គណបក្ស​ពីរ​ទាមទារ​ទៅ គ.ជ.ប ឱ្យ​បង្ហាញ​ឆន្ទៈ​ឯករាជ្យ​ក្នុង​ដំណើរ​បោះឆ្នោត​ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណបក្សក្រៅរដ្ឋាភិបាលចំនួន២ បានរួមគ្នា​ទាម​ទារ​ទៅ​​គណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត (គ.ជ.ប) ឱ្យបង្ហាញពីជំហរឯករាជ្យ ដើម្បីធានាបាននូវការបោះឆ្នោត​ត្រឹមត្រូវនិងយុត្តិធម៌ ហើយ​កាត់​បន្ថយជម្លោះន​យោបាយក្រោយការបោះឆ្នោត។

បើយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២១ របស់​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង​គណបក្សកម្ពុជានិយម បានលើកឡើងថា ក្រោយ​ពី​ពិនិត្យលើ​សេចក្ដីព្រាងបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅ​ឆ្នាំ​២០២២ គឺ​មាន​ការ​កែប្រែបទ​បញ្ជានិងនីតិវិធី​សំខាន់ៗ​មួយចំនួន ដែលជាការព្រួយបារម្ភដល់ភាពត្រឹមត្រូវឬតម្លាភាព នៃការបោះឆ្នោតនៅពេលខាងមុខ។

តាមរយៈការព្រួយបារម្ភនេះ គណបក្សទាំង២បានទាមទារ​ទៅ គ.ជ.ប ឱ្យរក្សាទុកនូវប្រការ ៩, ៣, ១ និង៩​ ដោយចាត់ចែងនូវការចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ជូនភ្នាក់ងារគណបក្សនយោបាយដែលមាន​វត្តមានឃ្លាំមើល ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត​ ការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត រួមទាំងការរាប់សន្លឹកឆ្នោត ជា​ដើម។

គណបក្សទាំង​២ក៏បា​ន​ទាមទារទៅ គ.ជ.ប ឱ្យរក្សាទុកនូវប្រយោគ ១០, ៤, ៣, ១ និង​ចំណុច​មួយ​ចំនួនទៀតដែល​គណបក្សទាំង២នេះសំដៅដល់ការរៀបចំ ការវេចខ្ចប់កញ្ចប់សុវត្ថិ​ភាព​សន្លឹកឆ្នោត ការដាក់កំណត់​ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត រួមទាំងសម្ភារឯកសារបោះឆ្នោតផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម លើកឡើងទៀត​​ថា ប្រសិនជា គ.ជ.ប រក្សាបាន​នូវចំណុចដែលពួកគេទាមទារនេះ នោះ​នឹងអាចរក្សាបាន​នូវ​ការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គណបក្ស​ដែល​ចូល​រួម​ប្រកួតប្រជែង អ្នក​បោះឆ្នោត និង​បញ្ចៀសបាននូវជម្លោះនយោបាយនៅក្រោយការបោះឆ្នោត ជាដើម។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានបញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍​ថា គណបក្សនេះទាមទារឱ្យ គ.ជ.ប រក្សាទុកនូវខ្លឹមសារដដែលនៃសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី​ទាក់​ទង​នឹង​លទ្ធផល​បោះ​ឆ្នោត ដោយចម្លង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ចែក​ជូន​អ្នក​សង្កេត​ការណ៍​របស់គណបក្សនីមួយៗ និង​បិទ​លទ្ធផល​នៃ​ការបោះឆ្នោតនោះ​នៅមុខការិយាល័យរហូតដល់​លទ្ធផល​ជា​ផ្លូវ​ការនៃការបោះឆ្នោតត្រូវបានប្រកាស ដែល​លោក​ថា ចំណុចទាំង២នេះ​ត្រូវបាន គ.ជ.ប លុបចេញពីបទបញ្ជានិងនីតិវិធីសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០២២ហើយ។

លោកបន្ថែមថា៖ «ពួកយើងបារម្ភថា​ ការលុបចំណុចទាំង២ហ្នឹងចេញ គឺវានាំទៅដល់ភាពស្រពេចស្រពិលនៃលទ្ធផលនៃការបោះឆ្នោត ហើយអាចធ្វើឱ្យមានជជែកវែកញែកគ្នា ឬក៏ព្រម​មិនព្រម​ ទាក់​ទង​នឹង​លទ្ធផល​បោះឆ្នោតហ្នឹងជាដើម។ អ៊ីចឹង​ការរក្សាបាននូវចំណុចទាំង២នេះ វានឹងជួយបំពេញនូវភាពខ្វះខាត ឬក៏ភាពចន្លោះប្រហោង ឬក៏អាចត្រួតពិនិត្យពិច័យទៅលើព័ត៌មានស្រពេចស្រពិលមួយចំនួនដែល​គណបក្សនីមួយៗ​មាន​ហ្នឹង ហើយជួយកាត់បន្ថយបាននូវការខ្វែងគំនិតគ្នានិងយល់ច្រឡំផ្សេងៗ»

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប ​​លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការតាក់តែងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ គឺមិនទាន់សម្រេចជាស្ថាពរនៅឡើយទេ។ 

លោក​​បន្តថា ភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល អាចដាក់​សំណើឬសំណូមពរ​ ដើម្បី​ចូល​រួម​តាក់​តែង​បទ​បញ្ជានិងនីតិវិធីនៃការបោះឆ្នោតបាន ដោយ​ គ.ជ.ប ស្វាគមន៍​ទទួលយក​សំណើនិងសំណូម​ពរទាំងនោះជានិច្ច។

លោកបន្ថែមថា៖ «គ.ជ.ប ស្វាគមន៍ទទួលយកនូវរាល់អនុសាសន៍និងសំណូមពរផ្សេងៗរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ដែលលោកបានផ្ដល់យោបល់ចំពោះការតាក់តែងនូវបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតខាងនេះ ហើយនីតិវិធីមិនទាន់បានសម្រេចជាស្ថាពរនៅឡើយទេ។ អ៊ីចឹង គ.ជ.ប នឹងដាក់នូវសំណើផ្សេងៗរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការពិភាក្សានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២​ខាងមុខនេះ»

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ការទាមទាររបស់គណបក្សទាំង២នោះជារឿងត្រឹមត្រូវ ហើយលោកក៏គាំទ្រឱ្យ គ.ជ.ប រក្សាទុកចំណុច​ដែលគណបក្សទាំង២នោះទាមទារផងដែរ។

លោកបញ្ជាក់ថា ចំណុចដែលគណបក្សទាំងនោះទាមទារ គេហៅថា ទម្រង់​ ១១០៤ គឺជាលទ្ធផលនៃការរាប់សន្លឹកឆ្នោត។ លោកថា ជាគោល​ការណ៍​នីតិវិធី ពេលដែលរាប់សន្លឹកឆ្នោតចប់ គឺត្រូវចម្លង​ទម្រង់​​១១០៤នេះចែកជូនដល់អ្នកសង្កេតការណ៍ពីគណបក្សនយោបាយនីមួយៗ ដើម្បី​បានជាអំណះអំណាង ជាភស្តុតាង​សម្រាប់គ្រប់គណបក្សនយោបាយ។

លោកបន្ថែមថា៖ «គ.ជ.ប មិនគួរលុបចំណុចទាំងអស់ហ្នឹងចោលទេ។ គ.ជ.ប គួរតែរក្សានូវអ្វីដែលជានីតិវិធី អ្វីជាការល្អហ្នឹង គួរតែរក្សាទុក។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំគាំទ្រនូវការស្នើឱ្យរក្សាទុកវិញដដែល ហើយយើងស្នើសុំឱ្យ គ.ជ.ប ធ្វើការពិចារណាឡើងវិញនូវនីតិវិធីមួយចំនួនកាត់បន្ថយ​នូវភាពត្រឹមត្រូវ​ ឬភាពសុក្រឹតហ្នឹង គឺគួរតែកុំលប់ គួរតែរក្សាវា ព្រោះកាលណាលុបចោលចំណុចទាំងហ្នឹង គឺភាពអយុត្តិធម៌ ភាពមិនសុខព្រម​ ទាក់ទងលទ្ធផលបោះឆ្នោត វិវាទនឹងកើតមានហើយនៅពេលចេញលទ្ធផល»។

រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​នោះ​មាន​គណបក្សចំនួន៥ ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង ដូចជា​ គណបក្សឆន្ទៈ​ខ្មែរ របស់​លោក គង់ មូនីកា កូន​ប្រុស​លោក គង់ គាំ,​​ គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់ លោក ជីវ កត្តា, គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សបេះដូងជាតិ​ ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ