WFP ថា​កម្មវិធី​ផ្ដល់​អាហារ​ពេលព្រឹក​តាម​សាលា​នៅ​ជនបទ​បាន​ត្រលប់​មកវិញ ស្របពេល​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីអង្គការ​​កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅកម្ពុជា លើកឡើងថា កម្មវិធីផ្ដល់អាហារ​ពេលព្រឹកដល់​​កុមារនៅតាមសាលារៀននៅតំបន់ជនបទ បានចាប់ផ្ដើមដំណើរការឡើងវិញ ស្រប​ពេល​ដែល​សាលា​រៀន​នៅ​ទូទាំងប្រទេស​​បើកដំណើរការឡើងវិញ ហើយ​កម្មវិធីនេះនៅតែ​ជាផ្នែកមួយជួយលើកទឹកចិត្តកុមារ​ឱ្យមកសាលា​រៀន​​បាន​ជាប់​លាប់ ​ដោយ​ការ​ទទួល​បាន​អាហារ​សម្បូរជីវជាតិ និងជួយជីវភាពពលរដ្ឋនៅតាមសហគមន៍តាមរយៈការទទួលទិញកសិផលធម្មជាតិរបស់ពួកគាត់។

មន្ត្រីផ្នែកទំនាក់ទំនងនិងរបាយការណ៍កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការ​សហប្រជា​ជាតិ​ប្រចាំកម្ពុជា លោកស្រី ជា ជូ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កម្មវិធីអាហារតាម​សាលារៀននេះត្រូវ​បាន​​ធ្វើឡើងតាមរយៈការជ្រើសរើសសាលាណាដែលមានភាពក្រីក្រនិងលំបាកនៅក្នុងសហគមន៍។

លោកស្រីបន្ថែមថា៖ «យើងធ្វើកម្មវិធីហ្នឹងឡើង គឺមើលឃើញថា [ទី១] វាជួយទាក់ទងនឹងការរៀនសូត្ររបស់គាត់ ដូចថាជួយឱ្យឪពុកម្ដាយគាត់មានទឹកចិត្តក្នុងការបញ្ជូនកូនមករៀន។ ហើយពេលកូនគាត់មករៀន ដោយសារគាត់មានអីញ៉ាំអ៊ីចឹងទៅ គាត់មករៀនជាប់លាប់។ [ទី២] ហើយម្យ៉ាងទៀត អាហារដែលគាត់ញ៉ាំហ្នឹង វាសម្បូរជីវជាតិ ដែលមានបន្លែ មានសាច់ ហើយយើងមានសួនបន្លែសាលារៀន ដើម្បីបង្រៀនពួកគាត់ពីអាហារូបត្ថម្ភរបស់អាហារ»។

លោកស្រីបន្ថែមថា ​ការធ្វើអាហារតាមសាលារៀននេះ គឺមានការផ្គត់ផ្គង់គម្រោង ដោយទិញបន្លែ ត្រី សាច់ ពីកសិករខ្នាតតូចដែលដាំ​និងចិញ្ចឹមនៅតាមផ្ទះតិចតួច ហើយ​​ការធ្វើបែបនេះ WFP ជឿថា អាចជួយផ្គត់ផ្គង់និងចូលរួមកសាងជីវភាពរបស់កសិករខ្នាតតូចនៅក្នុងសហគមន៍ផងដែរ។

លោកស្រី ជា ជូ ប្រាប់ថា ជាមធ្យម កម្មវិធីស្បៀងអាហារពិភពលោក ចំណាយថវិកាចន្លោះពី១០ទៅ១២លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់​កម្មវិធីផ្ដល់អាហារពេលព្រឹកដល់កុមារតូចៗនៅសាលារៀន។ លោកស្រីថា កម្មវិធី​ឧបត្ថម្ភ​កុមារ​នេះត្រូវបាន WFP ផ្ដើមធ្វើនៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ ហើយក្រោយមកបានសហការ​ជាមួយ​រដ្ឋាភិបាល​តាម​រយៈក្រសួងអប់រំ។

មន្ត្រីផ្នែកទំនាក់ទំនងរូបនេះបន្តទៀត​​ថា ខេត្តដែលកម្មវិធីស្បៀងអាហារពិភពលោក និងរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសហការផ្ដល់អាហារតាមសាលារៀននៅក្នុងខេត្តចំនួន១០ ដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ ជាដើម។

អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែវិច្ឆិកានេះ​ថា បច្ចុប្បន្ន សាលារៀននៅទូទាំងប្រទេសត្រូវបានបើកឡើងវិញ ហើយអាហារតាមសាលាក៏ត្រលប់មកវិញដែរ ក្នុងនោះ UN លើកជាសំណួរថា «តើមានអ្វីដែលប្រសើរជាងការចាប់ផ្ដើមថ្ងៃចូលរៀនដំបូងជាមួយអាហារពេលព្រឹកក្ដៅៗដែលសម្បូរដោយជីវជាតិសម្រាប់កុមារតូចៗនោះ?»

UN ប្រចាំកម្ពុជា សរសេរថា៖ «កម្មវិធីអាហារតាមសាលាបានចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស និងជួយដល់កុមារ ៣០០ ០០០នាក់ នៅសាលារៀនចំនួន១ ១១៣ ក្នុងខេត្តចំនួន​១០ ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ក្រោមជំនួយឧបត្ថម្ភពីកម្ពុជា អាមេរិក កូរ៉េ និងជប៉ុន»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍តាមតេឡេក្រាមនៅ​ថ្ងៃ​នេះ​ថា អាហារូបត្ថម្ភល្អចូលរួមលើកកម្ពស់គុណភាពរៀននិងបង្រៀន ថែមទាំងធ្វើឱ្យគុណភាពជីវិតរឹតតែប្រសើរ។

លោកសរសេរថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភនិងសុខភាពរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព។ ក្រសួងអប់រំ យុវជន និងកីឡា សូមអបអរសាទរជាមួយអង្គការស្បៀងអាហារពិភពលោកដែលបានបន្តលើកកម្ពស់អាហារូបត្ថម្ភ»។

លោកបន្ថែមថា ក្រសួងអប់រំកំពុងបន្តលើកកម្ពស់​ជីវភាពមាតាបិតានិងកុមារតូច ជាពិសេស​ដើម្បីដោះស្រាយ​កង្វះ​អាហារូបត្ថម្ភកុមារមួយចំនួនតូច ដោយធ្វើការអនុវត្តប្រកាសអន្តរក្រសួងស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារមានបណ្ណសមធម៌ ឬបណ្ណអាទិភាព។

​ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ការផ្ដល់អាហារហូបចុកដល់កុមារតូចៗនៅតាមសាលារៀននេះ គឺជារឿងដ៏ល្អ។ យ៉ាងណា លោកស្រីថា អ្នកផ្គត់ផ្គង់ក៏ត្រូវស្វែងរកបន្លែ ត្រី សាច់ និងគ្រឿងផ្សំដែលមានសារៈប្រយោជន៍ ពោលគឺអាហារដែលសមរម្យនឹងជួយសុខភាពកុមារឱ្យបានប្រសើរ។

លោកស្រីមានប្រសាសន៍ថា៖ «អ្វីដែលល្អប្រសើរមួយទៀត គឺពួកគាត់ចំណេញ ដោះស្រាយពីបញ្ហានៅផ្ទះ ងាយស្រួលមិនបាច់ឪពុកម្ដាយរៀបចំនំចំណីឬម្ហូបអាហារនោះទេ ដោយសារតែមានសាលាផ្គត់ផ្គង់ហើយ។ ហើយអង្គការក៏ត្រូវតែតាមដានការផ្ដល់ជាអាហារហូបចុកហ្នឹង ពិនិត្យមើលរាល់សកម្មភាពទាំងអស់ហ្នឹងដែរ ដើម្បីបញ្ចៀសអំពើពុករលួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ