ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ញូញៀនមិន​យក​សំណង​ ខណៈ​អាជ្ញាធរ​បើក​ដំណើរការ​ដោះស្រាយ

ពលរដ្ឋមកពីស្រុកបទុមសាគរ ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន (UDG) មកតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាសុំដំណោះស្រាយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​​មួយចំនួនដែលកំពុងមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បដិសេធទទួលយកសំណង ខណៈអាជ្ញាធរ​បើក​ដំណើរការ​ដោះស្រាយជុំវិញ​វិវាទ​ដីធ្លី​នេះ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លីជូនពលរដ្ឋប្រមាណ១ ៣៣៣គ្រួសារដែលកំពុងរងផលប៉ះ​ពាល់​ពីគម្រោងអភិវឌ្ឍន៍​របស់ក្រុមហ៊ុន ញូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តនេះ។

អ្នកស្រី សាំង ពុយ ជាប្រជាពលរដ្ឋរស់​នៅឃុំកោះស្តេច ស្រុកគិរិសាគរ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា អ្នកស្រីមិនអាចទទួលយកសំណងតាមការដោះស្រាយរបស់អាជ្ញាធរនៅពេលនេះទេ ដោយសារការដោះស្រាយនេះពុំមានតម្លាភាព និងសំណងនោះមិនសមរម្យ។

ពលរដ្ឋរូបនេះអះអាងថា គ្រួសារអ្នកស្រីមានដីទំហំ៨ហិកតា មានបណ្ណកម្មសិទ្ធិ​ ពេញ​ដោយដំណាំហូបផ្លែ ខណៈ​ម្តាយ​អ្នកស្រីមា​នដីទំហំ១២ហិកតា ប៉ុន្តែ​ការដោះស្រាយជា​គោលនយោបាយ​របស់អាជ្ញាធរ​ពេលនេះ គឺមួយគ្រួសារ​បានតែ​២ហិកតា​ប៉ុណ្ណោះ ទោះ​​គ្រួសារនោះមានដីទំហំប៉ុណ្ណាក៏ដោយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ពេញចិត្តទេ ចំពោះការដោះស្រាយបែបនេះ។ ខ្ញុំធ្លាប់បានសំណូមពរច្រើនលើកច្រើនសារហើយ​ ឱ្យដោះស្រាយតាមទំហំដីជាក់ស្តែង តាមស្ថានភាព តាមភូមិសាស្ត្រ តាមការកាន់កាប់។ តែចេញលទ្ធផលមកអ៊ីចឹង គឺក្រុមខ្ញុំមិនអាចទទួលយកបានទេ។ ហើយមួយទៀត ការដោះស្រាយនេះអត់មានការជួបប្រជុំឬពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ទេ គឺមកដល់គាត់ប្រកាសអ៊ីចឹង​តែម្តង អត់មានជួប​ជុំឬបង្ហាញដីដែលត្រូវដោះដូរហ្នឹងទេ»

លោក សែម ធី ជាពលរដ្ឋនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលអះអាងថា​មានដីជាង​៨ហិកតា​ និងមាន​បណ្ណ​កម្ម​សិទ្ធិត្រឹមត្រូវ បាននិយាយ​ថា គ្រួសារ​លោក​មិន​អាច​ចាក​ចេញពីភូមិចាស់បានទេ ប្រសិនបើការដោះស្រាយនោះមិនបានផ្តល់សំណងសមរម្យ។

លោកបន្ត​ថា ការចុះដោះស្រាយរបស់អាជ្ញាធរពេលនេះហាក់មានការគាប​សង្កត់មកលើពលរដ្ឋឱ្យទទួលយក​សំណងទាំងបង្ខំចិត្ត។ លោកបានទាមទារការដោះស្រាយទៅតាមតម្លៃទីផ្សារ។

លោកបន្ថែមថា៖ «សម្រាប់ខ្ញុំ អត់ចាកចេញទេ សុខចិត្តប្តូរស្លាប់រស់នៅហ្នឹងហើយ ទោះគេចេញអស់ក៏ដោយ ពីព្រោះការដោះស្រាយនេះអត់សមស្រប។ ការដោះដូរនេះ គឺខ្ញុំមិនអាចទទួលបានទេ»

អ្នកស្រី ព្រាប រដ្ឋា នៅឃុំព្រែកខ្សាច់ម្នាក់ទៀតដែលមានដីលំនៅឋាន និងចម្ការត្រឹមតែជាង៦០អា ក៏មិនព្រមចាកចេញពីភូមិចាស់ដែរ ដោយបារម្ភខ្លាចជួបការលំបាកនិងបាត់បង់មុខរបរ ខណៈប្រជាពលរដ្ឋមួយចំនួនដែលទទួលបានការដោះស្រាយនាពេលកន្លងមក បានជួបការលំបាកដោយបាត់បង់មុខរបរនិងធ្លាក់ចុះនូវជីវភាពជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ព្រម ដោយសារខ្ញុំស្រឡាញ់ទីតាំងរបស់ខ្ញុំ ខ្ញុំចង់រកអ្វីក៏បាន។ មួយទៀត ខ្ញុំឃើញគំរូចាស់របស់អ្នកភូមិនៅឃុំភ្ញីមាសដែលគាត់ទៅហើយ។ ហើយគាត់បានត្រលប់មករកស៊ីកន្លែងចាស់វិញ ដែលពីមុនពួកគាត់ក៏គេឱ្យដី២ហិកតានិងលុយខ្លះអ៊ីចឹង​ដែរ ហើយគេធ្វើទាំងផ្ទះឱ្យនៅទៀត។ ប៉ុន្តែនៅតែមាន​ពលរដ្ឋខ្លះមករកស៊ីកន្លែងចាស់ទៀត ហើយជីវភាពរបស់ពួកគាត់ធ្លាក់ខ្លាំងមែនទែន។ បើនិយាយពីកន្លែង​ខ្ញុំ​នេះ ខ្ញុំរកស៊ីផ្លូវគោកក៏បាន ផ្លូវសមុទ្រក៏បាន។ ម្ហូប បើខ្ញុំអត់លុយដោះ ក៏ខ្ញុំរកម្ហូបឆ្ងាញ់បានស៊ីដែរ ព្រោះខ្ញុំរកខ្លួនឯង​បាន។ ទៅកន្លែងថ្មី ទៅរកអីណាបាន? នៅលើភ្នំហ្នឹង មានទឹកឯណា​រកត្រី មានសមុទ្រឯ​ណារ​កក្តាមរកខ្យង»

បើតាមអ្នកស្រី ព្រាប រដ្ឋ ការចុះដោះស្រាយផលប៉ះពាល់ដីធ្លីរបស់អាជ្ញាធរពាក់ព័ន្ធនៅពេលនេះ គឺមានពលរដ្ឋតិចតួច​ប៉ុណ្ណោះដែលបានឯកភាពទទួលយកសំណងនេះ។ អ្នកស្រីថា អ្នកទទួលយកនោះភាគច្រើន​ជាពលរដ្ឋទទួលបានសំណង​ម្តងរួចហើយ ដែលពួកគេជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែមប៉ុណ្ណោះ។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុង កំពុងដំណើរការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ចំនួន៣ប្រភេទ។

អាជ្ញាធរខេត្តកោះកុង បញ្ជាក់ថា ប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនចំនួន២៤៧គ្រួសារ ប្រភេទទី២ ជាប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋានឬខុសភូមិឃុំចំនួន២៥៥គ្រួសារ និងប្រភេទទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែមចំនួន៨៣១គ្រួសារ។

សេចក្តីជូនដំណឹងដដែលនេះអះអាងថា ក្នុងចំណោមពលរដ្ឋទាំង៣ប្រភេទនេះ ពលរដ្ឋភាគច្រើន​បានយល់​ព្រមនិងចុះកិច្ចសន្យាទទួលការដោះស្រាយជាគោលនយោបាយ​របស់រដ្ឋាភិបាល ហើយថា អ្នកដែលព្រមទទួលយកការដោះស្រាយជាគោលនយោបាយនេះ អាជ្ញាធរនឹងរៀបចំចាប់ឆ្នោតយកដីឡូត៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ ចំណែក​អ្នកមិនទទួលយក នឹងធ្វើការចាប់ឆ្នោតពេលក្រោយទៀត។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុទ្ធី បានទេ នៅថ្ងៃពុធនេះ។

ប៉ុន្តែកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ អ្នកនាំពាក្យរូបនេះបានដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដីទំហំ២ ៥០០ហិកតា ស្ថិត​នៅចន្លោះ​ទីតាំងដីក្រុមហ៊ុន ញូញៀន និងតំបន់សេដ្ឋកិច្ចពិសេស (អតីតដីក្រុមហ៊ុនឋានសួគ៌) ស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីឈូសឆាយ​ធ្វើជាដីឡូត៍​ដោះស្រាយ​ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ការដោះស្រាយនេះ អាជ្ញាធរបានកំណត់ទៅលើអាទិភាព​ចំនួន៣ ដោយអាទិភាពទី១ ទទួលបាន​៣ហិកតា​កន្លះ​ និងលុយជាង៩ ០០០ដុល្លារ, ​ទី២ ទទួលបាន២ហិកតា និងទី៣ អ្នកដែលទទួលបានសំណងហើយ គឺទទួលបានដី១ហិកតា។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការកំណត់លក្ខខណ្ឌឱ្យពលរដ្ឋទទួលបានសំណងដូចៗគ្នាបែបនេះ ខណៈពលរដ្ឋខ្លះមានដីក្នុងទំហំដ៏ច្រើននោះ គឺ​មិនមានតម្លាភាពឡើយ ហើយថា ពលរដ្ឋភាគច្រើន នឹងមិនទទួលយកការដោះស្រាយបែបនេះ​ឡើយ។ លោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធពិចារណាក្នុ​ងការដោះស្រាយជូនពលរដ្ឋឡើងវិញ ដោយជួបពិភាក្សាជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋធ្វើការដោះស្រាយទៅតាមទំហំដីជាក់ស្តែងរបស់ប្រជាពលរដ្ឋនីមួយៗ។

លោកបន្ថែមថា៖ «បើសិនជានៅតែកំណត់ការដោះស្រាយអ្នកនៅក្នុងមូលដ្ឋាន អ្នកនៅក្រៅមូលដ្ឋាន ការដោះស្រាយហ្នឹងមិនអាចបញ្ចប់ទេ។ ការលើកឡើងថា ពួកគាត់រស់នៅលើដីឧទ្យាន រស់នៅខុសភូមិ ខុសឃុំ ខុសស្រុក ការលើកហេតុផលទាំងនេះហើយដែលធ្វើឱ្យការដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន​មិនបានបញ្ចប់ជាស្ថាពរ ពីព្រោះថា កម្មសិទ្ធិឯកជន​ត្រូវបានរដ្ឋធានា ហើយបើកម្មសិទ្ធិឯកជននោះផ្តល់ទៅឱ្យឯកជន​វិនិយោគ ពលរដ្ឋត្រូវតែទទួលបានសំណងនៃការដោះស្រាយហ្នឹងឱ្យសមរម្យទៅតាមតម្លៃទីផ្សារដីជាក់ស្តែង ទៅតាមគ្រួសារនីមួយៗ។ យើងមិនអាចកំណត់បែបនេះបានទេ»

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​៣​៦ ០០០​​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន Union​ Development​ Group​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​និង​រមណីយដ្ឋាន​ទេសចរណ៍។

របាយ​កា​រ​ណ៍​និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ ​រក​​ឃើញ​ថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិននេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​១​ ១៤៣គ្រួសារ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង១ម៉ឺន​ហិ​កតា​ និង​ផ្ទះ១ ៥០០ខ្នង​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ