ពលរដ្ឋ​និង​អ្នក​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​២​ ​បារម្ភ​ពី​សុវត្ថិ​ភាព​​ធ្វើ​ដំណើរ​ ខណៈ​ការ​សាង​សង់​មាន​ភាព​យឺត​យ៉ាវ ​​

ពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមួយកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

ពលរដ្ឋនិងអ្នកធ្វើដំណើរមួយចំនួនឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ២​ ក្នុងភូមិសាស្ត្រពីខេត្តកណ្តាលទៅ​​ខេត្ត​តាកែវ សម្តែងការព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើ​ដំណើរ ត្បិត​ផ្លូវមាន​ការលំបាកនិង​ហុយ​ខ្លាំង ខណៈ​ពួកគាត់ថា ការ​សាងសង់ផ្លូវនេះ​ទំនងមិនស្របតាមស្តង់ដារ និងអាចអូសបន្លាយពេលយូរ​ផងដែរ។

​ប្រជាពលរដ្ឋរស់នៅជាប់ដងផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ លោក សំ ស៊ុន ​បានប្រាប់​ វីអូឌី ថាផ្លូវជាតិ​មួយនេះ ឃើញដំណើរការសាងសង់មានភាពយឺតយ៉ាវ ហើយចំណាយពេល​ប្រហែលជិត២ឆ្នាំមក​ហើយ។ លោក​បន្តថា ឯ​ការ​សាងសង់វិញ មើលទៅ​ទំនងជាមិនជាប់បានយូរអង្វែងទេ ដោយហេតុថា ការសាងសង់មិនបានកាយយកដីស្អុយចេញ និងមិនមានកម្មករច្រើនសម្រាប់​​សាង​សង់ ដែលធ្វើឱ្យ​​មានការអូសបន្លាយ​ពេលវេលា​កាន់តែយូរ។

ពលរដ្ឋដដែលនេះ ក៏បារម្ភពីគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើតឡើងលើអ្នកប្រើប្រាស់ផ្លូវជាតិលេខ២នេះ ត្បិតមានរថយន្តធំៗឆ្លងកាត់ច្រើន ខណៈស្ថានភាពផ្លូវមានការលំបាក។  

លោកបាននិយាយថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភ គឺខ្លាចតែមានគ្រោះថ្នាក់ ព្រោះថា ផ្លូវហ្នឹងគឺហុយងងឹត​មើលគ្នា​មិន​ចង់​ឃើញ។​​ មួយទៀត គឺឡានដឹកដី ដឹកក្រួសអីហ្នឹង បើពេលយប់វិញ បើអ្ន​កអត់ចាប់អារម្មណ៍ គឺអាចជិះប៉ះនឹងខ្សែដែលគេដាក់បង្ខាំងផ្លូវសម្រាប់ឈូសឆាយ»។

លោក ​សំ ស៊ុន បន្តថា ថ្នាក់ដឹកនាំគួរតែផ្តល់អ្នកបច្ចេកទេសទៅជួយត្រួតពិនិត្យក្នុងពេលសាងសង់ ដើម្បីធានាគុណភាព​តាមស្តង់ដារបច្ចេកទេសដែលអាចទទួលយកបាន និងស្នើឱ្យ​ពន្លឿនការងារសាងសង់ផ្លូវមួយនេះឱ្យបានឆាប់រហ័សផងដែរ។

ចំណែកឯអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ២នេះ លោក លន់ សេនី ក៏បានប្រាប់ វីអូឌី ​ថាលោកមានការព្រួយបារម្ភខ្លាំងទាក់ទងទៅនឹងផ្លូវជាតិមួយនេះ ដោយសារតែការ​សាងសង់មានភាពយឺតយ៉ាវ ហើយដីហុយខ្លាំង មិនអាចមើលគ្នាឃើញឡើយពេលមានរថយន្តធំៗឆ្លងកាត់ម្តងៗ។ លោកថា បញ្ហាដីហុយខ្លាំងនេះអាចបណ្ដាលឱ្យ​មានបញ្ហាសុខភាពដល់អ្នកដំណើរនិងពលរដ្ឋរស់នៅអមដងផ្លូវ ដូចជា ​ក្អក កណ្តាស់ ឬប៉ះពាល់ដល់​​សួត​ ជាដើម។ ​

លោកបន្តថា៖ «សម្រាប់ស្តង់ដារក្នុងការសាងសង់នៅមិនអាចទទួលយកបាននោះទេ ព្រោះបើនិយាយអំពីស្តង់ដារនៃគុណភាព និយាយទៅ ផ្លូវហ្នឹងប្រើរយៈពេលនៃការសាងសង់ដូចជាយូរណាស់ហើយ មានតែប៉ះពាល់ថែមដល់ប្រជាពលរដ្ឋ មិនមែនជាការអភិវឌ្ឍប្រកបដោយចីរភាព មានតែបំផ្លាញជាងការអភិវឌ្ឍ»។

ទាក់ទងក្តីបារម្ភនេះ អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង វុត្ថា មាន​ប្រសាសន៍​ថា ក្រុមការងារក្រសួង​​កំពុងដោះស្រាយករណីនេះ​។

ដោយឡែក អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា មានប្រសាសន៍​កាលពីថ្ងៃទី១០ ខែមិថុនា ថាលោកមិនបានដឹងលម្អិតពីបញ្ហានេះ​ទេ ដោយសារ​លោកពុំ​បាន​ស្ថិតនៅ​ក្នុង​ក្រុម​ការ​ងារ​នៃ​ការ​អនុ​​វត្ត​​គម្រោង​សាងស​ង់ផ្លូវមួយនេះ។ យ៉ាងណា​ លោក​យល់​ថា ភាពយឺតយ៉ាវនៃការសាងសង់ផ្លូវជាតិលេខ២ ​អាចបណ្តាលមកពីការផ្ទុះជំងឺ​កូវីដ-១៩ផងដែរ ព្រោះកម្មករខ្លះ​មានទីលំនៅក្នុងតំបន់ក្រហម។

ចំណែកបញ្ហាដីហុយខ្លាំងឬមានជង្ហុកខ្លះ​នោះ អ្នកនាំពាក្យរូបនេះថា វាជារឿងធម្មតាទេក្នុង​អំឡុង​ពេល​នៃ​ការ​​សាង​សង់ផ្លូវនោះ។

លោកបញ្ជាក់​ថា៖ «ជាទូទៅ កាលណាធ្វើផ្លូវ វាតែងតែមានហុយដី ជង្ហុក និងមានបញ្ហាបន្តិចបន្តួចជាធម្មតា។ ខាងក្រុមការងារលោកក៏មានផលលំបាកដែរ ទាំងអស់គ្នាតែងតែមានបញ្ហាផលលំបាកអ៊ីចឹងហើយ»។

ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជាប្រធានគ្រប់គ្រងប្រតិបត្តិគម្រោងនៃការស្ថាបនាផ្លូវជាតិលេខ២ លោក ឈឹម ផល្លា​​​​ បាន​ថ្លែងថា ការសាងសង់កំណាត់ផ្លូវជាតិលេខ២នេះ មានការលំបាកច្រើន ដោយសារ​តែផ្លូវនេះជាផ្លូវចាស់។

លោកបន្តថា៖ «បើសិនជាធ្វើផ្លូវថ្មីកាត់វាលស្រែ គ្មានចរាចរណ៍ គ្មានផ្ទះប្រជាពលរដ្ឋ អាហ្នឹងវាគ្មានបញ្ហាទេ។ ប៉ុន្តែខ្ញុំគិតថា ការខ្វះខាតចន្លោះប្រហោងលើការសាងសង់ដែលគាត់ធ្វើមិនទាន់ពេល នៅមុខផ្ទះប្រជាពលរដ្ឋ ការជីកដីហើយក្របានចាក់វិញ ព្រោះពេលខ្លះវាត្រូវការពេលនិងលក្ខណៈបច្ចេកទេស ហើយកន្លែងខ្លះក៏វាទទួលទឹកភ្លៀង ហើយគាត់ធ្វើមិនទាន់ គឺខ្ញុំទទួលស្គាល់កន្លែងហ្នឹង»។

លោក​បន្តថា គិតត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការសាងសង់កំណាត់ផ្លូវជាតិលេខ២នេះ បានប្រមាណជាង៣៧ភាគរយហើយ។

បើតាមលោក ឈឹម ផល្លា ​ផ្លូវជាតិលេខ២នេះ បាន​ចាប់ផ្ដើមស្ថាបនាតាំងពីខែកុម្ភៈ ឆ្នាំ២០២០​មកម្ល៉េះ រហូតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំ៤ខែហើយ។ លោកថា ​ផ្លូវជាតិលេខ២ និងកំណាត់ផ្លូវជាតិលេខ២២ ក្នុងគម្រោងតែមួយនោះ គឺមានប្រវែង៧២​គីឡូម៉ែត្រ ដោយគិតចាប់ពីរង្វង់មូលខេត្តកណ្តាលរហូតទៅដល់ខេត្តតាកែវ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា រដ្ឋាភិបាលគួរពិនិត្យមើលចំណុចខ្វះខាតរបស់ក្រុមហ៊ុនសាងសង់ ជាពិសេសរឿងដដែលនេះអា​ច​​បង្កការរំខានដល់ពលរដ្ឋ ដូចជាបញ្ហាដីហុយជាដើម។  ​

លោកបន្តថា៖ «ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវហ្នឹង តែងតែប្រឈមពីបញ្ហាសុខភាពក្នុងការសាងសង់របស់ក្រុមហ៊ុននានាដែលកំពុងកសាង។ ដូច្នេះ ខាងរដ្ឋាភិបាលត្រូវតែដោះស្រាយរឿងដដែលហ្នឹង កុំឱ្យ​​វាកើតឡើង ហើយ​គួរយកការបង្ការឬការទប់ស្កាត់ពីដីហុយនេះ ជាផ្នែកមួយនៃកិច្ចសន្យាក្នុងដំណើរការសាងសង់»

ក្នុងវេទិកាសំណេះសំណាល​ស្ដីពី​ចល័ត​ភាព​ក្នុង​ទីប្រជុំជន​ កាលពីថ្ងៃទី​៥ ខែធ្នូ​ ឆ្នាំ២០​១៩​ ​រដ្ឋ​មន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ​ឱ្យដឹង​ថា ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ​២២ នឹងត្រូវ​ពង្រីក​ឱ្យ​​ធំ​ជាង​មុននៅក្នុង​ឆ្នាំ២០២០។ ​ ​

លោកបន្ត​ថា ការកែលម្អឡើងវិញនូវ​ផ្លូវ​ជាតិទាំងពីរខ្សែនេះ ​គ្រោង​​​​ចំណាយ​​ថវិកាអស់​​ជាង​៥៦​​លាន​​ដុល្លារ​​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ និង​ថវិកា​​​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

តាម​គម្រោង ​ផ្លូវ​ទាំងពីរខ្សែនេះនឹង​ដំណើរការសាងសង់ឱ្យរួចរាល់ដោយប្រើរយៈពេល៣០ខែឬ២ឆ្នាំកន្លះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ