អាជ្ញាធរ​ខណ្ឌឫស្សី​កែវ បន្ត​ចុះ​រុះ​រើ​លំនៅ​ដ្ឋាន​​ពលរដ្ឋ​នៅ​តំបន់​បឹង​ឈូក​អេ​ដោយ​គ្មាន​សំណង​

កុមារីពីរនាក់ឈរនៅទីតាំងផ្ទះរបស់ពួកគេ ស្ថិតនៅសហគមន៍បឹងឈូកអេ សង្កាត់គីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ ដែលពលរដ្ឋនៅទីនោះអះអាងថា រដ្ឋឈូសឆាយនិងរុះរើផ្ទះពួកគេដោយមិនទាន់មានសំណង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អាជ្ញាធរខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបន្តចុះរុះរើលំនៅដ្ឋាន​របស់ប្រជាពលរដ្ឋចំនួន២០គ្រួសារ ស្ថិតនៅក្នុងសហគមន៍បឹងឈូកអេ សង្កាត់គីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ ដោយគ្មានសំណង។

ប្រជាពលរដ្ឋរងគ្រោះម្នាក់ដែលមានលំនៅក្នុងសហគមន៍បឹងឈូកអេ អ្នកស្រី តូច  ឡៃអៀង បានប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា នៅព្រឹកនេះ មានកងកម្លាំងប្រជាការពារចុះទៅ​រុះរើផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់​អស់ប្រមាណជា១០ខ្នងហើយ គិតចាប់តាំងពីថ្ងៃចន្ទមក។ ជនរងគ្រោះដដែលក៏បានបញ្ជាក់ផងដែរថា ​អាជ្ញាធរទុកដីឱ្យជនរងគ្រោះទាំងនោះ​តែបន្តិចបន្តួចប៉ុណ្ណោះ​សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន។

កាលពីថ្ងៃចន្ទ អាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារនៅសហគមន៍បឹងឈូកអេ [A] រាជធានីភ្នំពេញ ដើម្បីពង្រីកផ្លូវ ប៉ុន្តែពលរដ្ឋអះអាងថា ការរុះរើនេះធ្វើឡើងដោយមិនបានផ្ដល់សំណងណាមួយដល់ពួកគាត់ឡើយ។

ពលរដ្ឋម្នាក់ក្នុងចំណោម១០គ្រួសារដែលត្រូវអាជ្ញាធរខណ្ឌរុះរើផ្ទះ អ្នកស្រី ចែម ចន្នី បានលើកឡើងនៅថ្ងៃទី០២ ខែសីហា ថាខាងអាជ្ញាធរបានសន្យាថានឹងផ្ដល់ជាសំណងជូនពួកគាត់ តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប៉ុន្តែថ្មីៗនេះ ស្រាប់តែអាជ្ញាធរជូនដំណឹងជាថ្មីឱ្យពលរដ្ឋរុះរើផ្ទះក្នុងរយៈពេលមួយសប្តាហ៍ ដោយមិនមានសំណងទៅវិញ។

អ្នកស្រីបន្តថា គ្រួសាររបស់គាត់បានរស់នៅលើដីនោះតាំងពីឆ្នាំ១៩៩៥ ហើយនៅពេលអាជ្ញាធរចុះរុះរើផ្ទះរបស់ពួកគាត់ ដោយគ្មានសំណងបែបនេះ ធ្វើឱ្យពួកគាត់មិនមានទីជម្រកសម្រាប់រស់នៅឡើយ។ ករណីនេះ អ្នកស្រីនៅតែស្នើយ៉ាងទទូចឱ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ ដើម្បីឱ្យពួកគាត់អាចរកលំនៅថ្មីសម្រាប់រស់នៅបាន។

អ្នកស្រី ចែម ចន្នី និយាយថា៖ «មិនដឹងថាទៅរស់នៅណាទេ ព្រោះរុះហើយមិនដឹងទៅនៅណានៅណី! មិនមែនរុះរើធម្មតាទេ វាយខ្ទេចវាយខ្ទី [វាយផ្ទះរបស់អ្នកស្រី] អស់ហ្មង […] ខ្ញុំសូមឱ្យខាងអាជ្ញាធរជួយអន្តរាគមន៍ផង ជួយដោះស្រាយឱ្យសមរម្យសិនមក ព្រោះពួកខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍទេ តែសូមដោះស្រាយឱ្យពួកខ្ញុំបាននៅសមរម្យសិនមក ព្រោះអីពួកខ្ញុំដឹងតែរុះ [រើផ្ទះ] ហើយ មិនប្រឆាំងទេ! ដោះស្រាយសិនទៅ ចាំពួកខ្ញុំរុះតាមក្រោយ មិនចាំបាច់ពួកគាត់មករកក៏បាន ខ្ញុំរុះខ្លួនឯងក៏បានដែរ សំខាន់មានដំណោះស្រាយជូនពួកខ្ញុំសិនមក»

លោក កែវ តុង ពលរដ្ឋម្នាក់ទៀតនៅសហគមន៍​បឹងឈូកអេ បានលើកឡើងថា គ្រួសារ​របស់​លោក​មិនដឹងជាត្រូវទៅរស់​នៅ​ទីណាទៀតទេ ពេលគេរុះរើ​ផ្ទះអស់បែបនេះ។

លោក​បន្តថា៖ ​«ខ្ញុំអត់ទៅណាទេបង គេរុះរើអស់ហើយ ឥលូវនៅតែខ្នង ឆ្អឹងផ្ទះ។ ខ្ញុំអត់ទៅណាទេ ខ្ញុំមានតែបោះតង់ដេកទីនេះដដែល ព្រោះយើងទៅណាអត់កើត»

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានទេ ខណៈ​អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា បដិសេធអត្ថាធិប្បាយដោយប្រាប់ថាកំពុងជាប់ប្រជុំ។

មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បានលើកឡើងថា ការបណ្តេញ​ចេញឬការ​បំផ្លិចបំផ្លាញផ្ទះពលរដ្ឋ​ទាំងបង្ខំ បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ និងធ្វើឱ្យ​មានការិះគន់ទាក់ទងការរំលោភបំពានលើផ្នែកសិទ្ធិមនុស្ស។

លោកបញ្ជាក់ថា៖ «អាជ្ញាធរគួរផ្តល់ព័ត៌មានរយៈពេលមួយ​សមរម្យនិងការស្វែងរកដំណោះស្រាយណាមួយដែលអាច​យល់ស្របគ្នាបាន ដោយមិនមានចម្រូងចម្រាសអំពើហិង្សាណាកើតឡើង»

លោកបន្ថែមថា៖ «ការអភិវឌ្ឍ ធ្វើផ្លូធ្វើអ្វីក៏ដោយ មិនថាសម័យណាទេ ទោះបីជាសម័យកូវីដក៏ដោយ ករណីណាក៏ដោយ ក៏ត្រូវមានការដោះស្រាយដ៏សមរម្យមួយក្នុងភាពជាមនុស្ស និងដំណោះស្រាយទទួលយកបាន។ ហើយក្នុងសម័យកូវីដទៀត បើមិនមានដំណោះស្រាយ វាអាចបះពាល់ច្រើនដល់ប្រជាពលរដ្ឋ មិនដឹងរស់នៅទីណា ដូច្នេះគាត់ចេះតែប្រមូលផ្តុំរស់នៅ ឬការរស់នៅមិនសមរម្យ វាជាហានិភ័យខ្ពស់សម្រាប់ពួកគាត់ក្នុងការឆ្លងជំងឺ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ