តុលាការ​ខេត្ត​កណ្ដាល​​ដោះលែង​អ្នក​តវ៉ា​ដីធ្លី​៩​នាក់​ តែ​ភ្ជាប់​លក្ខខណ្ឌ​ឈប់​តវ៉ា

ក្រុមពលរដ្ឋដែលត្រូវអាជ្ញាធរខេត្តកណ្ដាលធ្វើការចាប់ខ្លួនបញ្ជូនទៅស្នងការខេត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយមានការប៉ះទង្គិចរវាងពលរដ្ឋរងគ្រោះដីធ្លីក្រោមគម្រោងសាងសង់ព្រលានយន្តហោះ (OCIC) ជាមួយនឹងអាជ្ញាធរមូលដ្ឋានដែលយាមកាមនៅទីតាំងដីមានទំនាស់។ (ផ្ដល់ឱ្យ)

តុលាការខេត្តកណ្ដាលបាន​ដោះ​លែង​អ្នក​តវ៉ា​ដីធ្លី​ចំនួន​៩នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយ​​ភ្ជាប់​ជាមួយ​លក្ខ​ខណ្ឌ​ឈប់​តវ៉ា និង​ព្រម​យក​សំណង​តាមអាជ្ញាធរកំណត់ត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានការ​ប៉ះទង្គិចគ្នាមួយ​រវាងពលរដ្ឋមានជម្លោះដីធ្លីជាមួយ​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល ជាមួយនឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៣០នាក់បញ្ជូនទៅតុលាការ ប៉ុន្តែ​បាន​ដោះលែង​មនុស្ស​ចំនួន២១នាក់វិញ ខណៈ៩នាក់ផ្សេងទៀតបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ថា ពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។

ក្នុងដីកាសម្រេចចុះថ្ងៃ​ទី២០ ខែកញ្ញានេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់នោះឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។

បើតាមដីកាដដែលនេះ តុលាការ​បានចោទប្រកាន់អ្នកតវ៉ាដីធ្លីទាំង៩នាក់នោះ ចំនួន​៣បទចោទ​ រួមមាន «បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោស»

ពលរដ្ឋម្នាក់កំពុងរត់គេច​ខ្លួន ខណៈប្រពន្ធគាត់​ទើបតែត្រូវបាន​​ដោះ​លែង បាន​ថ្លែងនៅ​ថ្ងៃអង្គារ​នេះ ​ក្នុង​លក្ខ​ខណ្ឌមិន​បញ្ចេញ​ឈ្មោះ​ដោយបារម្ភពីសុវត្ថិភាព ​ថាករណី​តុលាការ​ដោះ​លែងប្រពន្ធ​គាត់និង​ពលរដ្ឋ៨នាក់ផ្សេងទៀតនេះ បាន​ធ្វើឡើងក្នុងលក្ខខណ្ឌបង្ខិត​បង្ខំនិងគំរាមគំហែង។

ពលរដ្ឋរូបនេះបន្តថា អាជ្ញាធរបានតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះ​ធ្វើលិខិត​​ស្នាម​ផ្ដិតមេដៃ​សុំទោស បញ្ឈប់​ការ​តវ៉ា និងតម្រូវឱ្យពលរដ្ឋទទួលយកសំណងត្រឹម៨ដុល្លារក្នុងមួយម៉ែត្រការ៉េតាម​ការកំណត់របស់អាជ្ញាធរ។ លោក​បន្តទៀតថា ពួកគាត់​ប្រឈម​​បាត់បង់ដីធ្លី​​ទាំ​ង​មិន​ទទួល​​បានសំណង​សមរម្យ ហើយ​ម្ចាស់ដី​ត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ថែមទៀតនោះ។

លោកបន្ថែមថា៖ «ពួកខ្ញុំអាចនឹងតវ៉ាទៀត បើខ្ញុំអត់តវ៉ា ឱ្យខ្ញុំយកតម្លៃហ្នឹង ដូចឱ្យពួកខ្ញុំស្លាប់ទាំង​រស់​អ៊ីចឹង។ ខ្ញុំតូចចិត្តណាស់ ដីយើងគេយកទៅហើយ យើងគ្រាន់តែការពារដីខ្លួនសោះ បែរ​ជាយើងរង​បណ្ដឹងសុទ្ធ​តែបទឧក្រិដ្ឋ​ទៀត ហើយជាប់ឃុំហ្នឹងសុទ្ធ​តែស្រីៗទៅទៀត»

ក្នុងលិខិតសុំទោសចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានសុំទោសអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងបានទទួលកំហុសចំពោះហេតុការណ៍ប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច កាលពីថ្ងៃទី១២ ខែកញ្ញា ទៀតផង។

បើតាមលិខិតដដែលនោះ​ ប្រជាពលរដ្ឋបានសន្យាឈប់តវ៉ាទាមទារ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ថ្មី និងត្រូវចូលរួមអភិវឌ្ឍជាមួយគម្រោងនេះរហូត​ទទួ​ល​បានជោគ​ជ័យ។

មន្ត្រីសម្របសម្រួលផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា តាមព័ត៌មានដែលលោកទទួលបាន​ពីប្រជាពលរដ្ឋ ការដោះលែង​ពលរដ្ឋទាំង៩នាក់នោះបានប្តូរជាមួយលក្ខខណ្ឌមួយចំនួនពិតមែន។

លោកបន្ត​ថា៖ «រាល់ទំនាស់ដីធ្លីដែលដោះស្រាយមិនបាន នៅពេលចុងបញ្ចប់ហ្នឹង គឺគាត់នឹងរង​ផលប៉ះពាល់ដោយការគំរាមកំហែងខាងផ្លូវតុលាការហ្នឹងហើយ។ នៅពេលណាមានការចាប់ខ្លួន បើសិនជាចង់រួចខ្លួន គឺត្រូវមានលក្ខខណ្ឌធ្វើតាមតម្រូវការរបស់​ក្រុមហ៊ុននិងអាជ្ញាធរ។ អ៊ីចឹង​ ទង្វើ​នេះ​ជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរណាស់ បើនិយាយសិទ្ធិមនុស្ស អានេះ​គេ​ហៅថា ការដាក់សម្ពាធ​ឱ្យមានការទទួលយកសំណងទាំងពលរដ្ឋមិនពេញចិត្ត»

មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរនិងក្រុមហ៊ុនស្វែងរកដំណោះស្រាយតាមនីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការមកគំរាមកំហែងឱ្យប្រជាពលរដ្ឋទទួលទាំងបង្ខំចិត្តបែបនេះ ដែលជាទង្វើខុសច្បាប់និងរំលោភសិទ្ធិធ្ងន់ធ្ងរ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល លោក សូ សារិន បានច្រានចោលការលើកឡើងនេះ។ លោកថា ការដោះលែងពលរដ្ឋ៩នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ គឺធ្វើឡើងតាមការស្នើសុំរបស់អ្នកជាប់ឃុំ ហើយសំណុំរឿងនេះក៏មិនទាន់បញ្ចប់ដែរ ព្រោះ​ពលរដ្ឋទាំង​៩នាក់ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដដែល។

លោកបន្ថែមថា៖ «អាហ្នឹងជាសម្តីរបស់គាត់ទេ ប៉ុន្តែតុលាការ គឺយើងបានដាក់គាត់ឱ្យស្ថិតក្រោម​ការត្រួតពិនិត្យរបស់តុលាការ ឱ្យគាត់នៅក្រៅឃុំបណ្តោះអាសន្ន។ ការដោះលែងនេះ គឺមានការស្នើសុំពីជនសង្ស័យផ្ទាល់តែម្តង»

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ