បទយកការណ៍​៖ កុមារ​នៅ​តំបន់​គំនរ​សំរាម​មួយចំនួន​រើស​អេតចាយ​ជាមួយ​ឪពុកម្ដាយ​ដើម្បី​ដោះបំណុល

តំបន់គំនរសំរាម ស្ថិតក្នុងភូមិតាឡី ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

កុមារជាវ័យមួយដែលឪពុកម្ដាយឬអាណាព្យាបាលយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អាហារ ការអប់រំណែនាំឱ្យស្គាល់ពីជីវិត ផ្ដល់ការស្រឡាញ់ថ្នាក់ថ្នម ពិសេសគឺបញ្ជូនទៅសាលារៀនដែលមានគុណភាពប្រសើរ ដើម្បីទទួលបានអនាគតដ៏ល្អមួយសម្រាប់ពួកគេទាំងនោះ។

ដោយឡែក កុមារប្រមាណ២០០នាក់នៅ​តំបន់ចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មិនមានវាសនាល្អដូចកុមារទូទៅផ្សេងទៀតនោះទេ ដោយសារពួកគេមួយចំនួនមិនបានទៅរៀនសូត្រ ហើយមួយចំនួនទៀត​ ក្រៅពីម៉ោងរៀនសូត្រត្រូវដើរកាត់គំនរសំរាមទាំងមេឃក្ដៅនិងភ្លៀង ដើម្បីរើសសំបកកំប៉ុង ដបទឹក និងសម្ភារ​គេបោះបង់ចោលផ្សេងទៀត ដែលគេនិយមហៅថា «អេតចាយ» ដើម្បីជួយរកចំណូលដោះបន្ទុកបំណុលរបស់ឪពុកម្តាយ។

អ្នកស្រី កន គៀង និងប្ដី បានសម្រេចចិត្តនាំកូនទាំង៣នាក់ធ្វើចំណាកស្រុកពីខេត្តកំពង់ចាម មកប្រកបមុខរបរដើររើសអេតចាយនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រយៈពេលជាង៤ឆ្នាំមកហើយ បន្ទាប់ពីគ្រួសារគាត់ជំពាក់បំណុលអ្នកភូមិជាមួយគ្នាចំនួន២ ០០០ដុល្លារ អំឡុងឆ្នាំ២០១៧ ដោយសាររកស៊ីដាំដំឡូងខាតបង់។

កូនៗទាំង៣នាក់របស់អ្នកស្រី កន គៀង ក្នុងនោះ កូនស្រីច្បងអាយុ២១ឆ្នាំ មិនបានរៀននោះទេ និងកូនស្រីទី២ មានអាយុ១៣ឆ្នាំ កំពុងរៀនថ្នាក់ទី៣ ចំណែកកូនប្រុសទី៣ អាយុ៧ឆ្នាំ កំពុងរៀននៅថ្នាក់មត្តេយ្យនៅឡើយ។

ស្រ្តីវ័យ៤៧ឆ្នាំរូបនេះបានរៀបរាប់ថា ដោយសារតែជីវភាពខ្វះខាត កូនៗរបស់អ្នកស្រីបានរើសអេតចាយជាមួយអ្នកស្រីនៅពេលពួកគេចេញពីរៀន ដើម្បីបានលុយ​សងទៅម្ចាស់បំណុល ដោយក្នុងមួយខែត្រូវបង់ប្រមាណ១៤០ដុល្លារ តែដោយសារគ្មានលទ្ធភាព ទើបអ្នកស្រីបង់តែការប្រាក់ចំនួន៥០ដុល្លារជារៀងរាល់ខែ។

អ្នកស្រី កន គៀង កំពុងអង្គុយផ្ដល់បទសម្ភាសន៍ក្បែរគំនរសំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
អ្នកស្រី កន គៀង កំពុងអង្គុយផ្ដល់បទសម្ភាសន៍ក្បែរគំនរសំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

លើកដៃចង្អុលទៅកូនស្រីអាយុ១៣ឆ្នាំ អ្នកស្រី កន គៀង និយាយថា៖ «មីស្រី [កូនស្រី] នេះរៀនផង ហើយឆ្លៀតមកជួយរើស [អេតចាយ] ផង»។

អ្នកស្រីបន្ថែមថា៖ «លក់ដីលក់ធ្លីសងគេអស់ហើយ រកផ្ទះដីនៅគ្មានផង។ តាំងពីដំឡូងថោក មួយគីឡូ ២០០រៀល នៅ១៥០រៀល ដល់ពេលយើងលក់ដំឡូង អត់បានសងគេ។ កាលណាសងគេអត់គ្រប់ ចិងគេកាត់យកដីយើង យើងនៅតែបាតដៃទទេ»។

នៅក្បែរនឹងគំនរចាក់សំរាមក្នុងភូមិតាឡី សង្កាត់ដង្កោ ក្មេងៗមួយក្រុមប្រមាណជិត១០នាក់កំពុងរត់ប្រឡែងគ្នាលេងយ៉ាងរីករាយនាម៉ោង៤រសៀល បើទោះបីជាមានក្លិនស្អុយសាយភាយចេញពីទីលានសំរាមក៏ដោយ។ សម្រាប់អ្នកចំណូលថ្មី កិ្លនស្អុយនេះធ្វើឱ្យពិបាកដកដង្ហើម ប៉ុន្តែសម្រាប់កុមារនិងពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមវិញ បរិយាកាសនៅទីនោះគឺជារឿងធម្មតាទៅហើយសម្រាប់ពួកគេ។

ក្មេងៗកំពុងរត់លេងក្បែរគំនរសំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ក្មេងៗកំពុងរត់លេងក្បែរគំនរសំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ខណៈព្រះអាទិត្យរៀបអស្ដង្គតទៅហើយ ប៉ុន្តែក្រឡេកទៅមើលនៅលើកំពូលគំនរសំរាមដែលមានកម្ពស់​ប្រមាណ​១០ម៉ែត្រវិញ នៅតែមានពលរដ្ឋបន្តរើសសំបកកំប៉ុង ជ័រ លោហៈ និងសំណល់ផ្សេងៗដែលអាចលក់បាន ដាក់ក្នុងបាវ ហើយលីពីលើចុះមកក្រោមជាបន្តបន្ទាប់ មានទាំងស្រី្តវ័យចំណាស់ យុវជន និងកុមារផងដែរ។​

មានសម្បុរខ្មៅស្រអែម និយាយសម្ដីមួយៗ កុមារី ជា វួចលី ដែលជាកូនស្រីរបស់អ្នកស្រី កន គៀង ​កំពុងរៀនថ្នាក់ទី៣ ប្រាប់ថា នាងបានមកជួយរើសអេតចាយម្ដាយរបស់នាង នៅពេលចេញពីរៀន ចាប់ពីម៉ោង២ រហូតម៉ោង៤រសៀល ហើយថា ដោយសារតែអស់កម្លាំង នាងមិនសូវមានពេលរៀនបានគ្រប់គ្រាន់ទេ។

កុមារី ជា វួចលី និយាយថា៖ «ហត់ខ្លាំង! រៀនអត់សូវចូល អាណិត [ម្ដាយ] រៀនខ្លះ រើស[អេតចាយ] ខ្លះ»។

លោក យិន សារ៉េត ដែលជាតំណាងពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាម បានឱ្យដឹងថា ពលរដ្ឋដែលបានមកតាំងលំនៅក្បែរគំនរចាក់សំរាមនេះមានចំនួន១៤០គ្រួសារ ក្នុងនោះមានកុមារប្រមាណ២០០នាក់ ហើយពួកគេតែងនាំគ្នាជួយរើសអេតចាយឪពុកម្ដាយដើម្បីរកចំណូលជួយគ្រួសារ។ លោកថា ក្នុងចំណោមកុមារប្រមាណ២០០នាក់នោះ មានប្រហែល៧០ភាគរយបានចូលរៀននៅក្នុងសាលារបស់អង្គការដែលទ្រទ្រង់ដោយគ្រិស្តបរិស័ទមួយនៅទីនោះ។

លោក យិន សារ៉េត បន្តថា នាពេលកន្លងមក តំបន់ដែលលោករស់នៅនេះមិនសូវមានអង្គការក្រៅរដ្ឋាភិបាលនិងអាជ្ញាធរអប់រំផ្សព្វផ្សាយដល់ម្ដាយឪពុកពីគុណតម្លៃនៃការសិក្សា ដើម្បីជំរុញឱ្យមានការគិតគូរដល់កូនៗពួកគេយកចិត្តទុកដាក់បន្ថែមលើការសិក្សានោះទេ។

ទោះជាយ៉ាងណា លោកបារម្ភពីការអនាគតរបស់ក្មេងៗ ព្រោះពួកគេរៀនមិនបានជាប់លាប់ ហើយបញ្ហាគ្រឿងញៀនក៏កើតមានច្រើនផងដែរ។

លោក យិន សារ៉េត មានប្រសាសន៍ថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ ក្មេងដែលនៅទីនេះ គឺបារម្ភ១០០ភាគរយ គឺដោយសារទី១ គ្រឿងញៀនវាយលុកចូល។ ហើយទី២ ក្មេងរៀនមិនដិតដល់ ដោយសារពុកម្ដាយក្រ។ ទី៣ កូនសិស្សដែលចូលរៀនសាលា គឺពិបាកនឹងបង់លុយចូលរដ្ឋ ចូលគ្រូ។ កូនខ្ញុំមួយថ្ងៃត្រូវអស់លុយ៨ ០០០[រៀល] ទៅ១០ ០០០[រៀល]។ សមត្ថភាពយើងអ្នករើសអេតចាយ ពិបាកណាស់»

តំណាងពលរដ្ឋរូបនេះបានលើកឡើងថា ពលរដ្ឋដែលតាំងទីលំនៅក្បែរគំនរសំរាមនេះ គឺជាពលរដ្ឋក្រីក្របានធ្វើចំណាកស្រុកពីតាមបណ្ដាខេត្តនានា ហើយស្ទើរតែទាំងអស់សុទ្ធតែមានបំណុលជាប់ខ្លួន។ លោកថា មូលហេតុសំខាន់ដែលនាំឱ្យពួកគេជំពាក់បំណុល គឺដោយសារការប្រកបរបរកសិកម្មខាត ព្រោះតែតម្លៃទិន្នផលដែលលក់ចេញបានថោក ប៉ុន្តែការចំណាយថ្លៃដើម ដូចជា ជី គ្រាប់ពូជ ប្រេងសាំង ជាដើម ឡើងថ្លៃ និងរួមផ្សំនឹងបញ្ហាគ្រោះទឹកជំនន់នាពេលបណ្ដាឆ្នាំកន្លងទៅផងដែរ។

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរគំនរចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរគំនរចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

ក្រឡេកមើលអ្នករើសអេតចាយមួយរូបទៀត អ្នកស្រី ទិត្យ សុខា​ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង បានឱ្យដឹងថា អ្នកស្រីបានមករើសអេតចាយនៅទីលានចាក់សំរាមនេះជាង៤ឆ្នាំមកហើយ។ កាលពី៣ឆ្នាំមុន គាត់បានខ្ចីលុយក្រុមហ៊ុនកម្ចីឯកជនមួយចំនួន១ ០០០ដុល្លារ ប៉ុន្តែដោយសារគ្មានលុយបង់ការប្រាក់ ទើបធ្វើឱ្យគាត់កើនបំណុលជិត៤០០០ដុល្លារក្នុងពេលបច្ចុប្បន្ន។ កម្ចីដែលអ្នកស្រីខ្ចីនោះ ដើម្បីយកទៅព្យាបាលជំងឺកូន ចំណែកប្ដីរបស់អ្នកស្រីក៏ធ្លាក់ខ្លួនឈឺផងដែរ ​ស្របពេលដែលមានវិបត្តិជំងឺកូវីដ-១៩តែម្ដង ទើបធ្វើឱ្យជីវភាពគាត់កាន់តែដុនដាប។ ក្នុងមួយខែ អ្នកស្រីត្រូវបង់លុយឱ្យម្ចាស់បំណុលទាំងដើមនិងការប្រាក់ជាង២០០ដុល្លារ តែបើបង់តែការប្រាក់គឺប្រមាណ៩០ដុល្លារ។

ស្រ្តីមានវ័យ៤១ឆ្នាំរូបនេះ បន្តថា បច្ចុប្បន្ន គាត់មានកូនចំនួន៥នាក់ក្នុងបន្ទុក ដោយកូនប្រុសច្បងអាយុ១៦ឆ្នាំ និងកូនប្រុសពៅអាយុ៥ឆ្នាំ ហើយពួកគេកំពុងស្ថិតក្នុងការសិក្សានៅឡើយ និងតែងតែមករើសអេតចាយជាមួយអ្នកស្រីជាប្រចាំ។

អ្នកស្រី ទិត្យ សុខា ថា«ជួយ [រើសអេតចាយ] រហូតហ្នឹង ឃើញម៉ែពិបាក មកជួយរហូត។ [ពួកគេ]បានរៀនដែរ ថ្ងៃណាពិបាកខ្លាំងទៅ ឈប់ [រៀន] មួយថ្ងៃ […] ទំនេរពីរៀនម៉ោង១១ជិត១២ [ថ្ងៃត្រង់] បានមករើស។ ជួនណារៀន២វេន អត់បានរើសទេ។ ប៉ុន្មានថ្ងៃនេះ គេផ្អាករៀនសិន បានជួយរើស»

អ្នកស្រី ទិត្យ សុខា បន្តថា ក្នុងមួយថ្ងៃគាត់ឱ្យលុយកូនៗរបស់គាត់ក្នុងម្នាក់១ ០០០រៀលប៉ុណ្ណោះ សម្រាប់ទៅរៀន និងបានចំណាយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃប្រមាណ៣០ ០០០រៀលក្នុងមួយថ្ងៃ។ ពលរដ្ឋរូបនេះនិយាយទៀតថា ក្នុងមួយអាទិត្យ ក្រុមគ្រួសារអ្នកស្រីអាចរកចំណូលពីរបររើសអេតចាយលើគំនរសំរាមបានជិត២០០ ០០០រៀល។

អ្នកស្រីបន្ថែមថា​៖ «មានអារម្មណ៍ថាពិបាកដែរ បើបានកូនរៀនឆ្លាតទៅ សប្បាយចិត្ត។ ​តែយើងអត់ចឹង ចេះតែអាណិត [កូន] តែមិនដឹងធ្វើម៉េច បើទាល់ហើយ»។

កំពុងអង្គុយជិតគំនរសំរាម ក្មេងស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៣ឆ្នាំ ដែលជាកូនស្រីរបស់អ្នកស្រី ទិត្យ សុខា បានប្រាប់ថា នាងចូលចិត្តរៀនមុខវិជ្ជាភាសាខ្មែរ និងចង់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀន ដោយមិនចង់រើសអេតចាយនោះទេ។

កុមារី ចាន់ ស្រីនិច៖ «ហត់ផង ក្ដៅផង [លើក] ធ្ងន់ ស្អុយផង! [..] ខ្ញុំចង់រៀនអត់ចេះកាន់តែខ្លាំង។ ខ្ញុំឃើញគេចេះ ខ្ញុំចង់រៀនតាមគេដែរ តែសមត្ថភាពអត់ដល់»

ពាក់ព័ន្ធបញ្ហានេះ ចៅសង្កាត់ដង្កោ អ្នកស្រី សឿង សេរី មានប្រសាសន៍ថា នាពេលកន្លងមក អាជ្ញាធរមិនទាន់បានទៅអប់រំអាណាព្យាបាលកុមារនៅតំបន់គំនរសំរាម ដើម្បីជំរុញឱ្យបញ្ជូនកូនៗពួកគេបានចូលសិក្សានៅសាលារៀនរដ្ឋឱ្យបានទូលំទូលាយនៅឡើយ។ អ្នកស្រីថា កន្លងមក អាជ្ញាធរគ្រាន់តែបានផ្សព្វផ្សាយពីការថែរក្សាអនាម័យ បញ្ហាសុខភាព និងបានផ្ដល់ជាអាហារហូបចុកមួយចំនួនប៉ុណ្ណោះ។

ទីតាំងផ្ទះអ្នកស្រី កន គៀង ស្ថិតនៅក្បែរតំបន់គំនរសំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ទីតាំងផ្ទះអ្នកស្រី កន គៀង ស្ថិតនៅក្បែរតំបន់គំនរសំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ទួក ពិសិដ្ឋ)

អ្នកស្រីថា ពលរដ្ឋនៅទីនោះភាគច្រើនជាអ្នកចំណាកស្រុកដែលមិនទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីឱ្យអាជ្ញាធរអាចគ្រប់គ្រងបាន។ តែយ៉ាងណា ចៅសង្កាត់រូបនេះថា ប្រសិនបើកូនៗរបស់ពួកគេចង់ចូលរៀននៅសាលារដ្ឋ​ គឺអាជ្ញាធរនឹងសម្របសម្រួលបាន ដោយមិនបានតម្រូវបង់ប្រាក់នោះទេ។

អ្នកស្រី សឿង សេរី បន្ថែមថា៖ «បើសិនគាត់មានបញ្ហាថា ចង់ឱ្យយើងជួយកូនឱ្យមករៀនសាលា យើងសុំបាន យើងអន្តរាគមន៍ទៅនាយក អីៗគ្រប់កន្លែង យើងអន្តរាគមន៍បាន»។

អ្នកស្រី សឿង សេរី បានថ្លែងបន្តថា អ្នកស្រីនឹងរៀបចំក្រុមការងារ ដើម្បីទៅពិនិត្យពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅតំបន់នោះដែលកំពុងជួបប្រទះការលំបាក រួមមាន បញ្ហាបំណុល ការសិក្សាអប់រំរបស់កុមារ និងតម្រូវការផ្សេងទៀតដែលពួកគេស្នើសុំ។

អ្នកស្រី សឿង សេរី បញ្ជាក់ថា៖ «ចាំមើលអ៊ុំឆ្លៀតពេលចុះទៅសិក្សារឿងគ្រប់យ៉ាងហ្នឹងទាំងអស់ដូចក្មួយលើកឡើង។ មីងនឹងសិក្សាគ្រប់រឿងពាក់ព័ន្ធអ្នកជំពាក់លុយគេ ពាក់ព័ន្ធនឹងក្មេងបង់លុយសាលា ពាក់ព័ន្ធនឹងសាលានៅជិតហ្នឹងមិនដឹងគាត់ចូលរៀនម៉េចអីយ៉ាងម៉េច! ចាំមើលយើងចុះទៅដើម្បីព្យាយាមរកវិធីដើម្បីធ្វើកិច្ចការងារហ្នឹងឱ្យបានល្អ»

របាយការណ៍រួមគ្នាមួយដែលមានកម្រាស់៤៦ទំព័ររបស់អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០២១ បង្ហាញថា ជាមធ្យម កម្ចីឥណទានខ្នាតតូចនៅកម្ពុជាមានប្រមាណ៤ ២៨០លានដុល្លារនៅក្នុងឆ្នាំ២០២០ ដែលមានពលរដ្ឋប្រមាណ៩៥ភាគរយមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាងចំនួនកម្ចី។

ត្រលប់មក អ្នកស្រី កន គៀង បានប្រែទឹកមុខទៅជាក្រៀមក្រំនៅពេលនិយាយពីអនាគតកូនៗរបស់របស់អ្នកស្រី ដោយថា គាត់មិនចង់ឱ្យកូនៗមកកាយសំរាមរើសអេតចាយនោះទេ តែដោយសារតែបញ្ហាបំណុលនិងជីវភាពក្រីក្រផង ទើបគាត់បង្ខំចិត្តធ្វើបែបនេះ។

អ្នកស្រី កន គៀង និយាយថា៖ «ថ្ងៃណាមានជីវិតរស់នៅ ចេះតែរកសងគេតាមដំណើរអ៊ីចឹងទៅ! ឱ្យតែការ [ប្រាក់] ទៅ ទុកឱ្យកូនហូបខ្លះ បើឱ្យអស់ៗ ធ្វើម៉េចបានកូនហូប! កូនរៀនផង! អាណិត [កូន] ហួសពីអាណិត តែនិយាយទៅចង់ទឹកភ្នែកទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ