គណបក្សប្រជាធិបតេយ្យមូលដ្ឋានរិះគន់ការបង្កើតក្រសួងច្រើនដែលនាំឱ្យខាតបង់ថវិកាជាតិ

ប្រភពរូបភាព៖ ហ្វេសប៊ុកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ប្រៀបធៀបការបង្កើតក្រសួង និង​​មន្រ្តី​​​​រាជ​​​​​ការ​​​​​​ច្រើន​ហួសប្រមាណ​ដូចបច្ចុប្បន្ន​ ទៅ​នឹង​ពាក្យ​​​​ថា «គ្នាច្រើនអន្សមខ្លោច» ដែលនាំទៅដល់​ការ​​​ចំ​​ណា​​យថ​​វិកា​​ជា​តិ មិន​ចំ​គោល​ដៅ។

ឯកសារគោលនយោបាយទី៦៤ នៃសៀវភៅបៃតង​របស់គណបក្ស GDP ដែល​បាន​​ផ្ស​​ព្វ​​​ផ្សា​​យ កាល​ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ២០២២ បង្ហាញថា កម្ពុជាបច្ចុប្បន្ននេះ មាន​ក្រសួង​​​ច្រើន​​​​ហួស​ប្រមាណ​​រហូត​ដល់ ២៨ក្រសួង ខណៈ​ចំនួន​មន្រ្តីរាជការវិញមានប្រមាណ ៥០ម៉ឺននាក់​។ គណបក្ស​​នេះ បន្តថា ​​ចំនួន​ដ៏​​ធំ​​​​នេះ បានក្លាយជាបន្ទុក​ធ្ងន់ ដែល​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ត្រូវ​បង្ខំ​ចិត្ត​ចំណាយ​​ថវិកា​ជាតិ​​​​ច្រើន និង​ពុំសូវមានប្រសិទ្ធិភាព។

ប្រភពដដែលបន្តថា ដើម្បីធានាបានពីការទប់ស្កាត់នៃការចំណាយមិនចំគោលដៅនេះ គឺត្រូវកាត់​​បន្ថយ​​សមាជិករដ្ឋាភិបាល និងបង្រួមក្រសួងពី២៨ មកនៅត្រឹម ១៥ក្រសួង ហើយក្រសួងនី​​មួយៗ មាន​រដ្ឋមន្រ្តី១រូប និងអនុរដ្ឋមន្រ្តីយ៉ាងច្រើនបំផុត៣រូប។ គណបក្សនេះថា ការអនុវត្ត​​​ដូច​នេះ ទើប​​មាន​ប្រសិទ្ធិភាព និងបរិយាប័ន្តការងារ។

បន្ថែមលើឯកសារគោលនយោបាយនេះ អគ្គលេខាធិការ​នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោ​​ក​​​​បណ្ឌិត សាម អ៊ីន ប្រាប់វីអូឌីនៅថ្ងៃទី៣១ខែមករា​នេះ​ថា ការដែលបង្កើតក្រសួង​ច្រើនបែប​​នេះ មិនខុសអីពីរដ្ឋាភិបាល​មានក្បាលធំជាងខ្លួន​នោះទេ។ មិនតែប៉ុណ្ណោះ លោកសង្កេត​​ឃើ​​​ញ​​​​ថា ក្រសួងខ្លះ​មាន​ការងារជាន់គ្នា ដូចជា ក្រសួងកសិកម្ម និង​​​ក្រសួងធនធានទឹក និង​ក្រសួង​អភិ​វឌ្ឍន៍​ជន​​បទ​ជាដើម។

លោកបន្តថា៖ «ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ការងារធនធានធម្មជាតិ រឿងទឹករឿង​បច្ចេកទេស​​កសិ​ក​​​ម្ម​​អីអស់​ហ្នឹងវាគួរតែនៅតែមួយ។ ​នៅពេលយើងចែក​ក្រសួង​​រហូតដល់​​៤ ដើម្បីគ្រាន់​​តែដាក់​​ឱ្យ​មាន​​ឋានៈតួនាទីរដ្ឋមន្រ្តី៤ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមួយក្រសួងៗ មិនតិច​​ជាង១០​​នាក់​ទៅ២០​​នាក់ទេ ទី១ ការចាត់ចែងការ​ងារ​វា​ជាន់​​​គ្នា។ ការ​ងារ​ជាន់​គ្នា​ ធ្វើឱ្យ​ការ​ងារ​​មិន​មាន​ប្រសិទ្ធិ​ភាព​​​ល្អ​​​ ​ហើយ​​​​​ទី២ ការចាយវាយថវិកាជាតិខ្ជះខ្ជាយ »។ 

នាយករងខុទ្ទកាល័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ចាន់ ហេង បដិសេធអត្ថា​ធិ​ប្បាយ ខណៈអ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក​ ស្រី វុឌ្ឍី ពុំអាចទាក់ទងបាន។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងទទួល​ស្គាល់​ថា អ្វីដែលគណបក្ស​ GDP លើក​​​ឡើង​​​នេះ ពិត​ជារបៀបនៃការ​ធ្វើកំណែទ​ម្រង់​គោល​នយោបាយ ហើយ​សារ​នយោបាយនេះ ក៏​ស្រប​​​​ទៅនឹងជំហររបស់រដ្ឋាភិបាលដែរ។ ប៉ុន្តែលោក​ថា ការ​បង្កើន​សមាជិក​រដ្ឋាភិ​បាល និងក្រសួង​ច្រើន​​​ដូច​នេះ មិនមែនជាសេចក្តីសម្រេច​របស់រដ្ឋាភិបាល​តាំងពីដើម​ទី​មក​ទេ។

បើតាម​លោក ផៃ ស៊ីផាន ដោយសារកម្ពុជាកើតចេញពីបក្សផ្សេង​គ្នា នៅក្រោយការ​បោះឆ្នោតឆ្នាំ១៩៩៣ ហេតុដូច្នេះ​បក្សនយោបាយនីមួយៗ បានដាក់សមាជិករៀងៗខ្លួន ទៅតាមកូតាបក្ស​ចូលទៅក្នុង​​ក្រសួងនីមួយៗ តាំងពីពេលនោះមក ហើយវប្បធម៌ដូចនេះ ក៏ចេះតែមានដល់សព្វថ្ងៃ។ ប៉ុន្តែ​លោក​ថា នៅចំពោះមុខនេះ រដ្ឋាភិបាលមានផែនការ ដើម្បីកាត់បន្ថយក្រសួងឱ្យនៅតិច តាមលទ្ធ​ភាព​ដែល​អាច​ធ្វើទៅបាន​។

លោកបន្តថា៖ «រដ្ឋាភិបាលកំពុងតែធ្វើកំណែទម្រង់ហ្នឹងដែរ ហេតុដូចម្តេចបាន​មាន​មន្រ្តីនៅក្នុងក្រ​​សួង យើងរាប់ចាប់ពីថ្នាក់ក្រោមរហូតដល់លើ អាហ្នឹងទី១ ទី២ ហេតុអ្វីបានជាយើងមានក្រសួងច្រើន​មិន​ចឹង ប្រវត្តិសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាហ្នឹង កើតចេញពីរដ្ឋាភិ​​បាល​ដែលមានទិសដៅបង្រួបបង្រួមជាតិដែលគេហៅថា កូតា នោះដើម្បីបញ្ចប់សង្រ្គាម អាហ្នឹងប្រវត្តិ​​របស់​យើងគឺអ៊ីចឹង»។

នៅក្នុងសេចក្តីព្រាងច្បាប់​ ស្តីពីការ​គ្រប់គ្រង​​ថវិកា​ជាតិ​ឆ្នាំ២០២២ របស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ​​​កាល​ពីថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២១ បង្ហាញថា រដ្ឋាភិបាល​​ត្រូវ​​បង្កើន​​ការចំណាយថវិកាជាតិ សម្រាប់ឆ្នាំនេះ កើនឡើងប្រមាណជាង​ ៨ភាគរយ បើ​​ធៀប​​ទៅនឹងឆ្នាំ​២០២១។

ដោយឡែក លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែ​មករា ឆ្នាំ​២០២២ ក៏​បាន​ប្រកាស​ពី​​​ការ​​ធ្វើ​​​កំ​​ណែ​​ទម្រង់នៃការគ្រប់គ្រងថវិកាជាតិឱ្យបាន​​ត្រឹមត្រូវ។ ​ទន្ទឹមនឹងនេះ លោក​​ក៏ធ្លាប់ព្រលយ​​ពី​​ការរៀបចំ និង​​កាត់បន្ថយ​​​ក្រសួង​ឬស្ថាប័នរដ្ឋ ដែលមិនចាំបាច់ សម្រាប់ដាក់​​បញ្ចូលគ្នាដែរ។

នាយកប្រតិបត្តិអង្គការ អភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ឃើញ​ថា ការ​ធ្វើ​កំណែ​​​​ទម្រង់​​ក្រសួង ឬ​សមាជិករដ្ឋាភិបាលឱ្យនៅក្នុងកម្រិតមួយតិចតួច មិន​មែនជារឿងសំខាន់ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ​​គឺ​​​​​ទាក់ទងនឹង​សមត្ថភាព។ លោកបន្ថែមថា ប្រសិន​បើផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ហើយ តែ​មិន​ដំណើរ​​ការ​​​ដដែល នោះ​មិនមានន័យអ្វីឡើយ។

ម្យ៉ាងវិញទៀត លោក​ថា​ ការកាត់​បន្ថយ​ចំនួន​មន្រ្តី ឬក៏​អង្គ​ភាពរបស់រដ្ឋនេះ គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​ប្រជែង​អំណាច​ប៉ុណ្ណោះ រវាងបក្ស​នយោបាយ និងបក្សនយោបាយ ប៉ុន្តែអ្វីដែលលោកមើល​ឃើញ គឺរដ្ឋាភិបាលគួរផ្តោត​​ទៅលើ​​សមត្ថ​ភាព​​ និងការ​​ផ្តល់​​សេវា​របស់​មន្រ្តី​ថា​តើ​មាន​តម្លា​ភាព និង​អាច​ទទួល​យក​បាន​កម្រិត​ណា។

លោកបន្តថា«យើងបង្រួមមកហើយកាត់បន្ថយចំនួនទាំងអស់នោះ ប៉ុន្តែសមត្ថភាព និងធន​ធាន​របស់​មន្រ្តី​រាជ​ការ​ដែល​បម្រើ​សេវា​ទាំង​អស់​នោះ គាត់​នៅ​តែ​មាន​កម្រិត​ដដែល។ អ៊ីចឹង​យើង​គិត​ថា បើ​​ទោះ​បី​ជា​បង្រួម ឬពង្រីក ក៏វាអត់មានលទ្ធផលអីថ្មីជាវិជ្ជមាននោះដែរ»។

ម្យ៉ាងវិញទៀត​​ លោក​ហាក់​មិន​មាន​ជំនឿទេ​​​ថា ការធ្វើកំណែ​​ទម្រង់​​ ស្តីពី​​​បុគ្គលិករដ្ឋ និង​ស្ថាប័ន​ជាតិ​របស់​រដ្ឋាភិបាល​នេះ អាចដំណើរការ​​ទៅ​​ឆាប់ ដោយ​ថា កម្ពុជា​ ត្រូវ​ការ​ពេលវេលា​វែងឆ្ងាយ​ទៀត ក្នុងការ​ធ្វើកំណែទម្រង់នេះ​។ លោកបណ្ឌិត សេក សុជាតិ បាន​លើក​នូ​វ​ហេតុផលមួយចំនួន ដែល​រដ្ឋាភិបាល​ត្រូវ​ជួប​ឧបសគ្គ​​​​ក្នុង​​​ការ​​​​​​ធ្វើ​​កំ​​ណែ​​​​ទម្រង់នេះ ក្នុង​​នោះមានដូចជា​ មានអំពើពុករលួយជាប្រព័ន្ធតាំងពីថ្នាក់ជាតិ ដល់​ថ្នាក់​ក្រោម​​​​ជាតិ និង​​​​មា​ន​​ខ្សែ​​​បណ្តាញ បក្ស​​ពួក​​និ​​យម គ្រួសារ​​​និ​​យម​ដែល​​​​ចាក់ឬស​យ៉ាងណែន​​នៅ​​ក្នុង​​ស្ថាប័នជាតិ​​នី​​មួយៗ។ មួយ​ទៀត លោក​មើលឃើញទាក់ទងនឹង​សមត្ថភាព និង​​​​ឆន្ទៈ​ពិត​​ប្រាក​​ដ​របស់​មន្រ្តី ដែល​មិន​ចង់​ឱ្យ​​គោល​​នយោបាយ​​​​នេះ​​សម្រេច​​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ