ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ខេត្តតាកែវ​ចោទ​ក្រុម​ហ៊ុន​បន្ត​លួច​ដុត​សំរាម​ក្រៅឡ​ដោយ​បំពាន​កិច្ច​សន្យា

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា​បិទកំណាត់​ផ្លូវលំមួយខ្សែ​នៅក្នុងភូមិគ្រោះ ឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ ដើម្បីទាម​​ទារ​​ឱ្យក្រុមហ៊ុនសំរាម ដោះស្រាយ​​ប៉ះពាល់​ដល់​បរិស្ថាននិង​សុខ​ភាព​ពួក​គេ​ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តំណាងប្រជាពលរដ្ឋនៅភូមិគ្រោះ ខេត្តតាកែវ បានឱ្យដឹងថា ក្រុមហ៊ុនប្រមូលសំរាមមួយនៅតែបន្តលួចដុតសំរាមក្រៅឡ ដោយបំពានកិច្ចសន្យាជាមួយពលរដ្ឋនិងអាជ្ញាធរកាលពីពេលកន្លង​​ទៅ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកភូមិនៅក្បែរតំបន់នោះ។

លោក ហែន ស្រ៊ីវ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅក្នុងភូមិ​គ្រោះ​ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាង ១០០​គ្រួសារ បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះ​ថា ប្រហែល​​៤ថ្ងៃមកហើយ ក្រុមហ៊ុនឯកជនឈ្មោះ ជឹម សុវណ្ណរិទ្ធ  បានលួចដុតសំរាមនៅក្រៅឡ និងមិនបានធ្វើរបងព័ទ្ធជុំវិញទីតាំងចាក់សំរាមដែលមានទំហំប្រហែលជិត ១ហិកតានោះទេ ។

ករណីនេះលោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលស្រុកដែលធ្លាប់ធ្វើជាសាក្សីនៅក្នុងកិច្ចសន្យារវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋកាលពីដើមខែមករា ឆ្នាំ២០២២នេះ ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅតំបន់នោះ ។

លោកមានប្រសាសន៍ថា៖ «នៅពេលប្រជាជនបិទផ្លូវកាលពីដើមខែមករានេះ អាជ្ញាធរស្រុកគេមកចុះពិនិត្យទីតាំងចាក់សំរាមហ្នឹងដែរ ។ នៅពេលនោះតំណាងក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយពលរដ្ឋ ហើយអាជ្ញាធរដឹងឮធ្វើសាក្សី ដោយក្រុមហ៊ុនសន្យាធ្វើរបងព័ទ្ធជុំវិញទីតាំងចាក់សំរាម មិនឱ្យទឹកជ្រាបចូលស្រែពលរដ្ឋ មិនឱ្យដុតសំរាមក្រៅឡ និងសងសំណង់ជូនពលរដ្ឋដែលប៉ះពាល់ដំណាំស្រូវ»។

លោកមានប្រសាសន៍បន្ថែមថា៖ «ប៉ុន្តែប្រហែល៤ថ្ងៃមុននេះ ខ្ញុំទៅស្រែ ឃើញខាងក្រុមហ៊ុនគេដុតសំរាមក្រៅឡ អត់គោរតាមការសន្យាទេ។ ចឹងខ្ញុំ[ស្នើ]ទៅអាជ្ញាធរគិតផលប្រយោជន៍ប្រជាជនផង ព្រោះខ្ញុំក្នុងនាមប្រជាជនអត់ចង់បានអី ចង់បានសុខសន្តិភាព សមស្រប ធ្វើអ្វីកុំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ»។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ធុល រ៉ា សង្កេតឃើញថា ក្រុមហ៊ុនដុតសំរាមនៅក្នុងឡ បានប្រហែលជាមួយឡានតែប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈសំរាមដែលដឹកមកនៅសល់ប្រហែល ៩ឡានទៀត ចាក់នៅពាសវាលពាសកាល និងមិនទាន់ធ្វើរបងព័ទ្ធជុំវិញទីតាំងនោះនៅឡើយ។ ករណីនេះទើបធ្វើឱ្យក្រុមហ៊ុនលួចដុតសំរាមនៅក្រៅឡបែបនេះ ។

ទោះជាបែបនេះក្តី អ្នកស្រីព្រមានថា បើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលស្រុក មិនជួយរកដោះស្រាយ ឬទប់ស្កាត់ឱ្យក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យាទេ នោះពួកគាត់និងនាំគ្នាបន្តបិទផ្លូវមិនឱ្យក្រុមហ៊ុនឯកជននោះដឹកសំរាមយកទៅចាក់នៅទីតាំងនោះបានទៀត​ទេ ។

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំធ្លាប់បិទផ្លូវ៣ទៅ៤លើកហើយ ពេលបិទផ្លូវបានមានអាជ្ញាធរមកដោះស្រាយ​បើមិនចឹងទេ គេអត់មិនជួយដោះស្រាយទេ។ លើកនេះ បើអាជ្ញាធរមិនជួយដោះស្រាយជូនពលរដ្ឋតាមកិច្ចសន្យាទេ នោះពួកខ្ញុំនឹងនាំគ្នាបន្តបិទផ្លូវទៀតរហូតមានដំណោះស្រាយ»។

វីអូឌី មិនអាចរកការទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនប្រមូលសំរាម​ឈ្មោះ ជឹម សុវណ្ណរិទ្ធ បានទេនៅ​ថ្ងៃអាទិត្យនេះ។ ចំណែក អភិបាលស្រុកសំរោង លោក កេត ម៉ៅ អះអាងថា ជាប់រវល់ប្រជុំ ។

អតីតស្ថាបនិកមួយរូបនៃចលនាមាតា​ធម្មជាតិ និងបច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិនៃគម្រោង​អ្នក​ការពារ​ព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ​បញ្ហាសំរាម គឺជារឿងមួយស្មុគស្មាញ​ ដែល​រ​ដ្ឋាភិបាលមិនទាន់ដោះស្រាយឱ្យបានល្អនោះទេ។

លោកបន្តថា​ ប្រសិនបើ​បញ្ហានេះមិនបានដោះស្រាយដោយយកចិត្តទុកដាក់និងទាន់ពេលវេលានោះទេ  អាចធ្វើឱ្យពលរដ្ឋនាំគ្នាប្រមូលផ្តុំតវ៉ា ឬឡើងមកដាក់ញត្តិនៅក្រសួងពាក់ព័ន្ធ ដើម្បីទាមទាររកដំណោះស្រាយផងដែរ។

លោក សាន់ ម៉ាឡា យល់ថា បើក្រុមហ៊ុននៅតែមិនគោរពតាមកិច្ចសន្យាជាមួយពលរដ្ឋទេ នោះអាជ្ញាធ​រត្រូវដកអាជ្ញាបណ្ណមកវិញ ហើយបើកឱ្យក្រុមហ៊ុនផ្សេងមកជំនួស​ ដើម្បីរៀបចំកន្លែងទីតាំងចាក់ និងដុតសំរាមនោះមានស្តង់ដារ មិនប៉ះពាល់បរិស្ថាននិងសុខភាពពលរដ្ឋ។

លោកមានប្រសាសន៍ថា«បើសិនជាមិនមានដំណោះស្រាយទេ អាជ្ញាធរគួរតែធ្វើការសិក្សាក្នុងការដកក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការប្រមូលសំរាមចោល ហើយស្វែងរកក្រុមហ៊ុនណាដែលអាចមានដំណោះស្រាយចំពោះប្រជាពលរដ្ឋ ទើបទទួលបានផលវិជ្ជមានល្អផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ