ពលរដ្ឋ​រងផល​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះថ្មី រក​អន្តរាគមន៍​ពី​ក្រសួង​២​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ឃុត សុគន្ធ)

ពលរដ្ឋ​មួយ​ក្រុម​​ដែលអះអាងថា​កំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ស្ថិតក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល រកកិច្ចអន្តរាគមន៍ពីក្រសួងចំនួន២ឱ្យជួយដោះស្រាយបញ្ចប់វិវាទដីធ្លី​ជូនពួកគេ ខណៈជម្លោះបានអូសបន្លាយជាង៣ឆ្នាំ។

ក្រុមពលរដ្ឋទាំងនោះមានគ្នា​ប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីដាក់ញត្តិសុំឱ្យស្ថាប័នទាំង២នេះជួយ​ដោះ​ស្រាយ​។

ពលរដ្ឋម្នាក់ អ្នកស្រី អៀង សារី មកពីឃុំព្រែកស្លែង ប្រាប់វីអូឌីថា អ្នកភូមិសម្រេចមករកកិច្ចអន្តរាគមន៍ពីក្រសួងទាំង២នេះ ដោយសារពួកគាត់អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់​ព័ន្ធផ្សេង​ទៀត។

អ្នកស្រី​បន្ត​ថា ជុំវិញផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ខាង​អាជ្ញាធរនៅតែរក្សា​ជំហរផ្ដល់​សំណងត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េដដែល និងការដោះដូរដី ប៉ុន្តែអ្នកភូមិមិនអាចទទួលយកបាន ដោយថា សំណងនោះតិចតួចពេក មិនអាចយកទៅទិញដីនៅក្បែរតំបន់ពួកគាត់បាន។

អ្នកស្រី អៀង សារី បន្ថែមថា មួយរយៈចុងក្រោយនេះ ខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រ​​កាយ​ក្រវាត់​ព្រំ​ដី ប៉ះ​ពាល់​ទាំង​ផ្ទះ ដី​ភូមិ និងដីស្រែចម្ការ ទាំងមិនទាន់បានផ្ដល់សំណងនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹង​យើងមកថ្ងៃនេះ យើងចង់ឱ្យលោកជំទាវ​ ម៉ែន សំអន ជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធផ្សេងៗពន្លឿនការអនុវត្តដោះស្រាយសំណងសមរម្យ ពីព្រោះបើ​កាយ​ដី​ធ្វើការអភិវឌ្ឍ​ដើម​ខែ​នេះ គឺ​ពួក​យើង​មិនអាចចេញចូលផ្ទះខ្លួនបានទេ អ៊ីចឹង​នឹងធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកមែនទែន»

អ្នកស្រី អិល អឿន អាយុ៤១ឆ្នាំ រស់នៅឃុំព្រែកស្លែងម្នាក់ទៀត និយាយទាំងទឹកភ្នែក​ថា ដី​ស្រែរបស់គ្រួសារអ្នកស្រីមាន​​ទំហំ១ហិកតា១០អា និង​​មាន​បណ្ណកម្មសិទ្ធិ បានប៉ះពាល់ទាំងស្រុង និងត្រូវបានហាមឃាត់មិនឱ្យចូលទៅអាស្រ័យផលជាង១ឆ្នាំមកហើយ។

អ្នកស្រី​បន្តថា កា​រមិនផ្ដល់សំណងសមរម្យ និងការហាមមិនឱ្យគ្រួសារគាត់​​ចូល​ទៅធ្វើស្រែលើដីខ្លួន​​​​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​អ្នក​ស្រីជួប​បញ្ហាជីវភាព​ជា​ខ្លាំង​ ដោយ​សារ​បាត់​បង់​មុខរបរនិងចំណូល ខណៈ​អ្នក​ស្រីនិង​ស្វាមីគ្មាន​មុខរបរ​​អ្វី​ផ្សេង​ក្រៅពីធ្វើស្រែនិងសំណង់។

អ្នកស្រី អិល អឿន បន្ថែមថា៖ «អ្នកធ្វើព្រលានហ្នឹងបានឈូសឆាយដីខ្ញុំអស់ហើយ។ ដីហ្នឹងខ្ញុំធ្វើស្រែរាល់ឆ្នាំ។ ឥលូវខ្ញុំអត់មានអីចិញ្ចឹមកូនទេ។ ប្ដីខ្ញុំធ្វើតែស្រែ អត់មានមុខរបរអីផ្សេងទេ។ ពួកខ្ញុំអត់ចេះអក្សរទេ។ ខ្ញុំបាន​​កាប់​ឆ្ការធ្វើស្រែចិញ្ចឹមជីវិតជាច្រើនឆ្នាំមកហើយ តែលូវគេឈូសឆាយអស់ហើយ។ ខ្ញុំគ្មានអីធ្វើស្រែទៀត​ទេ»

លោក ទួន វណ្ណៈ រស់នៅឃុំបឹងខ្យាង ដែលអះអាងថា គ្រួសារគាត់បានប៉ះពាល់ដី២ហិកតា ទាំងដីលំនៅឋាននិងដីស្រែផងនោះ បានឱ្យដឹងថា នៅក្នុងឃុំបឹងខ្យាងមានពលរដ្ឋ៦១គ្រួសារ មានដីសរុប​ជាង​១០០ហិកតា​ទៀត ដែល​មិន​ព្រមទទួលយកសំណងត្រឹម៨ដុល្លារ ហើយបន្តតវ៉ារហូតមកដល់ពេលនេះ។

លោកបន្ថែមថា៖ «ផលលំបាករបស់គ្រួសារខ្ញុំនិងប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្ញុំ គឺជីវភាពកាន់តែដុនដាបទៅ។ ទី១ អត់លុយឱ្យកូនៗរៀន មួយទៀតស្រូវអង្ករក៏ធ្វើអត់កើត យើងរកលុយមិនបានហូបទេ។​ អ៊ីចឹង​វាធ្វើ​ឱ្យជីវភាព​របស់​គាត់​ក្រកាន់តែក្រថែមទៀត»

ក្រោយការប្រមូលផ្ដុំនៅមុខក្រសួង មន្ត្រី​​ក្រសួង​ទាំង២បានអនុញ្ញាត​ឱ្យ​តំណាង​ពលរដ្ឋចូលយកញត្តិទៅដាក់ដល់ក្នុង​ទីស្ដីការ​ក្រសួង។

បើតាមអ្នកស្រី អៀង សារី ដែលបានចូលយកញត្តិទៅដាក់ផ្ទាល់ គឺមន្ត្រីនៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតម្រូវឱ្យពលរដ្ឋធ្វើញត្តិថ្មីហើយមកដាក់ម្ដងទៀត និង​បានសន្យា​យក​ញត្តិ​នោះដាក់​ជូនលោកស្រី ម៉ែន សំអន ពិនិត្យនិងសម្រេច ខណៈមន្ត្រីនៅក្រសួងយុត្តិធម៌សន្យា​បញ្ជូនញត្តិទៅរដ្ឋមន្ត្រីពិនិត្យដែរ។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ពី​​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃនេះ។

ក្នុងញត្តិ គឺក្រុមពលរដ្ឋទាមទារឱ្យអាជ្ញាធរ និងក្រុមហ៊ុន OCIC ផ្ដល់សំណងជូនពួកគេទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន ដោយ​អះអាងថា​​ ដីធ្លីរបស់​ពួកគាត់ដែលរងផលប៉ះពាល់ជាដីមានបណ្ណកម្មសិទ្ធិ និងបច្ចុប្បន្នដីនៅតំបន់នោះមានតម្លៃចន្លោះពី «៨០ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ»។

ញត្តិបន្ថែម​ថា ចាប់​តាំងពីក្រុមហ៊ុនធ្វើការសាងសង់​ព្រលាន​យន្តហោះថ្មី​ រហូត​មក​ដល់ពេលនេះ ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តែ​កំណត់​តម្លៃត្រឹមតែ​ «៨ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ» សម្រាប់ការផ្ដល់​សំណងជូន​ពលរដ្ឋ ដែល​​​សំណង​​នេះ អ្នកភូមិមិនអាចទទួលយកបានឡើយ។

កាលពីខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់​​ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ