ករណីពាក់ឯកសណ្ឋានយោធាខុសច្បាប់ អ្នកឃ្លាំមើលស្នើឱ្យប្រើវិធានការច្បាប់ស្មើភាព

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត អមមកជាមួយនឹងកូនប្រុស ដើរក្នុងពិធីប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិន និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

អ្នកតាមដានសង្គមយល់ថា ការដែលអ្នកដឹកនាំក្នុងវិស័យកងកម្លាំងអនុញ្ញាតឱ្យបក្ខពួកខ្លួនប្រើប្រាស់ឯកសណ្ឋានកងកម្លាំងខុសច្បាប់​ ហើយបែរជារិះគន់និងប្រើវិធានការច្បាប់តែលើអ្នកដទៃដែលប្រព្រឹត្តនូវទង្វើដូចគ្នា វាគឺជាការប្រាសចាកពីគំរូភាព និងប៉ះពាល់តម្លៃដល់ស្ថាប័ន ដោយសារអ្នកដឹកនាំខ្លួនឯងអនុវត្តច្បាប់តែទៅលើគេ តែមិនមើលនូវចំណុចខ្វះខាតរបស់ខ្លួន ដែលនេះមិនបានឆ្លុះបញ្ចាំងនូវប្រទេសនីតិរដ្ឋ។

ការយល់ឃើញនេះធ្វើឡើងក្រោយបុរសម្នាក់ដែលពាក់ឯកសណ្ឋានយោធា ចេញវីដេអូនៅលើបណ្ដាញសង្គម រិះគន់លោក ហ៊ុន ម៉ាណែត។ បន្ទាប់មក ស្ថាប័នកងកម្លាំងកម្ពុជាជាបន្តបន្ទាប់ បានចេញសារថ្កោលទោសថាបុរសម្នាក់នេះក្លែងបន្លំឯកសណ្ឋាន ហើយគ្រោងប្តឹងបុរសនេះទៅតុលាការ ខណៈមហាជនក៏បានប្រៀបធៀបករណីនេះទៅនឹងរូបភាពដែលកូនប្រុសលោក ហ៊ុន ម៉ាណែត វ័យក្រោម១០ឆ្នាំ ក៏បានពាក់ឯកសណ្ឋានយោធាឡើងវេទិកាផ្លូវការជាមួយឪពុកដែរ។

ក្រោយរងការថ្កោលទោស បុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានកងកម្លាំងផ្កាយ៣ និងមានឈ្មោះនៅលើស្លាកអាវថា «ឡុង សុគន្ធារៈ» ហើយត្រូវគេដឹងថារស់នៅក្រៅប្រទេស បានចេញវីអូមួយទៀតនៅថ្ងៃទី២៤ ខែមករា ដោយបញ្ជាក់ថា ឯកសណ្ឋាននេះ គឺលោកបានទិញពីផ្សារ។

លោក ឡុង សុគន្ធារៈ ថា៖ «ខ្ញុំប្រកាសថាខ្ញុំទិញពីផ្សារ ខ្ញុំអត់បាននិយាយតាំងខ្លួនជាកងយោធពលខេមរភូមិន្ទ ហើយថាខ្ញុំជាឧត្តមសេនីយ៍អត្តលេខប៉ុន្មាន អីប៉ុន្មាន! ក្នុងកងយោធពលខេមរភូមិន្ទ។ ខ្ញុំ live នេះ ខ្ញុំចង់បញ្ចេញប្រតិកម្មរិះគន់ទៅ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ បើខ្ញុំនិយាយក្នុងវីដេអូហ្នឹងក្នុងនាមខ្ញុំជាកងយោធពលខេមរភូមិន្ទ នោះទើបខ្ញុំវាខុស»។

លោកចោទជាសំណួរទៅកាន់អ្នកថ្កោលទោសលោក ជាពិសេសក្រុមគ្រួសារលោក ហ៊ុន សែន ថាចុះការដែលអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានយកកូនប្រុសអាយុមិនដល់១០ឆ្នាំ មកពាក់ឯកសណ្ឋានកងកម្លាំងឈរលើវេទិកាផ្លូវការក្នុងពិធីរបស់រដ្ឋ ឱ្យមនុស្សចាស់ដែលមានឋានៈតួនាទីគោរពកូនរបស់ខ្លួន តើយ៉ាងម៉េចវិញ?

លោក ឡុង សុគន្ធារៈ បន្តថា៖ «ចុះបើចង់ថ្កោលទោស អាម៉េចក៏មិនថ្កោលទោសក្មួយខ្លួនឯង? ចៅខ្លួនឯង? ហេតុអីបានវាទាល់តែ [គ្នាឯង?] ដល់ពេលអាងតែគ្នាឯង កូនអ្នកណាក៏ដោយ ចង់ពាក់សណ្ឋានកងកម្លាំងប្រដាប់អាវុធក៏បានដែរ អ៊ីចឹងហ្អី? ប្រជាជនខ្មែរអត់បានទេហ្អី?»

ការចេញវីដេអូមួយនេះក៏ធ្វើឡើងក្រោយស្ថាប័នកងកម្លាំងកម្ពុជាចេញលិខិតជាបន្តបន្ទាប់ថ្កោលទោសលោក ដោយថា លោកបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរសក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ ប្រាប់វីអូឌីនៅថ្ងៃទី២៦ ខែមករានេះថា នឹងចាត់វិធានការតាមច្បាប់ ការបន្លំឯកសារ ទទួលទោស មិនអាចលើកលែងឱ្យបានទេ។

លោកបន្តថា បើទោះបុគ្គលនោះនៅក្រៅស្រុកក៏ពិតមែន តែសមត្ថកិច្ចនឹងរកគ្រប់វិធីដើម្បីចាត់ការបុគ្គលនោះទៅតាមផ្លូវច្បាប់។

លោក ថោង សូលីម៉ូ ប្រាប់ថា តាមច្បាប់គឺមិនខ្វល់ទេ ថាបុគ្គលនោះបានប្រកាសមុនថាឯកសណ្ឋាននោះបានពីណា។

យ៉ាងណា មន្ត្រីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទរូបនេះថា ករណីបុគ្គលនេះ គឺមិនអាចប្រៀបធៀបនឹងករណីកូនប្រុសលោក ហ៊ុន ម៉ាណែត បានទេ ដោយថា លោក ហ៊ុន ម៉ាណែត ជាជនស្គាល់ច្បាប់ទម្លាប់។

លោកថា៖ «យើងមិនមែនយកមកប្រៀបធៀបនូវអ្វីដែលកូនរបស់ឯកឧត្តមធ្វើទេ ហើយយើងយកមកធ្វើទេ។ អាហ្នឹងគឺយើងនៅក្នុងមនុស្សដែលស្គាល់ច្បាប់ទម្លាប់របស់គាត់ ហើយបើអ៊ីចឹងយើងថានរណាក៏ធ្វើបាន អ៊ីចឹងចាំបាច់បង្កើតមានច្បាប់មកធ្វើអីអ៊ីចឹង? […] មិនមែនជាការប្រកាន់បក្ខពួកទេ ច្បាប់គឺជាច្បាប់សម្រាប់មនុស្សទូទៅ។ ប៉ុន្តែយើងចង់ថា អារឿងការយល់របស់គាត់យ៉ាងម៉េច អាហ្នឹងរឿងអ៊ីចឹងហើយ។ ប៉ុន្តែយើងនៅកម្ពុជា យើងអនុវត្តទៅតាមច្បាប់របស់យើង ហើយគាត់មានពាក់ឯកសណ្ឋាន មានការគ្រោងទុករបស់គាត់ អ៊ីចឹងអាហ្នឹងគឺថាគាត់ត្រូវទទួលខុសត្រូវហើយ»។

រីឯអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ ប្រាប់វីអូឌីនៅថ្ងៃទី២៧ ខែមករា ថា បើទោះជាឯកសណ្ឋានកងកម្លាំងនោះទិញពីណាក៏ដោយ បើពាក់ក្នុងបំណងទុច្ចរិត ប៉ះពាល់ដល់សន្តិសុខជាតិ កិត្តិយសកងទ័ព ពាក់ប្រមាថដល់ថ្នាក់ដឹកនាំ នោះគឺជារឿងមិនអាចទទួលយកបាន។

លោកថា សម្រាប់ទោសទណ្ឌលើបុគ្គលឈ្មោះ «ឡុង សុគន្ធារៈ» នេះ គឺអាស្រ័យលើអ្នកច្បាប់ពិចារណាទៅតាមបទចោទប្រកាន់ទោសទណ្ឌទៅតាមច្បាប់ និងលក្ខន្តិកៈ។

មន្ត្រីក្រសួងការពារជាតិរូបនេះថា តាមគោលការណ៍ គឺមិនអនុញ្ញាតឱ្យមានការស្លៀកឯកសណ្ឋាន ហើយប្រើពាក្យមិនសមរម្យលើថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលដែលមានព្រះរាជក្រឹត្យពីអង្គព្រះមហាក្សត្របានឡើយ។

លោកបដិសេធនូវការលើកឡើងថា ការប្រើវិធានការច្ប​ាប់មានការប្រកាន់បក្ខពួករវាងករណីបុគ្គលនេះ ហើយនិងករណីកូនប្រុសលោក​ ហ៊ុន ម៉ាណែត ដែលស្លៀកឯកសណ្ឋានកងកម្លាំងបង្ហាញជាផ្លូវការ ទាំងដែលពួកគេទាំង២ មិនមែនជាយោធិន​។

លោកថា ករណីកូនរបស់លោក ហ៊ុន ម៉ាណែត គឺគាត់ជាកុមារ ហើយគ្រាន់តែស្លៀកពាក់ថតជាអនុស្សាវរីយ៍លេងសើចទេ និងមិនបានធ្វើសកម្មភាពប្រឆាំងនឹងតួនាទីថ្នាក់ដឹកនាំឡើយ ដូច្នេះករណីនេះមិនជាបញ្ហាទេ។

លោក ឈុំ សុជាតិ មានប្រសាន៍ថា៖ «គាត់អត់មាននិយាយចោទប្រកាន់ ឬជេរប្រមាថនៅឯណា! គ្រាន់តែពាក់ក្នុងនាមជាកុមារ លេងសើចទេ ជាអនុស្សាវរីយ៍ មិនអីទេ!​ យើងអាចទទួលបាន។ ប៉ុន្តែយើងយកសម្លៀកបំពាក់ទៅគ្រង ហើយយើងធ្វើសកម្មភាពប្រឆាំងនឹងតួនាទីថ្នាក់ដឹកនាំ រឿងអ៊ីចឹងយើងមិនអាចអត់ឱនបាន។ ដូចខ្ញុំជម្រាបពីដើមអ៊ីចឹង គ្រាន់តែយើងពាក់ យើងវាស្រឡាញ់កងទ័ព យើងពាក់ទៅ។ តែកុំពាក់សក្តិធំពេក យើងពាក់ធម្មតាទៅ មានអី!»

អ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា លោក វ៉ន ចាន់ឡូត លើកឡើងថា ការប្រើប្រាស់ឯកសណ្ឋានយោធាដោយគ្មានការអនុញ្ញាត ខណៈបុគ្គលណាមួយមិនមែនជាយោធិនដែលទទួលស្គាល់ជាផ្លូវការ នោះជារឿងមិនត្រឹមត្រូវ។ យ៉ាងណា លោកថា បើសិនទាក់ទិនករណីអប់រំ ដែលមានទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ គឺអាចប្រើប្រាស់បាន។

លោកថា ឯកសណ្ឋានបានពីណាគឺមិនសំខាន់ តែអ្វីដែលសំខាន់គឺការអនុវត្តតាមច្បាប់ប្រទេសមួយ។

បែបនេះក្តី លោកថា ការដែលអ្នកធ្វើការក្នុងវិស័យកងកម្លាំងរិះគន់បន្តុះបង្អាប់អ្នកដទៃ ហើយមិនមើលពីចំណុចខ្វះខាតរបស់ខ្លួន គឺជាការប្រាសចាកពីគំរូភាព និងភាពជាអ្នកដឹកនាំ។

លោកថា៖ «នៅក្នុងការអនុវត្តច្បាប់ វាត្រូវតែមាននូវភាពស្មើគ្នា មិនមែនបានន័យថាយើងរិះគន់អ្នកដទៃ ប៉ុន្តែខ្លួនឯងក៏បានបំពាន ហើយមិនសម្លឹងមើលខ្លួនឯង អាហ្នឹងក៏អត់ត្រឹមត្រូវដែរ។ ហើយសំខាន់បំផុត គឺអ្នកដែលនៅក្នុងវិស័យស្នូលហ្នឹង វិស័យចម្បងហ្នឹង ដែលត្រូវបង្ហាញជាភាពជាគំរូទៅកាន់មហាជន។ ឧទាហរណ៍ថា យើងមានកូន តែគ្នាមិនទាន់គ្រប់អាយុ ពេលដែលយើងចេះតែប្រើប្រាស់រូបភាពជាផ្លូវការ ខ្ញុំគិតថាវាក៏ដូចជាមិនសមរម្យ ហើយក៏មិនត្រឹមត្រូវដែរ។ ហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់ថា អ្នកដែលធ្វើការនៅក្នុងវិស័យហ្នឹង ឬក៏អ្នកដឹកនាំនៅក្នុងវិស័យហ្នឹង គឺត្រូវបង្ហាញភាពជាគំរូ មុននឹងយើងបន្តុះបង្អាប់ទៅកាន់អ្នកដទៃ ឬក៏យើងរិះគន់ ឬក៏ថ្កោលទោសចំពោះអ្នកដទៃហ្នឹង»។

លោកបន្តថា តែកាលណាមានការប្រព្រឹត្តកំហុសពីសំណាក់អ្នកដឹកនាំខ្លួនឯង នោះវាមិនត្រឹមតែមិនបានផ្តល់ភាពគំរូប៉ុណ្ណោះទេ តែវានឹងប៉ះពាល់តម្លៃដល់ស្ថាប័ន ដោយសារថ្នាក់ដឹកនាំប្រព្រឹត្តខុសដោយខ្លួនឯង មិនព្រមកែតម្រូវ ហើយបែរជាប្រើអំណាចដាក់ទោសទណ្ឌលើតែអ្នកដទៃ។ ដូច្នេះ វាជារឿងមិនត្រឹមត្រូវ ហើយក៏មិនបានឆ្លុះបញ្ចាំងនូវប្រទេសនីតិរដ្ឋថែមទៀត។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ករណីនេះគឺ «បើទំពក់មិនទៅ ព្នៅមិនមក»។ លោកថា ក្នុងសង្គមកម្ពុជាធ្លាប់មានគំរូមិនល្អ ដូច្នេះវាបានបណ្តាលឱ្យមានកំហុសឆ្គងដែលអនុញ្ញាតឱ្យរឿងនេះកើតឡើងក្នុងចំណោមកងកម្លាំង។

លោកមើលឃើញថា ការដែលកុមារមានអាយុមិនដល់១០ឆ្នាំ បានស្លៀកឯកសណ្ឋានបែបនេះបង្ហាញនៅកម្មវិធីផ្លូវការ បានបង្កើតនូវទម្លាប់អាក្រក់ឱ្យអ្នកដទៃធ្វើតាម បើទោះឪពុកម្តាយជាអ្នករៀបចំឱ្យកូនស្លៀកពាក់ ដើម្បីលើកតម្កើងជំរុញឱ្យកូនក្លាយជាកងកម្លាំងនាពេលអនាគតក៏ដោយក្តី។

បើទោះជាយ៉ាងណា អ្នកតាមដានសង្គមរូបនេះថា បើស្ថាប័នពាក់ព័ន្ធពិតជាផ្តល់តម្លៃឱ្យច្បាប់មែន ស្ថាប័នត្រូវតែអនុវត្តដោយស្មើភាពគ្នា និងដោយគ្មានការរើសអើង។

លោក សេក សុជាតិ ថា៖ «ចំណុចនេះ យើងគួរតែពិចារណា បើសិនជាយើងផ្តល់តម្លៃឱ្យច្បាប់ យើងត្រូវតែអនុវត្តដោយស្មើភាពគ្នា។ អ៊ីចឹងក្នុងករណីដែលអ្នកកាន់ច្បាប់ ហើយអនុវត្តច្បាប់ដោយមានភាពលម្អៀងណាមួយ វាគឺជាបញ្ហារបស់អ្នកដែលគ្រប់គ្រង ឬក៏អ្នកកាន់ការច្បាប់ហ្នឹងផងដែរ។ ដូច្នេះហើយសម្រាប់ខ្ញុំ បើសិនជាមានអ្នកដែលអាចគិតថាប្រព្រឹត្តផ្ទុយអំពីច្បាប់ដែលកងយោធពលខេមរភូមិន្ទមានចែង គួរតែអនុវត្តដោយស្មើភាពគ្នានៅចំពោះមុខច្បាប់ ដោយមិនមានការរើសអើង»។

មាត្រា៦១២ នៃច្បាប់ក្រមព្រហ្មទណ្ឌ ចែងថា «បទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ ២លានរៀល លើអំពើស្លៀកពាក់ជាសាធារណៈដោយគ្មានសិទ្ធិស្លៀកពាក់ នូវសំលៀកបំពាក់ ឯកសណ្ឋាន ឬគ្រឿងឥស្សរិយយសសម្រាប់អាជ្ញាធរសាធារណៈ។

កាលពីថ្ងៃទី២៣ និង២៤ ខែមករា ក្រសួងការពារជាតិ, កងទ័ពជើងគោក និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតថ្កោលទោស និងប្រតិកម្មថា បុគ្គលឈ្មោះ ឡុង សុគន្ធារៈ បានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរសក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។

ប្រភពទាំងនោះចាត់ទុកទង្វើបុគ្គលនេះថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។ ក្នុងនោះ ស្ថាប័នទាំងនោះអះអាងពីគម្រោងប្តឹងទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសជនឈ្មោះ ឡុង សុគន្ធារៈ នេះទៅតាមផ្លូវច្បាប់។ ប៉ុន្តែអ្នកឃ្លាំមើលវិញ ចង់ឃើញការអនុវត្តច្បាប់ឱ្យមានភាពស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ