អាជ្ញាធរ​ថា​ជន​ភៀស​ខ្លួន​អាហ្វ​ហ្គា​នី​ស្ថាន​ចំនួន​១៥​នាក់​បាន​មក​ដល់​កម្ពុជា

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ Inter-Agency Standing Committee (IASC))

មន្ត្រីក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលលើកឡើងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ ដែលរដ្ឋាភិបាល​អនុញ្ញាតឱ្យ​មកស្នាក់នៅបណ្ដោះអាសន្ន​ក្នុងប្រទេសកម្ពុជា បានមក​ដល់ចំនួន១៥នាក់ហើយ ​កាល​ពី​យប់​មិញនេះ។

អនុប្រធានលេខារបស់ក្រុមការងារចំពោះកិច្ច ដើម្បីទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន លោក ជុង រ៉ាវុធ ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី ១៧ខែវិច្ឆិកានេះថា ជនភៀសខ្លួន​អាហ្វហ្គានីស្ថានដំបូងដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ​ចំនួន ១៥នាក់ ​បានមក​ដល់កម្ពុជាហើយ។

លោក ជុង រ៉ាវុធ ថា៖ «[ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ១៥នាក់] គាត់មក [ដល់កម្ពុជា] យប់មិញ។ គាត់មក ព្រោះ​ថា​គោល​ការណ៍​រដ្ឋាភិបាលយើងគឺទទួលក្នុងនាមមនុស្សធម៌ ទទួលពួកគាត់មក​ស្នាក់នៅ [គឺ] ឈប់​ចត​បណ្តោះ​អាសន្ន។ [ពួកគាត់ និងគ្រួសារ សរុបចំនួនប៉ុន្មាននាក់ដែល​នឹងមក​កម្ពុជា] យើងអត់ទាន់មានតួលេខច្បាស់លាស់ទេ ព្រោះការងារ​ហ្នឹង​វាដូរ​ពីមួយ​ផ្នែក​ទៅ​មួយ​ផ្នែក​ទៅតាមការស្នើសុំ»។

លោកថា ក្រុមការងារចំពោះកិច្ចកំពុងពិចារណាពីទីតាំងសម្រាប់ឱ្យ​ពលរដ្ឋអាហ្គានីស្ថានទាំងនោះ​ស្នាក់​នៅ ខណៈបច្ចុប្បន្នពួកគាត់ទាំងនោះកំពុងស្នាក់នៅផ្ទះជួលដែលអាជ្ញាធរខ្មែររៀបចំ​ឱ្យស្នាក់​បណ្តោះ​អាសន្ន​ រីឯព័ត៌មានលម្អិតផ្សេងទៀតលោកមិនទាន់អាចជម្រាបជូនបាននៅឡើយ។

​នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានប្រកាសរួចហើយ ក្នុងការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានឱ្យស្នាក់នៅបណ្តោះអាសន្ននៅកម្ពុជាដើម្បីរង់ចាំចេញទៅប្រទេសទី៣។

លោក អំ សំអាត បន្តថា ការប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាននេះ រដ្ឋាភិបាលចង់បង្ហាញថាកម្ពុជាមានមនុស្សធម៌ សម្រាប់ទទួលយកពួកគេ និង​បង្ហាញថាជនទាំងនោះរងការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិមនុស្ស ដូច្នេះការទទួលយកពួកគេ គឺដើម្បីបង្ហាញពីការលើកកម្ពស់សិទ្ធិមនុស្សផងដែរ។

លោក អំ សំអាត និយាយថា«ខ្ញុំឃើញថារាជរដ្ឋាភិបាលលោកកំណត់ចំនួនមនុស្សហើយ ថាដូចជាទទួលចំនួនប៉ុន្មានរយនាក់អ៊ីចឹងណា។ ប៉ុន្តែប្រសិនជាលើសវាអាស្រ័យទៅលើការចរចា ប៉ុន្តែអាហ្នឹងហើយដែលជាបន្ទុករបស់រដ្ឋាភិបាលសម្រាប់រកកន្លែងឱ្យគេស្នាក់នៅ»។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកជនភៀសខ្លួនពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្ដីសម្រេច​របស់​រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ បាន​ឱ្យដឹង​ថា ក្រុមការងារនេះមាន​លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន។ ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក​​ គៀត ច័ន្ទថារិទ្ធ ជាអនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធានពីររូប និងសមាជិកចំនួន៩រូប។

ក្រុមការងារនេះ មានតួនាទីនិងភារកិច្ចពិនិត្យនិង​សម្រប​សម្រួល​ផ្ដល់​ការ​អនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា ស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងគោលការណ៍សម្រេចរបស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងមានតួនាទីចាំបាច់មួយចំនួនទៀត។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន៣០០នាក់ ដែលជាបុគ្គលិក​អង្គ​ការមូល​និធិ​អាស៊ី និងក្រុមគ្រួសារ ឱ្យមកស្នាក់នៅក្នុងប្រទេសកម្ពុជាជាបណ្ដោះអាសន្ន មុននឹងសម្រេចបញ្ជូនទៅកាន់ប្រទេសទី៣។

ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់អង្គការមូលនិធិអាស៊ី បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមតាលីបង់ ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ភ្លាមៗក្រោយពីសហរដ្ឋអាមេរិកសម្រេចដកកងទ័ពរបស់ខ្លួនចេញពីប្រទេសមួយនេះ កាលពីខែសីហា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ