ពលរដ្ឋជាង២០០គ្រួសារដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចាស់បុរី ប៉េងហួត បញ្ឈប់ការបូមដីចូលដីទំហំ៥៨ហិកតា ដែលពួកគេអះអាងថា កំពុងជាប់មានទំនាស់ជាមួយក្រុមហ៊ុន ផានអ៊ីមិច តាំងពីឆ្នាំ២០១៦មក។
ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្ជាប់ស្នាមមេដៃជិត១០០ដែលតំណាងឱ្យពលរដ្ឋចំនួន២៤១គ្រួសារ បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីឱ្យម្ចាស់បុរី ប៉េងហួត ផ្អាកការបូមដី ធ្វើរបងហ៊ុមព័ទ្ធ ឬលក់ដូរដីរបស់ពួកគេទំហំ៥៨ហិកតាដែលបាននិងកំពុងមានទំនាស់ជាមួយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋមួយរូប លោក ឡេង សារិ ប្រាប់ វីអូឌី នៅថ្ងៃចន្ទថា ដីនោះមានទំនាស់ជាលើកទី២ ជាមួយលោកស្រី ស៊ុយ សុផាន ចាប់ពីឆ្នាំ២០១៦ ហើយត្រូវបានទីស្ដីការគណៈរដ្ឋមន្រ្តីចេញលិខិត ស.ជ.ណ ដោយមានចំណារពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឱ្យផ្អាកការចុះបញ្ជីនិងផ្ទេរកម្មសិទ្ធិដីធ្លីលើដីនោះ។
លោកបន្ថែមថា នៅឆ្នាំ២០២០ ពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិលើដីវិវាទចំនួន២លើក ទៅក្រសួងរៀបចំដែនដី និងភូមិបាលរាជធានីភ្នំពេញ បន្ទាប់ពីបានស្នើក្រសួងនៅឆ្នាំ២០១៩ ចុះវាស់វែងទីតាំងដីតាមប្លង់កម្មសិទ្ធិដែលលោកស្រី ស៊ុយ សុផាន ថាបានទិញពីប្រជាពលរដ្ឋ បន្ទាប់ពីពិនិត្យឃើញថា ទីតាំងនោះមិនស្ថិតលើដីរបស់ពួកគេ ប៉ុន្តែសំណើនោះត្រូវបានលោកស្រី ស៊ុយ សុផាន បដិសេធ។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្រាប់តែក្រុមហ៊ុនបុរី ប៉េងហួត បានតទុយោបូមដីចូលក្នុងដីទំនាស់ ដោយម្ចាស់ក្រុមហ៊ុនមួយនេះទទួលបានបណ្ណកម្មសិទ្ធិដីចំនួន២ក្បាលដី ចេញដោយប្រធានមន្ទីរសុរិយោដីក្រុង មានទំហំសរុប៣២ហិកតា ជាន់លើដីរបស់ពួកគាត់។

តំណាងប្រជាពលរដ្ឋរូបនេះថា ការដែលអាជ្ញាធរចេញបណ្ណកម្មសិទ្ធិលើដីកំពុងមានទំនាស់បែបនេះ ជាទង្វើបំពាន ស.ជ.ណ និងជាការគប់គិតគ្នាជាប្រព័ន្ធលួចធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុថ្មី ឱ្យត្រូវនឹងទីតាំងដីកំពុងមានទំនាស់ ឱ្យទៅឈ្មោះ ថៃ ជាហួត និង ហៀង ប៊ុនប៉េង ដែលជាម្ចាស់បុរីប៉េង ហួត។
លោក ឡេង សារិ ថ្លែងថា៖ «គាត់គប់គិតគ្នាតែម្តង! គេធ្វើបំពានតែម្តង! នេះការយល់ឃើញរបស់ខ្ញុំ ព្រោះកំពុងតែដោះស្រាយនៅក្រសួង ហើយខាងខ្ញុំនេះក៏ធ្វើពាក្យបណ្ដឹងទប់ស្កាត់មួយដែរទៅខាងភូមិបាលរាជធានី ក៏ខ្ញុំដាក់ដែរ […] ស្រាប់តែចេញអ៊ីចឹង ប្រជាជនវាហួសចិត្ត»។
លោកបន្ថែមថា៖ «វាអយុត្តិធម៌សម្រាប់ប្រជាជន វាខ្លាំងមែនទែន! បែរទៅធ្វើរបៀបអ៊ីចឹង! អំពើហ្នឹង ប្រជាជនទទួលយកមិនបានទេ! នាំគ្នាចេះតែប្រឹងតស៊ូតទៅទៀត មិនបោះបង់ចោលទេ ដីហ្នឹង! នៅតែតស៊ូអ៊ីចឹង អត់ឈប់ទេ»។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក សារិន វណ្ណា បដិសេធមិនតបជុំវិញបញ្ហាវិវាទនិងការចេញវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិដីទៅឱ្យម្ចាស់ក្រុមហ៊ុនបុរីប៉េង ហួត ដោយលោកបង្វែរសំណួរទៅថ្នាក់ក្រសួង។
លោក សារិន វណ្ណា មានប្រសាសន៍ថា៖ «ស.ជ.ណ ហ្នឹង! អត់មានធ្វើ ស.ជ.ណ មកមន្ទីរទេ! ហើយសមត្ថកិច្ចដោះស្រាយការងារហ្នឹងទាំងអស់ គឺក្រសួងជាអ្នកដោះទាំងអស់ អ៊ីចឹងសូមបងសួរទៅកាន់ក្រសួងដែនដីវិញ។ ក្រសួងរៀបចំដែនដី គេមានក្រុមគេ២ក្រុម សម្រាប់ដោះករណីហ្នឹងនៅក្រសួង អ៊ីចឹងអត់ពាក់ព័ន្ធការងារខ្ញុំនៅមន្ទីរទេ»។
ចំណែកអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ថ្លែងថា លោកមិនបានទទួលព័ត៌មាននោះទេ ដោយលោកបង្វែរសំណួរទៅមន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ក្រោម។
ចៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ លោក លីវ វណ្ណថេង ថ្លែងថា ពលរដ្ឋដែលអះអាងថាជាម្ចាស់លើដីទំនាស់ គឺពុំមានឯកសារបញ្ជាក់ពីសិទ្ធិកាន់កាប់អ្វីនោះទេ ហើយថា ពួកគេភាគច្រើនជាអ្នករស់នៅទីតំបន់ផ្សេងដែលបានមកទិញដីនៅទីតាំងនោះតៗដោយជាន់លើដីកម្មសិទ្ធិអ្នកដទៃ។
លោកថា ម្ចាស់បុរី ប៉េងហួត បានទិញដីនោះបន្តពីលោកស្រី ស៊ុយ សុផាន និងតំណាងដែលមានឈ្មោះ យី យ៉េត និង សេង សំណាង ដែលពួកគេមានបណ្ណកម្មសិទ្ធិសម្គាល់ក្បាលដីប្រភេទចាស់ ឬហៅ «បណ្ណស្លាបមាន់» ដែលបានប្រមូលទិញពីប្រជាពលរដ្ឋកន្លងមក។
លោកបន្ថែមថា អាជ្ញាធរសង្កាត់ធ្វើការផ្ទេរឈ្មោះម្ចាស់កម្មសិទ្ធិដីពីបុគ្គលម្នាក់ទៅម្នាក់ដោយផ្អែកលើឯកសារស្របច្បាប់ជាក់ស្តែង ហើយថា លោកមិនដែលទទួលបានលិខិតផ្លូវការណាមួយដែលហាមមិនឱ្យធ្វើការផ្ទេរឬធ្វើមោឃភាពកម្មសិទ្ធិដីរបស់បុគ្គលណាម្នាក់ទេ។
លោក លីវ វណ្ណថេង ថ្លែងថា៖ «ប្រជាពលរដ្ឋ គាត់មិនសុខចិត្ត ដោយសារជារឿងរបស់គាត់ទេ។ តែអ្វីដែលគាត់មិនសុខចិត្តនេះ សុំឱ្យគាត់មានឯកសារអំណះអំណាង ព្រោះកន្លងមកនេះ យើងបានពិនិត្យឯកសារគាត់ទិញតៗ។ ដូចខ្ញុំជម្រាប សូម្បីតែអាជ្ញាធរភូមិសង្កាត់ក៏អត់មានចុះហត្ថលេខាដឹងឮដែរ។ ពីព្រោះតាំងពីដើមមក អ្នកណាក៏ដឹងថាដីនេះគឺជាដីក្រុមហ៊ុន ផានអ៊ីមិច ដែរ ដែលគាត់ទិញដាក់ឈ្មោះ យី យ៉េត [និង] សំណាង ហ្នឹង ដែលឈរជំនួសគាត់»។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េងហួតគ្រុប លោក ថៃ ជាហួត និងអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន លោក ហៀង ប៊ុនប៉េង បានទេ។
បើតាមតំណាងពលរដ្ឋ ដីទំហំ៥៨ហិកតានោះជាដីលិចទឹកនៅរដូវវស្សា ហើយប្រជាពលរដ្ឋចំនួន២៤១គ្រួសារ ក្នុងនោះ មានជិត១០០គ្រួសារបានកាន់កាប់និងធ្វើការដាំដុះដំណាំផ្សេងៗ ដូចជា ពោត និងសណ្តែក តាំងពីឆ្នាំ១៩៨១មក។ ប៉ុន្តែក្រោយមក នៅឆ្នាំ១៩៩៦ លោកស្រី ស៊ុយ សុផាន បានស្នើសុំទិញដីពីប្រជាពលរដ្ឋដើម្បីអភិវឌ្ឍកសិកម្ម ដែលកាលនោះស្ថិតក្នុងដែនរដ្ឋបាលក្រុងកៀនស្វាយ ខេត្តកណ្តាល ហើយក៏ទទួលបានចំណារយល់ព្រមពីលោក ឈុន ស៊ីរុន ដែលជាអភិបាលខេត្តកាលនោះ។
ប្រភពដដែលបន្តថា ក្រោយពីទទួលការឯកភាព លោកស្រី ស៊ុយ សុផាន ក៏បានគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានធ្វើបណ្ណកម្មសិទ្ធិដី ដោយមិនបានទិញពីប្រជាពលរដ្ឋដោយផ្ទាល់នោះទេ ដែលធ្វើឱ្យកើតមានទំនាស់ជាបន្តបន្ទាប់ រហូតដល់ប្តឹងឡើងតុលាការនៅឆ្នាំ២០០៨ និងបន្តដល់បច្ចុប្បន្ន៕