បក្សក្រៅ​រដ្ឋាភិបាល​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​រារាំង​ពួកគេ​មិនឱ្យ​លើកស្លាក​សញ្ញា​នៅទី​សាធារណៈ

អាជ្ញាធរមូលដ្ឋានចុះសាកសួរសកម្មភាពលើកស្លាកគណបក្សភ្លើងទៀន សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន-Candlelight Party)

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនចោទអាជ្ញាធរមូលដ្ឋានក្នុងខេត្តខ្លះថា នៅតែបន្តរារាំង​ពួក​គេ​មិន​ឱ្យ​​​លើក​​​ស្លាក​សញ្ញាគណបក្សនយោបាយ និង​រឹតត្បិត​សេរីភាព​នៃ​ការ​ជួប​ជុំ ដែលផ្ទុយពីច្បាប់ជាតិនិងច្បាប់ស្ដីពីគណបក្សនយោបាយ។

អ្នកនាំពាក្យគណបក្សភ្លើង​ទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា គណបក្ស​បាន​លើក​ស្លាក​នៅ​ទូទាំង​២៥រាជធានី-ខេត្ត ដើម្បី​បង្ហាញ​សារ​ទៅ​ម្ចាស់​ឆ្នោត​ថា គណបក្សនេះ​បានត្រៀម​ខ្លួន​ចូលរួមការប្រកួតប្រជែងបោះឆ្នោតឃុំ-សង្កាត់នាពេលឆាប់ៗខាងមុខនេះ។

ប៉ុន្តែលោកបង្ហាញការសោកស្ដាយ នៅពេលគណបក្សនេះ​លើកស្លាកសញ្ញា​នៅតាម​មូល​ដ្ឋាន ស្រាប់​តែ​មាន​អាជ្ញាធរ​មួយ​ចំនួនដូចជា​ នៅក្នុងខេត្តប៉ៃលិន សៀមរាប កំពង់ចាម និងខេត្តកំពត មក​រំខាននិង​រារាំងមិនឱ្យលើកស្លាកគណបក្ស​នៅទីសាធារណៈ​ទៅវិញ ដោយលើកហេតុផលថា មិន​បាន​ជូនដំណឹងមកអាជ្ញាធរមូលដ្ឋានជាមុន។

លោក ថាច់ សេដ្ឋា ចាត់ទុកការរារាំងនោះថា ជាការរឹតត្បិតសេរីភាពនៃការលើកស្លាកនិង​ការជួបជុំ ដែល​ផ្ទុយពីច្បាប់។

លោកមានប្រសាសន៍ថា៖ «វាផ្ទុយពីច្បាប់ផង វាបង្ហាញនូវការរួមតូចចង្អៀតនៃការធ្វើសកម្មភាពចំពោះគណបក្សនយោបាយរបស់គណបក្សនីមួយៗ ហើយអាជ្ញាធរហាក់មិនបានយល់ពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ឬច្បាប់ដែលមានជាធរមាន»។

លោក​បន្ថែមថា៖ «យើងនឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បី​ឱ្យមានវិធានការឱ្យដូចគ្នា​ទាំងអស់ ដើម្បីបើកលំហប្រជាធិបតេយ្យ ដើម្បី​ឱ្យយើងមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពស្រប​ទៅតាមច្បាប់ដែលមានចែងនៅក្នុងប្រទេសកម្ពុជាយើងនេះ»។       

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​ យ៉ង សាំង​​កុមារ មាន​​ប្រសាសន៍​​ថា កន្លងមក អាជ្ញាធរមូលដ្ឋានមួយចំនួនដូចជា ខេត្តរតនគិរី និងខេត្តកណ្ដាល បានរារាំង​គណបក្សនេះ​មិនឱ្យ​លើកស្លាកសញ្ញានៅទីសាធារណៈនោះទេ ក្រោមហេតុផលថា មិនបាន​សុំការអនុញ្ញាត​ពី​អាជ្ញាធរពាក់ព័ន្ធ​។

លោក​ចាត់​ទុក​ការ​រារាំង​នោះ​ថា ជា​ការរើសអើងផ្នែកនយោបាយក្នុងការលើកស្លាកសញ្ញាគណបក្ស និងសិទ្ធិសេរីភាពជួបជុំរបស់អ្នកគាំទ្របក្សជាដើម។ ករណីនេះ លោក​ចង់ឃើញកម្ពុជាបើកលំហ​ប្រជាធិប​តេយ្យ ដើម្បីឱ្យគណបក្សនយោបាយ​ទាំង​អស់មានភាពស្មើគ្នាចំពោះមុខច្បាប់ នោះ​ទើប​​ដំណើរ​ការបោះឆ្នោតនាពេលខាងមុខនេះដោយសេរីនិងយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «សំខាន់ស្មើភាពគ្នាលើការលើកស្លាក ស្មើភាពលើការជួបជុំ ធ្វើម៉េចឱ្យមេភូមិ មេឃុំ មេប៉ុស្តិ៍ ឱ្យគាត់រក្សានូវអព្យាក្រឹត្យ​ភាព​របស់​គាត់ កុំឱ្យគាត់តាមដានសួរនាំ អ្នកដែលចូលបក្សណាៗ នៅពេលដែលគាត់ចូលមកប្រជុំសួរ​នាំ មិនបាច់មានសកម្មភាពទាំងអស់ហ្នឹងទេ ធ្វើធម្មតាទាំងអស់ទៅ»។

នាយកប្រតិបត្តិអង្គការ​និក​ហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ដើម្បីឱ្យការបោះឆ្នោតទទួលបានសេរីនិង​យុត្តិធម៌ ក្រសួងមហាផ្ទៃ និង គ.ជ.ប ត្រូវជួយអន្តរាគមន៍ឬពិនិត្យឡើងវិញ​នៃសេរីភាពរបស់គណបក្សនយោបាយទាំងអស់ ដើម្បីឱ្យពួកគេមានសិទ្ធិលើកស្លាកសញ្ញាគណបក្សនៅទីសាធារណៈ និងធ្វើសកម្មភាពនយោបាយប្រកបដោយតម្លាភាព ដូចមានចែងក្នុងច្បាប់ជាតិ។

ផ្ទុយ​ទៅវិញ លោក​យល់ថា បើអាជ្ញាធរពាក់ព័ន្ធនៅតែបន្តរារាំងមិនឱ្យគណបក្សនយោបាយខ្លះមាន​សិទ្ធិលើកស្លាកសញ្ញាគណបក្ស និង​ជួបជុំ​ដោយ​សន្តិវិធី​ជាមួយ​ម្ចាស់ឆ្នោតទេ​ នឹងធ្វើឱ្យការបោះ​ឆ្នោតមិនទទួលបានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

លោក​ថា៖ «វាមាន៣ដំណាក់កាលសំខាន់មុនបោះឆ្នោត ខ្ញុំចង់និយាយចាប់ផ្ដើមពីសកម្មភាពឥលូវនេះ រហូតទៅដល់ថ្ងៃបោះ​ឆ្នោត។ ដំណាក់កាលទី២ ថ្ងៃបោះឆ្នោត និងរាប់សន្លឹ​កឆ្នោត។ ហើយដំណាក់កាលទី៣ ទាក់​ទង​នឹង​បណ្ដឹង ថាតើមានបណ្ដឹង​យ៉ាងម៉េចមុន​ប្រកាសលទ្ធផលផ្លូវការ […] បើធ្វើការរាំងខ្ទប់ ឧបសគ្គ លើក​ស្លាកក៏មិនបាន អត់មានសេរី វាប៉ះពាល់ដល់ការបោះឆ្នោតនិងលទ្ធផលបោះឆ្នោត ព្រោះសកម្មភាពនិងសភាពការណ៍​មុនបោះឆ្នោតវាអ៊ីចឹង វាអត់មាន​សេរី និងយុត្តិធម៌»។

ទាក់ទងនឹង​ការលើកស្លាកសញ្ញាគណបក្ស ហើយមានការរារាំងពីសំណាក់អាជ្ញាធរនេះ អ្នក​នាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប មិនមានកាតព្វកិច្ចជួយអន្តរាគមន៍ឬដោះស្រាយនោះទេ ដោយ​​លោកបង្វែរសំណួរឱ្យទៅសួរខាង​ក្រសួងមហាផ្ទៃវិញ។

លោក​ថា៖ «ប្រសិនបើរឿងទាំងអស់ហ្នឹងកើតឡើង​ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត គ.ជ.ប នឹងចូលរួមក្នុងការធ្វើអន្តរាគមន៍​ឬក៏ដោះស្រាយ ប៉ុន្តែបច្ចុប្បន្នអត់ទាន់ដល់ពេលទេ។ អ៊ីចឹង​ជាបន្ទុករបស់ក្រសួងមហាផ្ទៃ ដែលសាម៉ីគណបក្សត្រូវទំនាក់​ទំនងទៅក្រសួងមហាផ្ទៃ ដើម្បីបានទទួលសិទ្ធិក្នុងការលើកស្លាក ព្រោះដែនដីដែលគណបក្សនយោបាយលើកស្លាក គឺជា​ដែនដីដែលគ្រប់គ្រងដោយអាជ្ញាធរ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និងលោក ខៀវ សុភ័គ បានទេ នៅរសៀលថ្ងៃចន្ទនេះ។

មាត្រា៦៩ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា ស្លាកសញ្ញាគណបក្សនយោ​បាយអាចលើកនៅទីសាធារណៈ ដោយមានការសម្របសម្រួលពីអាជ្ញាធរឃុំ-សង្កាត់ ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពសាធារណៈ។

មាត្រា៤​ នៃច្បាប់ស្ដីពីគណបក្សនយោបាយ បានចែងថា គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នាក្នុងការទទួលបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ដោយស្មើភាពគ្នាពីរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ដោយឡែក មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ​

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២១ កាល​បរិច្ឆេទ​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សាឃុំ-ស​ង្កាត់ សម្រាប់​អាណត្តិទី៥ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ