សង្គម​ស៊ីវិល​ស្នើ​រដ្ឋា​ភិបាល​ស្តារ​បរិយា​កាស​នយោ​បាយ​​ឡើង​​វិញ​មុន​​ការ​​បោះ​​ឆ្នោត​

សន្និសីទសារព័ត៌មានស្ដីអំពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរសាស្ត្រ នីតិកាលទី៦ នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

ក្រុមអង្គការសង្គមស៊ីវិលចំនួន៦៤ស្ថាប័នបានស្នើ​ឱ្យរដ្ឋាភិបាលកម្ពុជាស្តារបរិយាកាសនយោបាយឡើងវិញ នៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។

តាមរយៈសេចក្តីថ្លែងការណ៍រួម​នៅថ្ងៃទី១៤ ខែកក្កដានេះ ក្រុមអង្គការសង្គមស៊ីវិលទាំង៦៤ស្ថាប័នបានបង្កើតនូវអនុសាសន៍អំពីលក្ខខណ្ឌអប្បបរមាឬលក្ខខណ្ឌទាប​បំផុត សម្រាប់​ភាព​ស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាខាងមុខនេះ។

សេចក្តីថ្លែងការណ៍បន្តថា លក្ខខណ្ឌទាំង៦នោះ ​រួម​មាន ការបង្កើតបរិយាកាសនយោ​បាយ​សេរី​តាម​រយៈ​ការ​ស្តារ​ឡើងវិញ​នូវសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី សេរីភាពសមាគមនិងសារព័ត៌មាន និងសិទ្ធិនយោបាយចាប់ពីពេលនេះទៅ ការ​ផ្តល់សិទ្ធិធ្វើនយោបាយ​និងសិទ្ធិឈរឈ្មោះបោះឆ្នោតតាមរយៈការដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ក្រោមហេតុផលនយោបាយ និងផ្តល់សិទ្ធិឱ្យគ្រប់គណបក្សនយោបាយក្នុងការចូលរួមដោយសេរីក្នុងដំណើរការនយោបាយឡើងវិញ។

ក្រៅពីនោះ អង្គការទាំងនោះក៏បានជំរុញ​ឱ្យមានការគោរព​លក្ខខណ្ឌមួយចំនួនទៀត ដូចជា ការការពារឆន្ទៈរបស់អ្នកបោះឆ្នោតនិងសិទ្ធិរបស់អ្នកបោះឆ្នោត ការផ្តល់ការជឿជាក់​​លើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការពង្រឹងឯករាជ្យភាពនិងអព្យាក្រឹតភាពរបស់កងកម្លាំងប្រដាប់អាវុធនិងតុលាការ និងការផ្តល់សេរីភាពក្នុងការបំពេញតួនាទីរបស់ក្រុមអង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ ជាដើម។

លោក គល់ បញ្ញា ទីប្រឹក្សាគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល បានអំពាវនាវនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ឱ្យគ្រប់ភាគីទាំងអស់ចូលរួមគាំទ្រលក្ខខណ្ឌអប្បបរមាឬលក្ខ​ខណ្ឌ​ទាបបំផុតទាំង៦ចំណុចនេះ។

លោកអំពាវនាវយ៉ាងដូច្នេះថា៖ «មានតែប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនិងគណបក្សនយោបាយដែលលោកចូលរួមប្រកួតប្រជែងការបោះឆ្នោត ស្ថាប័នសារព័ត៌មាននានា ហើយនិងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រអ្វីជាសំណើរបស់យើងនេះបានច្រើនកុះករកាលណា យើងនឹងមានសង្ឃឹមអាចផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ ហើយអាចឈានទៅការបោះឆ្នោតខាងមុខៗទៀត នេះសំខាន់ណាស់»។

ចំណែកអ្នកស្រី ចាន់ រ៉ាមី នាយិកាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានលើកឡើងដែរថា ប្រសិនបើរដ្ឋាភិបាលមិនទទួលយកនូវអនុសាសន៍ទាំង៦ចំណុចនេះទេ នោះពិបាកក្នុងការធានាថា ការបោះឆ្នោតឃុំ-សង្កាត់និងការបោះឆ្នោតជាតិខាងមុខ​នេះប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ណាស់។

អ្នកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងក៏មានការបារម្ភដែរ ប្រសិនបើលក្ខខណ្ឌទាំងអស់ហ្នឹងឬមួយចំនួនមិនត្រូវបានកែប្រែ។ យើងពិបាកមែនទែនសម្រាប់កម្ពុជាយើង ក្នុងការធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំក្រោយហ្នឹង។ ប៉ុន្តែយើងក៏មិនអស់សង្ឃឹមដែរ គឺអង្គការសង្គមស៊ីវិល ទាំងគណបក្សនយោបាយ ហើយនិង​ប្រជាពលរដ្ឋហ្នឹង ត្រូវធ្វើការរួមគ្នាដើម្បីឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជាឡើងវិញ»។

ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ​ថ្លែងថា រដ្ឋាភិបាលមិនមានកាត​ព្វកិច្ច​ក្នុងការឆ្លើយតបនឹងអនុសាសន៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះទេ។ លោកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ទើបមានសិទ្ធិក្នុងការឆ្លើយតប។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខាងរដ្ឋាភិបាលយើងអត់មានកាតព្វកិច្ចក្នុងការឆ្លើយទេ! កាតព្វកិច្ចឆ្លើយហ្នឹងគឺ គ.ជ.ប ដែលជាអ្នករៀបចំការបោះឆ្នោត អាហ្នឹងទី១។ ហើយបញ្ហាទី២ ពីរឿងដោះលែងអ្នកទោសដែលយើងចាត់ទុកអ្នកទោសនយោបាយនោះ គឺឯកឧត្តម ជិន ម៉ាលីន លោកពន្យល់រួចស្រេចម្តងទៅហើយ។ ហើយកម្ពុជាហ្នឹងអត់មានអ្នកនយោបាយជាប់ទោសនោះ អត់មានទេ! មានតែអ្នកនយោបាយគាត់ប្រព្រឹត្តល្មើសនឹងច្បាប់ជាធរមាន»។

យ៉ាងណាក្តី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ការស្នើសុំរបស់អង្គការសង្គមស៊ីវិលទាំងនោះ​មិនមែនជា​លើកទី១ទេ ប៉ុន្តែគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត បានបំពេញការងារខ្លួនដោយផ្អែកទៅលើច្បាប់ និងសុទ្ធតែមានការផ្ទៀងផ្ទាត់ទៅលើច្បាប់។ ហេតុដូច្នេះ​ ប្រសិនបើខាងសង្គមស៊ីវិលចង់បានយ៉ាងណាទៀតនោះ គឺត្រូវទំនាក់ទំនងទៅខាងស្ថាប័នដែលជាអ្នក​រៀបចំ​ច្បាប់ជាមុន​​សិន ដើម្បី​ឱ្យ​ស្របទៅតាមបទ​ដ្ឋាន​ច្បាប់។

លោកថ្លែងថា៖ «ទី១ ការស្នើសុំហ្នឹងអត់ទាន់មានការបញ្ជូនអីមក​ដល់ គ.ជ.ប អីទេ! សម្រាប់​ខាង គ.ជ.ប នៅពេលដែលបានបញ្ជូនឬទទួលឯកសារជាលាយលក្ខណ៍អក្សរ យើង​នឹង​មានការឆ្លើយតប»។

រដ្ឋាភិបាល​កម្ពុជា​បានកំណត់​យក​ថ្ងៃទី​៥ ​ខែ​មិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ​ទី​៥ ខណៈ​ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣។

អង្គការសង្គមស៊ីវិលទាំង​៦៤ បានលើកឡើងថា អនុសាសន៍ឬលក្ខខណ្ឌទាប​បំផុតសម្រាប់​ការបោះឆ្នោតនៅពេលខាងមុខនេះ គឺផ្អែកលើរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ និងកតិកាស​ញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្អែកលើអនុសាសន៍ជាច្រើនទៀតដែលផ្តល់ដោយស្ថាប័នអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ