៤នាក់​បាន​ឈរជើង​ការពារ និង​មាន​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន១៩ នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែល​បាន​ចូលរួម​សហការ​ចុះ​ល្បាត​ជាមួយ​មន្ត្រី​ឧទ្យានុ​រក្ស។

កាលពី​ពេល​ថ្មី​ៗនេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ទទួល​ពានរង្វាន់​ពី​កម្មវិធី«​សប្តាហ៍​បៃតង»​របស់​សហភាព​អឺរ៉ុប (EU Green Week​) ដែល​ជា​ពានរង្វាន់​លើក​ទី៥ ដែល​ពួក​គេ​ធ្លាប់​ទទួល​បាន​ចាប់តាំងពី​ឆ្នាំ២០១២មក។ កាលពី​ឆ្នាំមុន ​បណ្តាញ​ព្រៃ​ឡង់​ក៏បាន​ឈ្នះ​ពានរង្វាន់​«National Energy Globe Award ២០១៩» ពី​អង្គការ​ថាម​ពល​ពិភពលោក​ដែរ ចំពោះ​សកម្មភាព​របស់​ពួក​គេ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើនិង​បរិស្ថាន​ដែល​កំពុង​រង​កា​របំ​ផ្លាញ។

អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ខេត្តកំពង់ធំ លោក ហឿន សុភាព និយាយ​ថា ឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ឡង់​នឹង​វិនាស​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​បន្ដ​ប្រើ​ភាសា​មួល​បង្កាច់និង​ហាមឃាត់​មិន​ឱ្យពួក​គេ​ចូល​យាមល្បាត ដើម្បី​រក​ឃើញ​អ្នក​ជាប់ពាក់ព័ន្ធ ដែល​សុទ្ធសឹង​ជា​អ្នកមាន​អំណាចនិង​មាន​ខ្សែ​ធំ​នៅ​ពីក្រោយ។

លោ​ក ហឿន សុភាព​ និយាយ​ថា៖ «យើង​មើលតែ​មន្ត្រី​ឧទ្យានុ​រក្ស​តាម​ស្នា​ក់ការ​នី​មួយ​ៗទៅ ដែល​គាត់​ចាំយាម​នៅ​ច្រកចេញ​ឈើ ហេតុ​អី​បាន​ជា​ឈើ​នៅតែ​បន្ត​ចេញ​នៅ​តាម​ច្រក​នោះ យើង​គិតតែ​ប៉ុណ្ណឹង​បាន​ហើយ។ ខ្ញុំ​វាយតម្លៃ​យ៉ាង​យូរ៥ឆ្នាំ​ទៀត ប្រសិនបើ​គ្មាន​សមាសភាព​ក្រុម​យើង​ចូលរួម​ល្បាត​ទេ យ៉ាង​យូរ៥ឆ្នាំ ​ព្រៃ​ឡង់​នឹង​អស់​ឈើ​ធំ​ហើយ»។

កាលពី​ខែសីហា ​ឆ្នាំ២០២០ បណ្តាញ​យុវជន​កម្ពុជា និង​អង្គការ Jesuit Service Cambodia (JSC​) បាន​បង្ហាញ​របាយការណ៍​មួយ​ដោយ​បង្ហាញថា ក្នុងរយៈពេល​ប្រមាណ២០ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាង១០ម៉ឺន​ហិ​កតា បាន​ក្លាយជា​វាលរហោឋាន ​និង​កន្លែង​ខ្លះ​បាន​ក្លាយទៅជា​ចម្ការ​ជំនួស​វិញ។

របាយការណ៍​ដដែល​បន្ត​ថា គិត​ត្រឹម​ឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិ​កតា​ដែល​បាន​មក​ពី​ការបាត់បង់​ព្រៃឈើ​ជាង១០ម៉ឺន​ហិ​កតា ត្រូវ​បាន​បំប្លែង​ទៅជា​ដីចម្ការ​ដំណាំ ខណៈ​ផ្ទៃដី​ចំនួន១ ១១១ហិ​កតា ត្រូវ​បាន​ដុះឡើង​វិញ​ដោយ​ធម្មជាតិ​និង​ការ​ដាំដុះ​ដោយ​កម្មវិធី​ដាំ​ដើមឈើ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ