ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​ចូលរួម​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​​តំបន់​ការពារ​ទេសភាព​ព្រែកល្ពៅ

សត្វស្លាបព្រៃរាប់ម៉ឺនក្បាលកំពុងហោះហើររកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។ (ហ្វេសប៊ុក៖ Ministry of Environment)

មន្រ្តីក្រសួងប​រិស្ថាន អំពាវនាវឱ្យ​​ពលរដ្ឋទាំងនៅក្នុងតំបន់ការពារធម្មជាតិនិងទូទាំងប្រទេសចូលរួមថែរក្សាធន​ធនធម្មជាតិនិងសត្វទាំងឡាយដែលមាននៅក្នុងតំបន់ការពារទេសភាពព្រែកល្ពៅ ខណៈ​តំបន់មួយនេះគ្រោងដាក់ចូលជា«តំបន់រ៉ាមសារ»​ក្នុងពេលខាងមុខ។

រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា ប្រាប់ វីអូឌី ថាតំបន់ការពារទេសភាពព្រែកល្ពៅ ជាតំបន់ការពារធម្មជាតិមួយ ស្ថិតនៅក្នុងស្រុកចំនួនពីរក្នុងខេត្តតាកែវ រួមមាន ស្រុកកោះអណ្តែត និងស្រុកបូរីជល់សារ ដែលមានផ្ទៃដីប្រមាណជាង៨ ០០០​ហិកតា។

លោកថា មូលហេតុ​ដែលក្រសួងគ្រោងដាក់តំបន់ទេសភាពព្រែកល្ពៅ ជាតំបន់រ៉ាមសារ​ ដោយសារ​តំបន់ការ​ពារ​មួយ​​នេះ បានផ្តល់ធនធានធម្មជាតិ​សម្រាប់ជីវភាពរស់នៅ​របស់ប្រជាសហគមន៍ជាច្រើន។ មិនតែប៉ុណ្ណោះ លោកថា តំបន់នេះបានផ្តល់ជាទីជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទ ជាពិសេស​សត្វក្រៀល ដែលងាយទទួលរងការគំរាមកំហែងជាងគេនៅប្រទេសកម្ពុជា​។

បន្ថែមពីនេះ លោកថា ​តំបន់ការពារព្រែកល្ពៅនេះ​ក៏ជាតំបន់ដីសើមងាយស្រួលសម្រាប់សត្វរស់នៅ ដូចជា ពពួក​សត្វចាបព្រៃវែង រនាលវ័រ និង​ទុងប្រផេះ ជាដើម។

លោក នេត្រ ភក្រ្តា បន្តថា៖ «ការដាក់តំបន់នេះជាតំបន់រ៉ាមសារ គឺដើម្បីធ្វើការពារឱ្យ​​បានមោះមុត ហើយការដាក់តំបន់ទេសភាពព្រែកល្ពៅ ជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ទី១ មិនត្រឹមតែបង្ហាញថាតំបន់ដីសើមនេះ​មានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសារ ដែលជាកិច្ចការពារមួយ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបន្តទៀតថា ការដាក់តំបន់នេះជាតំបន់រ៉ាមសារ នឹងផ្តល់ផលប្រយោជន៍មួយចំនួនទៀត ដូចជា​ អាចបង្កើនការយល់ដឹងជាសាធារណៈឱ្យ​ស្គាល់ពីសារៈសំខាន់នៃតំបន់ដីសើម បង្កើនការ​ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់​ក្នុងការគ្រប់គ្រងតំបន់ដីសើម ហើយនឹងអាចមានការគាំទ្រកាន់តែច្រើនជាងមុន​ក្នុងការការពារតំបន់នេះ ក៏ដូចជាតំបន់នៅជុំវិញ និង​បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុង​និងក្រៅប្រទេស ព្រមទាំងអាចបង្កើតឱកាសក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងអេកូទេសចរណ៍នៅក្នុងតំបន់នោះទៀតផង។

ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ លោក ឆយ ម៉ុនលី មានប្រសាសន៍ថា មន្ត្រីជំនាញនិងអាជ្ញាធរ​មូល​ដ្ឋាន​បាន​រៀបចំដាក់តំបន់ការពារទេសភាពព្រែកល្ពៅ ​ទៅជា«តំបន់រ៉ាមសារ» រួចរាល់ហើយ ដោយ​នៅរង់ចាំការ​សម្រេច​ពីប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ។ ​

ស្របពេលគ្នានេះ​ដែរ ប្រធានមន្ទីរ​​បរិស្ថា​ន​រូបនេះក៏​ចង់ឃើញ​តំបន់នេះនៅតែអាចរក្សាបានគង់វង្សនិងរីកចម្រើនសម្រាប់ក្មេងជំនាន់ក្រោយ​។

លោកបានបន្តថា​៖ «ខ្ញុំអំពាវនាវដល់ប្រជាសហគមន៍ដែលរស់នៅជុំវិញតំបន់ហ្នឹង ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ សូមឱ្យ​ទៅទស្សនាហើយ ថែរក្សាជីវចម្រុះ​នៅក្នុងតំបន់ហ្នឹង ហើយក៏សូមឱ្យ​​មាន​ការគាំទ្រពីថ្នាក់ជាតិ ក៏ដូចជាសាធារណជនទាំងអស់ ទាំងអង្គការជាតិនិងអង្គការអន្តរជាតិហ្នឹង​ ឱ្យ​​គាត់ជួយគាំទ្រ ដើម្បីការពារតំបន់ការពារទេសភាពព្រែកល្ពៅ ក្រោយពេលដែលយើងក្លាយជាតំបន់រ៉ាមសារ»។

នៅក្នុងប្រទេសកម្ពុជា មានតំបន់រ៉ាមសារចំនួន៥ ដែលតំបន់ទាំងនោះមានដូចជា តំបន់រ៉ាមសារស្ទឹងត្រែង តំបន់រ៉ាមសារកោះកាពិ តំបន់ព្រែកទាល់ខេត្តបាត់ដំបង បឹងទន្លេឆ្មា​ និងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ ដែលមានផ្ទៃដីសរុបចំនួន៤២ ២៥៧ហិកតា។

អនុសញ្ញារ៉ាមសារ ធ្វើឡើងក្នុងគោលបំណងសំខាន់៣ គឺ​ការប្រើប្រាស់​តំបន់ដីសើម​ប្រកបដោយភាពឆ្លាតវៃ កំណត់និងបង្កើតដីសើមជាលក្ខណៈអន្តរជាតិ និងកិច្ចសហការ​អន្តរជាតិ។ បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូលជាតំបន់រ៉ាមសារមានចំនួន២ ៤២៤​កន្លែងនៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីប្រមាណ២៥លានហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ