លោក ស ខេង៖​ យន្តការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ទុក​ផ្លូវ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​យុត្តិធម៌

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកមន្ត្រីឱ្យ​យកចិត្តទុកដាក់ដោះស្រាយ​វិវាទ​នានា​ក្រៅ​ប្រ​ព័​​ន្ធ​តុលាការ ដែលថា​ ការ​នេះបាន​ទុកផ្លូវឱ្យពលរដ្ឋទទទួលបានយុត្តិធម៌។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង នាថ្ងៃចន្ទនេះ លោក ស ខេង បានថ្លែងថា ការដោះ​ស្រាយ​បញ្ហាក្រៅប្រព័ន្ធតុលាការជាយន្តការមួយត្រូវយកចិត្តទុកដាក់ ព្រោះវាបានទុកផ្លូវឱ្យពល​រដ្ឋ​ទទួលបានយុត្តិធម៌។

លោក​បាន​គូសបញ្ជាក់ថា កន្លងទៅ លោកបានបង្កើតហ្វេសប៊ុកនិងក្រុមការងារសម្រាប់ទទួលយកមតិយោបល់ រួមទាំងសំណូមពរនានាយកមក​ដោះស្រាយ ទទួលបានផលល្អ ដែល​លោកថា មកដល់ពេលនេះមាន​ជិ​ត១ ០០០ករណីហើយ​ត្រូវបានដោះស្រាយ។

លោកថា៖ «មិនមែនមានន័យថា យើងធ្វើអ៊ីចឹងមិនទុកចិត្ត​រដ្ឋបាលនៅនឹងកន្លែងទេ មិនមែនមានន័យអ៊ី​ចឹង​ទេ ក៏ប៉ុន្តែជាការបង្កលក្ខណៈ​ឱ្យមានជម្រើស។ ជួនកាលដោះស្រាយ​នៅកន្លែងណាមួ​យ​នោះ​មិន​បា​ន ឬវា​មិន​យុត្តិធម៌ យើងទុកផ្លូវឱ្យគាត់ បើដោះរបៀបហ្នឹងមិនបានទេ មានផ្លូវមួយទៀត។ ខ្ញុំគិតថា យើ​​ងត្រូ​​វហ៊ានបើក​ចំហ ដើម្បីទទួលយកមតិយោបល់របស់ប្រជាពលរដ្ឋ»។

ក្នុងពិធីនោះដែរ អតីតអភិបាលខេត្តកំពង់ធំ ដែលត្រូវផ្លាស់មកកាន់មុខតំណែងជាអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានប្តេជ្ញាចិត្តថា នឹងអនុវត្តតាមការចង្អុលបង្ហាញនេះ ដើម្បីធានាកម្មសិទ្ធិស្របច្បាប់ជូនប្រជាព​លរដ្ឋ​នៅមូលដ្ឋានរបស់ខ្លួន។

លោកថា៖ «ដើម្បីឆ្លើយតបឱ្យស័ក្តិសមពីជំនឿទុកចិត្ត​ពីប្រមុខរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ ខ្ញុំសូមប្ដេជ្ញាដូចតទៅ […] ជំរុញសេវាសាធារណៈ តាមរយៈយន្តការច្រកចេញចូលតែមួយ […] បន្តខិតខំដោះស្រា​យ​​ទំ​នាស់​ដីធ្លីនិងទំនាស់ផ្សេងៗទៀតក្រៅប្រព័ន្ធតុលាការ ដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ប្រ​​ជា​ពលរដ្ឋ»។

អ្ន​កសម្របសម្រួលគម្រោងធុរកិច្ចនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា សារ​ន​យោបាយនេះជាជម្រើសល្អមួយ ខណៈអ្នកតវ៉ាដីធ្លីខ្លះត្រូវបានគេចាប់ដាក់ពន្ធនាគារ ក្រោមបទចោ​ទ​ប្រកាន់​​ផ្សេងៗ ក្រោយពីពួកគេ​តវ៉ាប្រឆាំងនឹងការបណ្ដេញចេញទាំងបង្ខំ នៅពេលគម្រោងអភិវឌ្ឍន៍ទៅដល់។ ប៉ុន្តែលោកថា សារនយោបាយនេះនឹងមិនអាចធានាផលប្រយោជន៍ពលរដ្ឋទេ បើខ្វះ​ប្រព័ន្ធតាមដានការ​អនុវត្តនោះ។

លោក សុផាត លើកជា​ឧទាហរណ៍ថា ករណី​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​៣០​នាក់ ពាក់​ព័ន្ធ​គម្រោងកសាង​ព្រលាន​យន្តហោះ​ថ្មីនៅខេត្តកណ្ដាលជាដើម ដែលករណីនេះ លោកថា ពលរដ្ឋ​ជាម្ចាស់កម្ម​សិទ្ធិត្រូវបានចាប់ឃុំខ្លួនមួយរយៈ ក្រោយ​ពីពួកគេមិនព្រមទទួលយកសំណងដែលតម្រូវដោយអា​ជ្ញាធរនិងក្រុមហ៊ុន OCIC។

លោកថា៖ «ដូចយើងឃើញស្រាប់ហើយ បញ្ហាព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលអ៊ីចឹង អាជ្ញាធរ​ភា​គ​ច្រើនធ្វើការដើម្បីដាក់សម្ពាធពលរដ្ឋឱ្យប្រគល់ដីឱ្យទៅក្រុមហ៊ុន ប្រគល់ដីឱ្យឈ្មួញដែលមានអំ​ណា​ចមា​នទ្រព្យសម្បត្តិអីវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ