វិភាគ៖​ មង្គល​ការ ​បុណ្យ​ទាន ​និង​ការ​ជួប​ជុំ​ត្រូវ​តែ​ផ្អាក​ ទើប​ការ​ទប់​ស្កាត់​កូវីដ-១៩​មាន​ប្រសិទ្ធ​ភាព

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គិតចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកទល់នឹងថ្ងៃទី១៥ ខែមីនានេះ គឺមានរយៈពេល២៤ថ្ងៃមកហើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា ព្រឹត្តិការណ៍សហគមន៍​លើកនេះនឹងត្រូវបិទបញ្ចប់នៅក្នុងរយៈពេល១ខែ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ១ខែជិតផុតទៅហើយ តែសញ្ញានៃការថមថយហាក់នៅឆ្ងាយនៅឡើយ ហើយវាកាន់តែរីកសាយភាយពីខេត្តមួយទៅខេត្តមួយផ្សេងទៀត។ អាពាហ៍ពិពាហ៍ ពិធីបុណ្យ និងការជួបជុំនៅតាមខេត្តខ្លះ នៅតែត្រូវបានប្រារព្ធដោយមានការអនុវត្តនូវវិធានការពារកូវីដ-១៩។

ពលរដ្ឋខ្លះថា ការមិនផ្អាកពិធីបុណ្យ និងជាពិសេសអាពាហ៍ពិពាហ៍ដោយសារតែបានអញ្ជើញភ្ញៀវ កក់រោង ម្ហូប ជាងថត និងភ្នួងរួចរាល់ហើយ ដូច្នេះមិនចង់ប្រាប់គេវិញ និងម្យ៉ាងពួកគេហាក់​យល់ថា ​ក្នុងតំបន់ដែល​ខ្លួនរស់នៅក៏មិនមានករណីវិជ្ជមានកូវីដ-១៩ដែរ។ ប៉ុន្តែអ្វីៗមិនដូចជា​ការគិតនោះទេ ពួកគេប្រហែលជាមើលរំលងហើយថា ភ្ញៀវដែលចូលរួម​ក្នុងកម្មវិធីរបស់ខ្លួន​មិនដឹងបានទៅទីណាខ្លះ ហើយជួបអ្នកណាខ្លះទេ។​ រឿងនេះបានកើតឡើងជាក់ស្តែងក្នុងពិធីមង្គលការនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពត ដែលមានអ្នកវិជ្ជមានកូវីដ-១៩ពីភ្នំពេញ បានទៅចូលរួម។

នៅពេលប្រកាសពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានចេញបទបញ្ជាឱ្យបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀតនោះទេ ដោយសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»។ បន្ថែមលើនេះ លោកបានធ្វើប្រតិភូកម្មអំណាចទៅដល់ថ្នាក់ខេត្តរបស់លោកជាអ្នកសម្រេចថា ត្រូវបិទឬ ត្រូវបើក​កន្លែងណាមួយនោះ។ ក៏ប៉ុន្តែវិធានការនេះហាក់មិនទទួលបានជោគជ័យនោះទេ។

ម៉្លោះហើយ នៅថ្ងៃទី១៥ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាជាថ្មីឱ្យអាជ្ញាធររាជធានី-ខេត្ត ពិចារណាបិទពិធីមង្គលការនិងពិធីជួបជុំទាំងអស់ ក្រោយពីមានករណីអ្នកវិជ្ជមានវីរុសកូរ៉ូណាពីរនាក់ចេញពីភ្នំពេញ ដោយម្នាក់បានទៅចូលរួមពិធីមង្គលការមិត្តភក្តិនៅស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀតទៅចូលរួមពិធីមង្គលការមិត្តភក្តិនៅឯស្រុកឈូកខេត្តកំពត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិឱ្យឯកឧត្តមលោកជំទាវរួចស្រេចទៅហើយ នៅឡើយតែឯកឧត្តមលោកជំទាវចេះប្រើប្រាស់សិទ្ធិដែលខ្ញុំបានផ្តល់នោះរបៀបណាតែប៉ុណ្ណោះ។ ការបើកអគារ ការបិទអគារ បិទតំបន់ខ្លះ ឬក៏បិទការជួបជុំនេះ ខ្ញុំបានផ្តល់ជូនហើយ អ៊ីចឹងឥលូវសូមពិនិត្យមើលកន្លែងណាដែលមិនទាន់មានវិធានការហ្មត់ចត់ សូមស្នើឱ្យយកចិត្តទុកដាក់ ព្រោះថា ឥលូវនេះ គឺដូចជាករណីអ្នកនៅភ្នំពេញទៅស៊ីការអ្នកនៅខេត្ត ហើយអ្នកនោះ ខ្លួនឯងផ្ទុះកើតវិជ្ជមានកូវីដ-១៩ គឺវាជារឿងមួយដែលផ្អើលសឹងតែកន្លះប្រទេស។ អ៊ីចឹងទេ អាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក ហើយបើសិនជាធ្វើក្នុងរង្វង់សែនព្រេន ជាបណ្តោះអាសន្នសិនក៏អាចធ្វើទៅរួចដែរ ព្រោះមានទម្លាប់បែបនេះ»

ទាក់ទងនឹងការរីករាលដាលនៃជំងឺ​កូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ អ្នកឃ្លាំមើលសង្គមសង្កេតឃើញថា ការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋគឺជារឿងមួយហើយ ក៏ប៉ុន្តែវិធានការការពាររបស់អាជ្ញាធរកម្ពុជាលើកនេះហាក់ដើរក្រោយសភាពការណ៍ទៅវិញ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន បានលើកឡើងថា អាជ្ញាធររដ្ឋាភិបាលកម្ពុជាលើកនេះ ហាក់ដើរមិនទាន់សភាពការណ៍នោះទេ។ វាផ្ទុយពីពាក្យស្លោកខ្មែរមួយឃ្លាដែលតែងតែលើកឡើងថា «ការពារប្រសើរជាងព្យាបាល»។ ជាក់ស្តែង នៅពេលដែលមានករណីផ្ទុះឡើងនៅកន្លែងណាមួយហើយ ទើបអាជ្ញាធរចុះទៅបិទឬហាមឃាត់តាមក្រោយ ដែលខុសពីករណីមុនៗ។

លោកបានមានប្រសាសន៍ដូច្នេះថា៖ «បាទ! សម្រាប់ខ្ញុំមើលឃើញថា ចំណាត់ការមុនៗគឺសមត្ថកិច្ចយើងដើរមួយជំហានមុន ការរីករាលដាលនៃជំងឺកូវីដហើយ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈនេះវិញ ខ្ញុំដូចមើលឃើញសមត្ថកិច្ចយើងហ្នឹងវាយតម្លៃស្ថានការណ៍ហ្នឹងមិនសូវត្រូវយ៉ាងម៉េចទេ ដោយកន្លងមកនេះ ខេត្តខ្លះហ្នឹងទាល់តែកូវីដហ្នឹងវាផ្ទុះ បានប្រកាសបិទកម្មវិធីជប់លៀង មង្គលការ ពិធីបុណ្យទាន សាលារៀនអីជាដើម»

គិតត្រឹមថ្ងៃទី១៥ ខែមីនានេះ មានខេត្តក្រុងមួយចំនួនប៉ុណ្ណោះដែលបានប្រកាសបិទឬចេញបម្រាមហាមឃាត់ការជួបជុំមនុស្សដែលមានលក្ខណៈប្រមូលផ្តុំច្រើន ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជួបជុំសាសនា ឬកម្មវិធីជប់លៀង ជាដើម។ ពោលគឺក្រោយពេលដែលជំងឺកូវីដ១៩ បានទៅដល់ខេត្តក្រុងរបស់ពួកគេរួចជាស្រេចទៅហើយនោះ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា ការធ្វើបែបនេះនឹងមិនទទួលជោគជ័យនោះទេ ផ្ទុយទៅវិញ វានឹងធ្វើឱ្យជំងឺកូវីដ-១៩ រីកសាយទៅកាន់ខេត្តក្រុងនានានៅទូទាំងប្រទេស។

លោកមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំគិតថា ការវាយតម្លៃក្រោយស្ថានការណ៍បែបនេះ វានឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរនិងធ្ងន់ធ្ងរទៅមិនខានទេ បាទ! ហើយមិនយូរមិនឆាប់ទេ ចំនួននៃការឆ្លងនិងការផ្ទុះហ្នឹង នឹងកើតគ្រប់២៥ខេត្តក្រុងមិនខានទេនៅស្រុកយើង»

ការកាត់បន្ថយការចល័តរបស់មនុស្ស គឺជារឿងចាំបាច់ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ពេលនេះ។ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋមិនមែនគួរតែឈប់ជួបជុំគ្នានោះទេ ត្រូវតែឈប់ជួបជុំគ្នាតែម្តង។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ មិនមែនគួរតែទេ ត្រូវតែ! ក្នុងកាលៈទេសៈនេះ ត្រូវគិតគូរពីអាយុជីវិតខ្លួនឯង ជីវិតគ្រួសារ និងសង្គមច្រើនជាងការសប្បាយ ការចូលរួមពិធីជាបុគ្គល ព្រោះស្ថានភាពនេះជាស្ថានភាពមិនល្អ ហើយវាបង្កនូវគ្រោះថ្នាក់ច្រើន។ មិនមែនគួរតែទេ គឺត្រូវតែបញ្ឈប់អាកម្មវិធីជួបជុំស៊ីផឹក ការប្រារព្ធពិធីធំៗទាំងអស់ ត្រូវតែឈប់បាទ»

គិតត្រឹមថ្ងៃទី១៥ ខែមីនានេះ កំណត់ត្រាជំងឺកូវីដ-១៩ នៅកម្ពុជាបានកើនលើសពី១ពាន់នាក់ និងមានអ្នកស្លាប់ម្នាក់ដែលខុសប្លែកពីព្រឹត្តិការណ៍មុនៗ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានព្រមានថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បំប្លែងថ្មីនេះបាននិងកំពុងតែចរាចរយ៉ាងសកម្មរួចទៅហើយនៅក្នុងស្រុកយើង។ នៅក្នុងកាលៈទេសៈនេះ លោកស្រីបានអំពាវនាវឱ្យអ្នកភ្នំពេញ សូមនៅភ្នំពេញសិន។ រីឯអ្នកខេត្ត ក៏សូមកុំទាន់ចូលមកភ្នំពេញអីដែរ។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយខ្សែចម្លងវីរុសកូវីដ-១៩ មិនឱ្យចល័តបានទៀត។

លោកស្រីមានប្រសាសន៍ដូច្នេះថា៖ «ការកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ គឺជាការចាំបាច់នៅក្នុងដំណាក់កាលនេះ! ធ្វើម៉េចទើបកាត់ផ្តាច់បាន? ទី១ នៅផ្ទះ បើមិនចាំបាច់ទេ បើមិនមានភារកិច្ចដែលត្រូវធ្វើទេ កុំចល័តអី។ កុំចល័ត! អ្នកភ្នំពេញ នៅភ្នំពេញសិនទៅ កុំធ្វើដំណើរចេញទៅខេត្ត ហើយអ្នកខេត្តក៏សូមមេត្តាកុំធ្វើដំណើរមករាជធានីភ្នំពេញ ពីព្រោះអី កាលណាយើងចល័ត មានន័យថា យើង Export ខ្លួនយើងនេះ មានន័យថា យើងដាក់ខ្លួនយើងនេះឱ្យចូលទៅក្នុងហានិភ័យខ្ពស់នៃការប៉ះពាល់នៃវីរុសកូវីដ-១៩ហើយ។ ដោយសារតែវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្ម។ ខ្ញុំសូមប្រើពាក្យឥលូវណា មិនមែនទើបមកលេងៗទេ ឥលូវនេះគឺសកម្មជាទីបំផុតអាវីរុសបំប្លែងថ្មីនេះ កំពុងចរាចរនៅក្នុងស្រុកយើងហើយ»។

ជារួមមក ការអំពាវនាវឱ្យបិទចរាចរណ៍មនុស្ស គឺជាវិធានការមួយហើយ ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូរ៉ូណាថ្មីនេះ ក៏ប៉ុន្តែការដាក់ចេញនូវវិធានការម៉ឺងម៉ាត់និងតឹងរ៉ឹង គួរត្រូវបានដាក់ចេញផងដែរដើម្បីកាត់បន្ថយហានិភ័យឱ្យនៅតិចបំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ