ពលរដ្ឋ​ខេត្តកណ្ដាល​ផ្អាក​តវ៉ា​បន្ទាប់​ពី​អាជ្ញាធរ​សន្យា​ជួប​ចរចា​រក​ដំណោះស្រាយ​ដីធ្លី​នៅ​សប្ដាហ៍​ក្រោយ

ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ពលរដ្ឋ​ជាច្រើនគ្រួសារ រស់​នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានផ្អាកការ​តវ៉ា​នៅ​មុខសាលា​ឃុំ ក្រោយពីអាជ្ញាធរស្រុក​សន្យាជួបចរចា​រកដំណោះស្រាយរឿង​សំណងផលប៉ះពាល់ដីធ្លី ក្រោមគម្រោង​អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរបស់​ក្រុម​ហ៊ុន OCIC។

អ្នកភូមិប្រមាណ២០០នាក់ដែលអះអាងថា​ជា​តំណាងឱ្យ​៤១៤គ្រួសារ នៅឃុំអំពៅព្រៃ បាន​នាំគ្នាតវ៉ា​មុខសាលា​ឃុំអំពៅព្រៃ រយៈពេល​៣​ថ្ងៃមក​ហើយ​​ គឺនៅថ្ងៃទី៤ ថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ​នេះ ដើម្បីទាមទារឱ្យ​អាជ្ញាធរ​ឃុំបំភ្លឺជុំវិញដំណោះស្រាយផលប៉ះពាល់ដីធ្លី និងបានព្រមានធ្វើបាតុកម្មមុខសាលាឃុំរាល់ថ្ងៃ ប្រសិន​បើពុំមានដំណោះស្រាយ។

លោក ភោគ ផាន់នី ដែលអះអាងថាជាតំណាងពលរដ្ឋ ប្រាប់ ​វីអូឌី ថាក្រុមពលរដ្ឋបានផ្អាកការតវ៉ាហើយ ក្រោយពីអភិបាលស្រុក​កណ្ដាល​ស្ទឹង លោក អ៊ូច សាវឿន សន្យាជួបចរចា​រកដំណោះស្រាយជាមួយតំណាងពលរដ្ឋនៅដើមសប្ដាហ៍ក្រោយ។

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនជាការចរចានោះពុំបានលទ្ធផលដែលអាចទទួលយកបាន អ្នកភូមិនឹង​នាំគ្នាតវ៉ាមុខ​សាលាឃុំបន្តទៀត រហូតដល់​មានការដោះស្រាយសមរម្យ​​សម្រាប់ពួកគេ។

ពលរដ្ឋរូបនេះអះអាងទៀត​​ថា ពួកគេ៤១៥គ្រួសារនៅឃុំអំពៅព្រៃ និងមានដីទំហំសរុប៨៣ហិកតា បាន​រង​ផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុម​ហ៊ុន ​OCIC តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ គឺពុំទាន់បានការដោះស្រាយសំណង​នៅ​ឡើយទេ ហើយ​ពួកគេ​បាន​ទាម​ទារ​សំណង​ជា​គោល​នយោបាយ ដោយក្នុង១ម៉ែត្រការ៉េ​ តម្លៃ៨ដុល្លារ។

យ៉ាងណា អភិបាលស្រុកកណ្ដាល​ស្ទឹង​​ លោក អ៊ូច សាវឿន ប្រាប់​ វីអូឌី ​កាលពីថ្ងៃទី៣ ខែធ្នូ​ ថា​នៅ​ក្នុង​​ឃុំ​អំពៅព្រៃ ពុំមានដី​សហគមន៍ ឬ​ដីចំណែក​ក្រុម​សាមគ្គី​ទៀតទេ។ លោកថា ដីក្រុម​សាមគ្គីនោះ ត្រូវអាជ្ញាធរវាស់វែងចែក​ជូន​ពលរដ្ឋជា​ឯកជន​អស់​ហើយ​​​តាំង​ពី​ឆ្នាំ​១៩៩០ ហើយ​​អាជ្ញាធរក៏​​​ពុំ​​មាន​​ការ​​ដោះស្រាយ​​សំណង​​​អ្វី​​ជូន​​ពួក​​គាត់​​ទៀត​ឡើយ។

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ