អ្នក​គាំ​ទ្រ​រិះគន់​ថា​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​គួរ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ការ​រីក​ចម្រើន

កីឡាករ ឃឹម បូរ៉ា ដែលទទួលបានខ្សែក្រវាត់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុកកីឡាករ ម៉ឺន មេឃា)

ករណីការលូកដៃចូលដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងគណៈកម្មាធិការរៀបចំការប្រកួត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ គឺជាការដាស់តឿនឱ្យសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរចាំបាច់ត្រូវតែធ្វើកំណែទម្រង់ជាបន្ទាន់លើការគ្រប់គ្រងនិងដឹកនាំការប្រកួតឱ្យមានសុចរិតភាពនិងយុត្តិធម៌។

អ្នកស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ហាក់សប្បាយរីករាយនិងមានមោទកភាពនៅពេលដែលឃើញវត្តមាននៃការចូលប្រឡូកនិងការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់កីឡាករកម្ពុជា។

ជាស្រ្តីដែលស្រឡាញ់និងគាំទ្រប្រដាល់គុនខ្មែរមួយរូប កញ្ញា ឈឿន ស្រីណែត រៀបរាប់ថា អស់រយៈពេលជាង៦ឆ្នាំមកហើយដែលកញ្ញាបានតាមដានកីឡាប្រដាល់គុនខ្មែរ ហើយក៏បានយល់ដឹងច្រើនពីវិស័យគុនខ្មែរនេះផងដែរ។ ជាក់ស្តែងអ្នកខេត្តកំពង់ធំរូបនេះ បានឱ្យ​​ដឹងថា កីឡាករមួយចំនួនប្រឹងប្រែងហ្វឹកហាត់ ប៉ុន្តែមិនបានប្រកួត ខណៈដែលកីឡាករដទៃទៀតបានប្រកួតញឹកញាប់។

ក៏ប៉ុន្តែកញ្ញាបានសម្តែងការខកចិត្តពីភាពអវិជ្ជមានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថាហាក់មានភាពលម្អៀង ប្រកាន់បក្ខពួកនៃមន្ត្រីសហព័ន្ធមួយចំនួន ជាដើម។

ស្រ្តីគាំទ្រគុនខ្មែរវ័យ២៩ឆ្នាំរូបនេះ បង្ហើបថា៖ «ពេលខ្លះ កីឡាករដែលខំប្រឹងហាត់ អត់បានវាយអ៊ីចឹង ដោយក្លឹបដែរ […] ខ្ញុំធ្លាប់ឮចេញពីមាត់កីឡាករខ្លះដែរ ថាក្លឹប [កីឡាករក្នុងក្លឹប] វាយបានញឹក លុះត្រាតែមានខ្សែមានអី»

ចំណែកអ្នកគាំទ្រគុនខ្មែរតាំងពីវ័យកុមារ លោក ផន រស្មី បានសង្កេតឃើញថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរហាក់ដូចជា ពុំសូវយកចិត្តទុកដាក់ក្នុងការចាប់គូប្រកួត ដោយកីឡាករដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែឱកាសប្រកួតមិនដូចគ្នាសោះ។ មួយវិញទៀត លោក​ថា សហព័ន្ធ​ដូចជាមិនសូវគិតគូរដល់ក្លឹបទើបបង្កើតថ្មីៗដែលកំពុងខ្វះខាតឬចេញអជ្ញាបណ្ណ​ទទួល​​ស្គាល់នោះទេ ទាល់តែមានការទទូចស្នើសុំច្រើនពីអ្នកគាំទ្រ ទើបមានការផ្តល់ជូន ជាដើម។

លោក ផន រស្មី មានប្រសាសន៍ថា៖ «​សហព័ន្ធ គាត់ដូចអត់សូវយកចិត្តទុកដាក់ជាមួយការរៀបចំការប្រកួត ហើយជាពិសេស ដូចក្លឹបក្រៗ ក្លឹបដែលអត់ទាន់មានអាជ្ញាបណ្ណអី ទាល់តែមានបងប្អូនយើងអ្នកគាំទ្រផុសទទូចសុំគាត់ ទើបគាត់ដាក់អាជ្ញាបណ្ណឱ្យ​។ គាត់អត់មានចេះបើកព្រះនេត្យមើលក្លឹបនេះក្រ ត្រូវជួយបន្តិចបន្តួច អត់ទាន់មាន ខ្វះខាតអី ឬក៏អត់ទាន់មានអាជ្ញាបណ្ណ»

ភ្ជាប់ជាមួយគ្នានេះដែរ លោក ផន រស្មី បានរៀបរាប់ជុំវិញការប្រកួតផ្តាច់ព្រ័ត្រខ្សែក្រវាត់រវាង ឃឹម បូរ៉ា និង ម៉ឺន មេឃា កាលពីខែកក្កដាកន្លងទៅ ថាប្រសិនបើមិនមានការប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រទេ ការប្រកួតខុសលក្ខន្តិកៈនោះនឹងចាត់ទុកជាមោឃៈ ព្រោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរដូចជាធ្វើព្រងើយកន្តើយជុំវិញករណីនេះ។

លោកថា៖ «ចំពោះការប្រកួតហ្នឹង បើសិនជាមិនមានអ្នកផុស ឬក៏មិនមានសម្តេចគាត់ឃើញប្រតិកម្ម ឬក៏មានគេប្រតិកម្មច្រើន ខ្ញុំគិតថា ខាងសហព័ន្ធគាត់អត់អើពើទេ ព្រោះខ្ញុំគិតថា ការប្រកួតខ្សែក្រវាត់មួយ តែងតែគេអញ្ជើញលោកប្រធានសហព័ន្ធមកអង្គុយទស្សនា បើគាត់សម្រេចឱ្យ​ខាងណាឈ្នះ ឬសម្រេចអី គាត់ប្រតិកម្មភ្លាមៗបាត់ហើយ មិនមែនគាត់មកប្រតិកម្មមួយថ្ងៃក្រោយឬពីរថ្ងៃក្រោយនេះទេ»

យោង​តាម​បទ​បញ្ជា​​និង​ច្បាប់ប្រកួត​​របស់​សហ​ព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ​ បាន​កំណត់​ថា ​កីឡាករ​​ល្មើស​បទ​បញ្ជា​ប្រ​កួត​ត្រូវ​ឱ្យ​​ចាញ់​និង​ទទួល​រង​ពិន័យ​ទៅ​តាម​ទំហំ​នៃ​បទ​ល្មើស​ ចំណែក​កីឡាករ​រង​គ្រោះ​ត្រូវ​ផ្តល់​ជ័យ​ជម្នះនិង​លើក​ទឹក​ចិត្ត​។

ចំណែកលោក ឌឿ សុន ជាអ្នកស្រឡាញ់កីឡាប្រដាល់គុនខ្មែរ និងធ្លាប់បង្ហាត់ក្មេងៗក្នុងភូមិមួយនៅក្នុងខេត្តសៀមរាប បានរៀបរាប់ថា លោកមើលឃើញការប្រកួតមួយចំនួនមានការដាក់ពិន្ទុលម្អៀងទៅកីឡាករម្ខាងៗ ដោយគិតលើការរាប់អាន គិតលើខ្សែ ជាដើម។

លោកថា៖ «ខ្ញុំមើលទៅដូចជាគិតរឿងខ្សែច្រើនជាងរឿងកាត់ក្តី។ រឿងកាត់ក្តីសុក្រឹតឬមិនសុក្រឹត អាស្រ័យទៅលើខ្សែច្រើនជាងឥលូវ។ បើតាមខ្ញុំមើលឃើញ លក្ខណៈដូចនិយមម្ខាងៗ ផ្អៀង លក្ខណៈថ្លឹងជញ្ជីងអត់ស្មើ»

លោកបន្ថែមថា ប្រដាល់គុនខ្មែរពិបាកនឹងរីកដុះដាលខ្លាំងណាស់ ព្រោះជីវភាពកីឡាករត្រូវរំពឹងលើការឡើងសង្វៀនទាំងស្រុង បើកាលណាមានរបួសឡើង ប្រកួតមិនកើត គឺខ្វះខាត គ្មានការជួយទំនុកបម្រុងតាមតម្រូវការពីសហព័ន្ធឬស្ថានីយ ហេតុនេះធ្វើ​ឱ្យ​យុវជនដែលស្រឡាញ់វិស័យនេះរួញរាចិត្តក្នុងការចូលប្រឡូក។

លោក ឌឿ សុន និយាយថា៖ «គុនខ្មែរយើង បើរឿងទៅមុខទៀតដូចជាអត់មាន មានត្រឹមទ្រឹង ត្រឹមនឹង[ថ្កល់] ឬមានតែថយក្រោយទៀត។ បើថារឿងទៅមុខ ខ្ញុំថាអត់មាន! ជាក់ស្តែង គឺអត់ទៅមុខទេ បើតាមយោបល់ខ្ញុំ»

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ក្នុងវិស័យកីឡានៅកម្ពុជានៅតែមានបញ្ហាទាក់ទងច្រើន ដោយសារសុចរិតភាពនៅមានកម្រិតនៅឡើយ។ លោកបន្តថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរធ្វើកំណែទម្រង់ ដោយផ្តល់ឱ្យ​កីឡាករនូវការគាំពារផ្សេងៗ ដោយលើកកម្ពស់ស្នាដៃកីឡាករ ជាពិសេសជួយជ្រោមជ្រែងឱ្យ​កីឡាករមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ដើម្បីកេរ្តិ៍ឈ្មោះនិងបាននូវជីវភាពល្អប្រសើរ។

លោកថា៖ «យើងឃើញថា សុចរិតភាពនៅក្នុងវិស័យកីឡាហ្នឹងនៅមានកម្រិតនៅក្នុងប្រទេសយើង មិនថាវិស័យកីឡាប្រដាល់ ឬក៏កីឡាបាល់ទាត់ទេ កម្រិតសុចរិតភាពនៃការគ្រប់គ្រងក្តី ការអនុវត្តក្តីហ្នឹង​ យើងឃើញថា នៅមានបញ្ហា។ ខ្ញុំគិតថា ពួកគាត់គួរតែត្រូវបានជួយជ្រោមជ្រែងផ្នែកស្មារតីនិងហិរញ្ញវត្ថុឱ្យ​ស័ក្តិសមទៅនឹងកីឡាករតំណាងប្រទេស ហើយរស់នៅថ្លៃថ្នូរ កុំឱ្យ​ដល់ថ្នាក់ឈឺអត់មានលុយព្យាបាល បង្ហោះហ្វេសប៊ុកសុំលុយគេព្យាបាល ជាដើម»

លោកក៏បានជំរុញនិងលើកទឹកចិត្តឱ្យ​មន្ត្រី​ឬ​ស្ថាប័នពាក់ព័ន្ធធ្វើការត្រួតពិនិត្យដោយឯករាជ្យនិងសិក្សាពីបញ្ហាផ្សេងៗដែលមានការចោទប្រកាន់ពីភាគីណាមួយ ដើម្បីស្រាវជ្រាវរកការពិតនិងផ្តល់ដំណោះស្រាយប្រកបដោយសុចរិតភាព តម្លាភាព និងភាពថ្លៃថ្នូររបស់កីឡាករផង​ដែរ។

លោកបញ្ជាក់ថា៖ «យើងជំរុញហើយលើកទឹកចិត្តឱ្យ​គណៈកម្មការក្តី ហើយអាជ្ញាធរពាក់ព័ន្ធហ្នឹង ចូលរួមដោះស្រាយបញ្ហាហ្នឹងឱ្យ​មានតម្លាភាព មានសុចរិតភាព ធ្វើម៉េចផ្តល់យុត្តិធម៌ទៅដល់ភាគីពាក់ពន្ធហ្នឹង។ ហើយដោះស្រាយបញ្ហាហ្នឹងទៅតាមការព្រួយបារម្ភផ្សេងៗដែលលើកឡើងដោយអ្នកពាក់ព័ន្ធហ្នឹង ខ្ញុំគិតថា យើងត្រូវមានជំហរឯករាជ្យទៅ យើងនឹងដោះស្រាយបញ្ហាហ្នឹងបានហើយ»

យោងតាមរបាយការណ៍សន្ទស្សន៍​នៃ​ការ​យល់ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០២០ ដែល​បាន​ចេញ​​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិបង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៦០ក្នុង​ពិភពលោក ដោយទទួលបានពិន្ទុ២១លើ១០០ ធ្វើឱ្យ​កម្ពុជាមានអត្រាអំពើពុករលួយច្រើន​ជាងគេនៅតំបន់​អាស៊ី។

ទោះយ៉ាងណាក្តី លោក និន ភារម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន​បក​ស្រាយថា សម្រាប់កា​រផ្គូផ្គងកីឡាករឱ្យ​ជួបគ្នា គឺជាការចង់បានរបស់ស្ថានីយទូរទស្សន៍និងម្ចាស់ឧបត្ថម្ភកម្មវិធី (Sponsors) ខណៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្រាន់តែជួយសម្របសម្រួលនិងរៀបចំការប្រកួតប៉ុណ្ណោះ លើកលែងតែគូថ្នាក់ថ្មីៗគឺសហព័ន្ធជួយជំរុញស្ថានីយទូរទស្សន៍ ដើម្បីផ្តល់ឱកាសឱ្យ​បាន​ប្រកួត។ លោកបញ្ជាក់ថា ប្រសិនបើកីឡាករឡើងប្រកួតមិនបានល្អ ស្ថានីយទូរទស្សន៍ក៏ពិបាកផ្តល់ឱកាសឱ្យ​ប្រកួតដែរ ព្រោះធ្វើឱ្យ​​ខូចកម្មវិធី។

ទោះជាយ៉ាងណា លោកអះអាងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងនៅតែបន្តជួយជ្រោមជ្រែងដល់ក្លឹបប្រដាល់ទាំងអស់ ជាពិសេសក្លឹបទើបបង្កើតថ្មីៗ ឱ្យ​កីឡាករមានឱកាសឡើងប្រកួត ហើយសហព័ន្ធព្រមទទួលមតិរិះគន់ពីអ្នកគាំទ្រ ដើម្បីកែលម្អវិស័យកីឡាគុនខ្មែរនេះ។

លោក និន ភារម្យ និយាយថា៖ «សហព័ន្ធនៅតែពុះពារជួយដល់បណ្តាក្លឹបតូចៗ អត់ឱ្យ​ខានទេ នៅតែជួយអ៊ីចឹងអូន! ជួនកាលគេទិតៀន គេថាយើងទទួលយករាល់មតិស្ថាបនា យើងទទួលយក ប៉ុន្តែការដែលធ្វើយើង ត្រូវតែប្រឹងបន្តទៀត ដើម្បីព្យាយាមកុំឱ្យ​មានការខុសឆ្គង»

អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បន្តថា ចំពោះមតិដែលប្រជាពលរដ្ឋអ្នកគាំទ្រលើកឡើងពី​ការប្រកាន់បក្ខពួក​ខ្សែនៅក្នុងសហព័ន្ធ មិនមែនជាការពិតទេ ដោយមន្ត្រីរបស់សហព័ន្ធ​ទាំងអស់​អនុវត្តតួនាទីទៅតាមបទបញ្ជានៃការគ្រប់គ្រង​ការ​ប្រកួត។ លោកបន្ថែមថា ប្រសិនបើមានមន្ត្រីណាប្រព្រឹត្តអំពើពុករលួយ នោះសហព័ន្ធនឹងចាត់វិធានការបុគ្គលនោះ។

លោកមានប្រសាសន៍ថា៖ «ជាការចោទប្រកាន់របស់បងប្អូនយើងទេ ការពិតមន្ត្រីរបស់យើងពុំមានខ្សែបក្ខពួកអីទេ គឺអនុវត្តទៅតាមច្បាប់ តាមបទបញ្ជាផ្ទៃក្នុង បទបញ្ជាគ្រប់គ្រងការប្រកួតទាំងអស់។ តែបងប្អូនយើង គាត់តែកាលណាគាត់គាំទ្រឬស្រឡាញ់​អ្នកណាមួយ​ទៅ​ហើយ ដល់​អ្នកហ្នឹងចាញ់ទៅ គាត់ចេះតែចោទប្រកាន់មកលើសហព័ន្ធ​ ទម្លាក់តែមកលើសហព័ន្ធអ៊ីចឹង។​ ហើយ​មន្ត្រីទាំងអស់ហ្នឹងពុំមានអំពើពុករលួយ អត់មានខ្សែបក្ខពួកអីទេអូន បើមាន ក៏សហព័ន្ធនឹងមានវិធានការចំពោះអ្នកហ្នឹងដែរ»

លោក និន ភារម្យ បានបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ​ បាន​ពង្រឹង​នូវ​បទ​បញ្ជាបច្ចេក​ទេស​​ផ្សេងៗ​ដល់មន្ត្រីជំនាញរបស់សហព័ន្ធ ដោយឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីជំរុញឱ្យ​ការអនុវត្តតួនាទីបានម៉ឺងម៉ាត់និងយុត្តិធម៌។

លោកបានបន្ថែមថា បន្ទាប់ពី​មាន​ការណែនាំ​ពី​ក្រសួង​អប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជារាជរដ្ឋាភិបាល​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចែកដាច់រវាងសហព័ន្ធនិងស្ថានីយទូរទស្សន៍​នូវ​លទ្ធផល​ជ័យ​ជម្នះ ដោយមិនមានការសហការឬលើកការប្រកួតឡើយ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចពិន័យផ្អាកការងារមន្ត្រីសហព័ន្ធ២រូប រួមមាន​ គណៈកម្ម​ការ​ប្រតិបត្តិ​នៃ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយទូរ​ទស្សន៍ CNC លោក​ មាស សុគ្រី ចំនួន៦សប្តាហ៍ និងចៅក្រមអាជ្ញាកណ្តាល លោក រាម កុសល ចំនួន៤សប្តាហ៍ ដោយហេតុមានកំហុសឆ្គងក្នុងការកាត់ក្តីការប្រកួតខ្សែក្រវាត់រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ។

ត្រឡប់មកអ្នកគាំទ្រប្រដាល់គុនខ្មែរដែលជាស្រ្តីមកពីខេត្តកំពង់ធំ កញ្ញា ឈឿន ស្រីណែត បាននិយាយថា កញ្ញាចង់ឱ្យ​សហព័ន្ធត្រួតពិនិត្យកិច្ចការប្រកួតឱ្យ​បានច្បាស់លាស់ ទាំងការផ្គូផ្គងការប្រកួតនិងការដាក់ពិន្ទុជាដើម។ កញ្ញាថា ប្រសិនបើពង្រឹងចំណុចទាំងនោះបាន កីឡាប្រដាល់គុនខ្មែរនឹងរីកចម្រើន និងមានកីឡាករឆ្នើមៗពិតប្រាកដ។

កញ្ញា ឈឿន ស្រីណែត ថា៖ «ខ្ញុំចង់ឱ្យ​សហព័ន្ធហ្នឹង គាត់មើលឱ្យ​គ្រប់ជ្រុងជ្រោយ ទាំងការដាក់ពិន្ទុ ទាំងការចាប់គូរឱ្យ​ប្រកួតអ៊ីចឹង! កុំរើសអើងក្លឹប ​កុំដូចថាអត់ត្រូវជាមួយគ្រូអ៊ីចឹង បិទកូនសិស្សមិនឱ្យ​មកវាយអ៊ីចឹង! តាមប៉ុស្តិ៍ខ្លះ សូមប៉ុណ្ណឹង ឱ្យ​សហព័ន្ធជួយសម្រួលកន្លែងហ្នឹង។ ខ្ញុំគិតថា បើសិនជាពង្រឹងកន្លែងហ្នឹងបាន គុនខ្មែរយើងនឹងមានជើងខ្លាំងមួយឬពីរបីនាក់ពិតប្រាកដ ដើម្បីទៅប្រកួតនៅក្រៅប្រទេស នឹងបានល្បីខ្លាំងដូចគេមិនខាន»


អត្ថបទ៖ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ