មន្ត្រីបរិស្ថាន៖ អន្ទាក់ជាង៦ម៉ឺន ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការ​ពារ​ធម្មជាតិ​នៅ​ឆ្នាំ​២០២១

មន្ត្រីជំនាញ ដោះអន្ទាក់ដែលដាក់​សត្វស្លាបនៅតំបន់ការពារ។ រូបថត ក្រសួងបរិស្ថាន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បាន​ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១​កន្លងទៅ ​មន្ត្រីជំនាញ បាន​ដោះ​អន្ទាក់​ដាក់​សត្វ​ព្រៃ​ចំនួន ៦១ ៦១១​អន្ទាក់ និង​បានដកហូត​​​កាំភ្លើង​​កែច្នៃ​​ចំនួន​ ៧៥៨ដើម ព្រម​ទាំងបាន​ជួយសង្គ្រោះសត្វព្រៃជាច្រើនទៀត នៅ​ក្នុង​​​​ប្រតិបត្តិ​ការ​បង្ក្រាប​​បទ​​ល្មើស​​​នៅ​​តំបន់​ការ​​ពារ​​ធម្មជាតិ​ទូទាំងប្រទេស។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២២នេះថា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា មន្ត្រី​ឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ​ធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១ ៦១១អន្ទាក់ ពីក្នុង​តំប​ន់ការពារ​ធម្ម​ជាតិ ដែល​បានជួយសង្គ្រោះសត្វព្រៃ មិន​ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងបង្ក​គ្រោះថ្នាក់ដល់មនុស្ស។

លោក​បន្តថា បរិមាណអន្ទាក់ដែលដោះ​បាន​នៅ​ឆ្នាំ​២០២១នោះ​ មាន​ចំនួន​កើន​ឡើង​ប្រមាណជាង ២០% បើ​ប្រៀប​ធៀប​នឹង​បរិមាណ​អន្ទា​ក់​ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០អន្ទាក់ ក្នុងនោះមាន​ប្រភេទអន្ទាក់ឆក់​ខ្សែភ្លើង អន្ទាក់វាយបំបាក់​ស្មង​ជើង និង​ប្រភេទផ្សេងៗ​ទៀត។

លោក​ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មាន​ថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់​ប្រមាណ​ជាង ១២លានអន្ទាក់ ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។

ក្រៅពីអន្ទាក់ដែលបានបង្កគ្រោះថ្នាក់សម្លាប់សត្វព្រៃ លោកថា មន្ត្រីឧទ្យានុរក្សក៏បាន​ដក​ហូតកាំភ្លើង​កែច្នៃ​ប្រើប្រាស់​សម្រាប់ការប្រមាញ់សត្វព្រៃចំនួន ៧៥៨ដើមផងដែរ ហើយ​​បរិមាណ​នេះ​ប្រហាក់​ប្រហែល​ឆ្នាំ​២០២០​។

លោក​​​បានគូសបញ្ជាក់ថា៖ «ការកើនឡើងនៃកាំភ្លើងកែច្នៃ ក៏ជាផ្នែកមួយគំរាមកំហែងដល់សត្វ​ព្រៃ ហើយកាំភ្លើងកែច្នៃ​នេះ គឺជាអាវុធដែលគ្រោះថ្នាក់បំផុតផងដែរ។ លើសពីនេះ សត្វឆ្កែ​ប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃ​ដែរ។ ប្រជាជនមួយចំនួន បានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វ​ព្រៃ ដែល​ជា​កត្តា​រួមផ្សំ​ធ្វើឱ្យចំនួនសត្វព្រៃ​បានថយចុះ ដោយការប្រមាញ់ និង​ស្លាប់​ដោយសារតែជំងឺឆ្លងពីឆ្កែស្រុក»។

ដើម្បីបញ្ឈប់ការបរបាញ់ និង​ការដាក់អន្ទាក់ចាប់សត្វព្រៃដោយ​​ខុសច្បាប់ លោក​នេត្រ ភក្ត្រា បាន​​អំពាវនាវ​​ដល់​​​ប្រជាពលរដ្ឋ ​កុំបរិភោគសាច់សត្វព្រៃ​ កុំជួញដូរ​សត្វព្រៃ និងកុំជឿលើជំនឿ ដែល​​ថា​ ការ​​បរិ​ភោគ​សាច់​ ឈាម ឬ​យកឆ្អឹង​សត្វព្រៃ​ទៅធ្វើឱសថ ប៉ូវកម្លាំងឬជំនួយដល់សុខភាព ខណៈលោកថា ការទទួលទានបែបនេះ អាច​នឹង​ធ្វើឱ្យពលរដ្ឋ​​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់ដោយ​សារ​តែអា​ច​មាន​មេរោគ​ផ្សេងៗ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ