ការច្បាំងគ្នារវាងស្តេចខ្មែរជំនាន់មុន និងសង្គ្រាមស៊ីវិលរវាងអ្នកនយោបាយ៣ទសវត្សរ៍ផ្តើមពីឆ្នាំ១៩៧០ដល់១៩៩៨ សុទ្ធតែមានការទៅពឹងពាក់បរទេសដើម្បីច្បាំងយកឈ្នះគ្នាឯង បានបង្កឱ្យពលរដ្ឋរាប់លាននាក់ស្លាប់និងការខាតបង់ផ្សេងៗទៀត។
យើងមិនគិតដល់ក្សត្រជំនាន់មុនៗទេ គឺគិតត្រឹមរដ្ឋប្រហារទម្លាក់សម្តេច សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧0 ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ផ្ទៃក្នុងបែកបាក់គ្នា ហើយរំកិលខ្លួនចូលដល់គ្រោះថ្នាក់មួយកម្រិតទៀតនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម លុះដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ភាគីខ្មែរមួយក្រុមដែលមានការជួយជ្រោមជ្រែងពីវៀតណាម វាយផ្តួលរំលំរបបខ្មែរក្រហម។
ត្បិតតែខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ប៉ុន្តែកម្លាំងក្រុមខ្មែរក្រហមនៅតែតស៊ូនៅតាមបណ្តាខេត្តមួយចំនួន គឺខ្មែរច្បាំងជាមួយខ្មែរ ដោយមានការជួយជ្រោមជ្រែងពីបរទេស។
ក្នុងដំណាក់កាលចុងក្រោយ នៅពេលដែល«គណបក្សសង្គ្រោះជាតិ»មានអ្នកគាំទ្រជិតស្មើអ្នកគាំទ្រ«គណបក្សប្រជាជនកម្ពុជា» ហើយត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧មក ធ្វើឱ្យក្រុមទាំងពីរនៅតែប៉ះទង្គិចគ្នាខ្លាំង។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅតែរងការចាប់ខ្លួនជាបន្តបន្ទាប់ ហើយថ្នាក់ដឹកនាំបក្សទាំងពីរនៅតែបន្តវាយប្រហារគ្នា ដោយចោទគ្នាទៅវិញទៅមកថា ជាក្រុម«ក្បត់ជាតិ»។
លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថា ដឹកនាំធ្វើឱ្យប្រទេសស្ថិតនៅក្រោមចិននិង វៀតណាម ធ្វើឱ្យពលរដ្ឋរងទុក្ខវេទនា នឹងប្រឈមគ្រោះថ្នាក់ដល់ជាតិ។ លោក ហ៊ុន សែន ចោទលោក សម រង្ស៊ី ថា មានអាមេរិកនៅពីក្រោយ ហើយប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បង្កចលាចលក្នុងសង្គម។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសំដៅប្រាប់ទៅលោក សម រង្ស៊ី ថាបើដាក់គោលដៅរំលាយក្រុមគ្រួសារលោក គឺលោកតស៊ូរហូតរលាយផែនដី។
លោក ហ៊ុន សែន ថ្លែងថា៖ «បើដាក់គោលដៅបង្រួបបង្រួមខ្មែរ អូខេ! បើដាក់គោលដៅកម្ចាត់ត្រកូល ហ៊ុន សូមផ្តាំទៅ ទោះបីរលាយផែនដីក៏ ហ៊ុន សែន នៅតែតស៊ូ ផ្តាំឱ្យហើយ! ឥលូវ មិនមែនវ៉ៃ ហ៊ុន សែន ទេ! វ៉ៃត្រកូល ហ៊ុន ទាំងមូល។ អ៊ីចឹង តម្រូវឱ្យខ្ញុំមានរឿងអីដែលត្រូវគិត»។
សាស្ត្រាចារ្យផ្នែកនយោបាយនិងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណរ៉ា ថ្លែងថា បច្ចុប្បន្ន ទាំងអ្នកនយោបាយនិងទាំងប្រជាពលរដ្ឋធម្មតា គឺមិនទុកចិត្តគ្នាទេ ទើបនាំឱ្យពួកគេមិនជ្រើសរើសយកការចរចាគ្នាដោយសន្តិវិធីពេលមានបញ្ហា និងមិនសូវជួយគ្នា។
លោក ឯម សុវណ្ណរ៉ា៖ «សម្រាប់ពលរដ្ឋខ្មែរយើងឥលូវនេះ វាខុសពីអតីតកាល។ ពីអតីតកាលពលរដ្ឋយើងយកអាសាគ្នាណាស់ គឺពេលមានធុរៈអី ចេះជួយគ្នា ជួយជ្រោមជ្រែងគ្នាគ្រប់បញ្ហា តែបច្ចុប្បន្ន វប្បធម៌យកអាសាគ្នាបាត់បង់ ដោយសារអី? ដោយសារពលរដ្ឋបាត់ជំនឿទុកចិត្តគ្នា នៅពេលដែលជួយគេទៅ ភ័យបារម្ភរងគ្រោះដល់ខ្លួនឯង»។
លោក ឯម សុវណ្ណរ៉ា លើកឡើងថា បើអ្នកនយោបាយនៅតែបន្តពឹងបរទេសពេលមានបញ្ហានោះ ផលប្រយោជន៍ជាតិនិងពលរដ្ឋនៅតែបន្តខាតបង់ទៅបរទេស។
លោក ឯម សុវណ្ណរ៉ា៖ «កាលណាអ្នកនយោបាយនៅតែប្រឈមមានបញ្ហាមិនអាចដោះស្រាយ ក្នុងនាមជាពលរដ្ឋដែលមានឈាមជ័រជាខ្មែររួមគ្នាទេ នៅតែពឹងឬរត់ទៅរកបរទេសមកឱ្យជួយទេ បានអាចដោះស្រាយបាននោះ កម្ពុជាបាត់អត្ថប្រយោជន៍សម្រាប់ជាតិយើងទាំងមូល ពលរដ្ឋបាត់អត្ថប្រយោជន៍ជាតិហើយ អត្ថប្រយោជន៍ដែលបានគឺបរទេស»។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណរ៉ា មានប្រសាសន៍ថា តាំងពីសម័យបុរាណមក ខ្មែរមានទំនាក់ទំនងជាមួយបរទេសទាំងការទំនាក់ទំនងដើម្បីពង្រឹងស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិ និងការពឹងបរទេសដើម្បីយកឈ្នះគ្នា។ លោកបន្តថា តាំងពីក្រោយសម័យអង្គរមក ខ្មែរមានការពឹងបរទេសដើម្បីយកឈ្នះគ្នា ខ្មែរចុះខ្សោយជាបន្តបន្ទាប់។
លោក សំបូរ ម៉ាណ្ណរ៉ា អំពាវនាវឱ្យអ្នកនយោបាយសិក្សាពីប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យការពឹងឬទំនាក់ទំនងជាមួយបរទេស នាំធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ជាតិខ្មែរជាបន្តទៀត។
លោក សំបូរ ម៉ាណ្ណរ៉ា៖ «សូមពិចារណាពីប្រវត្តិសាស្ត្ររបស់ជាតិយើង ប្រទេសយើងនេះ គឺទទួលនូវផលវិបាកដែលកើតចេញពីការពឹងពាក់បរទេសច្រើនដងណាស់ ល្មមយើងច្រើនឆ្អែត ល្មមយើងដឹងហើយ។ អ៊ីចឹងនៅពេលដែលយើងពឹងបរទេស សូមកុំភ្លេចយកចិត្តទុកដាក់ឱ្យបានច្បាស់លាស់ ដើម្បីទទួលបានជំនួយណាដើម្បីយកមកអភិវឌ្ឍជាតិ ពង្រឹងស្ថិរភាពនយោបាយដើម្បីសន្តិភាព។ សូមកុំយកជំនួយណាដែលយកមកបំពាក់នូវមនោគមវិជ្ជា ចិត្តគំនិតប្រជាជាតិខ្មែរយើងឱ្យស្អប់[ឬ]ស្រឡាញ់»។
បើពិនិត្យលើការពឹងបរទេសនៅក្នុងដំណាក់កាលចុងក្រោយនេះ នៅក្នុងសង្គមខ្មែរនៅតែមានការជជែកគ្នា ដោយមានគំនិតខុសគ្នាចំពោះព្រឹត្តិការណ៍«៧មករា»។ ក្រុមទី១ យល់ថា វៀតណាមជាអ្នកមានគុណក្នុងការជួយជីវិតពលរដ្ឋខ្មែរពីការកាប់សម្លាប់ដោយរបបខ្មែរក្រហម ដោយអះអាងថា បើគ្មានវៀតណាមជួយទេ ពលរដ្ឋខ្មែរត្រូវស្លាប់ទាំងអស់ក្នុងសម័យខ្មែរក្រហម ហើយបើគ្មានវៀតណាមជួយទេ ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។
ប៉ុន្តែក្រុមមួយទៀតដែលមានទស្សនៈផ្ទុយ អះអាងថា វៀតណាមចូលវាយផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ គឺវៀតណាមមានបំណងវាយយកទឹកដីកម្ពុជា។ ក្រុមនេះអះអាងថា បើវៀតណាមពិតជាចង់ជួយកម្ពុជាដោយគ្រាន់តែបញ្ចប់របបខ្មែរក្រហមមែន ហេតុអ្វីក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលផ្តួលរំលំរបបខ្មែរក្រហមហើយ នៅតែរក្សាកងទ័ព ហើយរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅកម្ពុជា រហូតដល់ឆ្នាំ១៩៨៩ នៅពេលដែលមានសម្ពាធពីសហគមន៍អន្តរជាតិទើបដកកងទ័ពចេញ។
នៅប៉ុន្មានថ្ងៃមុនខួប៤២ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហម ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានផ្សព្វផ្សាយអត្ថបទលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីកិច្ចខិតខំរបស់កងទ័ពវៀតណាមក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបកាប់សម្លាប់ខ្មែរក្រហមដែលមានចិននៅពីក្រោយ។
នៅកម្ពុជាបច្ចុប្បន្ន ស្ទើរគ្រប់រាជធានីខេត្តបានសាងសង់ស្តូបរំឭកពីគុណបំណាច់របស់វៀតណាមដែលបានជួយដល់កម្ពុជាក្នុងការផ្តួលរំលំរបបខ្មែរក្រហម។
ដើម្បីចៀសវាងអ្នកនយោបាយខ្មែរបន្តជាន់ដានចាស់ពឹងបរទេសធ្វើឱ្យបាត់ប្រយោជន៍ជាតិបន្តទៀត លោក សំបូរ ម៉ាណ្ណរ៉ា រំឭកឱ្យអ្នកនយោបាយរៀនប្រវត្តិសាស្ត្រឱ្យបានច្បាស់លាស់ ដើម្បីដឹងពីកំហុសអតីតកាល។ ចំណែកលោក ឯម សុវណ្ណរ៉ា លើកឡើងថា ដើម្បីឱ្យខ្មែរជឿជាក់គ្នាឈប់ពឹងបរទេសដើម្បីយកឈ្នះគ្នាទៀត គឺត្រូវបង្កើតប្រព័ន្ធច្បាប់មួយឱ្យរឹងមាំឱ្យខ្មែរគ្រប់ភាគីជឿជាក់ និងប្រើច្បាប់នោះដោះស្រាយពេលមានបញ្ហា៕