បក្សនយោបាយ​៣ ប្រកាស​បន្ត​ទាមទារ​ជាថ្មីទៀត​ប្រឆាំង​សេចក្ដី​របស់​គ.ជ.ប​លើ​ទម្រង់​១១០២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណបក្សនយោបាយចំនួន៣ បាន​ប្រកាសរួមគ្នា​ជា​ថ្មី​ទៀត​ថា នឹង​បន្ត​ទាម​ទារ​​​​ឱ្យ​​ស្ថា​​ប័ន​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (​​​​​គ.ជ.ប) ត្រូវ​ទទួល​យក​សេចក្ដីស្នើអំពី​ទម្រង់​១១០២ ដែលជាក្ដីកង្វល់របស់​​គណបក្ស​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិ​បាល ​ដាក់​បញ្ចូលទៅ​​ក្នុង​​ដំ​​ណើរ​ការបោះឆ្នោតឡើងវិញ ខ​​ណៈ ​​​​​គ.ជ.ប ធ្លាប់​បាន​​ច្រាន​ចោល​សេចក្ដីស្នើនោះ។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ ឱ្យដឹងនៅ​ថ្ងៃចន្ទ​នេះ​ថា តំណាង​គណបក្ស​​នយោ​បាយ​ទាំង​៣គណបក្ស បាន​​ជួប​ប្រជុំគ្នានៅ​រសៀល​ថ្ងៃនេះ ដែល​បង្ហាញពីការមិន​​អាច​​ទទួល​​យក​បាន​ចំពោះ​ការបដិសេធរបស់ គ.ជ.ប អំពី​សំណើនិងកង្វល់របស់ពួកគេ។ លោកបន្ត​ថា ការ​សម្រេច​ចិត្ត​របស់​ស្ថាប័ន គ.ជ.ប ជាការមិនគោរពនិង​មិនទទួលយកសេចក្ដីស្នើ​​នានាពី​តំណាង​គណបក្ស​នយោ​បាយ ទាក់ទងទម្រង់១១០២នេះ។

អ្នកនាំពាក្យ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា ក៏​ឯកភាពដែរ​ថា ការ​ជំទាស់​​របស់​​​​ គ.ជ.ប អំពីធាតុចូលទាំងឡាយកន្លងទៅ​របស់គណបក្សនយោបាយ ទៅលើសេចក្ដីព្រាង​​​បទ​​​បញ្ជានិងនីតិវិធីក្នុងជំហានដំបូង ជាហេតុផលមួយ​​ដែលនឹ​ង​រុញ​ឱ្យមានព្រឹត្តិការណ៍នៃការតវ៉ាដ៏​​​ចម្រូង​​​​​​​​​ចម្រាស ក្រោយការបោះឆ្នោតនា​ពេល​ខាង​មុខ។

លោកបន្ថែម​ថា ទម្រង់​១១០២​នេះជា​ភស្តុ​​តាង​ដែលមិនអាចខ្វះបាន ព្រោះវា​អាច​ជួយ​ឱ្យ​ភ្នាក់​ងារ​អ្នក​សង្កេត​ការណ៍ ឬភ្នាក់ងារគណ​បក្ស​​​នយោ​​បាយ ផ្ទៀងផ្ទាត់​រកខុសត្រូវអំពីលទ្ធផលឆ្នោត ហើយ​គណ​បក្សប្រជាធិបតេយ្យមូលដ្ឋាន នឹង​​មិនឈប់ត្រឹមនេះ ក្នុង​ការ​ទាម​ទារ​ដល់​ គ.ជ.ប ឱ្យ​​ប្ដូរជំហរ​របស់​ខ្លួន​ដែរ។

លោកបន្តថា៖ «យើងនឹងធ្វើការតស៊ូ​មតិ​បន្ថែម​ទៀត​លើ​ចំណុច​នេះ។ សម្រាប់​ពួក​យើង ​ការ​លុប​ចោល​​​នូវនីតិវិធី​នេះ គឺវា​ប៉ះពាល់​ទៅ​ដល់​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង។ វាអាចឱ្យគេនិយាយបំប៉ោងឬបំ​​ភ័ន្តលទ្ធ​ផលនៃ​ការ​បោះឆ្នោតបាន»។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យ ​​​​គ.ជ.ប លោក ហង្ស ពុទ្ធា បាននៅឡើយទេ នៅ​ថ្ងៃ​ចន្ទ​នេះ។​​ ប៉ុន្តែ​លោក​​ធ្លាប់អះអាងថា ​​​​គ.ជ.ប មិនទទួលយកការ​​ទាមទាររបស់តំ​​ណាង​​គណបក្ស​​ទាំង​​នោះទេ។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីសម្រេចកាល​​ពីថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២២ ដោយមិនអនុវត្តទម្រង់១១០២នេះ ដូចការបោះឆ្នោតលើក​​មុនៗ​​ទៀត​​​ឡើយ។ ជាបន្តបន្ទាប់មក គ.ជ.ប នៅតែបន្តរក្សា​ជំហរនេះដោយមិនកែប្រែ បើទោះ​​ជាមាន​​ការ​ជំ​ទាស់​​​ម្ដងហើយម្ដងទៀតពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និង​​គណ​​បក្ស​​​​កែ​ទម្រង់​​កម្ពុជាក៏ដោយ​​។

ការមិន​ផ្លាស់​ប្ដូរគោលជំហររបស់​​​​ គ.ជ.ប នេះ​ បានជំរុញឱ្យគណបក្ស​​ទាំង​​៣ចេញ​​​សេចក្ដីថ្លែង​ការណ៍​រួម​គ្នាកាល​ពីថ្ងៃទី​១១ ខែមករា ដោយ​​ទាមទារឱ្យស្ថាប័នជាតិរៀបចំការបោះឆ្នោត ត្រូវ​​រក្សា​ទុក​ទម្រង់​​​កំណត់​ហេតុ​នៃ​​​ការ​​រាប់​​សន្លឹកឆ្នោត ឬហៅកាត់ថា «ទម្រង់១១០២» ហើយ​គណៈ​កម្ម​ការ​ជាតិរៀបចំ​ការ​​​បោះ​ឆ្នោត​​ នៅតែមានភារកិច្ចចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬ​ទម្រង់​១១០២​នេះ ដល់​​​ភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅ​ការិយាល័យបោះឆ្នោត ដូច​ការ​បោះ​​​ឆ្នោត​​​មុនៗ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុម​ហ្វ្រែល​ លោក កន សាវាង្ស យល់​​ឃើញ​​ថា ការរក្សាទុកទម្រង់១១០២នេះ ជាមធ្យោបាយ​​ដ៏​​ល្អ​​​ ដែល​អាចជួយឱ្យគ្រប់ភាគីពាក់ព័ន្ធអស់ចិត្តអំពី​លទ្ធផលឆ្នោត ហើយ​ការអនុវត្តដូច្នេះ លោកថា មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោតនោះ​ទេ។

លោកបន្តថា​៖ «សម្រាប់យើងខ្ញុំជាអ្នកមើល យើងមើល​ឃើញថា ការដែលបែង​ចែកទម្រង់នេះ​នៅ​កា​រិយាល័យ បោះត្រានៅការិយាល័យ ហើយនិង​អ្នកធ្វើការជាមួយ​នឹង​ការិយាល័យ​នេះ គឺល្អ​បំ​ផុត​។ ​យើងក៏នៅតែស្នើសុំឱ្យ គ.ជ.ប អំពីចំណុចទាំងអស់នេះ ពីព្រោះចំណុចទាំងអស់នេះ វាអត់មាន​ខាត​បង់អ្វីទាល់តែសោះសម្រាប់ស្ថាប័ន គ.ជ.ប»។

កាល​បរិច្ឆេទ​នៃការរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹង​​​ប្រ​​​ព្រឹត្ត​​​ទៅ​នៅថ្ងៃអាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ