សកម្មជន​ថា​កម្ពុជា​បរាជ័យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​ចំណូល​ពី​ការ​នាំចេញ​ឈើ​របស់​វៀតណាម​កើន​ឡើង

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

សកម្មជនការពារបរិស្ថានបានលើកឡើងថា ការរកចំណូលបានជិត១០ពាន់លានដុល្លាររបស់វៀតណាមក្នុងការនាំឈើនិងគ្រឿងសង្ហារិមទៅក្រៅប្រទសកាលពីឆ្នាំ២០២១​ វាឆ្លុះបញ្ចាំងឱ្យឃើញពីភាពបរាជ័យរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ត្បិតបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ពិសេសបទល្មើសនាំឈើចេញទៅវៀតណាម​ ខណៈចំណូលកម្ពុជាទទួលបានតិច​តួច​។

យោងតាមរបាយការណ៍ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ តម្លៃនាំចេញផលិតផល​ផ្នែកព្រៃឈើមានចំនួនជាង៦០លានដុល្លារ (៦០ ៤០១ ៩០៤)។

ដោយឡែក របាយការណ៍របស់ក្រសួងកសិកម្មដែលចេញ​កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ចំណូលពីវិស័យព្រៃឈើមានចំនួនជាង២លានដុល្លារសហរដ្ឋអាមេរិក (២ ៦០៨ ៩៩៣,៧២)។

យ៉ាងណា សារព័ត៌មានវៀតណាម VNA ដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករាម្សិលមិញ បង្ហាញថា ប្រទេសកុម្មុយនីស្តមួយនេះ​រកចំណូលបានពីការនាំឈើនិងផលិតផលឈើចេញទៅបរទេសក្នុងចំនួនជិត១ម៉ឺនលានដុល្លារ(៨,៨)​ ក្នុងឆ្នាំ២០២១ ហើយចំនួននេះ កើន២២,៤ភាគរយ បើបៀបធៀបនឹងឆ្នាំ២០២០។

ប្រភពដដែលបានស្រង់ការព្យាកររបស់អគ្គនាយកដ្ឋានគយវៀតណាមថា ក្នុងឆ្នាំ២០២២នេះ ខ្លួននឹងបង្កើនការនាំឈើនិងផលិតផលឈើចេញ​ទៅទីផ្សារសហរដ្ឋអាមេរិកឱ្យបានដល់១០ពាន់លានដុល្លារ។

ប្រជាសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ​ លោក ស្រី ថី មានប្រសាសន៍ថា នៅប្រទេសវៀតណាមមិនមានឈើច្រើនដូចប្រទេសកម្ពុជាឡើយ ប៉ុន្តែបែរជាវៀតណាមអាចរកចំណូលបានច្រើនលើសលុបជាងកម្ពុជាទៅវិញ។ លោកថា ព្រៃឈើនៅប្រទេសកម្ពុជា ជាពិសេសតំបន់ព្រៃឡង់កំពុងប្រឈមនឹងការបាត់បង់ដោយការកាប់បំផ្លាញនិងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមផងដែរ។   

លោកបន្តថា ឈើដែលបាននឹងកំពុងកាប់ចេញពីព្រៃឡង់ ហើយដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅ យ៉ាងតិចជាង១០០កុងទឺន័រ។ បន្ថែមពី​នេះ លោកថា ព្រៃឈើនៅតំបន់ព្រៃឡង់នឹងវិនាស ដោយសារគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ខណៈការកាប់បំផ្លាញនិងដឹកជញ្ជូនឈើទៅលក់នៅវៀតណាមមិន​ថយចុះឡើយ។

លោកថា៖ «បើខ្ញុំទៅប្រទេសវៀតណាម អត់មានឈើអីធ្វើអាជីវកម្មផង មានតែឈើពី​ខ្មែរដែលចូលវៀតណាម។ ហើយវៀតណាមនាំចេញ​ទៅទីផ្សារអន្តរជាតិ ហុងកុងអីណាណីទៀត។ ខ្ញុំទៅប្រទេសវៀតណាម អត់មានឈើ​ ខ្ញុំដើរគ្រប់កន្លែង អត់មានឈើទេ ​ព្រៃ និងឈើនៅប្រទេសវៀតណាមប្រើការអត់កើតទេ ក៏ប៉ុន្តែវៀតណាមមានឈើលក់ ហើយឈើហ្នឹងចេញពីខ្មែរទាំងអស់ហ្នឹង។ ខ្ញុំសោកស្ដាយហួសពីសោកស្ដាយហើយ ចង់ស្លាប់ខ្លួនក៏មិនដឹងធ្វើយ៉ាងម៉េច ​បើយើងរាយការណ៍ដឹកនាំទៅ គេថាយើងបន្តុះបង្អាប់រដ្ឋាភិបាល រាយការណ៍មិនពិត កុហក ខ្ញុំថាអត់ចេះកុហកទេ បើមិនឃើញជាក់ស្ដែងក៏មិនថាដែរ» ។

សកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ បានលើកឡើងដែរថា ឈើដែលវៀតណាមនាំចេញទៅលក់នៅក្រៅប្រទេស មិនមែនជាឈើបម្រុងទុកដែលមាននៅក្នុងប្រទេសឡើយ ដោយថា ឈើទាំងនេះភាគច្រើននាំចូលពីប្រទេសជិតខាង ក្នុងនោះមានកម្ពុជា និងឡាវជាដើម។ 

លោកបន្តថា ត្បិតតែកម្ពុជាសម្បូរព្រៃឈើក៏ពិតមែន ប៉ុន្តែចំណូលដែលទទួលបានពីព្រៃឈើនិងធនធានធម្មជាតិតិចជាងប្រទេសវៀតណាមបំផុត។ ករណីនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពអសកម្មនិងអសមត្ថភាពរបស់អាជ្ញាធរកម្ពុជាក្នុងទប់ស្កាត់បទល្មើស។

លោកថា៖ «ព្រៃឈើនៅក្នុងប្រទេសកម្ពុជាបាត់សព្វថ្ងៃ​ អ្នកដែលទទួលផលចំណេញមែនទែនគឺក្រុមឈ្មួញ មានតែប្រទេសជិតខាង​ដែលគេយកឈើចេញពីប្រទេសកម្ពុជា​ ហើយយកលក់ទៅត ហើយបែរជាអាជ្ញាធរប្រទេសកម្ពុជាប្រមូលចំណូលបានតិចតួចបំផុត មិនបានសូម្បីតែ០,១ភាគរយនៃប្រទេសដទៃ ​ដែលគេមិនដែលមានឈើលក់​ផ្គត់ផ្គង់ទៅបណ្ដាប្រទេសដទៃផ្សេងៗទៀត។ អាជ្ញាធរកម្ពុជាមិនបានពង្រឹង​និងអនុវត្ត​នូវច្បាប់របស់ខ្លួនទេ ប៉ុន្តែគាត់បែរជាអនុវត្ត ប្រព្រឹត្តអំពើពុករលួយ ចូលក្នុងហោប៉ៅខ្លួនឯង​ ហើយគាត់មិនបានអនុវត្តច្បាប់​កុំឱ្យមានការកាប់បំផ្លាញព្រៃឈើ​ និងច្បាប់លួចដឹកឈើតាមព្រំដែន​នានា តែបែរជាអនុវត្តច្បាប់យកលុយដាក់ក្នុងហោប៉ៅខ្លួនឯងវិញ»។

សកម្មជនការពារបរិស្ថានរូបនេះថា ព្រៃឈើកម្ពុជាមិនដល់១០ឆ្នាំទៀតឡើយនឹងត្រូវបាត់បង់គម្របព្រៃឈើស្ទើរទាំងស្រុង បើសិនអាជ្ញាធរ​មិនអាចទប់ស្កាត់បទល្មើស​ និងមិនព្រមអនុវត្តច្បាប់ទៅលើក្រុមឧកញ៉ាឬឈ្មួញធំៗទេនោះ។ ​

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រ្តា ចាត់ទុកការលើកឡើងរបស់សកម្មជនការពារបរិស្ថានថា គ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ ដោយថា ក្រសួងបាននឹងកំពុងការពារនិងអភិរក្សនៅតំបន់ការពារធម្មជាតិដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីព្រៃឈើ។

លោកថា៖ «តាមរយៈរក្សាព្រៃឈើឈរ តាមរយៈលក់ឥណទានកាបូន ហើយនិងទេសចរណ៍ធម្មជាតិ។ ហើយបច្ចុប្បន្ន កម្ពុជាកំពុងទទួលបានជោគជ័យក្នុងការលក់ឥណទានកាបូននៅក្រៅប្រទេស។ ការលក់កាបូននេះ គេទិញបានទាល់តែយើងការពារបាននូវព្រៃឈើ ហើយតំបន់មួយចំនួនដែលយើងលក់កាបូន គឺយើងបានការពារប្រកបដោយសុវត្ថិភាព ហើយតំបន់មួយចំនួនទៀតកំពុងដាក់លក់កាបូន ដើម្បីកៀរគរដៃគូមកទិញ ហើយយកថវិកាដើម្បីបង្កើនការអភិរក្សនិងអភិវឌ្ឈន៍សហគមន៍តំបន់ការពារធម្មជាតិ»។

យ៉ាងនេះក្ដី លោក នេត្រ ភក្ត្រា ឱ្យដឹងដែរថា ឆ្នាំមុន សកម្មភាពចុះល្បាតក្នុងតំបន់ការពារទូទាំងប្រទេសដែលមានខេត្ត២១ មានចំនួនជិត៣ម៉ឺនលើក (២៨ ១៩១) ដោយបង្រ្កាបបទល្មើសបាន៨ ៦២៧ករណី​។ ចំនួនបង្ក្រាបល្មើសក្នុងឆ្នាំ២០២១ មានការកើនឡើងជាង៦០ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលមានចំនួន៨ ៦៩០ករណី។  ​

ក្នុងសារជាសំឡេងមួយកាលពីខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានអំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។

លោកបង្ហាញការឈឺចាប់ពេលនោះថា ការបាត់បង់ព្រៃឈើនៅកម្ពុជាច្រើន តែថវិកាចូលជាតិគ្មាន​ ដែលនេះគឺជារឿងខ្មាសអៀនមួយសម្រាប់ជាតិ ខណៈ​ប្រទេសជិតខាងបានរកចំណូលរាប់ពាន់លានដុល្លារពីវិស័យព្រៃឈើ។

យោងតាមទិន្នន័យពីផ្កាយរណបកាលពីឆ្នាំមុន បង្ហាញថា ដែនជម្រកសត្វព្រៃព្រៃឡង់មានការកាប់ឈើដ៏អាក្រក់បំផុតក្នុងចំណោមតំបន់ការពារផ្សេងទៀត ដោយបានបាត់បង់គម្របព្រៃឈើជិត១ម៉ឺនហិកតា (៩ ១១៩) ក្នុងឆ្នាំ២០២០ ដែលកើនឡើង២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ