ពលរដ្ឋ​នៅ​សង្កាត់​បាក់ខែង​ ទាមទារ​​ឱ្យ​អាជ្ញាធរ​​ប​ក​ស្រាយ​ពី​​មូលហេតុ​នៃ​ការ​ចាក់​ដី​លុប​ព្រែក

ទីតាំងដែលរងការចាក់ដីលុប ស្ថិតនៅតាមបណ្ដោយព្រែកជីក ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

ប្រជាពលរដ្ឋជាង១០គ្រួសារ រស់នៅ​សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទាម​ទារ​ឱ្យ​អាជ្ញាធរ​បក​ស្រាយពី​មូលហេតុ​នៃកា​រ​ចាក់​ដី​ចូល​ទៅ​ក្នុង​ព្រែក​ ត្រង់​ចំណុច​ស្ពាន​លេខ​៧ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦។

ពលរដ្ឋម្នាក់ដែលមានទីលំនៅតាមបណ្ដោយព្រែកជីក នៅក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង លោក​ ពូក​ ចាន់តារា បានលើកឡើងថា កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ពួកគាត់បាន​ឃើញ​រថយន្តជាច្រើនគ្រឿង បានឈូសឆាយ និង​​ចាក់​​ដី​និង​ខ្សាច់​ចូល​ទៅក្នុង​ព្រែក​ជីក ត្រង់​ចំណុច​ស្ពាន​ទី៧ ក្នុងនោះក៏មានកម្លាំងការពារសណ្តាប់​ខណ្ឌ​ជ្រោយ​ចង្វារចុះ​ទៅជាមួយផងដែរ។

លោកបន្តថា ពេលបានឃើញបែបនេះ ពលរដ្ឋបាននាំគ្នា​សួរនាំទៅអាជ្ញាធរខណ្ឌពីមូលហេតុ​នៃការ​ចាក់ដីលុបព្រែកនេះ ប៉ុន្តែពួកគេបានបដិសេធឆ្លើយតប និងបានតម្រូវឱ្យសួរទៅខាង​​សាលាខណ្ឌ ហើយពួកគាត់ក៏បានដាក់បណ្តឹងទៅសាលាខណ្ឌ ប៉ុន្តែមកដល់ពេលនេះ នៅ​ពុំទាន់ទទួលបានចម្លើយនៅឡើយ។

លោក​ថា​៖ «គាត់អត់​បានផ្ដល់ដំណឹងមកដល់ប្រជាជនយើងទេ អ៊ីចឹ​ង​ការ​អភិវឌ្ឍអីទាំងអស់ហ្នឹង យើង​ទទួលស្គាល់ យើងក៏ចូលរួមជាមួយការអភិវឌ្ឍទាំងអស់ហ្នឹងដែរ ទោះជារដ្ឋក៏ដោយ! ប៉ុន្ត​យើងជាអ្នកអាស្រ័យផលនៅទីនេះ ហើយយ៉ាងណា ​ទោះរដ្ឋ​ធ្វើយ៉ាងម៉េច ​ក៏គួរផ្ដល់ដំណឹងដល់​ប្រជាជន​មូលដ្ឋានដែរ មិនអ៊ីចឹង? តែនេះវាអត់មាន [ដឹងដំណឹង] អី​ទាំងអស់​សម្រាប់​ប្រជាជន»។

លោក​ ពូក​ ចាន់តារា ក៏បាន​អំពាវនាវ​ឱ្យអាជ្ញាធរមូលដ្ឋានគិតគូរពីផលប៉ះពាល់នៃការចាក់ដីចូលព្រែកនេះ ព្រោះថា ដីនៅទីនោះជាទំនាបដែល​អាចនឹងមានការលិចលង់ផ្ទះពលរដ្ឋ​នៅពេល​មានភ្លៀង​ធ្លាក់​ខ្លាំង។

ប្រជាពលរដ្ឋមួយរូបទៀតដែលមានលំនៅដ្ឋានតាមបណ្ដោយព្រែកជីកនោះ ​លោក អ៊ុំ​ តុលា​ បានលើកឡើងថា​ ប្រជាពលរដ្ឋ​​​មិនរារាំង​ការអភិវឌ្ឍណាមួយ​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែសុំឱ្យ​មាន​ការ​បង្ហាញ​ពី​គម្រោង​នៃការលុបព្រែកនេះឱ្យ​ពួកគាត់បានដឹង ដើម្បីឱ្យពលរដ្ឋអស់ចម្ងល់ និងបញ្ឈប់ការភ័យខ្លាចថា​ក្រែងគម្រោងនេះប៉ះពាល់ដល់ដីរបស់ពួកគាត់។  

លោកបន្តថា៖ ​«ប្រសិនបើគម្រោងរបស់សាលាក្រុង ប្រជាពលរដ្ឋពិភាក្សារួមមតិគ្នាស្នើសុំឱ្យ​​បង្ហាញ​ពី​គម្រោង​របស់​សាលា​ក្រុង​មក។ ជា​ធម្មតា សាលាក្រុងរាជធានីភ្នំពេញ គឺ​គាត់​មិនដែល​ធ្វើអីកំបាំង​មុខ​ទេ គឺ​គាត់​ធ្វើមក​ គឺបង្ហាញប្លង់​ណែនាំពន្យល់ ឬក៏បោះត្រាមកថា គម្រោងអភិវឌ្ឍរបស់​សាលាក្រុង ធ្វើអីមួយហើយគឺច្បាស់លាស់ណាស់»។

ក្រុមប្រជាពលរដ្ឋឱ្យដឹងបន្ថែមថា បើតាមពាក្យចចាមអារ៉ាម ពួកគាត់ឮ​ថា ការ​ចាក់ដីលុប​ព្រែក​​នេះអាចត្រូវគេយកទៅ​សាងសង់ជា​មន្ទីរពេទ្យឬ​សាលាឃុំ ខណៈពាក្យ​ចចាមអារ៉ាម​ខ្លះទៀត​ គេ​យកដី​កន្លែងនោះ​​កសាងជាបុរីនិងផ្ទះល្វែង ដើម្បីធ្វើជាសំណងទៅកាន់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានប៉ះពាល់ផ្លូវល្បឿនលឿននៅតំបន់ព្រែកតារដ្ឋ។ ក្រុម​ពលរដ្ឋ​បន្ត​ថា ​ដោយសារតែមានពាក្យ​ចចាមអារ៉ាមបែបនេះ ទើបពួកគាត់ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋានបញ្ជាក់​ឱ្យ​បាន​ច្បាស់​ពីមូល​ហេតុ​នៃការចាក់ដីលុប​ព្រែក​នេះ។ ​

ទាក់ទងទៅនឹងបញ្ហានេះ ចៅសង្កាត់បាក់ខែង លោក គង់ ប៊ុនលី ប្រាប់ វីអូឌី នៅថ្ងៃ​ទី​០២ ខែសីហា​នេះ​ថា នៅថ្ងៃអង្គារនេះ រដ្ឋបាល​ខណ្ឌនឹងមានការអញ្ជើញ​ពលរ​ដ្ឋដែលមានទីលំនៅនៅតំបន់នោះ មកពន្យល់​​ពី​ផែនការ​ដែល​ខាង​រដ្ឋបាលរាជធានីភ្នំពេញ​គ្រោងនឹងធ្វើបន្ទាប់ពីការចាក់ដីនេះ។

ប៉ុន្តែ​​ចៅសង្កាត់រូបនេះបង្ហើបឱ្យដឹងថា តាមការប្រជុំនៅរដ្ឋបាលរាជធានីភ្នំពេញនាពេល​កន្លង​មក ​ព្រែក​ដែលកំពុងមានការចាក់ដីលុបនេះ គឺសម្រាប់កសាង​មណ្ឌលសុខភាពបម្រើដល់សង្កាត់ចំនួន៣ ដែលមានដូចជា សង្កាត់ព្រែកលាភ សង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍ​ន៍ និង​​សន្តិភាព លោក ​យង់​ គិមអេង លើកឡើងថា ក្នុងករណីលុបបឹង​ឬព្រែកនីមួយៗ អាជ្ញាធរគួរសិក្សាវាយ​តម្លៃពីផលប៉ះពាល់នៃការលុបនោះ​ឱ្យ​​បានច្បាស់លាស់ជាមុនសិន ចៀសវាងបង្កការលំបាកដល់ការរស់នៅរបស់ប្រជា​ពលរដ្ឋ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ម្តងៗដែលអាចបង្កជាជំនន់ទឹកភ្លៀង។

លោកបន្តថា៖ «ឧទាហរណ៍ថា ព្រែកហ្នឹងវាគ្មានទំនាក់ទំនងអីនៅក្នុងការរំដោះទឹក នៅក្នុងការស្តុបទឹក នៅក្នុងការជួយបង្ហូរទឹកទេ អាហ្នឹងគឺយើងអាចកែច្នៃវាបាន ដើម្បីយកវាទៅធ្វើស្អីផ្សេង ដូចជា ការលុបចាក់ធ្វើអគារ តែបើវានៅមានសារៈសំខាន់នៅក្នុងការនាំទឹកភ្លៀង ជួយរំដោះការជន់លិចនៅក្នុងភូមិ នៅក្នុងសហគមន៍របស់ប្រជាពលរដ្ឋ បានន័យថា វានៅតែមានផល​ប្រយោជន៍​ចំពោះសាធារណៈ គឺត្រូវរក្សាទុក មិនអាចទៅលុបទៅអីអ៊ីចឹងទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ