ក្រសួង​ថា​គុណភាព​ខ្យល់​ក្នុង​តំបន់ខ្លះ​ធ្លាក់ចុះ ដែល​អាច​បង្ក​ផលប៉ះពាល់​សុខភាព​ពលរដ្ឋ

ផ្សែងហុយចេញពីឡដុតនៅអង្គភាពចាក់សំរាមផ្នែកវេជ្ជសាស្រ្តនៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ (Gerald Flynn)

ក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនមានការធ្លាក់ចុះ ដែល​ជាហានិភ័យ​បង្ក​ឱ្យ​មាន​ផលប៉ះពាល់ដល់សុខភាពរបស់​ប្រជាពលរដ្ឋ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីល្ងាច​ថ្ងៃទី៣១ ខែមករា ​ថាតាមរយៈការតាម​​​ដាន​គុណ​ភា​ព​ខ្យល់​ពី​ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់​ ដែលក្រសួងដំឡើងនៅតាមរាជធានី-ខេត្តទូទាំងប្រទេស បាន​បង្ហាញ​ថា ស្ថាន​ភាព​គុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 អាចកើតមានឡើងលើសកម្រិតស្ដង់ដារនៅបណ្ដាខេត្តមួយចំនួន ដែលជាហានិភ័យបង្ក​ផល​ប៉ះពាល់​ដល់​សុខភាពប្រជាពលរដ្ឋ។

ក្រសួង​​កត់សម្គាល់ថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងជាអាទិ៍ ដោយ​សារ​តែ​ការ​បញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្ត​ប្រើ​ប្រាស់​ប្រេង​ម៉ាស៊ូត​ និង​ពីចំហេះឥន្ធនៈផ្សេងៗទៀត ភ្លើងឆេះព្រៃ ការដុតព្រៃ ដុតវាលស្មៅ ដុតគល់ជញ្រ្ជាំង ដុតសំរាម​និងសំណល់រឹងនៅទីចំហ ការឆេះសំរាមនៅទីលានចាក់សំណល់ និងការហុយ​ធូលីពីការ​ដ្ឋាន​សំណង់ ​ជាដើម។

ករណីនេះ ក្រសួងបរិស្ថាន ជំរុញទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ​បរិស្ថាន រួម​គ្នា​កែ​លម្អ​គុណ​ភាព​ខ្យល់នៅ​តាម​រាជធានី-ខេត្ត ដូចជា ត្រូវ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុតសំរាម សំណល់រឹ​ង​នៅតាមទីចំហ ការ​ឆេះនៅតាមទីលានចាក់សំណល់, ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ, ការសម្អាតអនាម័យនៅតាមដងផ្លូវទីសាធារណៈ និងអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់​កសិកម្មផ្សេងៗទៀត។

រដ្ឋលេខាធិការ​ និងជា​អ្ន​កនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ​ ភក្ត្រា មា​ន​ប្រសាសន៍បន្ថែមនៅថ្ងៃអង្គារ​នេះ​ថា គុណភាព​ខ្យល់​ដែល​ធ្លាក់​ចុះនិង​មាន​ហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រួមមាន នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ សៀមរាប និងខេត្តព្រះសីហនុ។

ទោះជាយ៉ាណា លោក​អះអាងថា ការធ្លាក់ចុះគុណភាពខ្យល់នៅក្នុងរាជធានី-ខេត្តទាំងនោះ​មិនទាន់ឡើងដល់បន្ទាត់​ក្រហម​ដែលត្រូវប្រកាសអាសន្ននោះទេ ដោយសារកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 នៅមានគុណភាពល្អនៅឡើយ។

ប្រភពដដែលបន្ថែមថា ក្រសួងបរិស្ថានជំរុញទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថាន ឱ្យរួមគ្នាកែលម្អគុណ​ភាពខ្យល់នៅតាមរាជធានី-ខេត្តទាំងនោះ ដើម្បីកាត់បន្ថយគុណភាពខ្យល់ដែលធ្លាក់ចុះ ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ ។

លោកមានប្រសាសន៍ថា៖ «មិនមែនមានបញ្ហាហើយ បានយកយកចិត្តទុកដាក់ទេ! គឺយើងបានត្រៀមលក្ខណៈ​ជាមុន ជូនដំណឹង និងចាត់វិធានការ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបំពុលខ្យល់សាធារណៈនេះផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ