អាជ្ញាធរ​ជម្លៀស​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ពី​ពន្ធនា​គារ​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្ត​កំពត​ ក្រោយ​​ផ្ទុះ​កូវីដ-១៩

មណ្ឌលអប់រំកែប្រែទី២ អប់រំណែនាំ ដល់ជនជាប់ឃុំ អំពីអនាម័យ ដើម្បីបង្កាទប់ស្កាត់ និងការពារពីជំងឺកូវីដ១៩ (COVID-19) កាលថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។ (អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

អាជ្ញាធរខេត្តព្រះសីហនុ បានជម្លៀសអ្នកជាប់ឃុំ​ជាស្ត្រីចំនួន១៤៦​នាក់ចេញពីពន្ធនាគារខេត្តព្រះសីហនុ ទៅឃុំខ្លួននៅឯពន្ធនាគារខេត្តកំពតវិញ ខណៈអាជ្ញាធរ​​ពាក់ព័ន្ធក៏បានត្រៀមដោះ​លែងអ្នកទោស​ស្រាលៗប្រមាណ​៨០​នាក់ផងដែរ​ ​ក្រោយពី​ផ្ទុះជំងឺកូវីដ-១៩ នៅក្នុង​ពន្ធនាគារខេត្តព្រះសីហនុ។

អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា​ បានប្រាប់ វីអូឌី នៅរសៀលថ្ងៃអង្គារនេះថា ការជម្លៀសអ្នកជាប់ឃុំ​ជា​ស្ត្រីទាំង១៤៦នាក់នេះបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ហើយ​អ្នកជាប់ឃុំ​ចាស់ៗនិង​មានជំងឺត្រូវបានយកទៅកាន់អគាររបស់អ្នកជាប់ឃុំ​ជាស្ត្រីវិញ។ លោកបន្តថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែឧសភា ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ​។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ការជម្លៀសហ្នឹង ជនជាប់ឃុំដែលងាយរងគ្រោះ ដូចជាស្ត្រីហើយនិងមនុស្សចាស់ជរា យើងយកចាស់ៗពីអាគារដែលនៅជាមួយក្មេងៗពីមុន យកទៅដាក់នៅកន្លែងស្រីៗវិញ ព្រោះឥលូវហ្នឹងអត់មានស្រីៗទេនៅក្នុងពន្ធនាគារខេត្ត ព្រោះខ្លាចមានការអ្វីទៅ គាត់ក្លាយទៅជាជនងាយរងគ្រោះ»។

លោក​បន្ថែមថា តាមគម្រោងពន្ធនាគារខេត្ត ក៏នឹងដោះលែងអ្នកជាប់ឃុំដែលមានបទល្មើសស្រាលចំនួន៨០នាក់ផងដែរ ក្នុង​នោះ កាលពីថ្ងៃម្សិលមិញ ពន្ធនាគារ​បានសម្រេចដោះលែងអ្នកជាប់ឃុំបានចំនួន​៦៩នាក់ ហើយ​ថ្ងៃនេះនិងថ្ងៃស្អែក នឹង​បន្តដោះលែងថែមទៀតផ្អែកតាមសំណុំរឿង។

ពន្ធនាគារខេត្តព្រះសីហនុ គឺជាពន្ធនាគារទី១នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេរាយការណ៍ថា មានឆ្លងជំងឺកូវីដ-១៩ នៅក្នុងចំណោមអ្នកជាប់ឃុំ​។ តាមសេចក្តីរាយការណ៍កន្លងមក ឱ្យដឹងថា មានអ្នកជាប់ឃុំ​ចំនួន៣៤នាក់បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះក៏មានជនបរទេសផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក នុត សាវនា អំពាវនាវកុំឱ្យមានការព្រួយបារម្ភខ្លាំងពេក។

លោកបានគូសបញ្ជាក់ថា៖ «យើងបានណែនាំមន្រ្តីគោលដៅរបស់យើងច្បាស់លាស់ហើយ ថាត្រូវធ្វើអីៗ តែគ្រាន់ថា កុំឱ្យ​មានការព្រួយបារម្ភចំពោះបញ្ហានេះ ព្រោះនៅលើពិភពលោកវាកើតមានសឹងតែពេញពិភពលោកហើយជំងឺនេះ ដែលអាចឆ្លងចូលទៅក្នុងពន្ធនាគារ។ អ៊ីចឹងយើងទប់បានរហូតដល់ថ្ងៃនេះ ដែលជាបច្ច័យមួយបញ្ជាក់ថា អាជ្ញាធរពន្ធនាគារយើងខិតខំណាស់ ដែលលទ្ធផលទោះបីវាមិនទាន់បាន Perfect [ល្អឥតខ្ចោះ] ១០០%។ ប៉ុន្តែយើងបានលទ្ធផលល្អដែរ បើយើងប្រៀបទៅនឹងប្រទេសជិតខាងនិងប្រទេសជឿនលឿនដទៃទៀត ដោយយើងក៏បានកំពុងសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជាខាងតុលាការដែរ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះលែងជនជាប់ឃុំមួយចំនួនឱ្យ​គេចផុតទុក្ខហ្នឹង។ យើងព្រលែងគាត់ឱ្យផុតពីកន្លែងហ្នឹង ដែលយើងធ្វើប្រតិបត្តិការហ្នឹងបន្តជាហូរហែកន្លងមកដែរ»។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី បានស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរខេត្តព្រះសីហនុ។

អ្នកស្រី​ថា នេះគឺជាអ្វីដែលក្រុមគ្រួសាររបស់អ្នកជាប់ឃុំ​នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ​ចង់បាន ខណៈពួកគេបានបាត់ដំណឹងសូន្យឈឹង ដោយសារតែវិធានការរបស់ពន្ធនាគារហាមមិនឱ្យក្រុមគ្រួសារទៅសួរសុខទុក្ខកន្លងមក។

អ្នកស្រីមានប្រសាសន៍​ថា៖ «ហ្នឹងជាអ្វីដែលខ្ញុំចង់បានដែរ ខ្ញុំត្រេកអរនៅពេលដែលលោកបានគិតពិចារណាទៅលើរឿងហ្នឹង ប៉ុន្តែខ្ញុំក៏គ្រាន់តែចង់និយាយថា វាមិនដឹងថាយ៉ាងម៉េច​នៅឡើយទេ ព្រោះថាពួកគាត់ទាំងអស់ហ្នឹងអត់ទាន់បានដំណឹងទៅដល់ក្រុមគ្រួសារទេ»។​

បច្ចុប្បន្ននេះ ​កម្ពុជាមាន​​អ្នក​ជាប់​ឃុំ​សរុប​តាម​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេសប្រមាណ៤០ ០០០នាក់។ សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្លាប់លើកឡើងថា ចំនួន​​អ្នកជាប់ឃុំនេះធ្វើ​​ឱ្យ​ពន្ធនាគារនិង​​មណ្ឌល​អប់រំ​កែប្រែ​ទាំង​​អស់​​​ចង្អៀត​ណែន​ខ្លាំងនិង​លើសចំណុះ។ ចំណុចនេះហើយដែលធ្វើឱ្យសាច់ញាតិនិងក្រុមគ្រួសាររបស់អ្នកជាប់ឃុំភាគច្រើនព្រួយ​បារម្ភពីការឆ្លងជំងឺកូវីដ-១៩ លឿននៅក្នុងពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ