ពលរដ្ឋ​នៅ​ខេត្តកណ្ដាល​នាំគ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​រឿង​ដីធ្លី

ប្រជាពលរដ្ឋ​​ប្រមាណ១០០នាក់ ​​មកពីឃុំ​ចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ​ដែល​មាន​បញ្ហា​ដីធ្លី​​ក្រោម​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​រដ្ឋ​សភារកកិច្ចអន្តរាគមន៍ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ប្រជាពលរដ្ឋ​​ប្រមាណ១០០នាក់ ​​មកពីឃុំ​ចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ​ដែល​មាន​បញ្ហា​ដីធ្លី​​ក្រោម​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​រដ្ឋ​សភា នៅ​​ថ្ងៃ​​សុក្រ​​នេះ ដើម្បី​ស្នើ​ឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះ​ស្រាយ​សំណង​សម​​រម្យ​​ដល់​​ពួក​គាត់។

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៃក្រុម​ហ៊ុន​ អូស៊ីអាយ​ស៊ី (OCIC) របស់លោក​​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ។

អ្នកស្រី អៀង សារី អះអាងជាតំណាង​ពលរដ្ឋ​​មកពីឃុំព្រែកស្លែង បានលើកឡើងថា ការ​ដែល​ពួក​គាត់​​​នាំ​គ្នា​មកតវ៉ានិងដាក់ញត្តិសុំការអន្តរាគមន៍ពីរដ្ឋសភានេះ ដោយសារពួកគាត់អស់​ជំនឿលើអាជ្ញាធរខេត្តនិងរដ្ឋាភិបាលដែលមិនបានផ្ដល់ដំណោះស្រាយសមរម្យដល់​ពួក​គាត់។ អ្នកស្រីបន្តថា ពលរដ្ឋ​ដែលរងផលប៉ះពាល់ ស្នើឱ្យរដ្ឋសភាជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិ​បាល ធ្វើយ៉ាងណា​ដោះស្រាយសំណង​ដីធ្លី​ទៅតាម​តម្លៃទីផ្សារ។

បើតាម​ក្រុមពលរដ្ឋដែលប្រមូលផ្ដុំតវ៉ានោះ ផល​ប៉ះពាល់​នៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុននិង​អាជ្ញាធរផ្ដល់សំណងជូនពួកគាត់​ត្រឹម​តែ៨ដុល្លារក្នុង​មួយ​​ម៉ែត្រការ៉េប៉ុណ្ណោះ ដែលសំណងនេះពួកគេមិនអាចទទួលយកបានទេ ខណៈដីនៅក្បែរ​នោះមានតម្លៃរហូតដល់២០ទៅ ៣០​ដុល្លារក្នុងមួយម៉ែត្រ ហើយ​ថា សំណង​ត្រឹម​៨ដុល្លារនេះក៏មិនអាចទៅដោះដូរឬទិញលក់នៅកន្លែង​​ផ្សេង​​បាន​​ដែរ​​។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីតំណាង​រដ្ឋសភាបានចេញមកទទួលយកញត្តិរបស់ក្រុម​ប្រជា​ពលរដ្ឋ ដោយ​សន្យាថានឹង​ចាត់​មន្ត្រី​ចុះទៅពិនិត្យនិង​សម្របសម្រួល​ស្វែង​រកដំណោះស្រាយ​ជូនពលរដ្ឋ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថានប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​រងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀងដោយមានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

សេចកដីថ្លែងការណ៍នោះ​បន្ត​ថា វិវាទដីធ្លីរវាងក្រុមហ៊ុន OCIC និង​ប្រជាពលរដ្ឋម្ចាស់ដី​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ ក្នុង​ខេត្តកណ្ដាល មានស​ភា​ព​ធ្ងន់ធ្ងរ​ទៅៗ ដោយពុំ​មាន​ការដោះស្រាយសមស្របជូនពលរដ្ឋឡើយ ហើយបានឈានដល់មានការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់​ទ្រាយ​ធំ​រវាង​​សមត្ថកិច្ចនិងប្រជាពលរដ្ឋម្ចាស់ដីនាពេលកន្លង​មក រហូតពលរដ្ឋម្នាក់របួសធ្ងន់ថែមទៀត។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ