បទយកការណ៍​៖​ អ្នក​គ្រូ​មត្តេយ្យ​ម្នាក់​ស្ម័គ្រ​បង្រៀន​ទាំង​ខ្វះ​សម្ភារៈសិក្សា​ ព្រោះ​មិន​ចង់​ឱ្យ​កុមារ​ក្នុង​ភូមិ​ដើរ​លេង​ច្រើន​

អ្នកគ្រូ ឌី ធាវី កំពុង​អង្គុយ​សរសេរ​សៀវភៅ​តាមដាន​របស់​សិស្ស​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ (រូបភាព៖ ទួក ពិសិដ្ឋ)

មតេ្តយ្យ​សហគមន៍​មួយ​​ដែលបាន​បើក​ដំណើរ​ការ​ប្រមាណ​១​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ភូមិ​អូរំចេក​ ស្រុកស្អាង ខេត្តកណ្តាល កំពុង​ជួប​បញ្ហា​ខ្វះខាត​ថវិកា ដើម្បី​សាងសង់​បន្ទប់​សម្រាប់​ឱ្យ​កុមារ​បាន​រៀន​សូត្រ​ត្រឹមត្រូវ។ ប៉ុន្តែទោះ​ជា​ខ្វះខាត​សម្ភារៈ​ខ្លះ​ក្តី ក៏​អ្នក​គ្រូស្ម័គ្រ​ចិត្ត​បង្រៀន​នៅ​ទី​នេះនៅ​តែ​​ពេញ​ចិត្ត​ក្នុង​ការ​បង្រៀន​ដោយ​គ្មាន​ការ​រារែក​ចិត្ត​ឡើយ ព្រោះ​ចង់​ឃើញ​អនាគត​កុមារក្នុង​ភូមិ​មាន​ភ្លឺ​ស្វាង។​

សម្ភារៈដែលមានសម្រាប់បង្រៀនសិស្សក្នុងសាលាមតេ្តយ្យនេះ គឺមានតែក្តាខៀនមួយ តុឈើសម្រាប់សិស្សអង្គុយរៀនចំនួន៣ កៅអីជ័រ​ប្រមាណ​១០ និងទូដាក់សម្ភារៈចំនួន២ ដែលជាជំនួយរបស់សប្បុរសជន និងអាជ្ញាធរ ចំណែកប័ណ្ណរូបភាព​ រូបគំនូ តួអក្សរ និងស្រះ សម្រាប់​សិស្ស រៀនគឺ ត្រូវបានគ្រូបង្រៀនស្ម័គ្រចិត្តដែលគ្រប់គ្រងនៅមតេ្តយ្យសហគមន៍ ចំណាយ ថវិកាផ្ទាល់ខ្លួនដើម្បី​ទិញ​ទុក​សម្រាប់​បង្រៀន​សិស្ស​ប៉ុណ្ណោះ។

មានមាឌតូចល្អិច សម្បុរស អ្នកគ្រូ ឌី ធាវី ជាអ្នកគ្រប់គ្រងការសិក្សាសិស្សប្រចាំនៅមតេ្តយ្យសហគមន៍ ស្ថិតនៅក្នុងភូមិអូរំចេក ឃុំ​ស្វាយប្រទាល​ បានរៀបរាប់ថា អាជ្ញាធរឃុំបានសម្រេចបង្កើតមត្តេយ្យដោយយកទីតាំងផ្ទះរបស់គាត់នេះសម្រាប់សិក្សា កាលពីខែមករា ឆ្នាំ២០២០។អ្នកគ្រូ ឌី ធាវី ថាដំបូងឡើយមតេ្តយ្យសហគមន៍នេះ គឺស្ថិតនៅក្នុងភូមិពោធិប៉ាង ដែលនៅជាប់នឹងភូមិអូរំចេក តែដោយសារ​មិន​សូវ​មាន​កុមារ​ចូល​រៀន​ទើប​អាជ្ញាធរ សម្រេច​បិទ​វិញ។

អ្នកគ្រូ ឌី ធាវី បានឱ្យដឹងដែរថា សិស្សដែលបានចូលរៀនក្នុងមតេ្តយ្យសហគមន៍នេះ គឺសរុបមានចំនួនជាង២០នាក់ ហើយបច្ចុប្បន្ន​មាន​កុមារ​តែ​ជាង​១០​នាក់​ប៉ុណ្ណោះ កំពុងសិក្សាដោយ​សារ​តែសិស្សមួយចំនួនទៀត​ត្រូវបាន​បញ្ជូនទៅរៀន​នៅសាលារដ្ឋក្រោយពេល​ពួកគេបាន​ទទួល​ការ​សិក្សា​នៅថ្នាក់​មតេ្តយ្យនេះ​ចប់។ សិស្សដែលបានមកចុះឈ្មោះចូលរៀន គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ ហើយក្នុងមួយ​សប្តាហ៍​មតេ្តយ្យ​សហគមន៍​នេះ បាន​បើក​បង្រៀន​រៀងរាល់​ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧ ដល់ម៉ោង ៩ និង៣០ នាទីព្រឹក។

កំពុងអង្គុយសរសេរសៀវភៅតាមដានការសិក្សារបស់សិស្សបណ្តើរ អ្នកគ្រូ ឌី ធាវី និយាយបណ្តើរថា កន្លងមកមានសប្បុរជនមួយចំនួន និងអាជ្ញាធរបានឧបត្ថម្ភជាសៀវភៅ តុ ទូមួយចំនួនដែរ តែនៅមានបញ្ហាប្រឈមមួយ គឺខ្វះថវិកាដើម្បីសាងសង់​ជាបន្ទប់រៀន​ដើម្បី​ឱ្យកុមារ​ដែល​មក​សិស្សា​អង្គុយ​បាន​ត្រឹមត្រូវ​ដូច​សាលាដទៃទៀត។

អ្នកគ្រូបញ្ជាក់ថា៖ «ចង់ពង្រីកជាបន្ទប់ លក្ខណៈស្តង់ដារ តែដោយសារតែអត់មានអ្នកឩបត្ថម្ភ ខ្វះធនធាន របៀបថាផ្ទះខ្ញុំមានតែប៉ុណ្ណឹង ហើយចឹងខ្ញុំត្រូវតតាក ចំណាយលុយតតាត វៃជាបន្ទប់​[…] បញ្ហាប្រឈម គឺទីតាំងមិនសមរម្យ»

បញ្ហាមិនមានបន្ទប់សម្រាប់បង្រៀននេះ អ្នកគ្រូឱ្យដឹងថា ពេលខ្លះរំខានដោយសំឡេងពីផ្ទះអ្នកជិតខាង សំឡេងរថយន្តធ្វើដំណើរលើផ្លូវ និងជួបការលំបាកពេលមេឃភ្លៀង។​

មានវ័យ៣១ ឆ្នាំអ្នកគ្រូ ឌី ធាវី បានចាប់អាជីពជាគ្រូបង្រៀនក្នុងឆ្នាំ២០១០ នៅសាលាឯកជនមួយនៅក្នុងពេល​ដែលគាត់​កំពុង​បន្តការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រក្នុងរាជធានីភ្នំពេញ។ លុះមកដល់ឆ្នាំ២០១៥ គាត់បានក្លាយជាគ្រូបង្រៀនជាប់កិច្ចសន្យានៅក្នុងសាលារដ្ឋ និងបានបន្តអាជីព​ជាគ្រូបង្រៀនរហូតមកដល់បច្ចុប្បន្ន។

អ្នកគ្រូ ឌី ធាវី សង្កេតឃើញថា កុមារមួយចំនួនក្នុងភូមិរបស់គាត់​នៅមិនទាន់​ទទួលបាន​ការជំរុញ​ពីឪពុកម្តាយ​របស់ពួកគេ​ដើម្បីទទួលបាន​ការ​អប់រំ​ឱ្យបាន​ដិតដល់​នៅ​ឡើយ។ ចំណែកអ្នកភូមិខ្លះក៏នៅមិនទាន់ឱ្យតម្លៃចំពោះមតេ្តយ្យសហគមន៍ដែលបានបង្កើតឡើងក្នុងភូមិនេះដែរ។

ទោះជាយ៉ាងណា ចំពោះការស្ម័គ្រចិត្តបើកបង្រៀននៅក្រោមផ្ទះរបស់គាត់នេះ គឺដោយសារតែ ចង់ឱ្យកុមារបានទទួលការអប់រំល្អ ហើយ​ការ​បង្រៀន​កុមារ​ដែល​មាន​អាយុចាប់ពីចន្លោះ ៣ឆ្នាំ ដល់៥ឆ្នាំនេះ គឺធ្វើឱ្យអ្នកគ្រូ ឌី ធាវី ជួបបញ្ហាខ្លះដែរ ដោយសារតែក្មេងៗមួយចំនួន មិនសូវស្តាប់បង្គាប់ តែគាត់ថា នៅតែបន្តកិច្ចការក្នុងវិស័យអប់រំនេះដោយសារតែក្តីស្រលាញ់។

អ្នកគ្រូ ឌី ធាវី និយាយថា៖ «ដោយសារស្រលាញ់ហើយមួយវិញទៀតចង់ឱ្យក្មេងៗក្នុងភូមិមានការអភិវឌ្ឍចំនេះដឹង បើសិនជាយើងអត់​មាន​ការ​ណែនាំ ​ក្មេងវាអាចដើរលេងច្រើន។ បើមានពេលបង្រៀនគាត់ ធ្វើឱ្យគាត់ចាប់អារម្មណ៍ គាត់ចូលចិត្ត គាត់ចង់រៀន តែបើម៉ែឳបណ្តោយ ហើយអត់មានកន្លែងណាត្រូវដាក់សាលា គឺក្មេងហ្នឹងអត់ដំណើរការ»

ពលរដ្ឋរស់នៅក្នុងភូមិរំចេក អ្នកស្រី ណា ស្រីល័ក្ខ និយាយថា គាត់បានបញ្ជូនកូនស្រីរបស់គាត់អាយុ ៤ឆ្នាំ ឱ្យចួលរៀននៅ​សាលាមតេយ្យ​សហគមន៍​នេះ ចាប់ពីមានសាលានេះក្នុងភូមិរបស់គាត់។ អ្នកស្រីបន្ថែមថា  កូនស្រីគាត់មានការប្រែប្រួលច្រើនជាងមុន ដោយចេះចាំតួអក្សរ​និង​លេខ បានច្រើន។ អ្នកស្រីថា គាត់គាំទ្រឱ្យមានមតេ្តយ្យសហគមន៍ក្នុងភូមិ ដោយថាគាត់មិនចង់ឱ្យកូនទៅសិក្សាឆ្ងាយពីផ្ទះ។

អ្នកស្រី ណា ស្រីល័ក្ខ និយាយថា៖ «និយាយទៅល្អ ក្មេងៗខ្លះអត់សូវមានថវិកា គាត់អាចទៅរៀននៅកន្លែងហ្នឹងបាន។ មួយវិញទៀត ម៉ាក់ប៉ាគាត់អត់ចង់ឱ្យទៅរៀននៅឆ្ងាយ»

ទោះយ៉ាងណា ស្រី្តវ័យ ៣២ឆ្នាំរូបនេះបន្ថែមថា គាត់ចង់ឱ្យមតេ្តយ្យសហគមន៍នេះមានបន្ទប់​សម្រាប់កុមារ​រៀនសូត្រ​ត្រឹមត្រូវ​ដូច​សាលារដ្ឋ​ដែរ។

អ្នកស្រី ណា ស្រីល័ក្ខ និយាយថា៖ «បើមានកន្លែង​ឱ្យគាត់រៀនជាបន្ទប់ ជាអីឱ្យល្អជាងហ្នឹង អាហ្នឹងរឹតតែល្អដែរ»

ចំណែកអ្នកភូមិអូរំចេកម្នាក់ទៀត អ្នកស្រី ហេង ស៊ីណា វ័យ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រ បានឱ្យដឹងថា កូនស្រីរបស់គាត់អាយុ ៥ឆ្នាំបានចូលរៀនសាលាមតេ្តយ្យសហគមន៍ក្នុងភូមិនេះដែរ។ អ្នកស្រីថា ការបង្កើតឱ្យមានមតេ្តយ្យសហគមន៍ក្នុងភូមិនេះ គឺជួយឱ្យកុមារ មានសុជីវធម៌  និងមានភាពក្លាហានច្រើន មុននឹងបញ្ជូនពួកគេទៅកាន់សាលារដ្ឋ។

អ្នកស្រី ហេង ស៊ីណាបន្ថែមថា៖ «បើយើងបណ្តោយកូនឱ្យនៅផ្ទះ ក៏វាអត់ចេះអីដែរ ឱ្យវាបានទៅរៀនទៅ វាចេះអាន ចេះអីទៅ ដល់ពេលទៅរៀននៅសាលារដ្ឋឆាប់បានចេះ»

យោងតាមអង្គការយូនីសេហ្វប្រចាំកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨កុមារនៅកម្ពុជាមានអាយុចន្លោះពី៣ទៅ៥ឆ្នាំ ចំនួន​៤៣​ភាគរយ បាន​ចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំកុមារតូច។ អង្គការ​នេះរកឃើញថា កុមារនៅកម្ពុជា ពុំទាន់ទទួលបានស្តង់ដារ​នៃការរៀនសូត្រដែល​ស្របទៅតាមអាយុរបស់ពួកគេទ្បើយ ហើយកុមារខ្លះបានសម្រច បោះបង់ចោលការសិក្សា ដោយសារតែជួប​បញ្ហាមួយ​ចំនួនដូចជា ការរៀនយឺតដោយសារមិនបានត្រៀមខ្លួនឱ្យ​​បានគ្រប់គ្រាន់សម្រាប់ចូលរៀន គុណ​ភាព​ទាបនៃការរៀននិង​បង្រៀន​ដែលកុមារ​ទទួល​បាន និងការមករៀនមិនទៀងទាត់ជាដើម។

អង្គការយូនីសេហ្វបញ្ជាក់ថា៖ «នៅកម្រិតបឋម​សិក្សា មានកុមាររៀនថ្នាក់ទី៣ ជិត ២៥ ភាគរយពុំចេះសរសេរសូម្បី​តែពាក្យ​មួយ​ម៉ាត់​នៅ​ក្នុង​តេស្ត​សរសេរតាម​អាន។ កុមារអាយុពី ៣ ទៅ ៥ឆ្នាំ ត្រឹមតែ ២៧ ភាគរយតែប៉ុណ្ណោះ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និង​លេខនព្វន្ត​ស្រប​ទៅតាម​អាយុរបស់ពួកគេ ហើយមានក្មេងជំទង់ ៥៥ ភាគរយបោះបង់ចោលការសិក្សា មុនពេលពួកគេមានអាយុ ១៧ឆ្នាំ»

មេឃុំស្វាយប្រទាល លោក នួន សឿន មានប្រសាសន៍ថា ក្នុងឃុំស្វាយប្រទាលទាំងមូល គឺមានភូមិចំនួន៩ ហើយមាន​សាលាបឋម​សិក្សា​ចំនួន​៥ ក្នុងចំណោមសាលាបឋមទាំងនោះគឺមានបើកថ្នាក់មត្តេយ្យតែ២ប៉ុណ្ណោះ។ លោកបន្តថា ការបង្កើតមត្តេយ្យសហគមន៍នៅក្នុងភូមិនេះ គឺចាប់តាំងពីឆ្នាំ ២០០៩ មកម្លេះ ហើយការប្តូរទីតាំងនេះ គឺដើម្បីជំរុញឱ្យកុមារដែលមិនទាន់គ្រប់អាយុចូលរៀនឱ្យទទួលបានការអប់រំល្អ និងជួយសម្រួលបន្ទុករបស់អាណាព្យាបាលដែលត្រូវបញ្ជូនកូនទៅសិក្សាឆ្ងាយពីផ្ទះ។ លោកថា អាជ្ញាធរឃុំ ក៏បានឧបត្ថម្ភ​ចំពោះ​គ្រូ​បង្រៀន​ដែល​ស្ម័គ្រ​ចិត្ត​ផ្តល់ទីតាំង និងបង្រៀនកុមារនៅមត្តេយ្យសហគមន៍នេះ ក្នុងមួយខែចំនួន ៤៥០ ០០០ រៀល ផងដែរ។

លោក នួន សឿន ថា៖ «កន្លងមកអត់មានមត្តេយ្យរដ្ឋ យើងបង្កើតមត្តេយ្យសហគមន៍ដកថវិកា​ឃុំហ្នឹងយក​ទៅចំណាយ​ឧបត្ថម្ភ​លើ​គ្រូមត្តេយ្យ​ហ្នឹង។ ​[មត្តេយ្យសហគមន៍] វាជួយឱ្យកុមារមិនទាន់គ្រប់អាយុ៦ឆ្នាំបានអប់រំនៅពីតូច។ គ្នា[អ្នកភូមិ]ច្រើនអ្នកក្រ»

ឆ្លើយតបនឹងការស្នើសុំឱ្យមានការបង្កើតជាបន្ទប់សំរាប់ឱ្យកុមារបានអង្គុយរៀនដូចសាលារដ្ឋនោះ លោក នួន សឿន លើកឡើងថា ទាល់តែ​មាន​ការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំជាមុនសិន ទើបអាចសម្រេចបាន។

លោកបញ្ជាក់ថា៖ «អាហ្នឹងទាល់តែប្រជុំក្នុងក្រុមប្រឹក្សាឃុំទៀត មិនមែនអនុម័ត សម្រចត្រឹមមេឃុំទេ។ មេឃុំនៅក្រោមការគ្រប់គ្រង​របស់​ក្រុមប្រឹក្សា ចឹងអនុម័តអីទាល់ប្រជុំក្នុងក្រុមប្រឹក្សាតើគេយល់ឃើញយ៉ាងណាអាហ្នឹងគេមានកំណត់ហេតុគេទៀត»

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងមត្តេយ្យសិក្សា​សហគមន៍ក្នុងបំណង​ជំរុញ​ឱ្យអាជ្ញាធរ​នៅ​ថ្នាក់​ឃុំ-សង្កាត់ត្រូវធានានូវគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីផ្តល់ឱកាសឱ្យកុមារដែលមា​នអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៦ឆ្នាំ ទទួលបានការអប់រំប្រកបដោយ សមធម៌ និងបរិយាបន្ន។ តាមរយៈអនុក្រឹត្យដដែលក៏បានតម្រូវឱ្យក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ជូល​កម្មវិធី​អភិវឌ្ឍន៍មត្តេយ្យសិក្សាសហគមន៍ នៅក្នុងគោលនយោបាយអាទិភាពរបស់ក្រសួង និងត្រូវបង្កើតក្រុមការងារ​ដែលមាន​សមាសភាព​មក​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដើម្បីវាយតម្លៃមត្តេយ្យ​សិក្សា​សហគមន៍​ នៅតាម​មូលដ្ឋានដែលបានបង្កើតឡើង គឺមានលក្ខណៈស្តង់ដារ។

នៅចំណុចទី២ ក្នុងជំពូក២ មាត្រា៦ នៃអនុក្រឹត្របានសរសេរថា៖ «ទីតាំងមត្តេយ្យសិក្សាសហគមន៍ត្រូវមានទីធ្លាសមស្រប មានអនាម័យ មានសុវត្ថិភាព មានបង្គន់ និងទឹកស្អាត សម្រាប់ប្រើប្រាស់ មានកន្លែងលាងដៃបំពាក់សម្ភារៈបរិក្ខារ មានធនធានសិក្សា មានកន្លែង និងសម្ភារៈសម្រាប់កុមារលេងក្រៅថ្នាក់យ៉ាងតិចមួយប្រភេទដែលកុមារអាចលេងបានជាប្រចាំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ