ពលរដ្ឋ​ក្នុង​ភូមិ​មួយ​នៅ​ខេត្តតាកែវ​ចោទ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថា​បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ពួកគេ

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា​បិទកំណាត់​ផ្លូវលំមួយខ្សែ​នៅក្នុងភូមិគ្រោះ ឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ ដើម្បីទាម​​ទារ​​ឱ្យក្រុមហ៊ុនសំរាម ដោះស្រាយ​​ប៉ះពាល់​ដល់​បរិស្ថាននិង​សុខ​ភាព​ពួក​គេ​ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តំណាងប្រជាពលរដ្ឋនៅភូមិគ្រោះ ខេត្តតាកែវ អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងចាក់សំរាមមួយកន្លែងដោយថា  ​ក្រុមហ៊ុនឯកជននៅតែបន្តដឹកសំរាមយកមកចាក់​ពាសវាលពាសកាល  ដោយមិនទាន់ធ្វើរបងបិទជិតតាមការសន្យាជាមួយប្រជាពលរដ្ឋនោះទេ។

អ្នកស្រី ធុល រ៉ា ដែល​អះ​អាង​ថាជា​តំណាងឱ្យ​ពលរដ្ឋ​នៅ​ភូមិ​គ្រោះ​ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាង ១០០​គ្រួសារ បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះ​ថា រយៈពេលជិត១សប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ជឹម សុវណ្ណរិទ្ធ  បានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដោយមានអាជ្ញាធរស្រុកសំរោងដឹងឮផងថា នឹងរៀបចំធ្វើរបងព័ទ្ធជុំវិញទីតាំងចាក់សំរាមដែលមានទំហំប្រហែលជិត១ហិកតា  និងឈប់ដុតសំរាមនៅក្រៅឡបន្តទៀត។

អ្នកស្រី ធុល រ៉ា សង្កេតឃើញថា ក្រុមហ៊ុនដុតសំរាមនៅក្នុងឡបានប្រហែលជាមួយឡានតែប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈសំរាមដែលដឹកមកនៅសល់ប្រហែល ៩ឡានទៀតចាក់នៅពាសវាលពាសកាល និងមិនទាន់ធ្វើរបងព័ទ្ធជុំវិញទីតាំងនោះនៅឡើយ។ ករណីនេះអ្នកស្រីថា  នៅតែធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាពនិងដំណាំប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។

អ្នកស្រីនិយាយថា៖ «សុំឱ្យក្រុមហ៊ុនធ្វើរបងឱ្យស្អាតបិទឱ្យជិត ព្រោះរបងអត់ធ្វើផង តែមួយចំហៀងតិច រៀបឥដ្ឋតែមួយម៉ែត្របានតែចំហៀងខាងកើត ហើយនៅខាងលិចចំហដដែល។ ខាងត្បូងនៅតែចំហដដែល ហើយថាបិទសង្ក័សី ឃើញដឹកសង្ក័សីចាស់ដឹកមកមួយរឺម៉ក ពីររឺម៉កនៅដឹកគរចោលហ្នឹង អត់មានធ្វើទេ»។

អ្នកស្រីបន្ថែមថា៖ «ក្នុងមួយថ្ងៃគេដឹកសំរាមចូលប្រហែលជា១០ឡាន ប៉ុន្តែខ្ញុំឃើញដុតសំរាមនៅក្នុងឡបានប្រហែល១ឡានទេក្នុងមួយថ្ងៃ ហើយនៅសល់ប្រហែល៩ឡានទៀតដឹក​ដាក់ពាសវាលពាសកាលនៅទីលានហ្នឹង មានក្លិនស្អុយប៉ះពាល់សុខភាពពលរដ្ឋ »។

អ្នកស្រី ម៉ម សារឿន ដែលអះអាងថាតំណាងឱ្យពលរដ្ឋនៅភូមិគ្រោះមួយរូបទៀត និយាយថា នៅពេលខ្យល់បកមកធ្វើឱ្យក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន សុខភាព និងដំណាំប្រជាពលរដ្ឋនៅក្បែរនោះ។ ករណីនេះ អ្នកស្រីស្នើទៅអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងចាក់សំរាមនោះ ដើម្បីជំរុញទៅក្រុមហ៊ុនធ្វើកន្លែងចាក់សំរាមនោះ ឱ្យមានស្តង់ដារ កុំឱ្យប៉ះពាល់សុខភាពពលរដ្ឋផងដែរ។

អ្នកស្រីអំពាវនាវដូចនេះថា៖ «ខ្ញុំស្នើទៅអាជ្ញាធរពាក់ព័ន្ធចុះមកមើលម្តងទៀតមក ឱ្យឃើញថា សំរាមហ្នឹងវាចាក់ពាសវាលពាសកាល ហើយក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាជាមួយពលរដ្ឋេ របងក៏អត់ធ្វើ ឃើញដឹកសង្ក័សីមួយរឺម៉កនៅគរចូលនៅហ្នឹង»។

អ្នកស្រី ម៉ម សារឿន ព្រមានថា បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនជំរុញឱ្យក្រុមហ៊ុនចាក់សំរាមគោរពតាមកិច្ចសន្យាទេ ពួកគេនឹងនាំគ្នាបន្តតវ៉ាបិទផ្លូវមិនឱ្យក្រុមហ៊ុននោះដឹកសំរាមចាក់នៅតំបន់នោះបន្តទៀតនោះទេ។

វីអូឌី មិនអាចសុំការបំភ្លឺពីក្រុមហ៊ុនឯកជនមួយ​ឈ្មោះ ជឹម សុវណ្ណរិទ្ធ បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

ប៉ុន្តែអភិបាលស្រុកសំរោង លោក កេត ម៉ៅ មានប្រសាសន៍ថា ម្ចាស់អាជីវកម្មដឹកសំរាមនោះ គាត់មិនទាន់បង្កើតជាក្រុមហ៊ុននោះទេ គឺគាត់គ្រាន់តែជាសេវាករដែលមានដី និងទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ដើម្បីសហការជាមួយក្រសួង ជួយដឹកសំរាមយកទៅចាក់នៅទីលាននិងដុតក្នុងឡតែប៉ុណ្ណោះ។

លោកបន្តថា ក្រោយពីទទួលបានសំណើរពីប្រជាពលរដ្ឋ គឺលោកនឹងសហការជាមួយមន្ត្រីជំនាញចុះពិនិត្យ និងប្រាប់ទៅម្ចាស់អាជីវកម្មដឹកសំរាមនោះ គោរពតាមកិច្ចសន្យាដែលខ្លួនបានសន្យាជាមួយពលរដ្ឋផងដែរ ។

លោកមានប្រសាសន៍ថា៖ «ដំណាក់កាលនេះខ្ញុំនិងដោះស្រាយជូនប្រជាពលរដ្ឋ បើសិនជាប៉ះពាល់ដំណាំប្រជាពលរដ្ឋ បើពលរដ្ឋធ្វើស្រូវមិនបាន ខ្ញុំមានសំណង។ បើថាម្ចាស់អាជ្ញាបណ្ណសំរាម មិនសងឱ្យគាត់ប្រាប់មកខ្ញុំ ទីពីរមិនអនុញាតឱ្យទឹកហៀមកដល់ដីស្រែពលរដ្ឋ បើនៅហៀ ឱ្យគាត់ប្រាប់មកខ្ញុំ ខ្ញុំនឹងចុះទៅបញ្ជាឱ្យគាត់ធ្វើភ្លាម។ បើគាត់ដឹកនៅក្រៅឡសុំឱ្យគាត់ថតឱ្យខ្ញុំឱ្យជាប់ ខ្ញុំនិងមានវិធានការបន្តទៅទៀត»។

អតីតស្ថាបនិកមួយរូបនៃចលនាមាតា​ធម្មជាតិ និងបច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិនៃគម្រោង​អ្នក​ការពារ​ព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ​បញ្ហាសំរាម គឺជារឿងមួយស្មុគស្មាញ​ ដែល​រ​ដ្ឋាភិបាលមិនទាន់ដោះស្រាយឱ្យបានល្អនោះទេ។

លោកបន្តថា​ ប្រសិនបើ​បញ្ហានេះមិនបានដោះស្រាយដោយយកចិត្តទុកដាក់និងទាន់ពេលវេលានោះទេ  អាចធ្វើឱ្យពលរដ្ឋនាំគ្នាប្រមូលផ្តុំតវ៉ា ឬឡើងមកដាក់ញត្តិនៅក្រសួងពាក់ព័ន្ធ ដើម្បីទាមទាររកដំណោះស្រាយផងដែរ។

លោក សាន់ ម៉ាឡា យល់ថា បើក្រុមហ៊ុននៅតែមិនគោរពតាមកិច្ចសន្យាជាមួយពលរដ្ឋទេ នោះអាជ្ញាធ​រត្រូវដកអាជ្ញាបណ្ណមកវិញ ហើយបើកឱ្យក្រុមហ៊ុនផ្សេងមកជំនួស​ ដើម្បីរៀបចំកន្លែងទីតាំងចាក់ និងដុតសំរាមនោះមានស្តង់ដារ មិនប៉ះពាល់បរិស្ថាននិងសុខភាពពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនមានដំណោះស្រាយទេ អាជ្ញាធរគួរតែធ្វើការសិក្សាក្នុងការដកក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការប្រមូលសំរាមចោល ហើយស្វែងរកក្រុមហ៊ុនណាដែលអាចមានដំណោះស្រាយចំពោះប្រជាពលរដ្ឋ ទើបទទួលបានផលវិជ្ជមានល្អផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ