គណបក្សនយោបាយចំនួន៦ ដែលកំពុងតស៊ូមតិប្រឆាំងការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលកែនីតិវិធីខ្លះនៃទម្រង់១១០២ កំពុងស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅនាខែមិថុនាខាងមុខនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន ប្រធានគណបក្សកែទម្រង់កម្ពុជា ឱ្យដឹងនៅថ្ងៃអង្គារនេះថា សម្រាប់គណបក្សថ្មីថ្មោងមួយនេះបានសម្រេចចិត្តរួចហើយក្នុងការចូលរួមការបោះឆ្នោតខាងមុខនេះ។ ប៉ុន្តែលោកថា ប្រសិនបើបរិយាកាសនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅខាងមុខនេះមិនអំណោយផលទេ គណបក្សនេះអាចនឹងពិចារណាក្នុងការដកថយវិញដែរ។
លោកបន្តថា៖ «ប្រសិនបើមានការឈានទៅបណ្ដើរៗ ធ្វើឱ្យមានភាពតានតឹងខ្លាំង ហើយធ្វើឱ្យបាត់បង់ប្រយោជន៍ហ្នឹងកាន់តែច្រើន អាហ្នឹងយើងចាប់ផ្ដើមពិចារណា»។
បើទោះបែបណា សម្រាប់អ្នកនយោបាយចាស់វស្សារូបនេះ យល់ឃើញថា គិតចាប់ពីពេលនេះទៅមុខ គឺអ្នកនយោបាយទាំង៦គណបក្សនៅមានពេលយូរថ្ងៃដែរ ក្នុងការទាមទារដើម្បីជំរុញឱ្យ គ.ជ.ប ធ្វើសេចក្ដីសម្រេចចិត្តសារជាថ្មីទាក់ទងកង្វល់របស់ខ្លួន។
មិនខុសគ្នាទេ សម្រាប់លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ឯកភាពដែរថា ការសម្រេចភ្លាមៗនៅពេលនេះថា ត្រូវចូលរួមឬមិនចូលរួមការបោះឆ្នោតនោះ ហាក់មានភាពប្រញាប់ប្រញាល់ពេក ខណៈយុទ្ធនាការនៃការតស៊ូមតិនេះនៅមានពេលវែងឆ្ងាយនៅឡើយ។
លោកបន្តថា៖ «ត្រង់ចំណុចនេះ យើងអត់ទាន់អាចឆ្លើយភ្លាមបានទេ។ យើងត្រូវរង់ចាំការពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ហើយនិងពិនិត្យពីឥរិយាបថរបស់ គ.ជ.ប ផងដែរ ថាតើឥរិយាបថឆ្លើយរបស់ គ.ជ.ប ហ្នឹងវាកម្រិតណាអីកម្រិតណាស់»។
កាលពីដើមខែមករា ឆ្នាំ២០២២ គ.ជ.ប បានសម្រេចកែសម្រួលនីតិវិធីនៃទម្រង់១១០២ ដោយមិនចម្លងជូនភ្នាក់ងារសង្កេតការណ៍ ឬភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ដូចអាណត្តិមុនៗទៀតទេ។ ការនេះបណ្ដាលឱ្យគណបក្សចំនួន២ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានងើបឡើងតវ៉ាមុនគេ បន្តបន្ទាប់មក មានគណបក្សផ្សេងទៀតបានចូលរួមធ្វើយុទ្ធនាការនេះជាហូរហែ។
ទាក់ទងភាពចម្រូងចម្រាសអំពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬហៅកាត់ថាទម្រង់១១០២នេះ ចាប់ពីដើមខែមករា ឆ្នាំ២០២២មក ស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅតែប្រកាន់ជំហរមិនផ្លាស់ប្ដូរការសម្រេចចិត្តរបស់ខ្លួនឡើយ គិតមកដល់ពេលនេះ។
ស្របពេល គ.ជ.ប បន្តបដិសេធជាច្រើនលើកច្រើនសារកន្លងទៅនេះ តំណាងគណបក្សនយោបាយទាំង៦ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សបំណងពលរដ្ឋ នៅតែធ្វើយុទ្ធនាការជាហូរហែ ប្រឆាំងការសម្រេចចិត្តរបស់ គ.ជ.ប នេះ តាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនផង និងជួបតំណាងទូតផ្នែកប្រជាធិបតេយ្យប្រចាំកម្ពុជាផង។
តំណាងគណបក្សនយោបាយផ្សេងទៀត រួមមាន គណបក្សកម្ពុជានិយម គណបក្សភ្លើងទៀន និងគណបក្សកម្លាំងប្រជាធិបតេយ្យ ហាក់នៅមានភាពស្ទាក់ស្ទើរអំពីការសម្រេចចិត្តរបស់ខ្លួននៅឡើយដែរ ថាតើត្រូវចូលរួមការបោះឆ្នោតឬមិនចូលរួមអំឡុងពេលនៃការតវ៉ានេះ។
ជាមួយគ្នានេះ ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារម្យ បញ្ជាក់ជំហរថា គណបក្សរបស់លោកសម្រេចមិនចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះទេ។ ប៉ុន្តែលោកអះអាងថា ដើម្បីជំរុញឱ្យការបោះឆ្នោតនេះអាចជឿទុកចិត្តនិងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ គណបក្សនេះនឹងបន្តរួមចំណែកជាមួយគណបក្សផ្សេង ដើម្បីទាមទារឱ្យ គ.ជ.ប ធ្វើសេចក្ដីសម្រេចចិត្តក្នុងរឿងដ៏ចាំបាច់មួយនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ជំហរជាថ្មីទៀតថា គ.ជ.ប មិនទទួលយកការស្នើសុំពីតំណាងគណបក្សនយោបាយទាំង៦ ដែលចង់រក្សាទុកទម្រង់១១០២នេះដដែល។ ចំណែកការព្រួយបារម្ភរឿងការរិះគន់ពីមជ្ឈដ្ឋានទូទៅអំពីភាពមិនត្រឹមត្រូវរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ លោកអះអាងថា ហាក់មិនមែនជាបញ្ហាចោទសម្រាប់ គ.ជ.ប ឡើយ។ លោកបន្តថា រឿងដែលសំខាន់នោះគឺ គ.ជ.ប បានអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្ត ដូចមានកំណត់នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។
លោកបន្តថា៖ «អ្វីដែលជាការទទួលខុសត្រូវរបស់ គ.ជ.ប ស្របទៅតាមច្បាប់ដែលមានជាធរមាន គឺចាត់ចែងរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើមិនមានការចូលរួមដោយអ្នកណាម្នាក់ គឺជារឿងដោយឡែក និងការសម្រេចចិត្តរបស់ខ្លួនទេ។ ចំណែក គ.ជ.ប បានអនុវត្តទៅតាមក្រមសីលធម៌ អនុវត្តទៅតាមច្បាប់ និងបទបញ្ជានីតិវិធីដែលបានអនុម័តរួចហើយ»។
តំណាងគណបក្សនយោបាយដែលទាមទារឱ្យ គ.ជ.ប រក្សាទុកទម្រង់១១០២នេះដូចអាណត្តិមុនៗ បានបន្តជួបតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាទៀត នៅថ្ងៃទី១ ខែកុម្ភៈនេះ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច យល់ឃើញថា ប្រសិនបើការបោះឆ្នោតខាងមុខនេះមានគណបក្សនយោបាយបោះបង់ការចូលរួម នោះពិតជាឆ្លុះបញ្ចាំងនូវរូបភាពដ៏អាក្រក់សម្រាប់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។ មិនតែប៉ុណ្ណោះ លោកថា អ្វីដែលកាន់តែធ្វើឱ្យខាតប្រយោជន៍ទៀតនោះ មិនមែនត្រឹមតែគណបក្សនយោបាយទេ ពោលគឺពលរដ្ឋជាម្ចាស់ឆ្នោតក៏នឹងត្រូវខាតបង់ប្រយោជន៍ដូចគ្នាដែរ។
លោកបន្តថា៖ «វាពាក់ព័ន្ធនឹងស្ថាប័នហ្នឹង ព្រោះអីគេបានដាក់សំណើសុំមិនឱ្យធ្វើវិសោធនកម្ម ដល់អ៊ីចឹងវាប៉ះពាល់ដល់ស្ថាប័នរៀបចំការបោះឆ្នោតហ្នឹងតែម្ដង។ គេអត់ពេញចិត្ត ហើយគេនាំគ្នាធ្វើពហិការមិនចូលរួម»។
យោងតាមប្រតិទិននេះ គ.ជ.ប បានកំណត់ការចុះបញ្ជីគណបក្សនយោបាយនិងដាក់បេក្ខជន នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២២។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕