បុរស​២​នាក់​ស្លាប់​និង​៤​នាក់​​ទៀត​​រង​របួស​ដោយ​សារ​រន្ទះ​បាញ់​នៅ​ខេត្ត​ពោធិ៍សាត់​

មនុស្សពីរនាក់ដែលស្លាប់ដោយបាតុភូតរន្ទះបាញ់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

បុរស២នាក់បាន​ស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ និង​មនុស្ស​៤នាក់​ទៀតបានរងរបួស ដោយ​សារហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ នៅចំណុច​​ភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មេភូមិសានសរ លោក ចំ ឡត បានប្រាប់ វីអូឌី នៅថ្ងៃទី០៤ ខែមិថុនា ថា​ហេតុ​ការណ៍​រន្ទះ​បាញ់​​​នេះ​​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញ បណ្តាល​ឱ្យ​បុរស២នាក់ ឈ្មោះ ​ពេជ្រ ប៊ុនធឿន អាយុ៣២​ឆ្នាំ និង​​ឈ្មោះ ខ សាមឿន អាយុ៣៣ឆ្នាំ បានស្លាប់​ និង៤នាក់ផ្សេងទៀតបានរងរបួសនិង​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ​។

លោកបានបន្ថែមថា៖ «ឧបទ្ទវ​ហេតុនោះបានកើតឡើងនៅអំឡុងម៉ោងប្រហែលជាង៣រសៀលកាលពីម្សិលមិញ នៅពេលដែលមេឃមានភ្លៀងតិចៗ ហើយពួកគេកំពុងសង់រោងសម្រាប់ចាំស្រែ»។

ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០២០ បាតុភូតរន្ទះបាញ់បានសម្លាប់មនុស្សសរុប១ ១៩១នាក់។ ដោយឡែក គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២១នេះ គ្រោះរន្ទះបាញ់បាន​បណ្តាលឱ្យមនុស្ស២នាក់ស្លាប់នៅក្នុងខេត្តបាត់ដំបង និងងាប់គោក្របីអស់ចំនួន៦ក្បាល។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ