មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​តប​លោក ​សម​ ​រង្ស៊ី​ ដែល​ថា​ដំណើរ​ទស្សន​កិច្ច​លោក​ ហ៊ុន​ ​សែន​ ​ទៅ​មីយ៉ាន់ម៉ា​មិន​តំណាង​ឱ្យ​កម្ពុជា

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចេញប្រតិកម្មតបចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នៅដើមឆ្នាំក្រោយ មិនតំណាងឱ្យ​កម្ពុជានិងអាស៊ាននោះឡើយ។

ប្រតិកម្មនេះធ្វើឡើង ក្រោយពេលអតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅប្រទេសបារាំង លោក សម រង្ស៊ី ​បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៤ខែធ្នូ ហើយលោកទើបផ្សព្វផ្សាយនៅថ្ងៃទី១៥ខែធ្នូ ដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក​ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា​នា​ខែមករា ឆ្នាំ២០២២ខាងមុខនេះ មិនមែនតំណាងឱ្យកម្ពុជា និង សមាគមអាស៊ានឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសនោះ ដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅពេលខាងមុខ របស់ លោក ហ៊ុន សែន បានផ្ទុយពីសេចក្តីសម្រេចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ទាំងស្រុង ដោយសារតែ​អាស៊ានមិនទទួលបានស្គាល់របបយោធាភូមា ក្រោយពីមានរដ្ឋប្រហារកាលដើមឆ្នាំ២០២១នេះ។ ​

សេចក្តីថ្លែងការណ៍អតីតគណបក្សសង្គ្រោះជាតិ ​ថា៖ «លោក ហ៊ុន សែន ពេលធ្វើទស្សនកិច្ច នៅប្រទេសភូមា មិនមែនជាតំណាងឲ្យកម្ពុជា និងឲ្យសមាគមអាស៊ានឡើយ ពីព្រោះរបប ហ៊ុន សែន មិនមែនជាតំណាងឲ្យប្រជារាស្ត្រខ្មែរទេ ដោយសារតែការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់នៅកម្ពុជា ហើយទស្សនកិច្ចលោក ហ៊ុន សែន នៅប្រទេសភូមានេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានទាំងមូល ដែលមិនទទួលស្គាល់របបយោធា នៅប្រទេសភូមា ក្រោយពីរដ្ឋប្រហារ ថ្ងៃ០១ កុម្ភៈ ២០២១»។

​ឆ្លើយតបនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ចាត់ទុកការលើកឡើងរបស់អតីតមេគណបក្សប្រឆាំងលោក សម រង្ស៊ីថា ជាបុគ្គលអវិជ្ជា​ក្នុងការដោះស្រាយបញ្ហា។ លោកបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកមានបទពិសោធន៍ក្នុងដោះស្រាយបញ្ហានយោបាយ ហើយជាអ្នកនាំមុខក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជានាពេលកន្លងមក។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបន្តថា ​ដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា ​ធ្វើឡើងក្នុងនាមជានាយករដ្ឋមន្ត្រីស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដំណើរទស្សនកិច្ចនេះដែរ លោក ផៃ ស៊ីផាន និយាយថា ដើម្បីជួយសម្របសម្រួលដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ផងដែរ។

លោកថា៖« យើងទៅនេះ ក្នុងនាមស្របច្បាប់ ពីព្រោះ​កម្ពុជា ឬក៏សហរដ្ឋអាមេរិក​ ប្រទេសចិន និងប្រទេសដ៏ទៃទៀត ​មានទូតនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា។ ដូច្នេះ មានទំនាក់ទំនងគ្នាហ្នឹង យើងធ្វើតាមក្រឹត្យក្រមបំផុត ​។ ការទៅរបស់លោក[ហ៊ុន សែន] ដើម្បីស្ទាបស្ទង់​​​ ដើម្បីមើលធ្វើយ៉ាងម៉េច ដើម្បីរកដំណោះស្រាយនយោបាយ​ មិនមែនដាក់គំនាបលើភាគីណាមួយទេ គឺចង់ឃើញការបញ្ចប់សោនាដកម្ម​ ដើម្បីផលប្រយោជន៍នៃការរស់រានរបស់មិ​ត្តមីយ៉ាន់ម៉ា។ យើងអត់មានកាន់ជើងអ្នកខាងណាខាងណីទេ»។​ ​

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសមី​យ៉ាន់ម៉ា នាពេលខាងមុខធ្វើឡើងស្របពេលកម្ពុជានឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន​ជាផ្លូវការក្នុងរយៈពេល១ឆ្នាំពេញ​ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ។

កាលពីថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅភ្នំពេញ លោក​ ហ៊ុន សែន ​ បានអះអាងជាថ្មីទៀតថា លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ា នាដើមខែមករា ឆ្នាំ២០២២ ខាងមុខ ដោយគ្មានការប្រែប្រួលឡើយ ហើយក៏គ្មាននរណាម្នាក់អាចហាមលោកបានដែរ។ ​

លោកបញ្ជាក់ថា ដំណើរទស្សនកិច្ច​ទៅប្រទសដែលកំពុងគ្រប់គ្រងអំណាចដោយក្រុមយោធានេះ   ដើម្បីជួយសង្គ្រោះអាស៊ានឱ្យនៅ១០ប្រទេស ត្បិតបើមានតែ៩ប្រទេសលោកថា​ គេមិនហៅអាស៊ានទេ។ តែយ៉ាងនេះលោកប្រមុខ​រដ្ឋាភិបាល​រូបនេះ មិនឱ្យសង្ឃឹមហួសហេតុពេកលើភាពជាប្រធានអាស៊ានរបស់កម្ពុជា តែក៏មិនត្រូវមាក់ងាយពីតួនាទីកម្ពុជានោះដែរ។

​អ្នក​សិក្សា​ស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុន​ណា មានប្រសាសន៍ប្រាប់វីអូឌីកាលពីថ្ងៃអង្គារថា  ​ ប្រសិនបើកម្ពុជា​អាចដើរតួជាអ្នកដឹកដៃ គូជម្លោះនៅភូមាទៅរកតុចរចាបាន កម្ពុជានឹងទទួលបានគុណសម្បត្តិ ឬកិត្តិនាមខ្ពស់លើឆាកអន្តរជាតិ​។

លោក បន្ថែមថា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា កម្ពុជាគួរប្រកាន់ខ្ជាប់​នូវគោលនយោបាយនៃការចរចា ឬ​សម្របសម្រួល​ភាគីជម្លោះទាំងយោធា និងស៊ីវិល តាមយន្តការឈ្នះៗទាំងអស់គ្នា។ លើសពីនេះ លោកថា មុនធ្វើការសម្រេចចិត្តឬ ផ្តល់សម្បទានណាមួយដល់ក្រុមយោធា កម្ពុជា​ត្រូវជជែកពិភាក្សា​ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីស្តាប់យោបល់ និងធ្វើការសម្រេចរួមជុំវិញវិបត្តិនៅ​មីយ៉ាន់​ម៉ា​នេះ​ ជៀសវាង​បង្ក​ភាព​បែក​បាក់ក្នុងចង្កោមអាស៊ាន។

ជាមួយគ្នានេះ ​ កម្ពុជាត្រូវប្រាកដថា រាល់​ដំណោះស្រាយដែលខ្លួនសម្របសម្រួល​លើវិបត្តិនៅមី​យ៉ាន់​ម៉ា​ កើតចេញ​មក​ដោយមិនបម្រើមហិច្ឆតានយោបាយភូមិសាស្ត្រឱ្យមហាអំណាចណាមួយ​ឡើយ ហើយ​ក៏មិន​បម្រើប្រយោជន៍​ភាគីជម្លោះណាមួយនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ