វិភាគ​៖ វប្បធម៌​​អន្តរា​គមន៍​​ពេល​​មាន​​ជម្លោះ​​នៅ​តែ​​ពេញ​និយម​

កម្មករ​-កម្មការិនី​រាប់​រយ​នាក់​របស់​រោងចក្រ វ៉ា​យអូ​លែ​ត រក​កិច្ច​អន្តរាគមន៍​នៅមុខខុទ្ទកាល័យលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ (ឃុត សុគន្ធ)

​ស្ថាប័ន​ច្បាប់​ដែល​ដោះស្រាយ​វិវាទ​ទាំង​រឿង​ព្រហ្មទណ្ឌនិង​រឿង​រដ្ឋប្បវេណី​ គឺ​តុលាការ ប៉ុន្តែបច្ចុប្បន្ន​ ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មាន​ជម្លោះដីធ្លី និង​អ្នកមាន​មុខតំណែង មានមុខ​មាន​មាត់ ក៏​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេង​ៗដែរ​ ពិសេស​សុំ​ការ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន​មាន៣ថ្នាក់​គឺ​ សាលាដំបូង​ដែល​មាននៅ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ តុលាការ​ឧទ្ធរណ៍ និងតុលាការ​កំពូល។ ក្រៅពី​តុលាការ​ជម្រះ​លើ​រឿង​ក្តី​ទូទៅ​កម្ពុជា​ក៏​មាន​តុលាការយោធា និង​សាលា​ក្តី​ខ្មែរក្រហម​ផង​ដែរ​ ដែល​កំពុង​ដំណើរ​ការពេល​បច្ចុប្បន្ន។

បើ​និយាយ​ពី​រឿង​ក្តី​ទូទៅ ​បើសិនជា​ប្រជាពលរដ្ឋ​ដែល​មាន​វិវាទ​ហើយ ដោះស្រាយ​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ហើយ​ នៅ​មិនទាន់​មានការ​សះជា​គ្នា​នោះ នឹង​ដំណើរការ​ដល់​តុលាការ ​គឺ​នៅក្នុង​ដំណាក់កាល​សាលាដំបូង។

ក្រោយពេល​សម្រេច​របស់​សាលាដំបូង​ហើយ ​បើ​ភាគី​មិនសុខចិត្ត​ អាច​ទៅ​សាលាឧទ្ធរណ៍ ហើយ​បើ​ភាគី​នៅតែ​មិនសុខចិត្ត​ គឺ​បន្ត​ទៅ​តុលាការ​កំពូល។ នៅក្នុង​ដំណាក់​កាលតុលាការ​កំពូល​ជា​សេចក្តី​សម្រេច​ចុងក្រោយ​បិទផ្លូវ​តវ៉ា ប៉ុន្តែ​បើ​មាន​ភស្តុតាង​ជាក់ច្បាស់​ ភាគី​ជម្លោះ​នៅតែ​អាច​ប្តឹង​ទាមទារ​ឱ្យ​តុលាការ​កំពូល​សើរើ​លើ​សេចក្តី​សម្រេច​ឡើងវិញ​ដែរ។

បើ​និយាយ​ពី​ការ​ដោះស្រាយ​ជម្លោះ​ចាប់ពី​អាជ្ញាធរ​ភូមិ ឃុំ រហូតដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង តុលាការ​គ្រប់​ថ្នាក់​ទៀត ​គឺ​ច្រើន​ដំណាក់កាល​គួរសម។

ប៉ុន្តែ​បើ​យើង​មើល​ពី​ករណី​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាក់ស្តែង ​ការស្វែងរក​កិច្ច​អន្តរាគមន៍​នៅតែ​ពេញនិយម ​គឺ​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​ជម្លោះដីធ្លី​ តែងតែ​ប្រមូល​ផ្តុំគ្នា​ ចេញពីផ្ទះ​ឬសហគមន៍​របស់​ពួក​គាត់ ធ្វើដំណើរ​ឆ្ពោះទៅ​ក្រសួង​ដែនដី ឬស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ពិសេស​ទៅផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែម្តង គឺ​ពួក​គាត់​មិនបាន​ដើរតាម​ដំណាក់កាល​នៃ​ការ​ដោះស្រាយ​ជម្លោះ​នោះ​ទេ។

ករណី​ខ្លះ​អាច​ថា ដោយសារតែ​ពលរដ្ឋ​ក្រីក្រ​មិន​មាន​លុយ​ចំ​ណាយ​ផ្សេង​ៗ រួម​ទាំង​ការជួល​មេធាវី​ផង ប៉ុន្តែ​ខាង​ក្រសួង​យុត្តិធម៌​មាន​មេធាវី​សម្រាប់​អ្នក​មិន​មានលទ្ធភាព ហើយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​បង្កើត​មេធាវី​ដាក់ឈ្មោះ​ខ្លួន​លោក​ផ្ទាល់​ចំនួន១៥៣នាក់​ហើយ​ដែរ​សម្រាប់​ជួយ​អ្នក​ក្រីក្រ​មិន​មានលទ្ធភាព​ជួល​មេធាវី។ ប៉ុន្តែ​ការស្វែងរក​កិច្ច​អន្តរាគមន៍​ឬពឹង​អ្នកនេះ​ជួយ​ឬអ្នកនោះ​ជួយ ​នៅតែ​ពេញនិយម​ដដែល។

ការ​ពេញនិយម​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ មិនមែន​តែ​អ្នក​ក្រីក្រ​ទេ ​គឺ​អ្នកមាន​ប្រាក់ មានអំណាច មាន​កិត្តិយស​ល្បី​ ក៏​ស្វែងរក​កិច្ច​អន្តរាគមន៍​ដែរ។

កាលពី​សប្តាហ៍​មុន​ តារាចម្រៀង​ល្បីឈ្មោះ​មួយ​រូប លោក ព្រាប សុវត្ថិ ក៏បាន​ដាក់​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដី​ទំហំ២០ហិ​កតា​នៅក្នុង​ខេត្តមណ្ឌលគិរី​ ជាមួយ​អ្នកមាន​អំណាច​ម្នាក់។

លោក ​ព្រាប សុវត្ថិ ជា​អ្នក​ល្បីឈ្មោះ​នៅក្នុង​វិស័យ​សិល្បៈ ហើយ​លោក​ក៏​មាន​តួនាទី​នៅក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ ម្តាយ​របស់​លោក​ក៏​មាន​តួនាទី​នៅក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​ព្រាប សុវត្ថិ ក៏​តែងតែ​បង្ហាញ​រូបថត​ដែល​លោក​ពាក់អាវ​គណបក្សប្រជាជន​កម្ពុជា ចូលរួម​កម្ម​វិ​ធី​ផ្សេង​ៗជាមួយ​គណបក្ស​កាន់អំណាច​នេះ ហើយក៏​មាន​រូបថត​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ។

ក្រោយពេល​លោក ​ព្រាប សុវត្ថិ ដាក់​សំណើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឱ្យ​ជួយ​រក​យុត្តិធម៌​នោះ មានការ​លើក​ឡើង​ផ្សេង​ៗគ្នា​ពី​អ្នកប្រើ​បណ្តាញ​សង្គម សំណួរ​ច្រើនជាង​គេ​សួរ​ថា ហេតុអ្វី​លោក​ ព្រាប សុវត្ថិ មិន​ប្តឹង​ទៅ​តុលាការ​? ឬលោក​មិន​ទុកចិត្ត​តុលាការ​? តារា​ល្បី​ពឹង​នាយក​រដ្ឋមន្ត្រី ចុះ​អ្នក​មិន​ល្បី​ ពឹង​អ្នកណា​? ឬដោយសារតែ​ភាគី​ម្ខាងទៀត​ជា​អ្នក​ធំមានអំណាច?

នៅ​លើ​ហ្វេសប៊ុក​របស់​លោក ព្រាប សុវត្ថិ មិន​មានការ​បកស្រាយ​ពី​មូលហេតុ​ដែល​លោក​ស្នើសុំ​ការ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នេះ​ទេ ចំណែកខាង​ក្រុមការងារ ​វី​អូ​ឌី ព្យាយាម​ទាក់ទង​ទៅ​លោក ​ព្រាប សុវត្ថិ ដែរ​ តែ​មិន​អាច​ទាក់ទង​បាន​តាម​ទូរសព្ទនិង​ហ្វេសប៊ុក។

លោក​ ព្រាប សុវត្ថិ ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ មិនមែន​ជា​មនុស្ស​ដំបូង​ទេ​ក្នុងចំណោម​អ្នកមាន​ប្រាក់ មាន​តួនាទី​ ស្វែងរក​អន្តរាគមន៍​ដោយ​មិន​ឆ្លងកាត់​តុលាការ​នោះ។ 

កាលពី​ខែឧសភា ឆ្នាំ២០១៧ លោក ហ៊ុន សាន បងប្រុស​បង្កើត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ធ្វើ​លិខិត​រក​កិច្ច​អន្តរាគមន៍​ដែរ ដោយ​ចោទ​ថា លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កៀបសង្កត់​និង​រំលោភ​យក​ដី​ក្រុម​គ្រួសារ​របស់​លោក។ ប៉ុន្តែ​លិខិត​របស់​លោក ហ៊ុន សាន មិនបាន​ផ្ញើ​ទៅ​ប្អូនប្រុស​របស់​លោក​ទេ គឺ​ផ្ញើ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

លិខិត​លោក ហ៊ុន សាន៖ «សូម​សម្តេច​ជួយ​ណែនាំ​ឯកឧត្តម ម៉ក់ ជី​តូ ដែល​តែងតែ​ការពារ​ជនល្មើស​រំលោភ​យក​ដី​របស់ខ្ញុំ​និង​កូន​ខ្ញុំ ធ្វើ​ឱ្យ​បាត់បង់​ភាព​កក់ក្តៅ ធ្លាក់ចុះ​ប្រជាប្រិយ​ភាព បែកបាក់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុកចិត្ត​ក្នុង​ជួរ​គណបក្សប្រជាជន ពិសេស​ក្រុម​គ្រួសារ​ថ្នាក់ដឹកនាំ​ប្រទេស»។

ភរិយា​លោក​ឧកញ៉ា ថោង សារ៉ា​ត់ គឺ​លោកស្រី ទាវ ធីតា កាលពីដើម​ឆ្នាំ២០១៧ ក៏បាន​នាំគ្នា​ទៅ​ទ្រហោយំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ហៅ​ឱ្យ​លោក​ ហ៊ុន សែន និង​លោកស្រី ប៊ុ​ន រ៉ា​នី​ ជួយ​អន្តរាគមន៍​ដោះលែង​ប្តី​របស់​លោកស្រី ដោយ​អះអាង​ថា គេ​ទម្លាក់កំហុស​ដើម្បី​ចាប់ខ្លួន​ប្តី​របស់​លោកស្រី។ 

ករណី​ទាំងនេះ​បង្ហាញថា ក្នុង​ស្រទាប់​មហាជន​នៅតែ​ពេញនិយម​ក្នុង​ការស្វែងរក​កិច្ច​អន្តរាគមន៍​ពេល​ដែល​ពួក​គេ​មាន​វិវាទ​ ឬអះអាង​ថាខ្លួន​មានរឿង​អយុត្តិធម៌។ 

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា លោក ស ខេង រំឭក​មន្ត្រី​របស់​លោក​រៀបចំ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ល្អ​ ព្រោះ​លោក​ជឿ​ថា យុត្តិធម៌​ជា​គ្រឹះ​នៃ​សន្តិភាព​និង​ស្ថិរភាព។

លោក ស ខេង៖ «ការ​កសាង​ប្រព័ន្ធ​យុត្តិធម៌​ពីលើ​ដល់​ក្រោម​ គឺជា​គ្រឹះ​ដ៏​សំខាន់ ដើម្បី​ឱ្យ​ស្រុកទេស​យើង​មាន​ស្ថិរភាព មាន​ស្ថិរភាព​យូរអង្វែង​! ព្រោះ​ពិសោធន៍​លើស​កល​លោក​នេះ វា​អញ្ចឹង​! មិនថា​តែ​កម្ពុជា​ទេ អា​ឈ្លោះ​បាក់បែក​គ្នា​ទៅជា​សង្គ្រាម​ហ្នឹង វា​មក​ពី​អញ្ចឹង»។

លោក ស ខេង ក៏បាន​រំឭក​ប្រាប់​មន្ត្រី​កុំឱ្យ​យក​គំរូ​តាម​ខ្មែរក្រហម​ដែល​ធ្វើបាប​ពលរដ្ឋ ហើយ​ថា ជា​លទ្ធផល​ក៏​ទទួលផល​អាក្រក់​វិញ។

លោក ស ខេង៖ «ហើយ​បើ​ធ្វើតាម​របៀប ប៉ុល ពត យើង​ដឹង​ទាំងអស់គ្នា​ហើយ គឺ​មិនខ្ចី​ស្តាប់ មិនខ្ចី​រវល់​ពី​ពលរដ្ឋ ហើយ​នាំគ្នា​គិតតែពី​កាប់សម្លាប់។ កាប់សម្លាប់​ពលរដ្ឋ​អត់​ដឹង​ខ្យល់​អី អត់មាន​កំហុស រហូតដល់​កាប់សម្លាប់​គ្នាឯង [ថ្នាក់ដឹកនាំ​] ដឹកនាំ​កំពូល​ហ្នឹង។ អញ្ចឹង​បាន​គេ​ហៅថា កម្ម​របស់​គាត់ ទីបំផុត​ត្រូវ​ដួល​រលំ ហើយ​បែកបាក់​ខ្ទេចខ្ទី​គ្មាន​សេសសល់​ទេ»។

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ ប្រចាំឆ្នាំ២០២០ បង្ហាញថា ក្នុងចំណោម១២៨ប្រទេស កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ១២៧ គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​តែមួយគត់ ចំណែក​នៅ​តំបន់​អាស៊ាន​ គឺ​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ​គេ។ ចំណាត់ថ្នាក់​នេះ​ស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ