រដ្ឋា​ភិបាល​ជួល​ទីតាំង​៤​កន្លែង​ក្នុង​តំបន់​ការពារ​នៅ​ខេត្ត​កោះកុង​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ខ្នាត​តូច

មន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត និងមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងដែលក្រុមហ៊ុនស្នើសុំអភិវឌ្ឍជាទេសចរណ៍ធម្មជាតិខ្នាតតូច (ក្រោម១០ហិកតា) ចំនួន៤គម្រោង ស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីចុងខែកញ្ញា ឆ្នាំ២០២១។ (រដ្ឋបាលខេត្តកោះកុង)

​រដ្ឋាភិបាលជួលទីតាំង៤កន្លែង​ក្នុងតំបន់ការពារ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ទៅឱ្យក្រុមហ៊ុនឯកជនមួយអភិវឌ្ឍជាតំបន់ទេសចរណ៍ខ្នាតតូច។

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែ​តុលា ឆ្នាំ២០២១ អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា និងរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បានចុះពិនិត្យមើលទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន៤គម្រោង ដែលមានទំហំដីក្រោម១០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មបាំង នៃខេត្តកោះកុង។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនឯកជនមួយ​ បានសុំជួលដីពីរដ្ឋក្រោម១០ហិកតា ដើម្បីអភិវឌ្ឍធ្វើតំបន់ទេសចរណ៍ធម្មជាតិចំនួន៤គម្រោង។ លោកថា ពាក់ព័ន្ធការស្នើសុំនេះ រដ្ឋបាលខេត្តនិងមន្ត្រីក្រសួងបរិស្ថានបានធ្វើកំណត់ហេតុដាក់ទៅ​អភិបាលខេត្តនិងមន្ត្រីក្រសួង​បរិស្ថាន​រួចហើយ​ នៅចាំតែការសម្រេចប៉ុណ្ណោះ។

លោកបន្ថែមថា៖ «មន្ត្រីជំនាញយើងបានពិនិត្យរួចហើយ គម្រោងអភិវឌ្ឍន៍ វាអត់មានប៉ះពាល់បរិស្ថានទេ​ បើប៉ះពាល់បរិស្ថាន ក៏យើងមិនអនុញ្ញាតដែរ។ បើគម្រោងហ្នឹងអត់ប៉ះពាល់បរិស្ថានទេ អ៊ីចឹង​គម្រោងនេះវាទៅមុខហើយ»។ 

អភិបាលរងខេត្តរូបនេះបន្ថែមថា ក្រោមគម្រោងអភិវឌ្ឍន៍នេះ លោកបានស្នើដល់ម្ចាស់គម្រោងសិក្សាឱ្យបានច្បាស់​លាស់ ​ត្រូវកាត់បន្ថយជាអតិបរមាលើធនធានធម្មជាតិនិង​ជីវចម្រុះ គិតគូរលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអនុញ្ញា​តឱ្យធ្វើការឈូសឆាយតាមគោលការណ៍តែ៣០ភាគរយ នៃទំហំដែលបានអនុញ្ញាតប៉ុណ្ណោះ។

កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន ក៏បាន​ចុះពិនិត្យមើលទី​តាំង​​ស្នើសុំជួលដីរដ្ឋទំហំជាង៣៦ហិក​តា ក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន ស្ថិតនៅឃុំជ្រោយ​ប្រស់ ស្រុក​កោះកុង ទៅឱ្យក្រុមហ៊ុនឯកមួយដើម្បីវិនិយោគវារីវប្បកម្ម បង្កាត់​ពូជ​ត្រី និង​ចិញ្ចឹមក្ដាម​​សមុទ្រ រយៈពេល១៥ឆ្នាំ។

ពាក់ព័ន្ធករណី​នេះ ​មន្ត្រីសង្គមស៊ីវិលប្រចាំខេត្តកោះកុង បាន​​សាទរ​​ប្រសិនជាការអភិវឌ្ឍ​នោះផ្តល់ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋ ប៉ុន្តែពួកគេក៏បារម្ភពីផលប៉ះពាល់បរិស្ថានផងដែរ ប្រសិន​បើគម្រោងនោះអាជ្ញាធរមិនបានសិក្សាឱ្យបានច្បាស់លាស់និងតាមដាននូវការអនុវត្តគម្រោងឱ្យ​បានម៉ត់ចត់ទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ