គ.ជ.ប សម្រេច​បដិសេធ​មិន​ទទួល​យក​កង្វល់​របស់​គណបក្ស​នយោបាយ​អំពី​ទម្រង់​១១០២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ច្រាន​ចោល​ក្ដីកង្វល់​របស់​​​គណ​​បក្ស​​​នយោបាយ​​​មួយ​ចំនួន អំពី​ទម្រង់១១០២ និង​ទម្រង់​១១០៤ ដែល​​បម្រើ​​​ឱ្យ​​​ការ​បោះ​​​ឆ្នោត​​​​​ឃុំ​​-សង្កាត់​​ឆ្នាំ​២០២២ ខណៈ​គណបក្សនយោបាយ​​​ទាំង​នោះនឹងនៅតែ​​​បន្ត​​​​​ជំរុញ​ឱ្យ​ គ.ជ.ប ​ប្ដូរឥរិយាបថ​​នៃកា​រ​សម្រេច​ចិត្ត​របស់​ខ្លួន ដើម្បី​ធានា​​ឱ្យការ​​​បោះ​ឆ្នោត​​​​​ប្រ​​ព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីចុងខែធ្នូ ឆ្នាំ២០២១ គណបក្សកម្ពុជានិយម និងគណបក្ស​​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន បាន​ចេញ​សេច​ក្ដីថ្លែងការណ៍រួមគ្នា ដោយទាមទារឱ្យ ​​គ.ជ.ប បង្ហាញ​ភាព​​​ឯករាជ្យ និង​រក្សា​ទុក​ទម្រង់​ចំនួន​២ គឺទម្រង់​១១០២ និងទម្រង់១១០៤។​ ​ប្រតិកម្ម​​របស់​​​​​គណ​​​បក្សនយោបាយពីរនេះធ្វើ​ឡើង​ខណៈ​ដែល​ ​គ.ជ.ប បានចេញ​សេចក្ដីព្រាង​បទ​​ប​ញ្ជានិង​​​​​​​​នីតិវិធីបម្រើឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ សម្រាប់​​អាណត្តិ​​ទី​​៥ ឆ្នាំ២០​​​២​​​២ ​​​ខាងមុខ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ វីអូឌី​ នៅថ្ងៃចន្ទនេះថា សម្រាប់​ការ​​​បោះឆ្នោ​ត​ឃុំ-សង្កាត់​អាណត្តិ​ទី៥​ខាង​មុខ ទម្រង់​១១០២ និងទម្រង់១១០៤​​នេះ គឺ​គណៈកម្មការ​រៀបចំការ​​បោះ​​​​ឆ្នោតឃុំ​​-សង្កាត់​​លែង​ចម្លង​ចែក​ជូន​អំពី​លទ្ធផល​នៃ​ការរាប់សន្លឹកឆ្នោត ជូន​ភ្នាក់​​សង្កេត​​ការណ៍ និងភ្នាក់ងារ​​គ​ណ​​​​បក្ស​​នយោបាយ នៅ​នឹង​​​មណ្ឌ​​ល​​បោះ​​​ឆ្នោត​​​ដូចលើក​​មុនៗ​​​ទៀត​ហើយ។

​បើតាមលោក ហង្ស ពុទ្ធា ឆ្លងកាត់​តាម​បទ​​ពិសោធន៍​​កន្លង​​​​​​ទៅ រក​​ឃើ​​ញ​​​ថា ការចម្លងអំពីលទ្ធផលបោះ​​ឆ្នោត​ជូន​​គណបក្សនយោបាយ ឬអ្នក​​សង្កេត​​កា​រណ៍នេះ វា​​មាន​​ភាពស្មុគស្មាញច្រើន រហូត​​​​​​ឈាន​​ទៅ​បង្កើត​ឱ្យ​មាន​កំហុស​​​ឆ្គង​ផ្នែកបច្ចេក​​ទេស​ថែមទៀតផង។ លោកបន្តថា ដើម្បី​​ដោះស្រាយពីបញ្ហាប្រឈមទាំងនេះ គ.ជ.ប បាន​ដាក់ចេញត្រឹម​​គោល​​ការ​​ណ៍ឱ្យភ្នាក់ងារ​​អ្នក​​​​សង្កេតការណ៍ ឬភ្នាក់ងារគណបក្សនយោបាយ ថត​លទ្ធផល​ឆ្នោត​​​ដែល​​​បាន​បិទ​រួច​​​ហើយនៅនឹងការិយាល័យបោះឆ្នោតនៅតាម​ឃុំ-សង្កាត់​ទុក​ជា​ភស្តុតាង​ប៉ុណ្ណោះ។

លោកបន្តថា៖ «ការបិទនៅមុខការិយាល័យគឺនៅតែដដែល អ៊ីចឹងគណបក្សនយោបាយ ឬ​​ភា​គី​ពាក់​ព័ន្ធ​អាច​ប្រើទូរសព្ទដៃ​ គឺថតយកដោយខ្លួនឯង។ មកពី​មូល​ហេតុ​អី​បាន​ជា​មិន​មាន​ការ​ចែក​ចាយ​នៅ​តាម​ការិយា​ល័យ ពីព្រោះនៅតាម​ការិយាល័យអត់មានឧបករណ៍​ដែលទំនើប​​ដូចជា​ ស្កេន​ន័រ កំព្យូទ័រ ឬក៏​ព្រីន​ធឺ​អី​ទេ។ អ៊ឺចឹងបើកត់ដោយ​ដៃច​ម្លង​ចែក​គ្នា នោះជាបញ្ហាដែល​​យើង​​ជួបប្រទះ​​​ដោយសារចម្លងដោយដៃមាន​ភាពមិនត្រឹមត្រូវ ឬក៏ឆក​ល្វែងដោយ​​​អចេតនា​»។

ការប្រកាសជំហរជាថ្មីទៀត​របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ ស្របពេលគណ​​បក្ស​​នយោ​បាយ​មួយ​ចំនួននៅ​តែចាត់ទុក​ថា ទម្រង់​១១០៤ ជា​ពិសេស​ទម្រង់​១១០២ ដែល​ ​​គ​.ជ​.ប បដិសេធមិនដាក់​​ឱ្យ​​អនុ​វត្ត​​​​​​សម្រាប់អាណត្តិនេះ ពិតជាមានសារៈសំខាន់និង​ចាំបាច់​​បំផុត​​មួយនៅក្នុងប្រព័ន្ធ​​​បោះ​​​​ឆ្នោ​ត​​ដូច​​កម្ពុជា​។ ពួកគេ​ថា ទម្រង់១១០២ ​គឺជាប្រភេទទម្រង់​សម្រាប់​​ធ្វើ​​​កំណត់​ហេតុនៃ​​ការ​​រាប់​​សន្លឹក​​​ឆ្នោត ហើ​​​យ​ទម្រង់​នេះទុក​ចែក​ជូន​ភ្លាមៗ​​ឱ្យ​ភ្នាក់ងារ​​អ្នក​​សង្កេ​ត​ការណ៍ ឬភ្នាក់ងារ​​គណ​​បក្ស​​នយោ​​បា​​យនៅ​តាម​មណ្ឌល​បោះ​ឆ្នោត ដើម្បី​​ផ្ទៀង​​​ផ្ទាត់​​​អំពីលទ្ធផលឆ្នោត។ ចំណែកទម្រង់១១០៤ គឺជា​ក្រដាស​លទ្ធផល​បឋម​នៃ​ការ​បោះ​​ឆ្នោត​​​នៅ​​តាមការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត។

លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម អះអាងថា គណបក្សនយោបាយ​​ដែល​​នៅ​ក្រៅ​រដ្ឋាភិ​បាល នៅពេលនេះ​កំពុង​តែ​កៀរគរ​​ជាមួយ​គណបក្សនយោ​បាយ​​ផ្សេង​​ទៀត​ ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​ឱ្យ គ.ជ.ប គោរព​ស្មារតី​ដើម​អំពី​សារៈសំខាន់​​នៃទម្រង់​​​​១១​០២​​នេះ​​​​​។ លោកបន្ត​ថា ប្រសិន​បើ​ទម្រង់​១១០២​នេះពិត​ជា​ត្រូវ​បាន គ.ជ.ប មិនដាក់ឱ្យអនុវត្តមែន មានន័យថា ស្មើនឹងការ​កាយ​កប់​ភស្តុតាង​ចោល​ទាំង​ស្រុង ហើយ​គណបក្ស​​នយោបាយ​ដែល​​​ចូល​​រួមការ​បោះឆ្នោតក៏មិនមានអ្វីធ្វើជាសក្ខីកម្មក្នុង​ការ​តវ៉ាលទ្ធ​ផល​ឆ្នោត​ដែរ។

លោកបន្តថា៖ «ក្រុម​ការងារ​យើង​កំពុង​តែជជែក​ពិនិត្យ​បន្ត​ ហើយ​យើង​នឹង​ធ្វើ​ញត្តិមួយ​ស្នើសុំ​ទៅ​ គ.ជ.ប នៅ​តែ​​រក្សាដូចអ្វីដែលយើងធ្វើសេចក្ដីថ្លែងការណ៍កាលពីលើក​មុន ទុក​ទម្រង់​​១១​០​២​​ហ្នឹង​ចែក​ចាយ​ភ្លាមៗ​ដល់​ភ្នាក់​ងារ​សង្កេត​ការណ៍ផ្ទាល់តែម្ដង កុំឱ្យត្រូវរង់ចាំ​រហូតដល់​​​បិទ​​​នៅនឹង​ការិយាល័យ ឬ​កន្លែង​គណៈ​កម្មការ​រៀបចំការបោះឆ្នោតឃុំ-សង្កាត់នោះទេ ព្រោះ​​ចន្លោះ​ពេលហ្នឹង ភ្នាក់ងារ​គឺអត់​មាន​ឯកសារ​អីជា​មូល​ដ្ឋាន​ក្នុង​ដៃ​ទាំង​អស់»។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា ក៏​​​ឯ​កភាពដែរថា ទម្រង់​​​១​​១​​​០២នេះពិតជាឯកសារដ៏ចាំបាច់​​​ដែលមិនអាចខ្វះ​បាន។ ​​លោក​​បន្ត​​ថា ការទាមទារឱ្យ គ.ជ.ប រក្សា​ទម្រង់​​នេះ​ទុក ព្រោះវាជា​ភស្តុតាង​​មួយ​​​ដ៏​​មាន​​ប្រសិទ្ធភាពក្នុងការតវ៉ាអំពីលទ្ធផលឆ្នោត​ ប្រសិន​បើ​គណ​​បក្ស​​​​នយោបាយ​ណា​​មួយ​​មើល​ឃើញថា ការបោះឆ្នោតនោះប្រព្រឹត្តទៅមិនសេរី មិន​ត្រឹមត្រូវ និង​មិន​​​មាន​​​យុត្តិ​​ធម៌។

លោកបន្តថា៖ «ទម្រង់​ស្លាប់​រស់តែម្ដង គឺទម្រង់​១១០២​ហ្នឹងតែម្តង! ទម្រង់១១០២ វានៅតាម​ការិយា​ល័យ​នីមួយៗ​មានប​ង្ហាញថា គណបក្សនេះមានប៉ុន្មានសំឡេង ហើយសន្លឹក​​ឆ្នោត​​ខូ​​ច​​​​ប៉ុន្មាន​អីប៉ុន្មាន​ គឺវានៅក្នុងហ្នឹង​ទាំងអស់។ ពីមុនមក​​ គឺ គ.ជ.ប ចម្លង​ជូន​សម្រាប់​​គណបក្ស​​នយោ​បាយ​កាន់ ឬ​សម្រាប់​គណបក្ស​នយោបាយ​ធ្វើ​ជា​ភស្តុតាង​អ៊ីចឹង​ទៅ​ណា»។

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិច​ហ្វិច យល់ស្រប​នឹង​ការទា​មទា​រ​របស់​គណ​​បក្ស​​​នយោ​បាយ​ទាំង​នោះ ដោយថា ការច្រានចោលអំ​ពី​កង្វល់​ដ៏ចាំបាច់​មួយ​នេះអាច​មាន​​​ន័យ​​ថា គ.ជ.ប មិន​បាន​ដើរ​តួនាទី​ជា​អាជ្ញាធរ​កណ្ដាលដែលផ្ដល់សេចក្ដីទុកចិត្តពីគ្រប់ភាគី​​នៃ​​គណ​​បក្សនយោបាយទេ។

លោកបន្តថា៖ «យើងសូមរក្សាដដែល​ ដើម្បីគំនិត​យើង​សង្គម​ស៊ីវិល ​ដើម្បី​សម្រួល​ការ​ងារ​ហ្នឹង​ឱ្យវា​រលូន​ជាង និង​កុំឱ្យវាស្មុគស្មាញពេក។ យើងធ្វើអីឱ្យវាសាមញ្ញនិងងាយស្រួល។​ ការបោះ​​ឆ្នោតហ្នឹង ​​កុំឱ្យ​វាស្មុគ​ស្មាញ​ យើង​​ចង់​បាន​បែបហ្នឹង​ដែរ​។ អំពី​ជំហរយើ​ង ​ខាងខ្ញុំចង់​បានបែប​ហ្នឹង យើង​គាំទ្រ​ការស្នើ​សុំរ​បស់​គណបក្ស​នយោបាយ​រឿង​ទម្រង់​ហ្នឹង»។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២១ ឱ្យដឹងថា កាល​បរិច្ឆេទ នៃការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-ស​ង្កាត់ សម្រាប់​អាណត្តិទី៥ នឹង​​​ប្រ​​​ព្រឹត្ត​​​ទៅ​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ