នាវា​ចម្បាំង​មួយ​គ្រឿង​របស់​អូស្ត្រាលី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

នាវាចម្បាំង HMAS Anzac ដែលនឹងមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។(ហ្វេសប៊ុកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា)។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំងមួយគ្រឿងរបស់ខ្លួន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក​រវាងប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាមួយចំនួនទៀត។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៧ខែតុលានេះថា នាវាចម្បាំងនោះមានឈ្មោះថា HMAS Anzac នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា។

ប្រភពដដែលបន្តថា អូស្រ្តាលីរីករាយក្នុងការនាំយកសកម្មភាពចូលរួមក្នុងតំបន់របស់ខ្លួន ដែលមានឈ្មោះថាសកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ Indo-Pacific Endeavour2021 ត្រលប់មកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។

នាវាចម្បាំង HMAS Anzac នឹងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ដែលជាផ្នែកមួយនៃ សកម្មភាពចូលរួមក្នុងតំបន់របស់នាវាបញ្ជាការ IPE 21។

អូស្ត្រាលីបន្ថែមថា នាវា HMAS Anzac ក៏បាននាំយកមកជាមួយនូវសម្ភារៈការពារផ្ទាល់ខ្លួន (PPE) និងសម្ភារៈវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួនទៀត ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទំព័រហ្វេសប៊ុកអូស្ត្រាលី សរសេរថា៖« ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសសម្រាប់យើង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកជាក់ស្តែងរបស់យើង និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព និងសន្តិសុខស្ត្រី តាមរយៈសិក្ខាសាលាអនឡានដែលនឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ»។

ប្រទេសលោកសេរីមួយនេះបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចរបស់កងនាវាចរភូមិន្ទអូស្រ្តាលី លើកដំបូងមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ហើយនឹងធ្វើដំណើរទស្សនកិច្ចដោយគ្មានការប៉ះពាល់ផ្ទាល់ ដោយសារជំងឺកូវីដ-១៩។

យ៉ាងណាអូស្ត្រាលី ក៏មិនភ្លេច​អរគុណ​កម្ពុជាឡើយ ចំពោះការជួយសម្រួលដល់ដំណើរទស្សនកិច្ចនេះ ក្នុងពេលកំពុងតែមានបញ្ហាប្រឈមនានាក្នុងការរៀបចំដោយសារតែជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ