តំណាងអយ្យការ៖ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកកម្ពុជាចូលរួមសវនាការបាន បើលាសញ្ជាតិបរទេស

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង​អតីតមន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែលកំពុងនៅក្រៅប្រទេស អាចមក​​​កម្ពុជា ដើម្បីចូលរួមសវនាការបាន ប្រសិនបើ​ពួកគេបោះបង់ចោល​សញ្ជាតិប​រទេស​ជាមុននោះ។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបន្តបើកសវនាការសំណុំរឿងអតីតមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិចសង្គម ញុះញង់​យោធិនមិន​ឱ្យស្ដាប់បទបញ្ជា និងរួមគំនិតក្បត់»។ ប៉ុន្តែសវនាការនេះ មិនមានវត្តមានអតីតថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងទាំង៨​រូប ​ដើម្បីចូលរួមសវនាការឡើយ ខណៈអ្នកទាំងនោះកំពុងរស់នៅក្រៅប្រទេស និងម្នាក់នៅក្នុងប្រទេសមានជំងឺ​។

មេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំ​ និងសកម្មជនបក្សប្រឆាំងគឺលោក សំ សុគង់ បានលើកនៅក្នុងបន្ទប់សវនាការដោយប្រាប់ទៅចៅក្រមថា កូនក្ដីរបស់លោកទាំង ៧នាក់នៅក្រៅប្រទេស មានឆន្ទៈមកចូលរួម សវនាការនៅរាជធានីភ្នំពេញ ប៉ុន្តែពួកគាត់មិនអាចមកបាន ដោយសារអាជ្ញាធររារាំងមិនឱ្យចូលមកកម្ពុជា។

លោកថា៖ «កូនក្ដីខ្ញុំចង់មកចូលរួមសវនាការ តែមិនអាចមកបាន ដោយសារអាជ្ញាធររារាំង បើសិនជាគាត់អាចចូលរួមតាមវីដេអូបាននោះ គាត់នឹងចូលរួមបំភ្លឺ»

ប៉ុន្តែតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានឡើងឆ្លើយតបនឹង​ការ​លើកឡើង​របស់​លោក សំ សុគង់ ថា​អាជ្ញាធរមិនបានបិទផ្លូវលោក សម រង្ស៊ី លោកស្រី ជូឡុង សូមូរ៉ា លោក អេង ឆៃអ៊ាង លោក ហ៊ូ វ៉ាន់ លោក នុត រំដួល លោកស្រី មូរ សុខហួរ និង​លោក តុ វ៉ាន់ចាន់ នោះទេ ។ លោក​បន្តថា អ្នក​ទាំង ៧នាក់ អាចមកចូលរួមសវនាការបាន បើសិនជាពួកគាត់លាលែងសញ្ជាតិ​បារាំង និងអាមេរិកនោះ។

លោកសេង ហៀង អះអាងថា«ខ្ញុំសុំបញ្ជាក់អាជ្ញាធរមិនបានបិទទេ។ តំណាងស្ថានទូតផ្សេងៗអាចមកបានតើ។ យើងអត់មាន បិទទេ ហើយមានមធ្យោបាយគាត់មកបាន។ លាលែងពីសញ្ជាតិបរទេសទៅ គាត់អាចមកបានហើយ»

ដោយមិនមានវត្តមានរបស់អតីតថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងទាំង ៨នាក់នោះ ចៅក្រមបានឱ្យក្រឡាបញ្ជីអានកំណត់ហេតុរបស់ លោក ហិន ឆាន ដែលបានឆ្លើយរួចហើយ។ ចៅក្រមបានប្រកាសបិទសវនាការ ដោយនឹងបន្តសវនាការសួរដេញដោលលើសមត្ថកិច្ចនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ខាងមុខទៀត។

មេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំ​ និងសកម្មជនបក្សប្រឆាំង លោក សំ សុគង់ បានប្រាប់អ្នកសារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​​សវនាការ​​ថា កាលណាកូនក្ដីរបស់លោក មិនបានចូលរួមសវនាការនៅតុលាការ វាបានបង្ហាញឱ្យ​ឃើញ​​ថា សវនាការជំនុំជម្រះនេះ ធ្វើឡើងមិនមានស្ដង់ដារអន្តរជាតិ និងមិនមានយុត្តិធម៌​​ឡើយ។

លោកថា៖ «អ៊ីចឹងសិទ្ធិរបស់ពួកគាត់ដែលបាត់បង់ ពួកគាត់មិនបានចូលរួមសវនាការ ធ្វើឱ្យការ​សម្រេចទោស ឬសម្រេចសេចក្ដី ពួកគាត់មិនអាចទទួលយកបាន ដោយមានភាពអយុត្តិធម៌សម្រាប់ពួកគាត់»

វីអូឌី មិនអាចសុំការឆ្លើយតបពីអនុប្រធានអតីត​​គណបក្សសង្គ្រោះជាតិ ដែល​កំពុងនិរទេសខ្លួននៅក្រៅ​ប្រទេស​ លោកស្រី មូរ សុខហួរ, លោក ហូ វ៉ាន់ រួមនិងមន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលនៅក្រៅប្រទេស​​បាន​ទេ នៅថ្ងៃទី១៦ខែធ្នូនេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង ៧នាក់ អាចមកចូលរួមសវនាការនៅកម្ពុជា ដើម្បី​ការពារខ្លួននៅចំពោះមុខច្បាប់​បាន លុះត្រាតែស្ថាប័នតុលាការអន្តរាគមន៍ទៅសមត្ថកិច្ចបើកផ្លូវ ដោយ​ការផ្ដល់លិខិតឆ្លងដែន និងឈប់ដាក់បម្រាមលើការធ្វើដំណើរជាដើម។ ​

កន្លងមក លោកសង្កេតឃើញថា អតីតមន្ត្រីជាន់ខ្ពស់ទាំងនោះ មានចេតនាចង់មកចូលរួមសវនាការ ប៉ុន្តែសមត្ថកិច្ច​កម្ពុជា​ហាក់​មិន​បើក​ផ្លូវ​ឱ្យ ខណៈស្ថាប័ន​តុលាការ និងរដ្ឋាភិបាល នូវមិនទាន់បង្ហាញឆន្ទៈក្នុងការបើក​ឱ្យអ្នក​ទាំង​នោះ​វិញមកកម្ពុជាឡើយ។

លោកថា៖ «​​ការធ្វើបែបហ្នឹង បង្ហាញឱ្យឃើញថា ​វាជាការរំលោភគោលការណ៍សិទ្ធិទទួលបានយុត្តិធម៌​ និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដើម្បីធ្វើការការពារខ្លួនតាមផ្លូវតុលាការ។ ចំណុចទាំងអស់នេះ គួរតែដោះស្រាយ បើសិនជាគាត់មានឆន្ទៈ​ថាចង់ឱ្យអ្នកទាំងអស់នោះ មានសិទ្ធិការពារខ្លួន។​ ចំណែកឱ្យមានការលាសញ្ជាតិលាអី អាហ្នឹងដូចអត់មានគោលការណ៍បែបហ្នឹងទេ គឺពាក់ព័ន្ធនឹងករណីប្រកួតប្រជែងផ្នែកនយោបាយនាយករដ្ឋមន្ត្រី ថ្មីៗហ្នឹង អត់មានពាក់ព័ន្ធនឹងការប្ដឹងផ្ដល់ទៅលើបទចោទប្រកាន់ហ្នឹងទេ»។

ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង​ដែលជាប់ចោទ  «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរសន្តិចសង្គម ញុះញង់​យោធិនមិន​ឱ្យស្ដាប់បទបញ្ជា និងរួមគំនិតក្បត់» មានចំនួន ២១នាក់ ក្នុងនោះរួមមាន លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហ៊ូ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ ​ព្រមទាំងមនុស្សមួយចំនួនទៀត។ ​

កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១ ព្រះមហាក្សត្រ​បានឡាយព្រះហស្ថលេខា​រាជា​នុញ្ញាត​ឱ្យ​​ប្រើ​ប្រាស់​វិសោធន​កម្មច្បាប់​ធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ​សម្រាប់​តំណែង​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាសថា​ ការលាលែងសញ្ជាតិបរទេស គឺសម្រាប់អ្នកឥស្សរជននយោបាយដែលមានសញ្ជាតិបរទេស ហើយចង់ប្រកួតប្រជែងយកតំណែងកំពូលៗរបស់ជាតិទាំង៤នេះ តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ