មន្ត្រី​​សុខា​ភិបាល​​កំពង់​ឆ្នាំង​​ថា​ អ្នក​ភូមិ​​សរុប​១៥​នាក់​​ស្លាប់​​ពាក់​ព័ន្ធ​​នឹង​​ស្រា​​ស​មាន​​មេតា​ណុល​​ខ្ពស់​​

មន្ត្រី​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​បណ្ដាលមកពី​ពុល​ស្រា​ស នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​)

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានឱ្យ​ដឹង​ថា អ្នកភូមិ​ស្លាប់​ពាក់ព័ន្ធ​នឹង​ការ​ផឹក​ស្រា​ស នៅ​ឯស្រុក​ទឹកផុស មាន​ចំនួន​ដល់ទៅ១៥នាក់ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​តាម​ភូមិ​នានា។

មន្ត្រី​សុខាភិបាល​រូប​នេះ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា ក្រោយពី​ចុះ​សាកសួរ​ពលរដ្ឋ​នៅ​ភូមិ​នានា មន្ត្រី​សុខាភិបាល​បាន​រក​ឃើញថា ពលរដ្ឋ​ដល់ទៅ១៦៤នាក់​នៅ​ស្រុក​ទឹកផុស បាន​ធ្លាក់ខ្លួន​ឈឺ​ពាក់ព័ន្ធ​នឹង​ការ​ផឹក​ស្រា​ស ចាប់ពី​ថ្ងៃទី២៦ ខែវិច្ឆិកា​មក។

បើ​តាម​មន្ត្រី​សុខាភិបាល​រូប​នេះ អ្នកភូមិ​សរុប​ដល់ទៅ១៥នាក់ បាន​ស្លាប់​ដោយ​ជាប់ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា ក្នុង​នោះ​រួមបញ្ចូល​ទាំង​អ្នកភូមិ២នាក់ នៅ​ឃុំ​ជៀប ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ដំបូង​ថា ស្លាប់​ដោយសារ​ផឹកទឹក​អណ្ដូង​នៅ​ឯចម្ការឪឡឹក។

លោក ប្រាក់ វ៉ុន ប្រាប់​ថា៖ «ប្រសិនបើ​យើង​បូក​ការស្រាវជ្រាវ​នៅ​ភូមិ​ហ្នឹង​ទៀត វា​មាន​អ្នក​ឈឺ​ដែរ​ដោយសារ​ហូប​ស្រា​ដែរ ហើយ​ឈឺ​តិចតួច​ហ្នឹង ទិ​ន្ន​ន័យខាង​ក្រុមការងារ​បាន​បូក​ថែម៣៣នាក់​ទៀត។ អ៊ីចឹង ទិន្នន័យ​ចុងក្រោយ ១៦៤»។

លោក ប្រាក់ វ៉ុន បាន​ប្រាប់​ថា អ្នកភូមិ​ស្ទើរតែ​ទាំងអស់​ហើយបាន​វិលត្រឡប់​ទៅផ្ទះ​សម្បែង​របស់​ពួក​គេ​នៅ​ឯស្រុក​ទឹកផុស បន្ទាប់ពី​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ពីអាកា​រ​ពុល​ចំណីអាហារ ប៉ុន្តែលោក​ថា លើកលែងតែ​បុរស​ម្នាក់កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅឡើយ ដោយសារតែ​គាត់​មាន​អាកា​រ​ញៀន​ស្រា។

លោក ប្រាក់ វ៉ុន ប្រាប់​ថា៖ «បញ្ហា​ពុល គាត់​ធូរស្រាល​អស់ហើយ នៅសល់​តែម្នាក់​ដែល​គាត់​មាន​បញ្ហា​ គេ​ហៅថា ជំងឺ​ញៀន​ស្រា។ [ពលរដ្ឋ​] ចេញ​ចុងក្រោយ​បំផុតតាំងពី​ថ្ងៃទី២ ​[ខែវិច្ឆិកា​]»។

ប្រធានមន្ទីរ​សុខាភិបាល​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នកភូមិ​ស្លាប់និង​ធ្លាក់ខ្លួន​ឈឺ​ដ៏​ច្រើនបែប​នេះ គឺ​បណ្ដាលមកពី​ការ​ផឹក​ស្រា​សដែល​ត្រូវ​បាន​ពិនិត្យ​ឃើញ​មាន​សារធាតុ​មេតាណុល​ខ្ពស់​លើស។

លោក ប្រាក់ វ៉ុន បានឱ្យ​ដឹងថា អ្នកភូមិ៨នាក់បាន​ស្លាប់​អំឡុង​ពេល​សង្គ្រោះ​នៅ​តាម​មន្ទីរពេទ្យ​នានា​នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​រាជធានី​ភ្នំពេញ នៅក្នុងចំណោម​អ្នកភូមិ​ធ្លាក់ខ្លួន​ឈឺ​សរុប១៣១នាក់។

មន្ត្រី​សុខាភិបាល​រូប​នេះបានឱ្យ​ដឹងផង​ដែរ​ថា ទីតាំង​ផលិតនិង​លក់​ស្រា​សទាំ​ងអស់​នៅក្នុង​ស្រុក​ទឹកផុស ត្រូវ​បាន​សមត្ថកិច្ច​បិទនិង​ដកហូត ហើយ​លោក​ថា មន្ត្រី​សុខាភិបាល​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​តាម​ភូមិ​នានា​ស្ថិត​ក្នុង​ស្រុក​នោះ​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ