អ្នក​នាំ​ពាក្យ​ថា សហរដ្ឋ​អាមេរិក​នៅតែប្តេជ្ញា​ចិត្ត​គាំទ្រ​ពលរដ្ឋ​កម្ពុជា​និង​ក្តី​ប្រាថ្នា​របស់​ពួកគេ​

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា សហរដ្ឋ​អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​គាំទ្រ​ចំពោះ​ប្រជាជន​កម្ពុជា និង​ក្តី​ប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​មួយ​ដែល​មាន​ភាព​រីកចម្រើន​ខាង​ប្រជាធិបតេយ្យ និង​ឯករាជ្យ។

ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ​ដោយ​បញ្ជា​ឱ្យ​យក​អាវុធ​និង​សម្ភារៈយោធា​អាមេរិក​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យកទៅ​កម្ទេច​ចោល ក្រោយ​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហាម​លក់​អាវុធនិង​សម្ភារៈយោធា​ឱ្យ​កម្ពុជា ដោយ​សម្អាង​ពី​បញ្ហា​សិទ្ធិមនុស្ស អំពើ​ពុករលួយ​ និង​កំណើន​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា។

តែអ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Chad Roedemeier បានប្រាប់​វីអូឌីតាម​ប្រព័ន្ធ​សារអេឡិចត្រូនិច​​អ៊ីម៉ែល​​នៅ​ល្ងាច​​ថ្ងៃទី១០ ខែធ្នូ ម្សិលមិញ​នេះ​ថា អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចង់​ឱ្យ​កម្ពុជា​មាន​ភាព​រីកចម្រើន​ខាង​ប្រជាធិបតេយ្យ និង​ឯករាជ្យភាព។

លោក Chad Roedemeier បាន​ឆ្លើយតប​នឹង​សារអ៊ីម៉ែល​របស់​វីអូឌីយ៉ាងខ្លី​ដែល​មាន​ន័យ​ជាភាសា​ខ្មែរ​ថា៖ «សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញា​ចិត្ត​គាំទ្រ​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណងប្រាថ្នា​របស់​ពួកគេ ដែល​ចង់​បាន​ប្រទេស​មួយ​មាន​ភាព​រីកចម្រើន​ខាង​ប្រជាធិបតេយ្យ​ និងឯករាជ្យ​បន្ថែម​ទៀត»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃម្សិលមិញ បាន​បញ្ជា​ទៅ​អង្គភាព​ប្រដាប់​អាវុធទាំង​អស់ ឱ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់ នូវ​អាវុធ និង​សម្ភារៈយោធា​ដែល​កម្ពុជា​មាន​បច្ចុប្បន្ន ហើយ​ត្រូវ​ប្រមូល​អាវុធ និង​សម្ភារៈយោធា​អាមេរិក​ទាំង​អស់​នោះ ទៅ​រក្សាទុក​ក្នុងឃ្លាំង ឬ​យក​ទៅ​កម្ទេច​ចោល ប្រសិន​បើ​មាន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក កាល​ពីថ្ងៃ​សុក្រ​ថា ការ​សម្រេច​របស់​សហរដ្ឋអាមេរិក លើ​បម្រាម​ការ​លក់​ដូរ​អាវុធ និង​សម្ភារៈយោធា​មក​កម្ពុជា នា​ពេល​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ត្រឹមត្រូវ​នៃការ​សម្រេច​ចិត្ត​របស់​លោក កាល​ពី​ឆ្នាំ១៩៩៤ ដែល​នៅ​ពេល​នោះ លោក​បាន​សម្រេច​ចិត្ត​មិន​ធ្វើការ​ផ្លាស់​ប្តូរ​ប្រព័ន្ធអាវុធ​កម្ពុជា ដែល​មាន​ពេល​នោះ ទៅ​ទិញ​ប្រព័ន្ធ​អាវុធ​អាមេរិក។

ករណី​នេះ លោក​បាន​ចេញ​បទបញ្ជា​ទៅដល់​អង្គភាព​ប្រដាប់​អាវុធ​ទាំង​អស់ ឱ្យ​ត្រួត​ពិនិត្យអាវុធ និង​សម្ភារៈយោធា​របស់​ខ្លួន​ឡើងវិញ​ជា​បន្ទាន់ ហើយ​ប្រសិន​បើ​មាន​អាវុធ និង​សម្ភារៈយោធា​អាមេរិក អង្គភាព​ទាំង​នោះ​ត្រូវ​យក​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​យក​ទៅ​កម្ទេច​ចោលតាម​ការ​ជាក់​ស្តែង។

លោក​បាន​គូស​បញ្ជាក់​ថា៖ «ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​អរគុណ​សហរដ្ឋ​អាមេរិក ដែល​បាន​ជួយបញ្ជាក់​ថា ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ មិន​យល់​ព្រម​ទិញ​អាវុធ​ពី​អាមេរិក ពិត​ជា​ត្រឹមត្រូវ​សម្រាប់​នយោបាយ​ការពារ​ជាតិ​របស់​កម្ពុជា ហើយ​វា​ក៏​ជា​សារព្រមាន​មួយ​ប្រាប់ទៅ​ខ្មែរ ដែល​គ្រប់គ្រង​រាជ​រដ្ឋាភិបាល​ជំនាន់​ក្រោយ ឱ្យ​បាន​ជ្រាប​ថា បើ​ចង់​មាន​ឯករាជ្យភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំប្រើប្រាស់​អាវុធ​របស់​អាមេរិក»

ជាមួយ​គ្នា​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់​ចំណាំ​ដែរ​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រព័ន្ធ​អាវុធ​អាមេរិក​ជា​ច្រើន បាន​ចាញ់​សង្រ្គាម ដូចជា ក្នុង​របបសាធារណ​ខ្មែរ​របស់ លន់ នល់ ដែល​ពេល​នោះ​បាន​ប្រើ​ប្រព័ន្ធ​អាវុធ​អាមេរិក និង​បាន​នាំ​ចូល​អាវុធ​ជា​ច្រើន​មក​កម្ពុជា ហើយ​ធ្វើឱ្យ​កម្ពុជា​ជាប់​បំណុល​ខ្មៅ​នេះ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ថ្មីៗ​នេះ​ទៀត​សោត លោក​ថា អ្នក​ប្រើប្រព័ន្ធ​អាវុធ​អាមេរិក ក៏​បាន​ចាញ់​សង្រ្គាម​នៅ​អាហ្គានីស្ថាន​ដែរ។

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា បាន​លើក​ឡើង​ថា ប្រតិកម្មរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សហរដ្ឋអាមេរិក​នេះ គ្រាន់​តែជា​ការ​រុញ​ទូកបណ្តោយ​ទឹក​ប៉ុណ្ណោះ។ លោកថា ​វាមិន​បាន​ផ្តល់​ផលប្រយោជន៍​ធំដុំ​ដល់​កម្ពុជា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​កាន់​តែ​រុញ​ឱ្យ​ស្ថានការណ៍​និង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​អាមេរិក​ឱ្យកាន់​តែ​ធ្លាក់ចុះ ធ្ងន់ធ្ងរ​ឡើង។

អ្នកស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ បាន​ផ្តល់​យោបល់​ថា អ្វី​ដែល​កម្ពុជា​គួរ​ធ្វើនៅ​ពេល​នេះ គឺ​ព្យាយាម​អត់ធ្មត់ និង​ព្យាយាម​ធ្វើយ៉ាងណា​ឆ្លើយតប​តាម​ផ្លូវ​ការទូត​ជៀសវាង​ការ​ឆ្លើយតប​តាមការ​យល់​ឃើញ ឬ​ចិត្តនឹក​ឃើញ​ម្តងមួយ​ពេលដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​យូអង្វែង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

លោកមាន​ប្រសាសន៍​បន្ថែម​ថា៖ «អ្វីដែល​ខ្ញុំបន្ថែម​ហ្នឹង គ្រាន់​តែ​ថា ក្នុង​កំឡុង​ពេល​ហ្នឹង ជាការ​ប្រកួតប្រជែង​ភូមិសាស្រ្ត​នយោបាយ​រវាង​ចិន​និង​អាមេរិក អីចឹង​ទេ សម្ពាធ​ពី​សហរដ្ឋអាមេរិក​ហ្នឹង​ជា​រឿង​ធម្មតា ដោយ​សារ​កម្ពុជា​ត្រូវបាន​សហរដ្ឋអាមេរិក​មើល​ឃើញ​ថា ជា​សម្ព័ន្ធមិត្ត​របស់​ចិន អីចឹង​សហរដ្ឋ​អាមេរិក​តែងតែ​ដាក់​ទណ្ឌកម្ម ឬ​ក៏ដាក់​សម្ពាធ​មក​លើ​កម្ពុជា ក៏ប៉ុន្តែ​ជាការ​ឆ្លើយ​តប កម្ពុជា​គួរតែ​រក្សា​គោលជំហរ​របស់​ខ្លួន​ហ្នឹង មិន​ឆ្លើយតប​បែបដែល​ហៅថា​អវិជ្ជមាន ហើយ​យើង​គួរថ្លឹងថ្លែង​ពី​ផលប៉ះពាល់ ឧទាហរណ៍​ផលប៉ះពាល់ នៃ​ការ​កម្ទេចអាវុធ​អីចឹង​វាធ្វើ​ឱ្យ​អ្វីដែល​យើង​បាន​ទិញ​អាវុធ​រួច​ហើយ ទី១ ទាក់ទង​ហ្នឹង​លុយកាក់ ទី២ដែល​ខ្ញុំ​និយាយ គឺ​រុញស្ថានការណ៍​ទំនាក់ទំនង​ហ្នឹង​ឱ្យកាន់​តែ​អាក្រក់​ឡើង​រវាង​សហរដ្ឋអាមេរិក​និង​កម្ពុជា»

ប្រតិកម្ម​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​នេះ បាន​ធ្វើឡើង​ចំពេលដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​ លោក Derek Chollet កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​ស្វែង​រកដំណោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ខណៈកម្ពុជា​នឹងត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ