គ.ជ.ប ​ទទួល​បណ្តឹង​ចំនួន​៣៦​ពី​បណ្តា​រាជធានី​-​ខេត្ត​នៅ​ដំណាក់​កាល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងចំនួន៣៦បណ្តឹង ពីបណ្តារាជធានី-ខេត្តចំនួន១០ នៅដំណាក់កាលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ-សង្កាត់ ​ ទូទាំងប្រទេស។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) បានឱ្យដឹងកាលពីថ្ងៃ១៥​ ខែមករានេះថា  គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងតវ៉ាសរុបចំនួន ៣៦បណ្តឹង  នៅក្នុងរាជធានី-ខេត្តចំនួន១០​ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ   ពោធិ៍សាត់ ស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ។

ចំណែក អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ពាក្យបណ្តឹងចំនួនជាង៣៦បណ្តឹង នៅដំណាក់កាលបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំសង្កាត់ ​ ទូទាំងប្រទេសនោះ  ក្រុមរងាររបស់ គ.ជ.ប ប្រចាំនៅខេត្តទាំងនោះបាននឹងកំពុងដោះស្រាយចំនួន៩បណ្តឹង យល់ព្រមតាមពាក្យបណ្តឹងចំនួន២០បណ្តឹង បដិសេធពាក្យបណ្តឹងចំនួន៥បណ្តឹង និងដើមបណ្តឹងសុំដកពាក្យបណ្តឹងចំនួន២បណ្តឹងផងដែរ។

លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្តថា ប្រជាពលរដ្ឋដែលដាក់ពាក្យបណ្តឹងសុំឱ្យ លុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំសង្កាត់ ​ ទូទាំងប្រទេសនោះ  ដោយសារតែពួកគេផ្លាស់ប្តូរទីលំនៅចេញពីកន្លែងចាស់ ទៅរស់នៅកន្លែងថ្មីជាដើម។

លោកមានប្រសាសន៍ថា៖ «បណ្តឹងសុំឱ្យលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ឧទាហរណ៍ បើពលរដ្ឋរូបណាដែលប្តូរទីលំនៅចេញពីឃុំសង្កាត់ទៅរស់នៅឃុំសង្កាត់ថ្មី គឺគាត់ត្រូវទៅសុំលុបឈ្មោះនៅឃុំសង្កាត់ចាស់ ប៉ុន្តែអ្នកខ្លះគាត់ចេញទៅគាត់មិនទាន់បានលុប។ អញ្ចឹងគាត់ដាក់ពាក្យប្តឹងសុំលុបចេញវិញ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ចំពោះបណ្តឹងដែលក្រុមការងារ គ.ជ.ប ប្រចាំនៅតាមបណ្តា    រាជធានី-ខេត្ត ដោះស្រាយមិនបាននោះ គឺមន្ត្រីជំនាញនិងបញ្ជូនមកស្ថាប័ន គជប ជាអ្នកដោះស្រាយបន្តផងដែរ ។ ប៉ុន្តែលោកថា គិតត្រឹមថ្ងៃអាទិត្យនេះ គជប មិនទាន់ទទួលបានបណ្តឹងទាំងនោះពីមន្ត្រីថ្នាក់ក្រោមនៅឡើយ  ខណៈនៅក្រុមប្រឹក្សាធម្មនុញ្ញ ក៏ពុំទាន់ទទួលបានពាក្យបណ្ដឹងណាមួយនៅឡើយដែរ។

តាមសេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២១ មាន៣ដំណាក់កាល រួមមាន គឺដំណាក់កាលទីមួយ ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

ដំណាក់កាលទីពីរ គឺការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃស និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។ ដោយឡែកដំណាក់កាលទីបី ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គជប និងការដោះស្រាយពាក្យបណ្តឹង រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។

​នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា មន្ត្រី គ.ជ.ប និងអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាជូនម្ចាស់បណ្តឹងឱ្យមានតម្លាភាព ដោយមិនប្រកាន់បក្ខពួក ដើម្បីធ្វើឱ្យបញ្ជីឈ្មោះបោះឆ្នោតមានសុក្រិតភាព បើពុំដូច្នោះទេ ពលរដ្ឋអាចមិនចូលរួមបោះឆ្នោត ឬគណបក្សនយោបាយខ្លះអាចដកខ្លួនមិនចូលរួមប្រកួតប្រជែងផងដែរ។

លោកមានប្រសាសន៍ថា«កាលណាដោះស្រាយជូនពលរដ្ឋឱ្យមានតម្លាភាព អាចធ្វើឱ្យពលរដ្ឋជឿទុកចិត្តបាន និងចូលរួមបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោតសំខាន់ណាស់ បើបញ្ជីបោះឆ្នោតមិនសុក្រិតទេ  ធ្វើឱ្យពលរដ្ឋមិនមានជំនឿ  ហើយពលរដ្ឋអាចមិនទៅបោះឆ្នោត ឬគណបក្សនយោបាយខ្លះក៏មិនចូលរួមប្រកួតប្រជែងការបោះឆ្នោតដែរ» ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដដែល លោក ហង្ស ពុទ្ធា  មានប្រសាសន៍ថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ គជប និងប្រកាសពីសុពលភាព នៃបញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  នៅទូទាំងប្រទេសផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២១ ឱ្យដឹងថា កាល​បរិច្ឆេទ នៃការ​​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សាឃុំ-ស​ង្កាត់ សម្រាប់​អាណត្តិទី៥ នឹង​​​ប្រ​​​ព្រឹត្ត​​​ទៅ​នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ