សកម្ម​ជន​បរិស្ថាន​ថា​ បទ​ល្មើស​ព្រៃ​ឈើ​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​​មិន​មាន​ការ​ថយ​ចុះ

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

សកម្មជនបរិស្ថាន អះអាងថា បទល្មើសព្រៃឈើក្នុងរយៈពេល៦​ខែដើមឆ្នាំ២០២១ នៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀត មិនមានការថយចុះឡើយ ខណៈក្រសួងបរិស្ថានអះអាងថា បទល្មើសព្រៃឈើកើតមានខ្លះមែន ប៉ុន្តែជាទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។  ​

ការអះអាងរបស់សកម្មជនបរិស្ថាន បានធ្វើឡើងបន្ទាប់ពីពួកគេបានរកឃើញ​បទ​ល្មើស​ព្រៃ​ឈើចំនួន​៣៦៦​​ករណី​ ស្ថិត​ក្នុងតំបន់​ព្រៃ​ឡង់​បន្ថែមទៀត ក្រោយពីប្រជា​សហគមន៍​ព្រៃឡង់នៅខេត្តព្រះវិហារ៩​នាក់​ចុះ​ល្បាត​ក្នុងតំបន់ព្រៃ​ឡង់ ស្ថិត​នៅ​ចំណុច​​បុស្ស​រាំង​ ជាប់​ក្បាល​ដំរី​ អូរ​អាចម៍​ដែក​ និង​ប្រាសាទ​គោល​ ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​ រយៈ​ពេល​៥​ថ្ងៃ​ ដោយ​ចាប់​ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៣​ ខែកក្កដា ​ឆ្នាំ២០២១។

ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹម​ហុង ប្រាប់ វីអូឌី នៅថ្ងៃនេះថា ដើម​ឈើ​ធំ​ៗដែលប្រជាសហគមន៍ប្រទះ​ឃើញ ដោយសារការអារ​រំលំ​នៅ​សល់​តែ​គល់​ និងសំណល់​ចម្រៀក​ឈើ​ ជាប់​នឹង​គល់​ឈើ​នោះ មានមុខ​កាត់​ចាប់​ពី​៤តឹក​ ដល់​១ម៉ែត្រ​២​តឹក​ និង​ប្រវែង​ចាប់​ពី​៤​ម៉ែត្រ​ ដល់​៦​ម៉ែត្រ​។  

លោកបន្តថា សកម្មភាព​កាប់និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់និងនៅខេត្តផ្សេងៗទៀត ​រយៈ​ពេល៦​ខែដើមឆ្នាំនេះ ​មិនថយចុះឡើយ ពោលគឺសកម្មភាពបទល្មើសនៅតែកើតមានឥតឈប់ឈរ។ 

លោកបង្ហាញ ក្ដីបារម្ភ​ចំពោះបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់និង​តំបន់ផ្សេងទៀត ដែលថា នឹងធ្វើឱ្យព្រៃឈើនៅក្នុងប្រទេសកម្ពុជាឈានទៅដល់ការវិនាស ខណៈសង្គមស៊ីវិលនិងសកម្ម​ជនបរិស្ថានត្រូវបានក្រសួងបរិស្ថាននិងអាជ្ញាធររារាំងមិនឱ្យចូលចុះល្បាតរយៈពេលជិត២ឆ្នាំមកហើយ។   

លោកថា៖ «ការរកឃើញបន្ថែមទៀតចំនួន៣៦៦ករណី​ ស្ដីពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ នៅភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាសញ្ញាដែលយើងកត់សម្គាល់ថា បទល្មើសព្រៃឈើនៅតែបន្តកើតមានឡើង មិនមានការថយចុះឡើយ។ ជាពិសេសថ្មីៗ ការកាប់បំផ្លាញព្រៃឈើមិនត្រឹមតែមានការផ្សព្វផ្សាយនៅតំបន់ព្រៃឡង់ទេ សូម្បីនៅតំបន់ឧទ្យានអង្គរ គិរីរម្យ ក៏មានការកាប់បំផ្លាញ ទន្ទ្រានយកដីគួរឱ្យកត់សម្គាល់»។ 

សកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា ការកាប់បំផ្លាញព្រៃនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះ មិនមានការថយចុះឡើយ ហើយកត្ដាដែលបទល្មើសមិនថមថយ ដោយសារ​អ្នកអនុវត្តច្បាប់អាចមានជាប់ពាក់ព័ន្ធនឹងបទល្មើស។ លោកបន្តថា ព្រៃឈើនៅតំបន់ព្រៃឡង់និងនៅកន្លែងផ្សេងទៀត នឹងវិនាសក្នុងពេលឆាប់ៗខាងមុខ ដោយសារវិធានការទប់ស្កាត់របស់រដ្ឋាភិបាលបច្ចុប្បន្នមិនមានប្រសិទ្ធភាព។ 

លោកថា៖ «យើងមើលឃើញថា អាជ្ញាធរឬសមត្ថកិច្ចមួយចំនួនធំគឺកំពុងនៅពីក្រោយ​បទល្មើស ស្ទើរតែ៧០​ភាគរយហើយដែលនៅពីក្រោយបទល្មើស។ អ៊ីចឹងការកាប់ ការដឹកឈើទៅបាន ដោយសារអាជ្ញាធរជួយមើលផ្លូវ និងជួយសម្រួលចរាចរណ៍ចេញហ្នឹងឯង»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ​លើកឡើងថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១​នេះ សមត្ថកិច្ចបង្ក្រាបឈើបានជាង៥ ០០០ម៉ែត្រគូប ហើយឈើដែលបង្ក្រាបបាននេះ លោកថា មិនមានការកើនឡើងឡើយ។ 

នៅពេលសួរថា តើឃាត់ខ្លួនមនុស្សបានប៉ុន្មាននាក់ដែរ លោកថា សមត្ថកិច្ចបានឃាត់ខ្លួនជនប្រព្រឹត្តល្មើសជាបន្តបន្ទាប់ ប៉ុន្តែលោកមិនចាំតួលេខនោះទេ ។

លោកថា៖ «តួលេខអត់នៅក្នុងដៃខ្ញុំទេ មានការឃាត់ខ្លួន មានទាំងឃាត់មធ្យោបាយ ហើយថ្មីៗហ្នឹង មានការឃាត់រថយន្ត២គ្រឿងដែលចូលទៅក្នុងព្រៃនៅជួរភ្នំក្រវាញហ្នឹង។ ហើយបើតាមបទបញ្ជាឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺឱ្យកម្ទេចចោល»។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ នេត្រ ភក្ត្រា​ ប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍​នេះថា រយៈពេល៦ខែដើមឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួនជាង៤ ០០០ករណី (៤ ២៣៨ករណី) ។ 

លោកបន្តថា ក្នុងចំណោមបទល្មើសជាង៤ ០០០ករណីនោះ មានបទល្មើសចំនួន៥១១ករណីត្រូវបាន​ពិន័យអន្តរការណ៍​ និងសំណុំរឿងចំនួន៥១៥ករណី ត្រូវបានបញ្ជូនទៅតុលាការ ដែលភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ ការបរបាញ់សត្វ ជាដើម។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា ចំនួនតួលេខបទល្មើសដែលមន្ត្រីឧទ្យានុរក្សបង្រ្កាបបានក្នុងរយៈពេល៦ខែនេះ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២០ គឺមានចំនួនប្រហាក់ប្រហែលគ្នា។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិ លែង​មានទៀតហើយ! តែនៅមានបទល្មើសទ្រង់​ទ្រាយ​តូចៗ​កើតឡើង ដែលសមត្ថកិច្ចក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាន នឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។

លោក នេត្រ ភក្ត្រា អះអាងថា បច្ចុប្បន្ន មានមន្ត្រីឧទ្យានុរក្សចំនួន១ ២៦០​នាក់របស់ខ្លួន ក្រសួង​​បានសហការជាមួយកម្លាំងមានសមត្ថកិច្ច​ពាក់ព័ន្ធ ចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវចម្រុះទាំង៧៥កន្លែង ដែលមានផ្ទៃដីសរុបជាង៧​លានហិកតា។

កាលពី​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានប្រកាសផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា​លើគម្រោង «ព្រៃឡង់បៃតង» ​ជាការឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្មភាព​សកម្មជនការពារព្រៃឈើ មិនឱ្យចូលល្បាត​​នៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ។

អង្គការ​ជាតិនិង​អន្តរជាតិបាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល២០ឆ្នាំ​ចុង​ក្រោយ​នេះ ទំហំ​ព្រៃ​ឡង់​ជាង១សែន (១០២ ៤៣៦) ហិកតា​ ឬ​ស្មើ​នឹង ២៤% ត្រូវ​បាន​បាត់​បង់ ក្លាយ​ជា​វាល​រហោឋាន។ ដោយឡែក នៅទូទាំងប្រទេសកម្ពុជា ​បានបាត់បង់​គម្របព្រៃឈើ​សរុបរហូតដល់ទៅ២លាន៣សែនហិកតា ​​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេសទាំង​១០ក្នុងពិភពលោក​​ដែលរង​ការបាត់បង់​ព្រៃឈើ​ខ្លាំងជាងគេបំផុត៕ 


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ