គ.ជ.ប លុបឈ្មោះ​ពលរដ្ឋ​៥នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត ខណៈ​ពួកគេ​តវ៉ា​ការ​សម្រេច​នេះ

ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកសវនាការជាសាធារណៈ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះប្រជាពលរដ្ឋ៥នាក់ចេញពីបញ្ជីបោះឆ្នោត នៅសង្កាត់ផ្សារចាស់ រាជធានីភ្នំពេញ ខណៈពួកគេប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី «លទ្ធផលសវនាការពាក់ព័ន្ធនឹងការដោះស្រាយបណ្ដឹងតវ៉ាសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត» បានឱ្យដឹងកាលពីថ្ងៃ១៨ ខែមករា ម្សិលមិញនេះថា ប្រជាពលរដ្ឋចំនួន៥រូបបានប្ដឹតវ៉ាទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ក្នុងរាជធានីភ្នំពេញ ដែលបានសម្រេចលុបឈ្មោះរបស់ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។

ពលរដ្ឋទាំងនោះរួមមាន លោក ដួង វិចិត្រ, អ្នកស្រី អ៊ុន សុគន្ធី, អ្នកស្រី ដួង ចិន្ដាមុនី, លោក ដួង វិរៈ និងលោក ដួង វិសាល។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ដើមចមដែលនាំឱ្យ គ.ជ.ប សម្រេចលុបឈ្មោះពលរដ្ឋទាំង៥នាក់នេះ ដោយសារតែពួកគេពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ-សង្កាត់ដែលសាម៉ីខ្លួនត្រូវបោះឆ្នោតនោះទេ។ នេះបើយោងតាមមាត្រា៤៦ និងមាត្រា៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

គ.ជ.ប បញ្ជាក់ដូច្នេះថា៖ «ឈ្មោះប្រជាពលរដ្ឋទាំង៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។ តាមបញ្ញត្តិដូចចែងក្នុងមាត្រាទាំង២ខាងលើ គ.ជ.ប សម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទុកជាបានការពេញទាំងមូល»។

ទាក់ទិននឹងបញ្ហានេះ គ.ជ.ប ក៏បានទុកសិទ្ធិឱ្យពលរដ្ឋទាំង៥នាក់នោះឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចខាងលើនេះ គឺពួកគេអាចប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទម្រង់បែបបទ ១២០៣) នេះតទៅ។

សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប​ បានឱ្យដឹងកាលពីថ្ងៃ១៥​ ខែមករានេះថា គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃស) ទូទាំងប្រទេស បានទទួលពាក្យបណ្ដឹងតវ៉ាសរុបចំនួន៣៦បណ្ដឹង នៅក្នុងរាជធានី-ខេត្តចំនួន១០​ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្ដាល ក្រចេះ ពោធិ៍សាត់ ស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្ដរមានជ័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ