លោក ស ខេង បញ្ជា​ទៅ​មន្ត្រី​ត្រូវ​ការពារ​សុវត្ថិភាព​គ្រប់​បក្សនយោបាយ​ឱ្យ​ស្មើគ្នា​ដោយ​គ្មាន​ការ​រារាំង

អាជ្ញាធរមូលដ្ឋានចុះសាកសួរសកម្មភាពលើកស្លាកគណបក្សភ្លើងទៀន សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន-Candlelight Party)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ជា​ពិសេសម​ន្ត្រីន​គរបាលជាតិ​ទាំង​អស់ ត្រូវ​ការ​ពារ​សុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលដល់គ្រប់សកម្មភាព​គណបក្សនយោបាយ​ទាំង​អស់ដែល​បានចុះបញ្ជីប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ឱ្យបានស្មើភាពគ្នា​។

ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពី​គណបក្ស​ក្រៅរដ្ឋាភិបាលមួយចំនួនរិះគន់អាជ្ញាធរនៅតាមបណ្ដាខេត្ត​មួយ​ចំនួ​ន​ថា បានមក​រំខានសកម្មភាពជួបប្រជុំជាមួយសកម្មជនមូលដ្ឋាន និង​រារាំងមិនឱ្យ​លើក​​ស្លាក​គណបក្ស​នៅទីសាធារណៈ​របស់ពួកគេ ដោយលើកហេតុផលថា មិន​បាន​ជូនដំណឹងមកអាជ្ញាធរមូលដ្ឋានជាមុន។

ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិ​ភាគ​ទី​១ ភូមិ​ភាគ​ទី២ និង​ភូមិ​ភាគ​ទី៣ នាព្រឹកថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ២០២២នេះ​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា គណបក្សកាន់អំណាចនៅតែបន្ត​ពង្រឹងនិងពង្រីកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការ​អនុវត្ត​នយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ តាមរយៈការផ្ទេរអំណាចពីថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យបានកាន់តែច្រើន និងស្របតាមច្បាប់។

ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវមានភារកិច្ចរៀបចំ​ផែនការការពារសុវត្ថិភាព និង​​បង្កលក្ខណៈងាយស្រួល​ដល់គ្រប់សកម្មភាពធ្វើនយោបាយរបស់គណបក្ស​ទាំងអស់ ហើយ​​វិធានការនេះត្រូវធ្វើឡើងដោយស្មើភាពគ្នា គ្មានការរើសអើងនិង​ប្រកាន់បក្ខ​ពួក ​ដើម្បីឱ្យ​ដំណើរ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រប​តាម​គោលការណ៍ប្រជាធិបតេយ្យ។

លោកមានប្រសាសន៍ថា៖ «ក្នុង​ឋានៈ​យើង​ជា​នគរបាលជាតិ យើងត្រូវប្រកាន់នូវជំហរអព្យាក្រឹត្យ​ចំពោះគណបក្សនយោ​បាយ បានន័យថា យើងត្រូវមានភារកិច្ចកា​រពារគ្រប់គណបក្សនយោបាយ ដោយមិនបែងចែក មិនប្រកាន់ សម្រាប់គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ»។

យ៉ាងណា អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ហាក់មិនមានជំនឿលើការអំពាវនាវនេះទេ ដោយថា តាម​ការសង្កេតកន្លង​មក ការអំពាវនាវរបស់ថ្នាក់ដឹកនាំទៅកាន់អាជ្ញាធរថ្នាក់ក្រោមមិន​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​ថា បើច​ង់​ឱ្យដំណើរការបោះឆ្នោតមួយមានភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ លុះត្រាតែលោក ស ខេង ចេញលិខិតជាផ្លូវការ ដើម្បីឱ្យមន្ត្រីថ្នាក់​ក្រោម​គោរព​​និង​អនុវត្ត​តាម​ នោះ​ទើបមានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តថា៖ «ដើម្បីឱ្យមានការឯកភាពជាទូទៅ ការអនុវត្តឱ្យស្មើគ្នា ត្រូវមានចេញបញ្ជាជាផ្លូវការទៅ! អាហ្នឹងបានខាងមូលដ្ឋាន​ គឺគោរពទៅតាមអ្វីដែលជាបទបញ្ជារបស់ក្រសួងមហាផ្ទៃបាន។ យើងចង់ឱ្យចេញបញ្ជាជាក់លាក់ ជា​លាយ​លក្ខណ៍អក្សរ​ទៅតាម​គ្រប់​មូល​ដ្ឋាន បានខ្ញុំថាការអនុវត្តមានប្រសិទ្ធភាព»។

នាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី មានប្រសាសន៍គាំទ្រការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាបាន​នូវសេរីភាព និងសុវត្ថិភាពចំពោះគណបក្សនយោបាយទាំងអស់។ ប៉ុន្តែ​លោកបញ្ជាក់ថា បើសិនជាអាជ្ញាធរពាក់ព័ន្ធ​មិនអនុវត្តតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំ ហើយ​នៅតែបន្តរារាំងឬរំខានដល់គណបក្សនយោបាយនៅពេលពួកគេធ្វើសកម្មភាពស្របតាមច្បាប់ គឺថ្នាក់ដឹកនាំត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់លើមន្ត្រី​ទាំងនោះ ដើម្បីចៀសវាងមានរឿងបែបនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា៖ «ក្រសួងមហាផ្ទៃ ត្រូវមានវិធានការរបស់ក្រសួង ដោយត្រូវដក ផ្ទេរតាមបែបរដ្ឋបាល ដើម្បីជាគំរូសម្រាប់ខេត្តផ្សេងៗទៀត ដើម្បីឱ្យកន្លែងផ្សេងៗទៀតរាងចាល ទាល់មានវិធានជាក់ស្ដែង បានយើងទទួលយកបាន បាន​វាស្មើភាពគ្នា»។

មាត្រា៤​ នៃច្បាប់ស្ដីពីគណបក្សនយោបាយ បានចែងថា គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នាក្នុងការទទួលបុព្វសិទ្ធិ និងការយកចិត្តទុកដាក់ដោយស្មើភាពគ្នាពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ដោយឡែក មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិផងដែរ។ ​

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២១ កាល​បរិច្ឆេទ​នៃ​ការ​​បោះ​ឆ្នោត​ជ្រើស​រើសសមាជិក​ក្រុម​ប្រឹក្សាឃុំ-ស​ង្កាត់ សម្រាប់​អាណត្តិទី៥ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅថ្ងៃ​អាទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ