ប្រមុខ​ការទូត​ថា​ កម្ពុជា​មិន​ទាន់​មាន​ហានិភ័យ​ចំពោះ​​បំណុល​ជាតិ​នោះ​ទេ ​

នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងជំនួបប្រជុំទ្វេភាគីជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី នៅព្រះរាជាណាចក្រកម្ពុជា។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

ប្រមុខការទូតកម្ពុជាបានប្រកាសថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ ហើយពេលនេះកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យនៅក្នុងកម្រិតមួយល្អប្រសើរ ហើយចេះប្រើប្រាស់ប្រាក់កម្ចីទាំងនោះបានយ៉ាងសមរម្យផងដែរ។

ការប្រកាសនេះ ក្រោយមានការលើកឡើងជាច្រើនពីក្តីបារម្ភចំពោះបញ្ហាបំណុលជាតិ ដែលកម្ពុជាជំពាក់បរទេសកាន់តែច្រើន ពិសេសចិន ហើយអាច​ប្រឈមការធ្លាក់ក្នុងអន្ទាក់បំណុល​ដោះខ្លួនមិនរួចទៅថ្ងៃអនាគតទៀតផង។

ក្នុងសន្និសីទកាសែតរួមមួយជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ក្រោយបញ្ចប់ជំនួបទ្វេភាគី នៅទីស្តីការក្រសួងការបរទេស នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ។ លើសពីនេះ លោកថា ​កម្ពុជាក៏មិនមានបញ្ហាក្នុងការគ្រប់គ្រងបំណុលរបស់ខ្លួននោះដែរ។

ការប្រកាសរបស់លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា៖ «បើនិយាយពីការគ្រប់គ្រងបំណុលវិញ យើងត្រូវយល់ថា អ្វីទៅជាអន្ទាក់បំណុលនោះ? បំណុលជាតិអាចមានហានិភ័យចាប់ពីទំហំបំណុលនេះកើនឡើងលើសពី៤០ភាគរយ នៃ GDP [ផលិតផលក្នុងស្រុកសរុប] តើបំណុលកម្ពុជាសព្វថ្ងៃមានអី? មានប៉ុន្មាន? អត់ដល់៣០ភាគរយទេៗ! អ៊ីចឹងយើងចេះគ្រប់គ្រងបំណុលរបស់យើងឱ្យនៅក្នុងកម្រិតមួយដែលអាចយើងគ្រប់គ្រងបាន ហើយយើងចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់យើង យើងចេះគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង។ យើងខ្ចីលុយ យើងចេះប្រើប្រាស់កម្ចីនោះឱ្យសមរម្យ។ ហើយកម្ចីដែលយើងបានពីប្រទេសចិនមក បម្រើឱ្យខាងហេដ្ឋារចនាសម្ព័ន្ធ ពង្រីកហេដ្ឋារចនាសម្ព័ន្ធទាំងអស់​»។

លោក ប្រាក់ សុខុន បន្ថែមថា កម្ចីដែលកម្ពុជាបានពីប្រទេសចិនមក គឺបម្រើឱ្យការពង្រីកហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ប្រទេស។ លោកថា ការអភិវឌ្ឍរបស់កម្ពុជាគ្រប់វិស័យនាពេលនេះ មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ចិនបានទេ។

លោក​ មាស សុខសេនសាន ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា អ្វីដែលរដ្ឋមន្រ្តីក្រសួងការបរទេសលើកឡើងខាងលើ គឺជាការលើកឡើងដ៏ត្រឹមត្រូវបំផុត។ លោកបន្តថា កម្ពុជាពិតជាអាចគ្រប់គ្រងបំណុលបាន និងមានការប្រុងប្រយ័ត្នបំផុត ហើយក៏អាចចាត់ទុកថាមានមារយាទបំផុតផងដែរ។

លោក​ មាស សុខសេនសាន ថា៖ «[ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស] ជាការលើកឡើងត្រឹមត្រូវបំផុត។ កម្ពុជាគ្រប់គ្រង [បំណុល] បាន និងមានការប្រុងប្រយ័ត្នបំផុត ហើយក៏អាចចាត់ទុកថាមានមារយាទបំផុត»។

អ្នកសិក្សានយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម លោក វណ្ណ ប៊ុនណា ថាបើតាមវិទ្យាសាស្ត្រ កម្ពុជានៅអាចគ្រប់គ្រងអត្រាបំណុលបានល្អ។ បើមើលតាមជាក់ស្តែង លោកថា បំណុលរបស់កម្ពុជាមកដល់ពេលនេះនៅក្រោម៣០ភាគរយ បើប្រៀបធៀបតួលេខ កម្រិតបំណុលនៅល្អជាង។ ​

លោក វណ្ណ ប៊ុនណា ថា៖ «ទៅមុខទៀត យើង [កម្ពុជា] ត្រូវធ្វើយ៉ាងម៉េចថានឹងរៀបចំនូវយុទ្ធសាស្ត្រយ៉ាងម៉េចឱ្យបំណុលកាន់តែថេរ»។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក​ ប៉ិច ពិសី​ ​មានប្រសាសន៍​ថា និយាយពីការប្រើប្រាស់ប្រាក់កម្ចី លោកមិនអាចវាយតម្លៃពីការប្រើប្រាស់ប្រាក់កម្ចីរបស់កម្ពុជាថាមានស្ថានភាពយ៉ាងណានោះទេ ត្បិ​តសង្គមស៊ីវិលមិនមានព័ត៌មាន​គ្រប់គ្រាន់​សម្រាប់វាយតម្លៃលើបញ្ហានេះឡើយ។ ​យ៉ាងណាលោកថា សាធារណជនមិនគួរមានទុទ្ទិដ្ឋិ​និយមខ្លាំងពេក ចំពោះការខ្ចីលុយពីបរទេសឡើយ ពោល​​គឺការខ្ចីថវិកាពីបរទេសមកប្រើប្រាស់ ប្រទេសណាក៏គេធ្វើដែរ តែគេអាចប្រើលុយនោះដោយឆ្លាតវៃ។

លោក​ ប៉ិច ពិសី ថា៖ «បើសិនជាយើងប្រើដោយឆ្លាតវៃ អត់អីទេ! យើងអត់អាចជាប់នូវអន្ទាក់នៃបំណុលទេ។ ប៉ុន្តែបើយើងប្រើប្រាស់អត់ស្រួលវិញ […] ការប្រើប្រាស់លុយបំណុលហ្នឹងអត់មានតម្លាភាព ខ្វះគណនេយ្យភាព ហើយមានការបាត់បង់តាមរយៈអំពើពុករលួយហ្នឹង ធ្វើឱ្យលុយបំណុលហ្នឹងយកមកប្រើហ្នឹងបាត់បង់ ហើយមិនអាចឱ្យប្រទេសហ្នឹងមានលទ្ធភាពបង្កើនទំហំសេដ្ឋកិច្ច ហើយបង្វិលលុយបំណុលឱ្យម្ចាស់បំណុលវិញ រហូតដល់មានការរឹបអូសផ្សេងៗ។ ឧទាហរណ៍ថា មានការរឹបអូសទ្រព្យសម្បត្តិសាធារណៈ ជាផែ ជាតំបន់សេដ្ឋកិច្ចពិសេសអីជាដើម គឺធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសនោះហើយ»។

លោកបន្ថែមថា បើតាមទិដ្ឋភាពទូទៅនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការសិក្សាជាច្រើនរបស់អង្គការអន្តរជាតិក៏បានបង្ហាញថា អំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅតែធ្ងន់ធ្ងរ និងនៅតែជាការព្រួយបារម្ភពីសំណាក់សាធារណជននៅឡើយ។

លោក ពិសី ថា៖ «សាធារណជនក៏គាត់នៅមានការព្រួយបារម្ភដែរ កាលណាយើងមានបរិយាកាសដែលមិនគាប់ប្រសើរ ហើយមានអំពើពុករលួយនៅក្នុងការគ្រប់គ្រងសេវាសាធារណៈជាដើមហ្នឹង គឺពលរដ្ឋចេះតែសង្ស័យ ចេះតែឆ្ងល់ ថាតើការប្រើប្រាស់លុយបំណុលហ្នឹងយ៉ាងណាដែរ»។

លោកថា ការខ្ចីបំណុលមិនថាពីប្រទេសចិនឬប្រទេសណាក៏ដោយ កម្ពុជាមិនអាចគេចផុតទេ ព្រោះត្រូវការអភិវឌ្ឍ ប៉ុន្តែលុះត្រាកម្ពុជាចេះប្រើប្រាស់បំណុលឱ្យឆ្លាតវៃ ដើម្បីកសាងខឿនសេដ្ឋកិច្ចនិងធនធានមនុស្ស។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន១៤,៨៤ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្តប់ប្រមាណ ៨៤% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៦% ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា កាលពីឆ្នាំមុន មានចំនួនជាង១សែនប៊ីលានរៀល (១០៩ ០៦២ប៊ីលានរៀល) និង ផសស សម្រាប់មនុស្សម្នាក់មានប្រមាណ១ ៦៥៣ដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ