សកម្មជន​បក្សប្រឆាំង​នៅ​ត្បូងឃ្មុំ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​នឹង​ចូលរួម​នយោបាយ​ជាមួយ​បក្សភ្លើងទៀន

តំណាងគណបក្សភ្លើងទៀន នៅរាជធានីនិងមកពីបណ្ដាខេត្តទូទាំងប្រទេស បានមកជួបជុំគ្នានៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រាជធានី-ខេត្ត ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្ស ភ្លើងទៀន-Candlelight Party)

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយទើបចេញពីពន្ធនាគារមួយចំនួននៅខេត្តត្បូងឃ្មុំ បានអះអាងថា ​ពួកគេនឹង​ធ្វើសកម្មភាពនយោបាយបន្តទៀត ហើយគណបក្សដែលពួកគេនឹងចូលរួមនោះ គឺគណបក្សភ្លើងទៀន។   ​

ការអះអាងនេះធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានអនុវត្តទោសចប់សព្វគ្រប់តាមច្បាប់ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីពេលថ្មីៗនេះ។

លោក ម៉ក់ សំអាន ដែលអះអាងថាជាសមាជិកក្រុមប្រឹក្សាឃុំជាំក្រវៀនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ  អះអាងថា ក្រោយចេញពីពន្ធនាគារវិញ លោកនឹងចូលរួមសកម្មភាពនយោបាយដោយមិនមានការភ័យខ្លាចទេ។ លោកបន្តថា ​លោកនឹងចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន ប៉ុន្តែលោកមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការចូលរួមនោះឡើយ។

លោក ម៉ក់ សំអាន៖ «ខ្ញុំអតីតរបស់គណបក្សសមរង្ស៊ី ពីឆ្នាំ២០០មកដែរ ក្រោយមកខ្ញុំចូលមកសង្គ្រោះជាតិ ដោយសារការរួបរួមរបស់ថ្នាក់ដឹកទាំងពីរ មានលោកប្រធាន សម រង្សី និងលោកប្រធាន កឹម សុខា គាត់ទៅបើកគណបក្សសង្គ្រោះជាតិ បានខ្ញុំចេញពីគណបក្សសម រង្ស៊ី ចូលទៅគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគេរំលាយសង្គ្រោះជាតិហើយ ខ្ញុំឃើញតែគណបក្សភ្លើងទៀនទេ ដែលខ្ញុំធ្លាប់ជាគណបក្សហ្នឹងដែរ»។

លោក ម៉ក់ សំអាន ដែលត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងបទល្មើស «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបណ្ដាញសង្គម ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ប៉ុន្តែអនុវត្តទោសចប់នៅថ្ងៃ១៤ ខែមករា ឆ្នាំ២០២២។

មន្ត្រីបក្សប្រឆាំងដែលតុលាការរំលាយនៅថ្នាក់មូលដ្ឋានរូបនេះ អះអាងថា ទោះបីជារូបគាត់បានអនុវត្តទោសចប់ក្ដី ប៉ុន្តែលោកបានហៅការចោទនិងឃុំខ្លួនលោកថា ធ្វើឡើង​ទាំង​អយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «គេដាក់បទចោទខ្ញុំនៅលើបណ្ដាញសង្គម គេធ្វើការឃាត់ខ្លួន។ ហើយដល់ពេលបើកសវនា ការសាកសួរ គេអត់មានសួរពីសំណុំរឿងដែលគេចោទទេ គឺគេសួររឿងធ្វើបាតុកម្មនៅថ្ងៃ២៣តុលា ឆ្នាំ២០២០ នៅមុខស្ថានទូតអាមេរិកទៅវិញ ដោយសារតែគេអត់បញ្ជាក់ពីភាពច្បាស់លាស់នៅក្នុងបណ្ដាញសង្គមផង»។

លោក អ៊ុំ យ៉េត រស់នៅភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលអះអាងថាជា​សមាជិកក្រុងសួងរបស់សង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និយាយថា លោកនឹង​ចូល​រួមសកម្មភាពនយោបាយជាមួយបក្សប្រឆាំង គឺគណបក្សភ្លើងទៀន ដោយមិនខ្លាចការគំរាមកំហែងនិងការចាប់ខ្លួនដាក់ពន្ធនាគារជាថ្មីទៀតនោះទេ។

លោកមានប្រសាសន៍ថា «គោលបំណងរបស់ខ្ញុំ ខ្ញុំចូលទៅគណបក្សភ្លើងទៀនហើយ ដោយសារខ្ញុំមិនទាន់ជួបថ្នាក់ដឹកនាំភ្លើងទៀន។ ហើយម្យ៉ាងទៀត ខ្ញុំនៅមានបញ្ហាជំងឺផ្លូវចិត្តផង ហើយជំងឺក្នុងកាយផង។ អ៊ីចឹងខ្ញុំអត់ទាន់អាចធ្វើដំណើរចូលទៅធ្វើនយោបាយបន្តទៀតទេ ត្រូវសម្រាកប្រហែល១០ថ្ងៃសិន ព្យាបាលខ្លួន»។ ​

មន្ត្រីបក្សប្រឆាំងដែលតុលាការរំលាយនៅត្បូងឃ្មុំរូបនេះ អះអាងថា គាត់និងសកម្មជនប្រមាណ១០នាក់ទៀតត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ ក្រោយមកត្រូវបានអនុវត្តទោសចប់ និងដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា គណបក្សមួយនេះ​ស្វាគមន៍អ្នកដែលចង់មកចូលរួមជីវភាពនយោបាយជាមួយ​ ដោយលោកថា គណបក្សភ្លើងទៀនធ្វើការដើម្បីបុព្វហេតុជាតិ និងមានភាពស្មោះត្រង់ជាមួយម្ចាស់ឆ្នោត​។

លោកមានប្រសាសន៍ថា៖ «គណបក្សភ្លើងទៀន ជាគណបក្សមួយមានដើមកំណើតតាំងពីជាតិខ្មែរ រហូតមកដល់បច្ចុប្បន្ននេះ មិនមានការផ្លាស់ប្ដូរជំហរ នៅរក្សាឧត្ដមគតិដដែល។ រក្សាគោលដៅ គោរជំហររបស់ខ្លួនដូចពីមុន ដូចការតស៊ូដើម្បីបុព្វហេតុជាតិមាតុនិងប្រជាធិបតេយ្យ។ ហើយពួកគាត់ដែលមកចូលរួមជាមួយបក្សភ្លើងទៀន ហើយយើងស្វាគមន៍ដោយរីករាយជាទីបំផុត»។

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ សង្កេតឃើញថា ការចាប់ឬចោទប្រកាន់លើ​សកម្មជនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនោះ មិនអាចបំបាក់ស្មារតី និងមិនឱ្យពួកគេឈប់ស្រឡាញ់គណបក្សខ្លួនពេញចិត្តបាននោះទេ។

លោកបន្ថែមថា នៅក្នុង​រដ្ឋធម្មនុញ្ញក៏បានចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សណាមួយក៏បាន ដោយមិនមានការបង្ខិតបង្ខំ​នោះឡើយ ។

លោកមានប្រសាសន៍ថា៖ «ត្រូវតែបើកឱ្យមានលំហូរប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយការប្រកួតប្រជែងក្នុងសង្វៀននយោបាយដោយស្មើមុខ ស្មើមាត់គ្នា ហើយត្រូវរៀបចំឱ្យមាន គ.ជ.ប ឱ្យមានភាពឯករាជ្យភាពមួយ មិនគួរឱ្យមានជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយទេ ចំពោះថ្នាក់ដឹកនាំ គ.ជ.ប»។

លោកមានប្រសាសន៍បន្ថែមថា៖ «ហើយថ្នាក់ដឹកនាំគ្នាគោរពតាមរដ្ឋធម្មនុញ្ញ ហើយនាំគ្នាធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយធ្វើការចូលរួមពេញលេញពីគ្រប់ភាគីពាក់ព័ន្ធដោយស្មើភាពគ្នា ហើយគ្មានការគំរាមកំហែង ឬការចាប់ចង ឬចោទប្រកាន់ដូចសព្វថ្ងៃ ខ្ញុំគិតថា វាជាទម្លាប់មួយដែលគួរតែគោរព ដើម្បីស្ថិរភាពសង្គម ស្ថិរភាពនយោបាយរបស់យើង ដើម្បីពង្រីងនីតិរដ្ឋរបស់យើងដែរ»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយប្រមាណ​៦០នាក់ទៀតដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវនោះធ្វើឡើងបន្ទាប់ពីអាជ្ញាធរ​បានដោះលែងសកម្មជនសង្គម អ្នកនយោបាយ មេដឹកនាំសហជីព និងយុវជនបរិស្ថាន ​ប្រមាណ៣០នាក់ ជាបន្តបន្ទាប់ រួមទាំងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ