ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​រក​អន្តរាគមន៍​ពី​លោក ទៀ បាញ់ ជួយ​ដោះស្រាយ​ដីធ្លី

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ចូលរួម​ក្នុង​ពិធី​ប្រគល់​-ទទួលអំណោយ​វ៉ាក់សាំង SAR​-CoV​-2 (Sinopharm​) ពី​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ទៀ បាញ់​)

ប្រជាពលរដ្ឋ៣០នាក់ តំណាងឱ្យ​៣០គ្រួសារ​​ ដែលកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ស្ថិតនៅស្រុកបទុម​សាគរ និង​ស្រុកគិរី​សាគរ ​ខេត្តកោះកុង រក​កិច្ច​​អន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លី​ជូនពលរដ្ឋ​ប្រមាណ១ ៣៣៣គ្រួសារដែលកំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុមហ៊ុន ញូញៀន និងបានព្រមាន​ពីការមិនទទួលខុសត្រូវលើការបាត់បង់ផលប្រយោជន៍ ចំពោះពលរដ្ឋណាដែលមិនព្រមមកចាប់ឆ្នោះយកដីឡូត៍​តាមការកំណត់របស់អាជ្ញាធរផងដែរ។

ក្នុងញត្តិដាក់ទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈ​រដ្ឋបាល​ខេត្ត​កោះ​កុង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១​នេះ ក្រុម​ពលរដ្ឋ​បានលើក​ឡើង​​ថា ការចុះដោះស្រាយផលប៉ះពាល់ដីធ្លីរបស់រដ្ឋបាលខេត្តកោះ​កុង និង​អាជ្ញាធរជាតិ​ដោះ​ស្រាយ​ទំនាស់ដីធ្លី ពុំមានតម្លាភាពនិងយុត្តិធម៌សម្រាប់ពួកគាត់ឡើយ ខណៈពួកគាត់ប៉ះពាល់ដីចម្ការក្នុងចំនួនច្រើន ដែលដី​បានកាន់កាប់​ស្របទៅតាមច្បាប់ត្រឹមត្រូវ​ និងអាស្រ័យផលជាក់ស្ដែង។

​អ្នកស្រី សាំង ពុយ ជាប្រជាពលរដ្ឋរស់​នៅឃុំកោះស្ដេច ស្រុកគិរីសាគរ និងជាពលរដ្ឋប្រភេទទី២ ដែលបាន​ទៅប្រមូល​ផ្ដុំដាក់ញត្តិនៅមុខរដ្ឋបាល​ខេត្តកោះកុង នៅព្រឹកថ្ងៃអង្គារនេះ ជាមួយពលរដ្ឋប្រមាណ៣០​នាក់​ទៀត បាន​និយាយថា ការដោះស្រាយរបៀបនេះ អ្នកស្រីមិនអាចទទួលបានយកបានឡើយ ដោយសារគ្រួសារអ្នកស្រីបានប៉ះពាល់​ដីចម្ការទំហំ​ជាង​២០ហិកតា ប៉ុន្តែការផ្ដល់សំណងមកវិញត្រឹមតែដី២ហិកតានោះ។

អ្នកស្រីបន្តថា ពលរដ្ឋទាមទារការដោះស្រាយតាមទំហំដីជាក់ស្ដែង និងកាត់ឆ្វៀលដីលំនៅឋានរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍។

អ្នកស្រីបន្ថែមថា៖​ «ពួកយើងមិនអាចទទួលយក​បាន ដោយសារពលរដ្ឋប្រភេទទី២ គោលនយោបាយបាន​ដី​២ហិកតា ប៉ុន្តែដីពួកយើងខ្លះមានចំនួនច្រើន ហើយការដោះដូរដីទៅកន្លែងថ្មី ពួកគាត់មិនអាចទៅរស់នៅបាន ដោយគ្មានមុខរបរ។ ឥលូវយើងមកដាក់ញត្តិ​​សុំឱ្យសម្ដេច ទៀ បាញ់ និង​ក្រុមការងារ​ដោះស្រាយ​នេះ​ ពិចារណាឡើងវិញ ចំពោះពលរដ្ឋដែលពួកគាត់មិនអាចទទួលយការដោះស្រាយនេះបាន។ ពួកគាត់​ចង់ឱ្យដោះស្រាយតាមទំហំដីជាក់ស្ដែង មានដំណាំផ្សេងៗ និងកាត់ឆ្វៀលដីលំនៅឋានចេញពីគម្រោង​អភិវឌ្ឍន៍នេះ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ទិត្យ តេន រស់នៅឃុំព្រែកខ្សាច់ និងជាពលរដ្ឋប្រភេទទី២ដែរនោះ​ អះអាងថា គ្រួសារអ្នកស្រីប៉ះពាល់ដីចំនួន២កន្លែង ដោយដីលំនៅឋាន ៣០អា នៅឃុំព្រែកខ្សាច់ និង​ដីចម្ការ ៦៩ហិកតា នៅឃុំភ្ញីមាស ប៉ុន្តែការផ្ដល់សំណងជាគោលនយោបាយត្រលប់មកវិញ បានដីត្រឹមតែ ២ហិកតា ប៉ុណ្ណោះ។

ពលរដ្ឋរូបនេះបានបង្ហាញការខកចិត្តចំពោះអាជ្ញាធរពាក់ព័ន្ធដែលចុះដោះស្រាយ ដែលមានការបែងចែកពលរដ្ឋជាប្រភេទទី១ ទី២ និងទី៣ ដោយមិនដោះស្រាយតាមទំហំដីជាក់ស្ដែងជូនពលរដ្ឋ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនព្រមទទួលការដោះស្រាយនេះ ដោយសារខ្ញុំមានដីច្រើន ដោះដូរមិនមានតម្លាភាព មិនយុត្តិធម៌ជាមួយពួកខ្ញុំ។ អាជ្ញាធរនិយាយថា ពួកខ្ញុំនៅក្រៅឃុំ ប៉ុន្តែពេលគាត់ដោះនៅក្រៅឃុំ គាត់មក​យកក្នុងភូមិរបស់ពួកខ្ញុំដែរ។ គាត់អត់ប្រកាន់ថា​ក្រៅថាក្នុងណា! អ៊ីចឹង​​គាត់ដូចជាយកប្រៀបលើប្រជាពលរដ្ឋខ្លាំងពេក អ៊ីចឹង​​ខ្ញុំមិនអាចទទួលយកបាន។ ខ្ញុំមានដីជាង៦០ហិកតា មកដោះដូរយកដី២ហិកតា តើវាយុត្តិធម៌សម្រាប់ខ្ញុំអត់?»

បើតាមរដ្ឋបាលខេត្តកោះកុង យុទ្ធនាការដោះស្រាយដីធ្លីជូនពលរដ្ឋដែលកំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុមហ៊ុន ញូញៀន នេះ អាជ្ញាធរបានបែងចែកពលរដ្ឋជា៣ប្រភេទ ដែលផ្ដល់សំណងជាគោល​នយោបាយកំណត់ដោយ​​រដ្ឋាភិបាល។

រដ្ឋបាលខេត្តកោះកុង បញ្ជាក់​ថា​ ពលរដ្ឋប្រភេទទី១ មាន​២៤៧គ្រួសារ ជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគ​របស់ក្រុមហ៊ុន ដែលត្រូវទទួលបានសំណងដីលំនៅឋានទំហំ០,៥ហិកតា ដី​ចម្ការ​ទំហំ៣ហិកតា និងថវិកា៩ ០០០ដុល្លារ ខណៈពលរដ្ឋប្រភេទទី២ មាន២៥៥គ្រួសារ ជាអ្នករស់នៅខុសមូលដ្ឋាន ឬខុសភូមិឃុំ ត្រូវទទួលបានសំណងដី២ហិកតា បើទោះបីពលរដ្ឋទាំងនោះមានទំហំដីប៉ះពាល់ប៉ុនណាក៏ដោយ និងពលរដ្ឋប្រភេទទី៣ មាន៨៣១គ្រួសារ ជាអ្នក​ស្នើសុំគោលនយោបាយបន្ថែម ដែលត្រូវទទួលបានសំណង១ហិកតា។

វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង និងអ្នកនាំពាក្យ​​រដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បានទេ​ នៅថ្ងៃអង្គារនេះ។

ប៉ុន្តែលោក សុខ សុទ្ធី ធ្លាប់ប្រាប់ វីអូឌី ថាពលរដ្ឋណាមិនពេញចិត្តនិងមិនទទួលយកសំណង​នៃការដោះស្រាយនេះ វាជារឿងរបស់ពួកគេ ពីព្រោះការដោះស្រាយនេះជា​គោលនយោបាយរបស់រដ្ឋាភិបាល។

បើតាមពលរដ្ឋ រដ្ឋបាលខេត្តកោះកុងបានទទួលយកញត្តិរបស់ពួកគេ និងបានសន្យាថានឹងបញ្ជូនញត្តិនោះទៅឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិនិត្យនិងពិចារណាលើការតវ៉ា​នេះ។ ពលរដ្ឋបន្តថា ប្រសិនបើពុំមានការឆ្លើយតបនិងគ្មានដំណោះស្រាយទេ ពួកគេនឹងនាំគ្នាយកញត្តិទៅដាក់ដល់ក្រសួងការពារជាតិទៀត។

ពាក់ព័ន្ធករណីនេះ មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មាន​ប្រសាសន៍ថា បើ​អាជ្ញាធរពាក់ព័ន្ធដោះស្រាយមិនមានតម្លាភាពនិងមិនឈរលើគោលការណ៍​យុត្តិធម៌​ទេ នឹងធ្វើឱ្យប្រជាពលរដ្ឋមិនអាចទទួលយក​បាន ហើយ​ពួកគាត់​​​នឹងផ្ទុះ​ការតវ៉ា ដែលធ្វើ​ឱ្យ​​​ការដោះស្រាយនោះមិនអាចបញ្ចប់បានឡើយ។ លោកបានស្នើដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិចារណាឡើង​វិញ ដោយជួបពិភាក្សា​ជាមួយពលរដ្ឋណាដែលមិនព្រមទទួលសំណងនោះ ដើម្បីរកដំណោះស្រាយមួយ​ដែលអាចទទួល​បាន​ទាំង​អស់គ្នា។

លោកបន្ថែមថា៖ «ដើម្បីដោះស្រាយឱ្យបានជោគជ័យ ទាល់តែការដោះស្រាយនោះ​ឈរលើគោលការណ៍​យុត្តិធម៌ ហើយ​ប្រជាពលរដ្ឋ​ត្រេក​អរក្នុងការទទួល​យកសំណោះស្រាយ។ វាមិនមែនជាការចាប់បង្ខំ​ឱ្យប្រជាពលរដ្ឋ​ទទួល​​យក​​ដំណោះ​​ស្រាយ​​ទេ។ បើ​មិនទទួល គឺលែងទទួលខុសត្រូវ អ៊ីចឹង​បង្ហាញ​ថា អាជ្ញាធរ​គ្មាន​​ឆន្ទៈក្នុងការដោះស្រាយជូនប្រជាពលរដ្ឋទេ។ ហើយការធ្វើបែបនេះ បង្ហាញថា អាជ្ញាធរគិតប្រយោជន៍ក្រុមហ៊ុនជាជាងប្រយោជន៍ប្រជាពលរដ្ឋ ហើយដំណោះស្រាយបែបនេះនឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែរងទុក្ខ​និង​កាន់​វេទនា»

រដ្ឋបាលខេត្តកោះកុង​ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ធ្លាប់បានព្រមានពីការមិនទទួលខុសត្រូវលើការបាត់បង់ផលប្រយោជន៍ ចំពោះពលរដ្ឋណាដែលមិនព្រមមកចាប់ឆ្នោះយកដីឡូត៍​តាមការកំណត់របស់អាជ្ញាធរផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ